ការបំភ្លឺច្បាប់ ១៥:១-២៣

  • បំណុល​បាន​ត្រូវ​លុប​ចោល​រៀង​រាល់​ឆ្នាំ​ទី៧ (​១​-​៦)

  • ការ​ជួយ​ជន​ក្រី​ក្រ (​៧​-​១១)

  • ការ​ដោះ​លែង​ខ្ញុំ​បម្រើ​រៀង​រាល់​ឆ្នាំ​ទី៧ (​១២​-​១៨)

    • ដែក​ចោះ​ត្រចៀក​ខ្ញុំ​បម្រើ (​១៦, ១៧)

  • កូន​សត្វ​ដំបូង​បាន​ត្រូវ​ញែក​ជា​បរិសុទ្ធ (​១៩​-​២៣)

១៥  ​«​រៀង​រាល់​៧​ឆ្នាំ​ម្ដង អ្នក​រាល់​គ្នា​ត្រូវ​ឲ្យ​មាន​ការ​ដោះ​លែង។+ ២  ការ​ណែនាំ​សម្រាប់​ការ​ដោះ​លែង​មាន​ដូច​ត​ទៅ​៖ ម្ចាស់​បំណុល​ទាំង​អស់ ត្រូវ​លុប​បំណុល​ដែល​អ្នក​ជិត​ខាង​ខ្លួន​ជំពាក់។ គាត់​មិន​ត្រូវ​ទាម​ទារ​ឲ្យ​អ្នក​ជិត​ខាង​ឬ​បង​ប្អូន​ខ្លួន​សង​នោះ​ឡើយ ព្រោះ​នៅ​ពេល​នោះ​នឹង​មាន​សេចក្ដី​ប្រកាស​ឲ្យ​មាន​ការ​ដោះ​លែង​ជូន​ព្រះ​យេហូវ៉ា។+ ៣  ចំពោះ​បំណុល​របស់​ជន​បរទេស អ្នក​រាល់​គ្នា​អាច​ទារ​ពី​គេ​បាន+ តែ​មិន​ត្រូវ​ទារ​បំណុល​ពី​បង​ប្អូន​អ្នក​រាល់​គ្នា​ទេ។ ៤  ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​មាន​អ្នក​ណា​ម្នាក់​ធ្លាក់​ខ្លួន​ក្រ​ឡើយ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ច្បាស់​ជា​ឲ្យ​ពរ​ដល់​អ្នក​រាល់​គ្នា+នៅ​ក្នុង​ស្រុក​ដែល​ព្រះ​យេហូវ៉ា​ឲ្យជា​មត៌ក។ ៥  ប៉ុន្តែ អ្នក​រាល់​គ្នា​ត្រូវ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ឲ្យ​បាន​ដិត​ដល់ ហើយ​ត្រូវ​កាន់​ខ្ជាប់​តាម​អស់​ទាំង​បញ្ញត្តិ​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ។+ ៦  ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា នឹង​ឲ្យ​ពរ​ដល់​អ្នក​រាល់​គ្នា​ដូច​ដែល​លោក​បាន​សន្យា ហើយ​អ្នក​រាល់​គ្នា​នឹង​ឲ្យ​ប្រជា​ជាតិ​នា​នា​ខ្ចី តែ​អ្នក​រាល់​គ្នា​នឹង​មិន​ខ្ចី​ពី​គេ​ទេ។+ អ្នក​រាល់​គ្នា​នឹង​ត្រួត​ត្រា​លើ​ប្រជា​ជាតិ​នា​នា តែ​ពួក​គេ​នឹង​មិន​ត្រួត​ត្រា​លើ​អ្នក​រាល់​គ្នា​ឡើយ។+ ៧  ​«​បើ​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ធ្លាក់​ខ្លួន​ក្រ នៅ​ក្រុង​ណា​មួយ​ក្នុង​ទឹក​ដី​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​បាន​ប្រគល់​ឲ្យ នោះ​អ្នក​រាល់​គ្នា​មិន​ត្រូវ​មាន​ចិត្ត​កំណាញ់ ឬ​ធ្វើ​មិន​ដឹង​មិន​ឮ​នឹង​គាត់​ឡើយ។+ ៨  ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​ត្រូវ​បង្ហាញ​ចិត្ត​ទូលាយ​ចំពោះ​បង​ប្អូន​របស់​អ្នក​រាល់​គ្នា+ ហើយ​ឲ្យ​គាត់​ខ្ចី​តាម​ដែល​គាត់​ត្រូវ​ការ។ ៩  ចូរ​ប្រយ័ត្ន​កុំ​មាន​គំនិត​អាក្រក់​ដោយ​គិត​ក្នុង​ចិត្ត​ថា​៖ ‹ឆ្នាំ​ទី​៧​ជា​ឆ្នាំ​នៃ​ការ​ដោះ​លែង​ជិត​ដល់​ហើយ›។+ ដូច្នេះ អ្នក​រាល់​គ្នា​គិត​ថា​មិន​ចាំ​បាច់​បង្ហាញ​ចិត្ត​ទូលាយ​ដល់​បង​ប្អូន​របស់​ខ្លួន​ដែល​ក្រី​ក្រ​ទេ ហើយ​ក៏​មិន​ចាំ​បាច់​ឲ្យ​អ្វី​ដល់​គាត់​ដែរ។ បើ​គាត់​ស្រែក​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ទោស​ជា​មិន​ខាន។+ ១០  អ្នក​រាល់​គ្នា​ត្រូវ​ឲ្យ​គាត់​ដោយ​ចិត្ត​ទូលាយ+ ហើយ​មិន​ត្រូវ​ទើស​ទាល់​ឡើយ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នឹង​ឲ្យ​ពរ​ជា​បរិបូរ​ក្នុង​គ្រប់​កិច្ចការ​និង​ស្នា​ដៃ​របស់​អ្នក​រាល់​គ្នា។+ ១១  នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​រស់​នៅ នឹង​តែង​តែ​មាន​មនុស្ស​ក្រី​ក្រ​ជា​និច្ច។+ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​ថា​៖ ‹អ្នក​រាល់​គ្នា​ត្រូវ​ឲ្យ​ដោយ​ចិត្ត​ទូលាយ ដល់​បង​ប្អូន​ដែល​កម្សត់​ទុគ៌ត​និង​ក្រី​ក្រ›។+ ១២  ​«​បើ​បង​ប្អូន​ប្រុស​ស្រី​ណា​ម្នាក់ ដែល​ជា​ជន​ជាតិ​ហេប្រឺ បាន​លក់​ខ្លួន​ធ្វើ​ជា​ខ្ញុំ​បម្រើ​អ្នក​រាល់​គ្នា ហើយ​គាត់​បម្រើ​អ្នក​រាល់​គ្នា​អស់​រយៈ​ពេល​៦​ឆ្នាំ នោះ​នៅ​ឆ្នាំ​ទី​៧​អ្នក​រាល់​គ្នា​ត្រូវ​ដោះ​លែង​គាត់​ឲ្យ​មាន​សេរី​ភាព​វិញ។+ ១៣  ពេល​ដោះ​លែង​គាត់ អ្នក​រាល់​គ្នា​មិន​ត្រូវ​ឲ្យ​គាត់​ទៅ​ដោយ​ដៃ​ទទេ​ឡើយ។ ១៤  អ្នក​រាល់​គ្នា​ត្រូវ​ឲ្យ​គាត់​ដោយ​ចិត្ត​ទូលាយ​នូវ​ភោគ​ផល​ពី​ស្រូវ ប្រេង និង​ស្រា​ទំពាំង​បាយ​ជូរ ព្រម​ទាំង​សត្វ​ផង​ដែរ គឺ​ឲ្យ​ស្រប​ទៅ​តាម​ពរ​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​ពី​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា។ ១៥  សូម​ចាំ​ថា​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេហ្ស៊ីប​ដែរ តែ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​បាន​រំដោះ​អ្នក​រាល់​គ្នា​ចេញ​មក។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ឲ្យ​ធ្វើ​ដូច្នេះ។ ១៦  ​«​ប៉ុន្តែ បើ​គាត់​ប្រាប់​ថា​៖ ‹ខ្ញុំ​មិន​ចង់​ចេញ​ពី​ក្រុម​គ្រួសារ​អ្នក​ទេ!› ព្រោះ​គាត់​ស្រឡាញ់​អ្នក​រាល់​គ្នា​និង​ក្រុម​គ្រួសារ​អ្នក​រាល់​គ្នា ថែម​ទាំង​ពេញ​ចិត្ត​រស់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា+ ១៧  នោះ​អ្នក​រាល់​គ្នា​ត្រូវ​យក​ដែក​ចោះ មក​ចោះ​ត្រចៀក​គាត់​នៅ​លើ​ទ្វារ ហើយ​គាត់​នឹង​ក្លាយ​ទៅ​ជា​ខ្ញុំ​បម្រើ​អ្នក​រាល់​គ្នា​អស់​មួយ​ជីវិត។ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ចំពោះ​ខ្ញុំ​បម្រើ​ស្រី​ដែរ។ ១៨  ពេល​ដែល​អ្នក​រាល់​គ្នា​ដោះ​លែង​គាត់​ឲ្យ​មាន​សេរី​ភាព មិន​ត្រូវ​មាន​ចិត្ត​ស្ដាយ​ឡើយ ព្រោះ​គាត់​បាន​បម្រើ​អ្នក​រាល់​គ្នា​អស់​រយៈ​ពេល​៦​ឆ្នាំ​ហើយ។ រីឯ​ការ​បម្រើ​របស់​គាត់​គឺ​ប្រសើរ​ជាង​ការ​ជួល​កម្មករ​ដល់​ទៅ​ពីរ​ដង ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​បាន​ឲ្យ​ពរ​ដល់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់។ ១៩  ​«​អ្នក​រាល់​គ្នា​ត្រូវ​ញែក​កូន​ឈ្មោល​ដំបូង​ពី​ហ្វូង​គោ​ហ្វូង​ចៀម​និង​ហ្វូង​ពពែ ទុក​ជូន​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា+ ហើយ​មិន​ត្រូវ​យក​គោ​នោះ​ទៅ​ទឹម ឬ​កាត់​រោម​ចៀម​នោះ​ឡើយ។ ២០  ជា​រៀង​រាល់​ឆ្នាំ អ្នក​រាល់​គ្នា​និង​ពួក​អ្នក​ផ្ទះ​ត្រូវ​បរិភោគ​សាច់​សត្វ​នោះ​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​ត្រង់​កន្លែង​ដែល​ព្រះ​យេហូវ៉ា​នឹង​ជ្រើស​រើស។+ ២១  ប៉ុន្តែ បើ​សត្វ​នោះ​មាន​កាយ​សម្បទា​មិន​ពេញ​លក្ខណៈ ដូច​ជា​ពិការ​ជើង ឬ​ខ្វាក់​ភ្នែក​ជា​ដើម នោះ​អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​វា​ទៅ​ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ឡើយ។+ ២២  អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​សាច់​វា​នៅ​ក្នុង​ក្រុង​របស់​អ្នក​រាល់​គ្នា។ អ្នក​ដែល​ស្អាត​បរិសុទ្ធ និង​អ្នក​ដែល​មិន​ស្អាត​បរិសុទ្ធ អាច​បរិភោគ​សាច់​សត្វ​នោះ​បាន ដូច​ជា​បរិភោគ​សាច់​ក្ដាន់​ឬ​សាច់​ឈ្លូស​ដែរ។+ ២៣  ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ឈាម​វា​ទេ+ តែ​ត្រូវ​បង្ហូរ​ទៅ​ដី​ដូច​ជា​ទឹក​វិញ។+

កំណត់សម្គាល់