ការបំភ្លឺច្បាប់ ១៣:១-១៨
-
របៀបប្រព្រឹត្តចំពោះពួកអ្នកក្បត់ជំនឿ (១-១៨)
១៣ «ក្នុងចំណោមអ្នករាល់គ្នា បើមានអ្នកប្រកាសទំនាយឬអ្នកចេះទាយតាមរយៈសុបិន ប្រាប់អ្នករាល់គ្នាអំពីសញ្ញាសម្គាល់ឬហេតុការណ៍អស្ចារ្យណាមួយ
២ ក្រោយមកសញ្ញាសម្គាល់ឬហេតុការណ៍អស្ចារ្យនោះបានកើតឡើងមែន ហើយគាត់ប្រាប់អ្នករាល់គ្នាថា៖ ‹ចូរយើងកាន់តាមព្រះឯទៀត› ជាព្រះដែលយើងមិនដែលស្គាល់ ‹ហើយចូរយើងបម្រើព្រះទាំងនោះទៅ›
៣ នោះអ្នករាល់គ្នាមិនត្រូវស្ដាប់ពាក្យរបស់អ្នកប្រកាសទំនាយឬអ្នកចេះទាយតាមរយៈសុបិននោះទេ+ ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាចង់ល្បងមើលចិត្តអ្នករាល់គ្នាថា+ តើអ្នករាល់គ្នាពិតជាស្រឡាញ់ព្រះយេហូវ៉ាអស់ពីដួងចិត្តនិងអស់ពីកម្លាំងកាយមែនឬមិនមែន។+
៤ អ្នករាល់គ្នាត្រូវកាន់តាមព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា គឺលោកតែមួយដែលអ្នករាល់គ្នាត្រូវកោតខ្លាច លោកប៉ុណ្ណោះដែលអ្នករាល់គ្នាត្រូវស្ដាប់ ហើយត្រូវបម្រើលោកតែមួយគត់។ អ្នករាល់គ្នាត្រូវកាន់ខ្ជាប់តាមបញ្ញត្តិរបស់លោក ហើយត្រូវនៅជាប់នឹងលោកជានិច្ច។+
៥ ឯអ្នកប្រកាសទំនាយឬអ្នកចេះទាយតាមរយៈសុបិននោះវិញ អ្នករាល់គ្នាត្រូវសម្លាប់ចោលទៅ+ ព្រោះអ្នកនោះបានបំផុសបំផុលអ្នករាល់គ្នាឲ្យបះបោរប្រឆាំងនឹងព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ជាព្រះដែលបានរំដោះអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីបពីការធ្វើជាខ្ញុំបម្រើ។ អ្នកនោះនឹងត្រូវទទួលទោសដូច្នោះ ព្រោះគាត់បានបំបែរអ្នករាល់គ្នាចេញពីផ្លូវដែលព្រះយេហូវ៉ាបានបង្គាប់។ ម្ល៉ោះហើយ អ្នករាល់គ្នាត្រូវដកអំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។+
៦ «ប្រសិនបើបងប្អូនរួមម្ដាយ ឬកូនប្រុសកូនស្រី ឬប្រពន្ធជាទីស្រឡាញ់ ឬមិត្តដ៏ជិតស្និទ្ធបំផុតរបស់អ្នករាល់គ្នា ព្យាយាមល្បួងលួងលោមអ្នករាល់គ្នាដោយស្ងាត់ៗថា៖ ‹ចូរយើងទៅបម្រើព្រះឯទៀតវិញ›+ ជាព្រះដែលអ្នករាល់គ្នានិងបុព្វបុរសរបស់អ្នករាល់គ្នាពុំធ្លាប់ស្គាល់
៧ ជាព្រះផ្សេងៗដែលប្រជាជាតិនៅជុំវិញអ្នករាល់គ្នាគោរពបូជា ទោះជានៅជិតឬឆ្ងាយ ឬចាប់ពីដើមស្រុកទៅដល់ចុងស្រុកក្ដី
៨ អ្នករាល់គ្នាមិនត្រូវយល់ព្រមឬធ្វើតាមគាត់+ ឬបង្ហាញការអាណិតអាសូរ ឬមានចិត្តមេត្តា ឬការពារគាត់ឡើយ។
