ការបំភ្លឺច្បាប់ ១:១-៤៦

  • ការ​ចាក​ចេញ​ពី​ភ្នំ​ហូរែប (​១​-​៨)

  • មេ​ដឹក​នាំ​និង​អ្នក​សម្រេច​ក្ដី​បាន​ត្រូវ​តែង​តាំង (​៩​-​១៨)

  • ការ​មិន​ស្ដាប់​បង្គាប់​នៅ​តំបន់​កាដេសបានា (​១៩​-​៤៦)

    • ពួក​អ៊ីស្រាអែល​មិន​ព្រម​ចូល​ក្នុង​ស្រុក​កាណាន (​២៦​-​៣៣)

    • ការ​ប្រយុទ្ធ​នឹង​ពួក​កាណាន​មិន​បាន​ជោគ​ជ័យ (​៤១​-​៤៦)

 នេះ​ជា​ពាក្យ​ដែល​ម៉ូសេ​និយាយ​ទៅ​កាន់​បណ្ដា​ជន​អ៊ីស្រាអែល នៅ​តំបន់​ទន្លេយ៉ូដាន់ ក្នុង​តំបន់​ស្ងាត់​ជ្រងំ ត្រង់​វាល​ខាង​មុខ​ស៊ូភ នៅ​កណ្ដាល​ប៉ារ៉ាន តូផែល ឡាបាន់ ហាសិរ៉ូត និង​ឌីសាហាប់។ ២  ពេល​ធ្វើ​ដំណើរ​ពី​ហូរែប​ទៅ​តំបន់​កាដេសបានា+ ឆ្លង​កាត់​តាម​ផ្លូវ​ភ្នំ​សៀ ពួក​គេ​ត្រូវ​ចំណាយ​ពេល​អស់​១១​ថ្ងៃ។ ៣  នៅ​ថ្ងៃ​ទី​១ ខែ​ទី​១១ ក្នុង​ឆ្នាំ​ទី​៤០+ ម៉ូសេ​បាន​ប្រាប់​ការ​ណែនាំ​ទាំង​អស់​ពី​ព្រះ​យេហូវ៉ា​ដល់​បណ្ដា​ជន​អ៊ីស្រាអែល ៤  គឺ​ក្រោយ​ពី​វាយ​ឈ្នះ​ស្ដេច​ស៊ីហុន+ជា​ស្ដេច​ជន​ជាតិ​អាម៉ូរីដែល​រស់​នៅ​ក្រុង​ហែសបូន និង​ក្រោយ​ពី​វាយ​ឈ្នះ​ស្ដេច​អុក+នៃ​តំបន់​បាសាន​នៅ​ក្រុង​អេទ្រី ជា​ស្ដេច​ដែល​រស់​នៅ​ក្រុង​អាសថារ៉ូត។*+ ៥  នៅ​តំបន់​ទន្លេយ៉ូដាន់​ក្នុង​ស្រុក​ម៉ូអាប់ ម៉ូសេ​ចាប់​ផ្ដើម​ពន្យល់​ច្បាប់+ដូច​ត​ទៅ​៖ ៦  ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង បាន​ប្រាប់​យើង​នៅ​ភ្នំ​ហូរែប​ថា​៖ ‹អ្នក​រាល់​គ្នា​បាន​ស្នាក់​នៅ​តំបន់​ភ្នំ​នេះ​យូរ​ល្មម​ហើយ។+ ៧  ចូរ​ធ្វើ​ដំណើរ​ទៅ​តំបន់​ភ្នំ​របស់​ពួក​អាម៉ូរី+ ហើយ​ឆ្ពោះ​ទៅ​តំបន់​ជិត​ខាង​ទាំង​អស់ គឺ​តំបន់​អារ៉ាបា+ តំបន់​ភ្នំ តំបន់​សេភីឡា តំបន់​ណេកេប និង​តំបន់​ឆ្នេរ។+ រួច​បន្ត​ដំណើរ​ទៅ​ទឹក​ដី​របស់​ជន​ជាតិ​កាណាន ហើយ​ទៅ​រហូត​ដល់​លីបង់*+ និង​ទន្លេ​អឺប្រាត។+ ៨  មើល! ខ្ញុំ​បាន​រៀបចំ​ទឹក​ដី​ទាំង​នោះ​ឲ្យ​អ្នក​រាល់​គ្នា​ហើយ។ ចូរ​អ្នក​រាល់​គ្នា​ទៅ​ចាប់​យក​ទុក​ជា​មត៌ក​ចុះ ព្រោះ​ខ្ញុំ​យេហូវ៉ា​បាន​សន្យា​ប្រគល់​ឲ្យ​ដល់​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា គឺ​អាប្រាហាំ អ៊ីសាក+ និង​យ៉ាកុប+ ព្រម​ទាំង​កូន​ចៅ​របស់​ពួក​គេ​ដែរ›។+ ៩  ​«​នៅ​គ្រា​នោះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា​៖ ‹ខ្ញុំ​មិន​អាច​មើល​ខុស​ត្រូវ​លើ​អ្នក​រាល់​គ្នា​តែ​ម្នាក់​ឯង​បាន​ទេ។+ ១០  ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន​ឡើង​ៗ ហើយ​រហូត​មក​ដល់​ឥឡូវ​អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ។+ ១១  សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចំនួន​កើន​ឡើង+រាប់​ពាន់​ដង​ទៅ​ទៀត ហើយ​សូម​ឲ្យ​លោក​ផ្ដល់​ពរ​ដល់​អ្នក​រាល់​គ្នា​ដូច​ដែល​លោក​បាន​សន្យា។+ ១២  ឯ​ខ្លួន​ខ្ញុំ​វិញ ខ្ញុំ​មិន​អាច​រ៉ាប់​រង​បន្ទុក​តែ​ម្នាក់​ឯង​បាន​ទេ ហើយ​ក៏​មិន​អាច​ទ្រាំ​នឹង​ការ​រក​រឿង​របស់​អ្នក​រាល់​គ្នា​បាន​ដែរ។+ ១៣  ហេតុ​នេះ ចូរ​ជ្រើស​រើស​បុរស​ឈ្លាស​វៃ ចេះ​ពិចារណា និង​មាន​បទ​ពិសោធន៍ ពី​កុលសម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​នឹង​តែង​តាំង​ពួក​គេ​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​អ្នក​រាល់​គ្នា›។+ ១៤  អ្នក​រាល់​គ្នា​បាន​តប​ថា​៖ ‹គំនិត​នេះ​ល្អ​ណាស់›។ ១៥  ដូច្នេះ ខ្ញុំ​បាន​តែង​តាំង​ប្រមុខ​នៃ​កុលសម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា ដែល​ជា​បុរស​ឈ្លាស​វៃ និង​មាន​បទ​ពិសោធន៍ ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​អ្នក​រាល់​គ្នា ពោល​គឺ​មេ​លើ​១.០០០​នាក់ មេ​លើ​១០០​នាក់ មេ​លើ​៥០​នាក់ មេ​លើ​១០​នាក់ និង​អ្នក​ឯ​ទៀត​ដែល​ជា​ប្រមុខ។+ ១៦  ​«​នៅ​គ្រា​នោះ ខ្ញុំ​បាន​ផ្ដល់​ការ​ណែនាំ​ដល់​ពួក​អ្នក​សម្រេច​ក្ដី​ថា​៖ ‹ពេល​បណ្ដា​ជន​នាំ​រឿង​ក្ដី​មក​ប្រាប់​អ្នក​រាល់​គ្នា ចូរ​កាត់​ក្ដី​ឲ្យ​ពួក​គេ​ដោយ​សុចរិត+ ទោះ​ជា​រឿង​ក្ដី​នោះ​រវាង​ជន​ជាតិ​អ៊ីស្រាអែល​ពីរ​នាក់ ឬ​រវាង​ជន​ជាតិ​អ៊ីស្រាអែល​និង​ជន​បរទេស​ណា​ម្នាក់​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ក៏​ដោយ។+ ១៧  ពេល​កាត់​ក្ដី អ្នក​រាល់​គ្នា​មិន​ត្រូវ​លម្អៀង​ឡើយ។+ អ្នក​រាល់​គ្នា​ត្រូវ​ស្ដាប់​រឿង​ក្ដី​របស់​អ្នក​តូច​និង​អ្នក​ធំ+ ហើយ​មិន​ត្រូវ​ខ្លាច​មនុស្ស​ទេ+ ព្រោះ​អ្នក​រាល់​គ្នា​វិនិច្ឆ័យ​ជំនួស​ព្រះ។+ ប៉ុន្តែ បើ​មាន​រឿង​ក្ដី​ណា​ពិបាក អ្នក​រាល់​គ្នា​អាច​នាំ​មក​ឯ​ខ្ញុំ ហើយ​ខ្ញុំ​នឹង​សម្រេច​ក្ដី​នោះ›។+ ១៨  នៅ​គ្រា​នោះ ខ្ញុំ​ក៏​បាន​ណែនាំ​អ្នក​ទាំង​អស់​គ្នា​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ​ដែរ។ ១៩  ​«​បន្ទាប់​មក យើង​បាន​ចាក​ចេញ​ពី​ភ្នំ​ហូរែប ហើយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​ស្ងាត់​ជ្រងំ​ធំ​ៗ​និង​គួរ​ឲ្យ​ខ្លាច។+ អ្នក​រាល់​គ្នា​បាន​ឃើញ​តំបន់​នោះ​ដោយ​ផ្ទាល់​ភ្នែក កាល​ដែល​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​តំបន់​ភ្នំ​របស់​ជន​ជាតិ​អាម៉ូរី+ តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា។ ក្រោយ​មក យើង​បាន​ទៅ​ដល់​តំបន់​កាដេសបានា។+ ២០  ពេល​នោះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា​៖ ‹អ្នក​រាល់​គ្នា​បាន​មក​ដល់​តំបន់​ភ្នំ​របស់​ជន​ជាតិ​អាម៉ូរី​ហើយ គឺ​តំបន់​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង​នឹង​ប្រគល់​ឲ្យ​យើង​រាល់​គ្នា។ ២១  ចូរ​ឡើង​ទៅ​ចាប់​យក​តំបន់​នោះ​ទុក​ជា​មត៌ក ដូច​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​បាន​បង្គាប់ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​បាន​ប្រគល់​ទឹក​ដី​នោះ​ដល់​អ្នក​រាល់​គ្នា​ហើយ។+ ចូរ​កុំ​ភ័យ​ខ្លាច ឬ​តក់​ស្លុត​ឡើយ›។ ២២  ​«​ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​មក​ជួប​ខ្ញុំ ហើយ​ប្រាប់​ថា​៖ ‹សូម​លោក​ចាត់​បុរស​ខ្លះ​ឲ្យ​ទៅ​សង្កេត​មើល​ទឹក​ដី​នោះ ហើយ​មក​រាយ​ការណ៍​ប្រាប់​យើង​អំពី​ស្ថានភាព​ក្រុង​ទាំង​នោះ និង​អំពី​ផ្លូវ​ដែល​យើង​ត្រូវ​ឡើង​ទៅ›។+ ២៣  ខ្ញុំ​គិត​ថា​យោបល់​នោះ​ល្អ​ណាស់ ដូច្នេះ​ខ្ញុំ​បាន​ជ្រើស​រើស​បុរស​១២​នាក់​ពី​កុលសម្ព័ន្ធ​នីមួយ​ៗ ហើយ​ចាត់​ពួក​គេ​ឲ្យ​ទៅ។+ ២៤  ពួក​គេ​បាន​ធ្វើ​ដំណើរ​ឡើង​ទៅ​តំបន់​ភ្នំ+ ហើយ​ពេល​ទៅ​ដល់​ជ្រលង​អេសកូល ពួក​គេ​បាន​សង្កេត​មើល​ស្រុក​នោះ។ ២៥  ពួក​គេ​ក៏​បាន​នាំ​យក​ផល​ផ្លែ​ពី​ស្រុក​នោះ​មក​បង្ហាញ​ដល់​យើង ហើយ​រាយ​ការណ៍​ថា​៖ ‹ស្រុក​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង​នឹង​ប្រគល់​ឲ្យ គឺ​ជា​ស្រុក​ល្អ​ណាស់›។+ ២៦  ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ព្រម​ឡើង​ទៅ​ស្រុក​នោះ​ទេ ថែម​ទាំង​បះ​បោរ​ប្រឆាំង​នឹង​បង្គាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ទៀត​ផង។+ ២៧  អ្នក​រាល់​គ្នា​ចេះ​តែ​រអ៊ូ​រទាំ​ក្នុង​ត្រសាល​ខ្លួន​ថា​៖ ‹ព្រះ​យេហូវ៉ា​ស្អប់​យើង​បាន​ជា​លោក​នាំ​យើង​ចេញ​ពី​ស្រុក​អេហ្ស៊ីប ដើម្បី​ប្រគល់​យើង​ឲ្យ​ពួក​អាម៉ូរី​បំផ្លាញ​ចោល។ ២៨  តើ​កន្លែង​ដែល​យើង​នឹង​ទៅ​នោះ ជា​កន្លែង​បែប​ណា? យើង​ធ្លាក់​ទឹក​ចិត្ត​ជា​ខ្លាំង+ ពេល​ដែល​ឮ​បង​ប្អូន​យើង​ប្រាប់​ថា​៖ ​«​អ្នក​ស្រុក​នោះ​មាន​មាឌ​ធំ ហើយ​ខ្ពស់​ជាង​យើង​ឆ្ងាយ​ណាស់។ ក្រុង​របស់​ពួក​គេ​ធំ​សម្បើម ហើយ​មាន​កំពែង​រឹង​មាំ​ខ្ពស់​ដល់​មេឃ។+ យើង​ថែម​ទាំង​ឃើញ​ពួក​កូន​ចៅ​របស់​អេណាគីម+នៅ​ទី​នោះ​ដែរ​»​›។ ២៩  ​«​ដូច្នេះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា​៖ ‹កុំ​ភ័យ​តក់​ស្លុត​ឬ​ខ្លាច​ពួក​គេ​ឡើយ។+ ៣០  ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នឹង​នាំ​មុខ​អ្នក​រាល់​គ្នា ហើយ​លោក​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា+ ដូច​អ្នក​រាល់​គ្នា​បាន​ឃើញ​ស្រាប់​ហើយ កាល​ដែល​លោក​បាន​ធ្វើ​នៅ​ស្រុក​អេហ្ស៊ីប។+ ៣១  នៅ​តំបន់​ស្ងាត់​ជ្រងំ អ្នក​រាល់​គ្នា​ក៏​បាន​ឃើញ​ដែរ​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​បាន​បីទ្រ​អ្នក​រាល់​គ្នា ដូច​ជា​ឪពុក​បី​ទ្រ​កូន គឺ​នៅ​គ្រប់​កន្លែង​ដែល​អ្នក​រាល់​គ្នា​បាន​ទៅ​រហូត​មក​ដល់​កន្លែង​នេះ›។ ៣២  ទោះ​ជា​យ៉ាង​នោះ​ក្ដី អ្នក​រាល់​គ្នា​មិន​មាន​ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ទេ។+ ៣៣  លោក​តែង​ទៅ​មុន​អ្នក​រាល់​គ្នា ដើម្បី​មើល​ថា​កន្លែង​ណា​ដែល​គួរ​បោះ​ជំរំ។ លោក​បាន​លេច​មក​ជា​បង្គោល​ភ្លើង​នៅ​ពេល​យប់ ហើយ​ជា​បង្គោល​ពពក​នៅ​ពេល​ថ្ងៃ ដើម្បី​នាំ​ផ្លូវ​អ្នក​រាល់​គ្នា។+ ៣៤  ​«​នៅ​ពេល​នោះ ព្រះ​យេហូវ៉ា​ក៏​បាន​ឮ​អ្វី​ដែល​អ្នក​រាល់​គ្នា​និយាយ​ដែរ ហើយ​លោក​បាន​ខឹង​យ៉ាង​ខ្លាំង រួច​ស្បថ​យ៉ាង​ម៉ឺង​ម៉ាត់​ថា​៖+ ៣៥  ‹ក្នុង​ជំនាន់​មនុស្ស​អាក្រក់​នេះ នឹង​គ្មាន​អ្នក​ណា​ម្នាក់​ឃើញ​ស្រុក​ដ៏​ល្អ​ដែល​ខ្ញុំ​បាន​សន្យា​ប្រគល់​ឲ្យ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ទេ+ ៣៦  លើក​លែង​តែ​កាលែប​ជា​កូន​យេផុនណា។ គាត់​នឹង​ឃើញ​ស្រុក​នោះ ហើយ​ខ្ញុំ​នឹង​ប្រគល់​ទឹក​ដី​ដែល​គាត់​បាន​ដើរ​កាត់ ឲ្យ​ដល់​គាត់​និង​កូន​ចៅ​របស់​គាត់ ព្រោះ​គាត់​បាន​ដើរ​តាម​ខ្ញុំ​ជា​យេហូវ៉ា​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត›។+ ៣៧  ព្រះ​យេហូវ៉ា​ថែម​ទាំង​បាន​ខឹង​នឹង​ខ្ញុំ ដោយ​ព្រោះ​តែ​អ្នក​រាល់​គ្នា ហើយ​លោក​មាន​ប្រសាសន៍​ថា​៖ ‹អ្នក​ក៏​មិន​អាច​ចូល​ក្នុង​ស្រុក​នោះ​បាន​ដែរ។+ ៣៨  ឯ​យ៉ូស្វេ​ជា​កូន​របស់​នុន​ដែល​ជា​អ្នក​បម្រើ​របស់​អ្នក+ គាត់​នឹង​ចូល​ទៅ​ក្នុង​ស្រុក​នោះ។+ ចូរ​ពង្រឹង​កម្លាំង​ចិត្ត​គាត់*+ ព្រោះ​គាត់​ជា​អ្នក​ដែល​នឹង​ជួយ​ប្រជា​ជាតិ​អ៊ីស្រាអែល​ឲ្យ​ចាប់​យក​ស្រុក​នោះ​ទុក​ជា​មត៌ក›។ ៣៩  ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​រាល់​គ្នា​ថា​៖ ‹ចំណែក​កូន​ចៅ​ដែល​អ្នក​រាល់​គ្នា​បាន​និយាយ​ថា​នឹង​ត្រូវ​គេ​ចាប់​យក+ ជា​កូន​ចៅ​ដែល​មិន​ទាន់​ស្គាល់​ល្អ​ស្គាល់​អាក្រក់ គឺ​ពួក​គេ​នោះ​ហើយ​ដែល​នឹង​ចូល​ទៅ​ក្នុង​ស្រុក​នោះ ហើយ​ខ្ញុំ​នឹង​ប្រគល់​ស្រុក​នោះ​ឲ្យ​ពួក​គេ​ទុក​ជា​មត៌ក។+ ៤០  រីឯ​អ្នក​រាល់​គ្នា​វិញ ចូរ​ត្រឡប់​ទៅ​តំបន់​ស្ងាត់​ជ្រងំ​តាម​ផ្លូវ​ទៅ​សមុទ្រក្រហម​វិញ​ទៅ›។+ ៤១  ​«​ឮ​ដូច្នេះ អ្នក​រាល់​គ្នា​ក៏​បាន​ប្រាប់​ខ្ញុំ​ថា​៖ ‹ពួក​យើង​បាន​ធ្វើ​ខុស​ទាស់​នឹង​ព្រះ​យេហូវ៉ា​ហើយ។ ឥឡូវ​ពួក​យើង​នឹង​ឡើង​ទៅ​ច្បាំង តាម​បង្គាប់​ព្រះ​យេហូវ៉ា!›។ រួច​អ្នក​រាល់​គ្នា​បាន​ប្រដាប់​អាវុធ​រៀង​ៗ​ខ្លួន ព្រោះ​អ្នក​រាល់​គ្នា​គិត​ថា​ការ​ឡើង​ភ្នំ​ទៅ​ច្បាំង​ដណ្ដើម​យក​តំបន់​ទាំង​មូល គឺ​ជា​ការ​ងាយ​ស្រួល​ណាស់។+ ៤២  ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ‹ចូរ​ប្រាប់​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ឡើង​ទៅ​ប្រយុទ្ធ​ទេ ព្រោះ​ខ្ញុំ​នឹង​មិន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ឡើយ។+ បើ​អ្នក​រាល់​គ្នា​ឡើង​ទៅ​ច្បាំង អ្នក​រាល់​គ្នា​នឹង​ចាញ់​សត្រូវ​មិន​ខាន​»​›។ ៤៣  ខ្ញុំ​ក៏​បាន​ប្រាប់​ប្រសាសន៍​នោះ​ដល់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​បាន​បះ​បោរ​ប្រឆាំង​នឹង​បង្គាប់​របស់​ព្រះ​យេហូវ៉ា ហើយ​នៅ​តែ​ចចេស​ឡើង​ទៅ​ទៀត។ ៤៤  ពេល​នោះ ជន​ជាតិ​អាម៉ូរីដែល​រស់​នៅ​លើ​ភ្នំ​នោះ បាន​ចេញ​មក​វាយ​ប្រហារ​អ្នក​រាល់​គ្នា​ឲ្យ​រត់​ខ្ចាត់​ខ្ចាយ ទៅ​តំបន់​សៀ​រហូត​ដល់​ហោម៉ា។ ពួក​គេ​បាន​ដេញ​តាម​អ្នក​រាល់​គ្នា ដូច​ជា​ឃ្មុំ​ដេញ​ទិច។ ៤៥  ពេល​ត្រឡប់​មក​វិញ អ្នក​រាល់​គ្នា​បាន​យំ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា តែ​ព្រះ​យេហូវ៉ា​មិន​បាន​ស្ដាប់ ឬ​អើពើ​នឹង​អ្នក​រាល់​គ្នា​ឡើយ។ ៤៦  ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​បន្ត​ស្នាក់​នៅ​តំបន់​កាដេស​យូរ​យ៉ាង​នេះ។

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ស្ដេច​អុក​នៃ​តំបន់​បាសាន​ដែល​រស់​នៅ​ក្រុង​អាសថារ៉ូត​និង​ក្រុង​អេទ្រី​»​
តាម​មើល​ទៅ​នេះ​សំដៅ​លើ​តំបន់​ភ្នំ​លីបង់
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ព្រះ​ធ្វើ​ឲ្យ​គាត់​រឹង​មាំ​»​