ការបំភ្លឺច្បាប់ ១១:១-៣២

  • អ្នក​រាល់​គ្នា​ធ្លាប់​ឃើញ​ភាព​ឧត្តុង្គឧត្តម​របស់​ព្រះ​យេហូវ៉ា (​១​-​៧)

  • ស្រុក​ដែល​ព្រះ​សន្យា (​៨​-​១២)

  • រង្វាន់​សម្រាប់​ការ​ស្ដាប់​បង្គាប់ (​១៣​-​១៧)

  • បណ្ដាំ​របស់​ព្រះ​ត្រូវ​ដក់​ជាប់​នៅ​ក្នុង​ចិត្ត (​១៨​-​២៥)

  • «​ពរ​និង​បណ្ដាសា​»​ (​២៦​-​៣២)

១១  ​«​អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា+ និង​ត្រូវ​ធ្វើ​អ្វី​ដែល​លោក​តម្រូវ​ពី​អ្នក​រាល់​គ្នា គឺ​ត្រូវ​កាន់​ខ្ជាប់​តាម​ច្បាប់ បញ្ញត្តិ និង​ក្រឹត្យ​ក្រម​របស់​លោក ហើយ​ធ្វើ​តាម​បង្គាប់​លោក​ជា​និច្ច។ ២  អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា នៅ​ថ្ងៃ​នេះ​ខ្ញុំ​កំពុង​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា មិន​មែន​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ទេ ព្រោះ​ពួក​គេ​មិន​បាន​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​ប្រដៅ​អ្នក​រាល់​គ្នា+ ឬ​ឃើញ​ភាព​ឧត្តុង្គឧត្តម+និង​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​របស់​លោក​ឡើយ។+ ៣  កូន​ចៅ​ទាំង​នោះ​មិន​បាន​ឃើញ​សញ្ញា​សម្គាល់​និង​ការ​អស្ចារ្យ ដែល​លោក​បាន​ធ្វើ​ទៅ​លើ​ផារ៉ូ​ជា​ស្ដេច​ស្រុក​អេហ្ស៊ីប និង​ទៅ​លើ​ទឹក​ដី​ទាំង​មូល​របស់​គាត់​ទេ។+ ៤  កូន​ចៅ​ទាំង​នោះ​ក៏​មិន​បាន​ឃើញ​អ្វី​ដែល​ព្រះ​បាន​ធ្វើ​ទៅ​លើ​ទ័ព​អេហ្ស៊ីប ទៅ​លើ​សេះ​និង​រទេះ​ចម្បាំង​របស់​ផារ៉ូ ដោយ​ធ្វើ​ឲ្យ​ទឹក​សមុទ្រក្រហម​ធ្លាក់​មក​បោក​ខ្ទប់​ពួក​គេ កាល​ដែល​ពួក​គេ​ដេញ​តាម​អ្នក​រាល់​គ្នា។ ពេល​នោះ ព្រះ​យេហូវ៉ា​បាន​បំផ្លាញ​ពួក​គេ​ទាំង​អស់​តែ​ម្ដង។+ ៥  កូន​ចៅ​ទាំង​នោះ​មិន​បាន​ឃើញ​លោក​មើល​ថែ​ទាំ​អ្នក​រាល់​គ្នា​យ៉ាង​ណា​ទេ នៅ​តំបន់​ស្ងាត់​ជ្រងំ​រហូត​ដល់​កន្លែង​នេះ ៦  កូន​ចៅ​ទាំង​នោះ​មិន​បាន​ឃើញ​លោក​ធ្វើ​យ៉ាង​ណា​ទៅ​លើ​ដាថាន និង​អាបាយរ៉ាម ដែល​ជា​កូន​របស់​អេលាប ជា​កូន​ចៅ​រូបេន​នោះ​ទេ កាល​ដែល​លោក​ធ្វើ​ឲ្យ​ដី​ប្រេះ​ហា​លេប​ត្របាក់​ពួក​គេ ជា​មួយ​នឹង​ពួក​អ្នក​ផ្ទះ និង​ត្រសាល​ពួក​គេ ព្រម​ទាំង​អស់​អ្នក​ដែល​តាម​ពួក​គេ ថែម​ទាំង​សត្វ​របស់​ពួក​គេ​ផង។ លោក​បាន​ធ្វើ​ដូច្នោះ នៅ​ចំពោះ​មុខ​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់។+ ៧  អ្នក​រាល់​គ្នា​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ។ ៨  ​«​អ្នក​រាល់​គ្នា​ត្រូវ​កាន់​ខ្ជាប់​តាម​បញ្ញត្តិ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​រឹង​មាំ​ឡើង និង​ចូល​ទៅ​ចាប់​យក​ស្រុក​នោះ​ទុក​ជា​មត៌ក ៩  ហើយ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ស្រុក​នោះ​ជា​យូរ​អង្វែង+ក្នុង​ស្រុក​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​ឲ្យ​បុព្វ​បុរស​អ្នក​រាល់​គ្នា​និង​កូន​ចៅ​ពួក​គាត់+ គឺ​ស្រុក​ដែល​មាន​ទឹក​ដោះ​និង​ទឹក​ឃ្មុំ​ហូរហៀរ។+ ១០  ​«​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​ចាប់​យក​នោះ មិន​ដូច​ជា​ស្រុក​អេហ្ស៊ីប​ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​មក​នោះ​ទេ។ នៅ​ស្រុក​អេហ្ស៊ីប អ្នក​រាល់​គ្នា​ធ្លាប់​សាប​ព្រោះ​គ្រាប់​ពូជ ហើយ​បាច​ទឹក​បញ្ចូល​ស្រែ* ដូច​ស្រោច​ចម្ការ​បន្លែ​ដែរ។ ១១  ប៉ុន្តែ ស្រុក​ដែល​អ្នក​រាល់​គ្នា​ហៀបនឹង​ឆ្លង​ចូល​ទៅ​នោះ នឹង​មាន​ទឹក​ភ្លៀង​ធ្លាក់​មក​ស្រោច​ស្រព+ ហើយ​ជា​ស្រុក​សម្បូរ​ទៅ​ដោយ​ភ្នំ​និង​វាល​ទំនាប។+ ១២  ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា លោក​តែង​តែ​ថែ​រក្សា​ស្រុក​នោះ ហើយ​ព្រះ​យេហូវ៉ា​មើល​ថែ​ស្រុក​នោះ​ជា​និច្ច គឺ​ចាប់​ពី​ដើម​ឆ្នាំ​រហូត​ដល់​ចុង​ឆ្នាំ។ ១៣  ​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​កាន់​ខ្ជាប់​តាម​បង្គាប់​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​បង្គាប់​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ហើយ​ស្រឡាញ់​និង​បម្រើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា អស់​ពី​ដួង​ចិត្ត​និង​អស់​ពី​កម្លាំង​កាយ+ ១៤  នោះ​លោក*នឹង​បង្អុរ​ភ្លៀង​ទៅ​លើ​ស្រុក​នោះ​តាម​រដូវ​កាល គឺ​នៅ​ដើម​រដូវ និង​ចុង​រដូវ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ប្រមូល​ភោគ​ផល​នៅ​ពេល​កំណត់ ទាំង​ស្រូវ ទាំង​ស្រា​ថ្មី និង​ប្រេង។+ ១៥  លោក​នឹង​ធ្វើ​ឲ្យ​មាន​រុក្ខជាតិ​ដុះ​ឡើង​នៅ​ឯ​វាល សម្រាប់​ជា​ចំណី​ដល់​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​អាហារ​បរិភោគ រហូត​ដល់​ឆ្អែត​ស្កប់​ស្កល់។+ ១៦  ប៉ុន្តែ ចូរ​ប្រយ័ត្ន​ក្រែង​លោ​ចិត្ត​អ្នក​រាល់​គ្នា​ត្រូវ​ល្បួង​ឲ្យ​បែរ​ចេញ​ទៅ​គោរព​បូជា​ព្រះ​ឯ​ទៀត ហើយ​ក្រាប​គោរព​ដល់​ព្រះ​ទាំង​នោះ។+ ១៧  បើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នោះ ព្រះ​យេហូវ៉ា​ច្បាស់​ជា​ខឹង​នឹង​អ្នក​រាល់​គ្នា​ជា​ខ្លាំង។ លោក​នឹង​លែង​បង្អុរ​ភ្លៀង​មក​ទៀត+ ហើយ​ដី​នៅ​ក្នុង​ស្រុក​នោះ​នឹង​លែង​បង្កើត​ផល​ដែរ។ អ្នក​រាល់​គ្នា​នឹង​វិនាស​ទៅ​យ៉ាង​ឆាប់​រហ័ស​ពី​ទឹក​ដី​ដ៏​ល្អ​ដែល​ព្រះ​យេហូវ៉ា​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា។+ ១៨  ​«​ពាក្យ​ដែល​ខ្ញុំ​បង្រៀន​ដល់​អ្នក​រាល់​គ្នា ត្រូវ​ដក់​ជាប់​នៅ​ក្នុង​ចិត្ត​គំនិត​របស់​អ្នក​រាល់​គ្នា ហើយ​ត្រូវ​ចង​ពាក្យ​ទាំង​នេះ​នៅ​លើ​ដៃ​ទុក​ជា​ការ​រំលឹក ហើយ​ត្រូវ​ធ្វើ​ដូច​ជា​ស្លាក​នៅ​លើ​ថ្ងាស​អ្នក​រាល់​គ្នា។+ ១៩  អ្នក​រាល់​គ្នា​ត្រូវ​បង្ហាត់​បង្រៀន​កូន​ចៅ​ខ្លួន ដោយ​និយាយ​ប្រាប់​ពួក​គេ​ក្នុង​កាល​ដែល​អង្គុយ​នៅ​ក្នុង​ផ្ទះ ក្នុង​កាល​ដែល​ដើរ​តាម​ផ្លូវ ក្នុង​កាល​ដែល​ដេក និង​ក្រោក​ឡើង​ផង។+ ២០  អ្នក​រាល់​គ្នា​ត្រូវ​សរសេរ​ពាក្យ​ទាំង​នេះ​នៅ​លើ​បង្គោល​ទ្វារ​ផ្ទះ និង​នៅ​លើ​ខ្លោង​ទ្វារ​ក្រុង​របស់​អ្នក​រាល់​គ្នា​ដែរ ២១  ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​និង​កូន​ចៅ​អាច​រស់​នៅ​បាន​យូរ​អង្វែង+ក្នុង​ស្រុក​នោះ ជា​ស្រុក​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​ឲ្យ​ដល់​បុព្វ​បុរស​អ្នក​រាល់​គ្នា+ ដូច​មេឃ​ស្ថិត​នៅ​លើ​ផែនដី​យ៉ាង​នោះ​ដែរ។ ២២  ​«​បើ​អ្នក​រាល់​គ្នា​កាន់​ខ្ជាប់​តាម​បញ្ញត្តិ​នេះ​ដែល​ខ្ញុំ​បាន​ឲ្យ​ដល់​អ្នក​រាល់​គ្នា ដោយ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា+ ហើយ​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​លោក ព្រម​ទាំង​នៅ​ជាប់​នឹង​លោក​ជា​និច្ច+ ២៣  នោះ​ព្រះ​យេហូវ៉ា​នឹង​បណ្ដេញ​ប្រជា​ជាតិ​ទាំង​នេះ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា+ ហើយ​អ្នក​រាល់​គ្នា​នឹង​បង្ក្រាប​ប្រជា​ជាតិ​ដែល​ធំ​ជាង​និង​ខ្លាំង​ពូកែ​ជាង​អ្នក​រាល់​គ្នា។+ ២៤  ទឹក​ដី​ណា​ដែល​អ្នក​រាល់​គ្នា​ជាន់​នឹង​ក្លាយ​ទៅ​ជា​ទឹក​ដី​របស់​អ្នក​រាល់​គ្នា។+ ព្រំ​ប្រទល់​ទឹក​ដី​របស់​អ្នក​រាល់​គ្នា គឺ​ចាប់​ពី​តំបន់​ស្ងាត់​ជ្រងំ រហូត​ដល់​តំបន់​ភ្នំ​លីបង់ ហើយ​ពី​ទន្លេ​អឺប្រាត ទៅ​ដល់​សមុទ្រ​ភាគ​ខាង​លិច។*+ ២៥  គ្មាន​នរណា​ហ៊ាន​តតាំង​នឹង​អ្នក​រាល់​គ្នា​ឡើយ។+ ទឹក​ដី​ណា​ដែល​អ្នក​រាល់​គ្នា​ដើរ​ចូល​ទៅ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នឹង​បណ្ដាល​ឲ្យ​អ្នក​នៅ​ទី​នោះ​ភ័យ​តក់​ស្លុត​ហើយ​ខ្លប​ខ្លាច​ចំពោះ​អ្នក​រាល់​គ្នា+ ដូច​ដែល​លោក​បាន​សន្យា។ ២៦  ​«​មើល! នៅ​ថ្ងៃ​នេះ ខ្ញុំ​ដាក់​ពរ​និង​បណ្ដាសា​នៅ​ខាង​មុខ​អ្នក​រាល់​គ្នា។+ ២៧  បើ​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្តិ​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ជា​បញ្ញត្តិ​ដែល​ខ្ញុំ​បង្រៀន​នៅ​ថ្ងៃ​នេះ នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ពរ។+ ២៨  ប៉ុន្តែ អ្នក​រាល់​គ្នា​នឹង​ត្រូវ​បណ្ដាសា​ជា​មិន​ខាន បើ​អ្នក​រាល់​គ្នា​មិន​កាន់​តាម​បញ្ញត្តិ​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា+ និង​បែរ​ចេញ​ពី​ផ្លូវ​ដែល​ខ្ញុំ​បង្ហាញ​នៅ​ថ្ងៃ​នេះ ហើយ​ដើរ​តាម​ព្រះ​ឯ​ទៀត​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់​នោះ។ ២៩  ​«​ពេល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា នាំ​អ្នក​រាល់​គ្នា​ចូល​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​រស់​នៅ អ្នក​រាល់​គ្នា​ត្រូវ​ឲ្យ​ពរ​នៅ​ភ្នំ​កេរិស៊ីម និង​ដាក់​បណ្ដាសា​នៅ​ភ្នំ​អេបាល។+ ៣០  ភ្នំ​ទាំង​នោះ​នៅ​ត្រើយ​ខាង​លិច​ទន្លេយ៉ូដាន់ ក្នុង​ទឹក​ដី​របស់​ជន​ជាតិ​កាណាន​ដែល​រស់​នៅ​ក្នុង​តំបន់​អារ៉ាបា ទល់​មុខ​គីលកាល ហើយ​នៅ​ក្បែរ​កន្លែង​មួយ​ហៅ​ថា​ម៉ូរេ ដែល​មាន​ដើម​ឈើ​ធំ​ៗ។+ ៣១  អ្នក​រាល់​គ្នា​ហៀបនឹង​ឆ្លង​ចូល​ទៅ​រស់​នៅ​ក្នុង​ស្រុក​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ហើយ។+ ពេល​ណា​អ្នក​រាល់​គ្នា​ចាប់​យក​ទឹក​ដី​នោះ ហើយ​ចូល​ទៅ​រស់​នៅ ៣២  អ្នក​រាល់​គ្នា​ត្រូវ​កាន់​ខ្ជាប់​តាម​ច្បាប់ និង​ក្រឹត្យ​ក្រម​ទាំង​អស់ ដែល​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ។+

កំណត់សម្គាល់

ឬ​«​បាច​ទឹក​ដោយ​ជើង​»​ គឺ​ដោយ​ប្រើ​ឧបករណ៍​ណា​មួយ​ដោយ​ជើង ដូច​ជា​រហាត់​ទឹក​ជា​ដើម
ន័យ​ត្រង់​«​ខ្ញុំ​»។ នេះ​សំដៅ​លើ​ព្រះ
នេះ​សំដៅ​លើ​សមុទ្រ​មេឌីទែរ៉ានេ