៩ ផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវសម្លាប់គាត់ចោលកុំខាន។+ អ្នករាល់គ្នាត្រូវផ្ដើមគប់សម្លាប់គាត់មុនគេ រួចបណ្ដាជនទាំងអស់មកគប់សម្លាប់គាត់តាមក្រោយ។+
១០ អ្នករាល់គ្នាត្រូវគប់ដុំថ្មសម្លាប់គាត់ចោល+ ព្រោះគាត់ព្យាយាមបំបែរអ្នករាល់គ្នាចេញពីព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា លោកជាព្រះដែលបានរំដោះអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីបពីការធ្វើជាខ្ញុំបម្រើ។
១១ យ៉ាងនេះ បណ្ដាជនអ៊ីស្រាអែលនឹងឮហើយភ័យខ្លាច។ ដូច្នេះ ពួកគេនឹងមិនហ៊ានប្រព្រឹត្តអំពើអាក្រក់ដូចនោះទៀតឡើយ។+
១២ «នៅក្នុងក្រុងណាមួយដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានប្រគល់ឲ្យ ប្រសិនបើអ្នករាល់គ្នាឮដំណឹងថា៖
១៣ ‹មានពួកបុរសឥតបានការពីចំណោមអ្នករាល់គ្នា ទៅបបួលពួកអ្នកក្រុងរបស់ពួកគេឲ្យបម្រើព្រះឯទៀតដែលអ្នករាល់គ្នាមិនដែលស្គាល់›
១៤ នោះអ្នករាល់គ្នាត្រូវទៅអង្កេតមើលនិងស៊ើបសួរឲ្យបានសព្វគ្រប់+ ថាពិតជាមានរឿងដែលគួរឲ្យស្អប់ខ្ពើមបានកើតឡើងនៅក្នុងចំណោមអ្នករាល់គ្នាមែនឬមិនមែន។ បើរកឃើញថាពិតមែន
១៥ អ្នករាល់គ្នាត្រូវប្រហារពួកអ្នកក្រុងនោះដោយដាវកុំខាន។+ អ្នករាល់គ្នាក៏ត្រូវបំផ្លាញ+ក្រុងនោះ និងរបស់របរក្នុងនោះ រួមទាំងហ្វូងសត្វទាំងអស់ដែរ។
១៦ អ្នករាល់គ្នាត្រូវប្រមូលរបស់របរទាំងអស់ទៅដាក់នៅកណ្ដាលទីលានសាធារណៈ រួចដុតកម្ទេចក្រុងនោះជាមួយនឹងរបស់របរទាំងនោះ។ របស់របរទាំងនោះនឹងត្រូវចាត់ទុកជាគ្រឿងបូជាដុតទាំងមូលជូនព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា។ ក្រុងនោះនឹងទៅជាសំណង់បាក់បែក ហើយមិនត្រូវសង់ឡើងវិញជារៀងដរាបតទៅ។
១៧ អ្នករាល់គ្នាមិនត្រូវយកអ្វីដែលបានត្រូវញែកទុកសម្រាប់បំផ្លាញចោលទេ+ ដើម្បីឲ្យកំហឹងរបស់ព្រះយេហូវ៉ារសាយទៅ។ លោកនឹងបង្ហាញសេចក្ដីមេត្តាករុណា និងចិត្តអាណិតអាសូរចំពោះអ្នករាល់គ្នា ហើយលោកនឹងធ្វើឲ្យអ្នករាល់គ្នាមានចំនួនកើនឡើង ដូចលោកបានស្បថនឹងបុព្វបុរសរបស់អ្នករាល់គ្នា។+
១៨ អ្នករាល់គ្នាត្រូវស្ដាប់បង្គាប់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ដោយកាន់ខ្ជាប់អស់ទាំងបញ្ញត្តិរបស់លោក ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ។ យ៉ាងនោះ អ្នករាល់គ្នាតែងតែធ្វើអ្វីដែលត្រឹមត្រូវតាមទស្សនៈរបស់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា។+