ការបើកបង្ហាញចំពោះយ៉ូហាន ៤:១-១១
៤ បន្ទាប់ពីការនោះ មើល! ខ្ញុំឃើញទ្វារមួយបើកចំហនៅស្ថានសួគ៌ ហើយសំឡេងដែលខ្ញុំបានឮដំបូង គឺសំឡេងដូចត្រែ បានបន្លឺមកកាន់ខ្ញុំថា៖ «ចូរឡើងមកទីនេះ ហើយខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញនូវអ្វីៗដែលត្រូវកើតឡើង»។
២ បន្ទាប់ពីការនោះ ឫទ្ធានុភាពបរិសុទ្ធចាប់ផ្ដើមមានឥទ្ធិពលលើខ្ញុំភ្លាម ហើយមើល! មានបល្ល័ង្កមួយនៅស្ថានសួគ៌ ហើយមានអ្នកអង្គុយលើបល្ល័ង្កនោះ។+
៣ អ្នកដែលអង្គុយលើបល្ល័ង្កនោះមានលក្ខណៈដូចត្បូងយ៉ាស្បា*+ និងត្បូងវិសេសពណ៌ក្រហម ហើយនៅជុំវិញបល្ល័ង្កនោះមានឥន្ទធនូដែលមានលក្ខណៈដូចត្បូងមរកត។+
៤ មានបល្ល័ង្ក២៤ទៀតនៅជុំវិញបល្ល័ង្កនោះ ហើយមានអ្នកចាស់ទុំ២៤នាក់អង្គុយលើបល្ល័ង្កទាំងនោះ។+ អ្នកចាស់ទុំទាំងនោះមានសម្លៀកបំពាក់ពណ៌ស ហើយពាក់មកុដមាសលើក្បាល។
៥ មិនត្រឹមតែប៉ុណ្ណោះ មានផ្លេកបន្ទោរ+ សំឡេងនិយាយ និងផ្គរលាន់+កំពុងចេញពីបល្ល័ង្កមក ហើយមានចង្កៀងភ្លើង៧ដែលកំពុងឆេះនៅមុខបល្ល័ង្ក ហើយចង្កៀងទាំងនោះជាតំណាងឫទ្ធានុភាពទាំង៧របស់ព្រះ។+
៦ នៅមុខបល្ល័ង្កមានអ្វីដែលមើលទៅដូចជាសមុទ្រដែលដូចកញ្ចក់+ ថ្លាដូចកែវចរណៃ។
នៅកណ្ដាលបល្ល័ង្កនិងនៅជុំវិញបល្ល័ង្ក មានចេរូប៊ីនបួនរូប+ពេញទៅដោយភ្នែកទាំងមុខទាំងក្រោយ។
៧ ចេរូប៊ីនទី១គឺដូចសត្វតោ+ ហើយចេរូប៊ីនទី២គឺដូចគោឈ្មោលស្ទាវ+ ឯចេរូប៊ីនទី៣+មានមុខដូចមនុស្ស ហើយចេរូប៊ីនទី៤+គឺដូចឥន្ទ្រីដែលហោះហើរ។+
៨ ចំណែកចេរូប៊ីនទាំងបួននោះ ពួកគេម្នាក់ៗមានស្លាប៦ ហើយនៅជុំវិញនិងនៅខាងក្រោមស្លាបទាំងនោះមានពេញទៅដោយភ្នែក។+ ចេរូប៊ីនទាំងនោះនិយាយឥតឈប់ឈរទាំងយប់ទាំងថ្ងៃថា៖ «បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺព្រះយេហូវ៉ា*+ ជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត ដែលមានជីវិតរស់នៅកាលពីមុននិងរស់នៅឥឡូវនេះ ហើយជាព្រះដែលនឹងមក»។+
៩ ពេលណាចេរូប៊ីនទាំងនោះផ្ដល់សិរីរុងរឿង កិត្តិយស និងថ្លែងអំណរគុណដល់លោកដែលអង្គុយលើបល្ល័ង្ក គឺលោកដែលរស់ជារៀងរហូត+
១០ នោះអ្នកចាស់ទុំ២៤នាក់+លំឱនកាយនៅមុខបល្ល័ង្ក ហើយគោរពប្រណិប័តន៍លោកដែលរស់ជារៀងរហូត ក៏បោះមកុដខ្លួននៅមុខបល្ល័ង្ក ហើយជម្រាបថា៖
១១ «ព្រះយេហូវ៉ា*ជាព្រះរបស់យើងអើយ លោកសមនឹងទទួលសិរីរុងរឿង+ កិត្តិយស+ និងឫទ្ធានុភាព+ ពីព្រោះលោកបានបង្កើតអ្វីៗទាំងអស់+ ហើយអ្វីៗទាំងអស់នោះបានកើតមក ដោយសារបំណងប្រាថ្នារបស់លោក»។
កំណត់សម្គាល់
^ អ្នកខ្លះអះអាងថាយ៉ាស្បាសំដៅលើត្បូងពេជ្រ