ការបំភ្លឺច្បាប់ ១៤:១-២៩

  • ការ​បង្ហាញ​ការ​កាន់​ទុក្ខ​មិន​ត្រឹម​ត្រូវ (​១, ២)

  • អាហារ​ដែល​ស្អាត​បរិសុទ្ធ​និង​មិន​ស្អាត​បរិសុទ្ធ (​៣​-​២១)

  • ត្រូវ​ជូន​១​ភាគ​១០​ដល់​ព្រះ​យេហូវ៉ា (​២២​-​២៩)

១៤  ​«​អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​មិន​ត្រូវ​កោរ​ចិញ្ចើម ឬ​ឆូត​សាច់​ខ្លួន+ដើម្បី​កាន់​ទុក្ខ​មនុស្ស​ស្លាប់​ឡើយ។+ ២  ព្រោះ​អ្នក​រាល់​គ្នា​ជា​ប្រជា​ជាតិ​បរិសុទ្ធ​ចំពោះ+ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា​ពី​ចំណោម​ប្រជា​ជាតិ​ទាំង​ឡាយ​នៅ​ផែនដី ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​រាស្ត្រ​របស់​លោក ជា​ទ្រព្យ​វិសេស​របស់​លោក។+ ៣  ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​អ្វី​ដែល​គួរ​ឲ្យ​ស្អប់ខ្ពើម​ឡើយ។+ ៤  សត្វ​ដែល​អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន​គឺ​មាន​ដូច​ត​ទៅ​៖+ គោ ចៀម ពពែ ៥  ប្រើស ឈ្លូស ក្ដាន់ រមាំង ពពែ​ព្រៃ ចៀម​ព្រៃ និង​ចៀម​ភ្នំ។ ៦  សត្វ​ណា​ដែល​មាន​ក្រចក​ឆែក ហើយ​ទំពា​អៀង អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន។ ៧  ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​សត្វ​ណា​ដែល​គ្រាន់​តែ​មាន​ក្រចក​ឆែក ឬ​គ្រាន់​តែ​ទំពា​អៀង​នោះ​ទេ។ សត្វ​ទាំង​នោះ​មាន​ដូច​ត​ទៅ​៖ សត្វ​អូដ្ឋ ទន្សាយ​ថ្ម និង​ទន្សាយ​ព្រៃ ពួក​វា​ទំពា​អៀង តែ​គ្មាន​ក្រចក​ឆែក​ទេ។ ដូច្នេះ ត្រូវ​ចាត់​ទុក​ពួក​វា​ជា​សត្វ​មិន​ស្អាត​បរិសុទ្ធ។+ ៨  ឯ​សត្វ​ជ្រូក វា​មាន​ក្រចក​ឆែក តែ​មិន​ទំពា​អៀង​ទេ។ អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​ស្អាត​បរិសុទ្ធ។ ដូច្នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ទាំង​នោះ ឬ​ប៉ះ​សព​ពួក​វា​ឡើយ។ ៩  ​«​សត្វ​នៅ​ក្នុង​ទឹក​ដែល​មាន​ព្រុយ​និង​ស្រកា អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន។+ ១០  ប៉ុន្តែ សត្វ​ណា​ដែល​គ្មាន​ព្រុយ​និង​ស្រកា អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ឡើយ ព្រោះ​ពួក​វា​ជា​សត្វ​មិន​ស្អាត​បរិសុទ្ធ។ ១១  ​«​អ្នក​រាល់​គ្នា​អាច​បរិភោគ​សត្វ​ស្លាប​ដែល​ស្អាត​បរិសុទ្ធ​បាន។ ១២  ប៉ុន្តែ សត្វ​ស្លាប​ដែល​មិន​ស្អាត​បរិសុទ្ធ អ្នក​រាល់​គ្នា​មិន​អាច​បរិភោគ​បាន​ទេ។ សត្វ​ស្លាប​ទាំង​នោះ​មាន​ដូច​ត​ទៅ​៖ ឥន្ទ្រី ស្ទាំង ត្មាត​ខ្មៅ+ ១៣  ខ្លែង​ក្រហម ខ្លែង​ខ្មៅ និង​ខ្លែង​គ្រប់​ប្រភេទ ១៤  ក្អែក​គ្រប់​ប្រភេទ ១៥  អូទ្រីស ទីទុយ រំពេ និង​អក​គ្រប់​ប្រភេទ ១៦  មៀម ទីទុយ​ត្រចៀក​វែង ក្ងាន ១៧  ទុង ត្មាត ក្អែក​ទឹក ១៨  កុក ក្រសារ​គ្រប់​ប្រភេទ សត្វ​ស្លាប​ហ៊ូផូ* និង​ប្រចៀវ។ ១៩  ពពួក​សត្វ​ល្អិត​ដែល​មាន​ស្លាប អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ពួក​វា​ជា​សត្វ​មិន​ស្អាត​បរិសុទ្ធ ហើយ​មិន​ត្រូវ​បរិភោគ​ឡើយ។ ២០  ឯ​សត្វ​ស្លាប​ដែល​ស្អាត​បរិសុទ្ធ អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន។ ២១  ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ណា​ដែល​ងាប់​ដោយ​ឯកឯង​ឡើយ+ ព្រោះ​អ្នក​រាល់​គ្នា​ជា​ប្រជា​ជាតិ​បរិសុទ្ធ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​អាច​លក់​ឬ​ឲ្យ​ដល់​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​បណ្ដា​ក្រុង​របស់​អ្នក​រាល់​គ្នា ហើយ​គេ​អាច​បរិភោគ​បាន។ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ។+ ២២  ​«​អ្នក​រាល់​គ្នា​ត្រូវ​យក​ភោគ​ផល​១​ភាគ​១០​ពី​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​សាប​ព្រោះ មក​ជូន​ជា​រៀង​រាល់​ឆ្នាំ។+ ២៣  អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​ភោគ​ផល​១​ភាគ​១០​ពី ស្រូវ ស្រា​ថ្មី ប្រេង និង​កូន​ដំបូង​ពី​ហ្វូង​គោ​និង​ហ្វូង​ចៀម នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ត្រង់​កន្លែង​ដែល​លោក​បាន​ជ្រើស​រើស​សម្រាប់​តាំង​នាម​លោក+ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​រៀន​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ជា​និច្ច។+ ២៤  ​«​ប៉ុន្តែ បើ​កន្លែង​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស​សម្រាប់​តាំង​នាម​លោក​ស្ថិត​នៅ​ឆ្ងាយ​ពេក+ ហើយ​អ្នក​រាល់​គ្នា​ពិបាក​យក​អំណោយ​នោះ​ទៅ (​ព្រោះ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ច្រើន​ដល់​អ្នក​រាល់​គ្នា​) ២៥  នោះ​អ្នក​រាល់​គ្នា​អាច​លក់​អំណោយ​នោះ រួច​យក​ប្រាក់ ធ្វើ​ដំណើរ​ទៅ​កន្លែង​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស។ ២៦  ពេល​ទៅ​ដល់​ទី​នោះ អ្នក​រាល់​គ្នា​អាច​ទិញ​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ ដូច​ជា​គោ ចៀម ពពែ ស្រា​ទំពាំង​បាយ​ជូរ​និង​ស្រា​ឯ​ទៀត ព្រម​ទាំង​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​ពេញ​ចិត្ត។ រួច​អ្នក​រាល់​គ្នា​និង​ពួក​អ្នក​ផ្ទះ​អាច​បរិភោគ​អ្វី​ទាំង​នោះ ដោយ​អំណរ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា។+ ២៧  អ្នក​រាល់​គ្នា​មិន​ត្រូវ​លះ​ចោល​ពួក​លេវីដែល​រស់​នៅ​ក្នុង​ក្រុង​របស់​អ្នក​រាល់​គ្នា​ទេ+ ព្រោះ​ពួក​គេ​មិន​បាន​ទទួល​ចំណែក​មត៌ក​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ឡើយ។+ ២៨  ​«​រាល់​បី​ឆ្នាំ​ម្ដង អ្នក​រាល់​គ្នា​ត្រូវ​យក​ភោគ​ផល​១​ភាគ​១០​ទាំង​អស់​ទៅ​ដាក់​នៅ​ក្នុង​បណ្ដា​ក្រុង​របស់​អ្នក​រាល់​គ្នា។+ ២៩  ដូច្នេះ ពួក​លេវីដែល​មិន​បាន​ទទួល​ចំណែក​មត៌ក​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​ជន​បរទេស កូន​កំព្រា និង​ស្ត្រី​មេម៉ាយ​ដែល​រស់​នៅ​ក្នុង​បណ្ដា​ក្រុង​របស់​អ្នក​រាល់​គ្នា ពួក​គេ​អាច​មក​បរិភោគ​រហូត​ដល់​ឆ្អែត​ស្កប់​ស្កល់។+ យ៉ាង​នោះ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នឹង​ឲ្យ​ពរ​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់។+

កំណត់សម្គាល់

គឺ​ជា​សត្វ​ស្លាប​ដែល​មាន​កំប៉ោយ​និង​ចំពុះ​វែង ហើយ​មើល​ទៅ​ស្រដៀង​នឹង​សត្វ​ត្រសេះ