ការបំភ្លឺច្បាប់ ១០:១-២២

  • បន្ទះ​ថ្ម​ពីរ​ផ្ទាំង​បាន​ត្រូវ​ធ្វើ​ម្ដង​ទៀត (​១​-​១១)

  • អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ (​១២​-​២២)

    • កោត​ខ្លាច​និង​ស្រឡាញ់​ព្រះ​យេហូវ៉ា (​១២)

១០  «​នៅ​គ្រា​នោះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​ថា​៖ ‹ចូរ​ដាប់​បន្ទះ​ថ្ម​ពីរ​ផ្ទាំង​ដូច​បន្ទះ​ថ្ម​ពី​មុន+ រួច​ឡើង​មក​ជួប​ខ្ញុំ​នៅ​លើ​ភ្នំ។ បន្ថែម​ទៀត អ្នក​ក៏​ត្រូវ​ធ្វើ​ហឹប​ឈើ​មួយ​ដែរ។ ២  ខ្ញុំ​នឹង​ចារ​អក្សរ​នៅ​លើ​បន្ទះ​ថ្ម​ថ្មី​នោះ ព្រោះ​បន្ទះ​ថ្ម​ពី​មុន​អ្នក​បាន​បំបែក​ចោល​ហើយ។ បន្ទាប់​មក អ្នក​ត្រូវ​ដាក់​បន្ទះ​ថ្ម​ទាំង​ពីរ​ទៅ​ក្នុង​ហឹប​នោះ›។ ៣  ដូច្នេះ ខ្ញុំ​ក៏​បាន​ធ្វើ​ហឹប​ពី​ឈើ​អាកាស្យា ហើយ​ដាប់​បន្ទះ​ថ្ម​ពីរ​ផ្ទាំងដូច​បន្ទះ​ថ្ម​ពី​មុន រួច​កាន់​បន្ទះ​ថ្ម​នោះ​ឡើង​ទៅ​លើ​ភ្នំ។+ ៤  បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​ចារ​អក្សរ​នៅ​លើ​បន្ទះ​ថ្ម​នោះ​ដូច​ពាក្យ​ដែល​លោក​បាន​ចារ​ពី​មុន+ គឺ​បញ្ញត្តិ​ទាំង​១០​ប្រការ+ ដែល​លោក​បាន​មាន​ប្រសាសន៍​នៅ​លើ​ភ្នំ​ទៅ​កាន់​អ្នក​រាល់​គ្នា​ពី​ក្នុង​ភ្លើង+ នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​មក​ជួប​ជុំ​គ្នា។+ រួច​មក ព្រះ​យេហូវ៉ា​បាន​ប្រគល់​បន្ទះ​ថ្ម​នោះ​មក​ឲ្យ​ខ្ញុំ។ ៥  ក្រោយ​នោះ ខ្ញុំ​បាន​ចុះ​ពី​ភ្នំ​មក​វិញ+ រួច​ដាក់​បន្ទះ​ថ្ម​នោះ​ទៅ​ក្នុង​ហឹប​ដែល​ខ្ញុំ​បាន​ធ្វើ តាម​បង្គាប់​ព្រះ​យេហូវ៉ា។ បន្ទះ​ថ្ម​នោះ​នៅ​ក្នុង​ហឹប​នោះ​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ៦  ​«​បន្ទាប់​មក បណ្ដា​ជន​អ៊ីស្រាអែល​បាន​ចាក​ចេញ​ពី​បៀរ៉ូត​បេនេយ៉ាកាន ទៅ​ឯ​ម៉ូសេរ៉ូត។ នៅ​ទី​នោះ អេរ៉ុន​បាន​ស្លាប់ ហើយ​សព​របស់​គាត់​បាន​ត្រូវ​បញ្ចុះ។+ រួច​អេលាសារ​ជា​កូន​គាត់ បាន​ធ្វើ​ជា​សង្ឃ​បន្ទាប់​ពី​គាត់។+ ៧  ក្រោយ​មក ពួក​គេ​បាន​ចាក​ចេញ​ពី​ទី​នោះ​ទៅ​គុតកូដា រួច​ពី​គុតកូដា​ទៅ​យ៉ុតបាថា+ ជា​កន្លែង​ដែល​មាន​ទឹក​ស្ទឹង​ហូរ​ស្រោច​ស្រព។ ៨  ​«​នៅ​គ្រា​នោះ ព្រះ​យេហូវ៉ា​បាន​ញែក​កុលសម្ព័ន្ធ​លេវី+សម្រាប់​ឲ្យ​ពួក​គេ​សែង​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា+ ហើយ​ឲ្យ​ពួក​គេ​ឈរ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ដើម្បី​បម្រើ​លោក ព្រម​ទាំង​ដើម្បី​ឲ្យ​ពរ​ដល់​បណ្ដា​ជន​ដោយ​នូវ​នាម​លោក+ ដូច​ពួក​គេ​ធ្វើ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ ៩  ហេតុ​នេះ​ហើយ​បាន​ជា​ពួក​លេវី​មិន​បាន​ទទួល​ចំណែក​មត៌ក​ជា​មួយ​នឹង​បង​ប្អូន​របស់​ពួក​គេ​ទេ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ចំណែក​មត៌ក​របស់​ពួក​គេ ដូច​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​បាន​ប្រាប់​ពួក​គេ​ហើយ។+ ១០  គ្រា​នោះ ខ្ញុំ​បាន​នៅ​លើ​ភ្នំ​អស់​៤០​ថ្ងៃ​៤០​យប់​ដូច​កាល​ពី​មុន​ដែរ។+ ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​ខ្ញុំ+ ហើយ​ព្រះ​យេហូវ៉ា​មិន​ចង់​បំផ្លាញ​អ្នក​រាល់​គ្នា​ចោល​ឡើយ។ ១១  រួច​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​ថា​៖ ‹ចូរ​ទៅ​នាំ​មុខ​បណ្ដា​ជន ហើយ​ត្រៀម​ខ្លួន​ចាក​ចេញ​ពី​ទី​នេះ ដើម្បី​ចូល​ទៅ​ចាប់​យក​ស្រុក​នោះ​ទុក​ជា​មត៌ក ជា​ស្រុក​ដែល​ខ្ញុំ​បាន​សន្យា​នឹង​បុព្វ​បុរស​របស់​ពួក​គេ›។+ ១២  ​«​ឥឡូវ​នេះ ឱ​ប្រជា​ជាតិ​អ៊ីស្រាអែល​អើយ! តើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា សុំ​អ្វី​ពី​អ្នក​រាល់​គ្នា?+ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​គ្រាន់​តែ​សុំ​ឲ្យ​អ្នក​រាល់​គ្នា​កោត​ខ្លាច​លោក+ និង​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​លោក+ ព្រម​ទាំង​ឲ្យ​ស្រឡាញ់​និង​បម្រើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​អស់​ពី​ដួង​ចិត្ត​និង​អស់​ពី​កម្លាំង​កាយ+ ១៣  ថែម​ទាំង​កាន់​ខ្ជាប់​តាម​ច្បាប់​និង​បញ្ញត្តិ​របស់​ព្រះ​យេហូវ៉ា ដែល​ខ្ញុំ​កំពុង​បង្រៀន​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា។+ ១៤  មើល! មេឃ​ដ៏​ខ្ពស់​បំផុត និង​ផែនដី ព្រម​ទាំង​របស់​សព្វសារពើ​ដែល​នៅ​ក្នុង​នោះ សុទ្ធតែ​ជា​របស់​ព្រះ​យេហូវ៉ា។+ ១៥  ប៉ុន្តែ មាន​តែ​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​ដែល​ព្រះ​យេហូវ៉ា​បាន​ចូល​ទៅ​ជិត និង​បង្ហាញ​សេចក្ដី​ស្រឡាញ់ ហើយ​លោក​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា​ដែល​ជា​កូន​ចៅ​របស់​ពួក​គាត់+ ពី​ចំណោម​ប្រជា​ជាតិ​នានា​មក​ធ្វើ​ជា​រាស្ត្រ​របស់​លោក រហូត​មក​ដល់​សព្វ​ថ្ងៃ។ ១៦  ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​សម្អាត​ចិត្ត​ខ្លួន+ ហើយ​ឈប់​រឹង​រូស​ត​ទៅ​ទៀត។+ ១៧  ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា លោក​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ+ ជា​ម្ចាស់​លើ​អស់​ទាំង​ម្ចាស់ និង​ជា​ព្រះ​ដ៏​ឧត្តុង្គ​ឧត្តម។ លោក​មាន​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា និង​គួរ​ឲ្យ​ស្ងើច​សរសើរ។ លោក​មិន​រើស​មុខ+ ហើយ​ក៏​មិន​ទទួល​សំណូក​ដែរ។ ១៨  លោក​សម្រេច​ក្ដី​ដោយ​យុត្តិធម៌​ឲ្យ​កូន​កំព្រា​និង​ស្ត្រី​មេម៉ាយ+ ព្រម​ទាំង​ស្រឡាញ់​ជន​បរទេស។+ លោក​ផ្គត់​ផ្គង់​អាហារ​និង​សម្លៀក​បំពាក់​ដល់​ពួក​គេ។ ១៩  អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​ជន​បរទេស ព្រោះ​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​ជន​បរទេស​នៅ​ស្រុក​អេហ្ស៊ីប​ដែរ។+ ២០  ​«​អ្នក​រាល់​គ្នា​ត្រូវ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ហើយ​ត្រូវ​បម្រើ​លោក+ និង​នៅ​ជាប់​នឹង​លោក​ជា​និច្ច ថែម​ទាំង​ត្រូវ​ស្បថ​ដោយ​នូវ​នាម​លោក។ ២១  លោក​ជា​បុគ្គល​ដែល​អ្នក​រាល់​គ្នា​ត្រូវ​សរសើរ​តម្កើង។+ លោក​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា គឺ​លោក​ហើយ​ដែល​បាន​ធ្វើ​ការ​អស្ចារ្យ​និង​ការ​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​ទាំង​នោះ​ដើម្បី​អ្នក​រាល់​គ្នា ដូច​អ្នក​រាល់​គ្នា​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ហើយ។+ ២២  កាល​ដែល​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​ចូល​ទៅ​ស្រុក​អេហ្ស៊ីប+ គឺ​មាន​គ្នា​តែ​៧០​នាក់​ទេ តែ​ឥឡូវ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ។+

កំណត់សម្គាល់