ការបំភ្លឺច្បាប់ ១៨:១-២២

  • ចំណែក​របស់​ពួក​សង្ឃ​និង​ពួក​លេវី (​១​-​៨)

  • អំពើ​មន្តអាគម​បាន​ត្រូវ​ហាម (​៩​-​១៤)

  • អ្នក​ប្រកាស​ទំនាយ​ដូច​ម៉ូសេ (​១៥​-​១៩)

  • របៀប​សម្គាល់​អ្នក​ប្រកាស​ទំនាយ​ក្លែង​ក្លាយ (​២០​-​២២)

១៨  ​«​ពួក​សង្ឃ​និង​កុលសម្ព័ន្ធ​លេវី​ទាំង​មូល​នឹង​មិន​ទទួល​ចំណែក​មត៌ក​ជា​មួយ​នឹង​បណ្ដា​ជន​អ៊ីស្រាអែល​ទេ តែ​ពួក​គេ​នឹង​បរិភោគ​ពី​គ្រឿង​បូជា​ដែល​បណ្ដា​ជន​យក​មក​ដុត​ជូន​ព្រះ​យេហូវ៉ា ដែល​ជា​ចំណែក​របស់​លោក។+ ២  ដូច្នេះ ពួក​គេ​នឹង​មិន​ទទួល​ចំណែក​មត៌ក​ជា​មួយ​នឹង​ជន​រួម​ជាតិ​ខ្លួន​ទេ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ចំណែក​មត៌ក​របស់​ពួក​គេ ដូច​ដែល​លោក​បាន​ប្រាប់​ពួក​គេ​ហើយ។ ៣  ​«​ពួក​សង្ឃ​មាន​សិទ្ធិ​ទទួល​ចំណែក​ពី​បណ្ដា​ជន។ ពេល​បណ្ដា​ជន​យក​គោ​ឬ​ចៀម​មក​ជូន​ជា​គ្រឿង​បូជា សាច់​ស្មា សាច់​ថ្គាម​និង​ក្រពះ នឹង​បាន​ជា​ចំណែក​របស់​ពួក​សង្ឃ។ ៤  អ្នក​រាល់​គ្នា​ក៏​ត្រូវ​ឲ្យ​ពួក​សង្ឃ​នូវ​ផល​ដំបូង​ពី​ស្រូវ ស្រា​ថ្មី ប្រេង និង​រោម​ចៀម​ដែល​អ្នក​រាល់​គ្នា​បាន​កាត់​ជា​លើក​ដំបូង។+ ៥  ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស​ពួក​លេវី និង​កូន​ចៅ​ពួក​គេ​ពី​ចំណោម​កុលសម្ព័ន្ធ​ទាំង​អស់ ឲ្យ​បម្រើ​ក្នុង​នាម​ព្រះ​យេហូវ៉ា​ជា​ដរាប។+ ៦  ​«​បើ​លេវី​ណា​ម្នាក់​ចាក​ចេញ​ពី​ក្រុង​ដែល​ខ្លួន​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល+ ដោយ​មាន​បំណង​ទៅ​រស់​នៅ​កន្លែង​ដែល​ព្រះ​យេហូវ៉ា​ជ្រើស​រើស*+ ៧  នោះ​គាត់​អាច​ទៅ​ទី​នោះ​បាន ហើយ​អាច​បន្ត​បម្រើ​ក្នុង​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់ ដូច​ជា​ពួក​លេវី​ឯ​ទៀត​ដែល​បម្រើ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​នៅ​ទី​នោះ​ដែរ។+ ៨  ទោះ​ជា​គាត់​មាន​ប្រាក់​ពី​ការ​លក់​កេរ​មត៌ក​របស់​ខ្លួន​ក្ដី+ គាត់​នៅ​តែ​អាច​ទទួល​របប​អាហារ​ស្មើ​នឹង​ពួក​លេវី​ឯ​ទៀត​ដែរ។ ៩  ​«​កាល​ណា​អ្នក​រាល់​គ្នា​ចូល​ទៅ​រស់​នៅ​ក្នុង​ស្រុក​ដែល​ព្រះ​យេហូវ៉ា​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា នោះ​មិន​ត្រូវ​មាន​ការ​ប្រព្រឹត្ត​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​តាម​ប្រជា​ជាតិ​ទាំង​នោះ​ឡើយ។+ ១០  ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​មាន​អ្នក​ណា​ម្នាក់​យក​កូន​ប្រុស​កូន​ស្រី​ខ្លួន​ទៅ​ដុត​ជូន​ជា​គ្រឿង​បូជា​ទេ+ ហើយ​មិន​ត្រូវ​ឲ្យ​មាន​ការ​ទស្សន៍​ទាយ+ ឬ​មាន​គ្រូ​វេទមន្ត+ គ្រូ​មើល​ប្រផ្នូល+ គ្រូ​ធ្មប់+ ១១  គ្រូ​ដាក់​អំពើ​ណា​ឡើយ។ អ្នក​រាល់​គ្នា​ក៏​មិន​ត្រូវ​ទៅ​រក​គ្រូ​ខាប+ គ្រូ​ទាយ+ ឬ​គ្រូ​អន្ទង​ខ្មោច​ដែរ។+ ១២  ព្រោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​នេះ គឺ​ជា​ទី​ស្អប់ខ្ពើម​ដល់​ព្រះ​យេហូវ៉ា​ណាស់។ ដោយ​សារ​ការ​ប្រព្រឹត្ត​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​ទាំង​នេះ​ហើយ​បាន​ជា​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា នឹង​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា។ ១៣  អ្នក​រាល់​គ្នា​ត្រូវ​បង្ហាញ​ថា​ខ្លួន​ជា​មនុស្ស​គ្មាន​កន្លែង​បន្ទោស​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា។+ ១៤  ​«​ព្រោះ​ប្រជា​ជាតិ​នា​នា​ដែល​អ្នក​រាល់​គ្នា​នឹង​បណ្ដេញ​ចេញ ពួក​គេ​បាន​ស្ដាប់​តាម​គ្រូ​វេទមន្ត+និង​គ្រូ​ទាយ​ទាំង​នោះ+ តែ​អ្នក​រាល់​គ្នា​វិញ ព្រះ​យេហូវ៉ា​ជា​ព្រះនៃ​អ្នករាល់​គ្នា​មិន​អនុញ្ញាត​ឲ្យ​ប្រព្រឹត្ត​ដូច​ពួក​គេ​ទេ។ ១៥  ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នឹង​តែង​តាំង​បុគ្គល​ម្នាក់​ពី​ចំណោម​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស​ទំនាយ​ដូច​ខ្ញុំ​ដែរ។ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ស្ដាប់​គាត់។+ ១៦  ព្រោះ​កាល​ដែល​អ្នក​រាល់​គ្នា​ជួប​ជុំ​គ្នា​នៅ​ភ្នំ​ហូរែប+ អ្នក​រាល់​គ្នា​បាន​សុំ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ថា​៖ ‹សូម​កុំ​ឲ្យ​ពួក​ខ្ញុំ​ឮ​សំឡេង​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ឬ​មើល​ឃើញ​ភ្លើង​ដែល​ឆេះ​សន្ធោ​សន្ធៅ​ទៀត​អី ខ្លាច​ក្រែង​ពួក​ខ្ញុំ​ស្លាប់›។+ ១៧  រួច​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ‹សំណូម​ពរ​របស់​ពួក​គេ​គឺ​សម​ហេតុ​សម​ផល។ ១៨  ខ្ញុំ​នឹង​តែង​តាំង​បុគ្គល​ម្នាក់​ពី​ចំណោម​ពួក​គេ​ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស​ទំនាយ​ដូច​អ្នក​ដែរ+ ហើយ​ខ្ញុំ​នឹង​ឲ្យ​គាត់​និយាយ​តាម​ពាក្យ​របស់​ខ្ញុំ+ ហើយ​គាត់​នឹង​ប្រាប់​ពួក​គេ​តាម​បង្គាប់​ទាំង​អស់​របស់​ខ្ញុំ។+ ១៩  គាត់​នឹង​និយាយ​ក្នុង​នាម​ខ្ញុំ ហើយ​បើ​អ្នក​ណា​មិន​ស្ដាប់​ពាក្យ​ខ្ញុំ​តាម​រយៈ​គាត់​ទេ អ្នក​នោះ​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ខ្លួន។+ ២០  ​«​‹បើ​អ្នក​ប្រកាស​ទំនាយ​ណា​ម្នាក់​ហ៊ាន​ប្រកាស​ទំនាយ​ក្នុង​នាម​ព្រះ​ឯ​ទៀត ឬ​ហ៊ាន​ប្រកាស​ទំនាយ​ក្នុង​នាម​ខ្ញុំ នូវ​អ្វី​ដែល​ខ្ញុំ​មិន​បាន​បង្គាប់ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន។+ ២១  ប៉ុន្តែ អ្នក​រាល់​គ្នា​ប្រហែល​ជា​គិត​ក្នុង​ចិត្ត​ថា​៖ ​«​តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​ដឹង​ថា​ការ​ប្រកាស​នោះ​មិន​មែន​មក​ពី​ព្រះ​យេហូវ៉ា?​»។ ២២  ពេល​អ្នក​ប្រកាស​ទំនាយ​និយាយ​អ្វី​មួយ​ក្នុង​នាម​ព្រះ​យេហូវ៉ា ហើយ​អ្វី​នោះ​មិន​បាន​កើត​ឡើង​ឬ​ក្លាយ​ទៅ​ជា​ការ​ពិត នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា​អ្នក​ប្រកាស​ទំនាយ​នោះ​ចេះ​តែ​និយាយ​ដោយ​ចិត្ត​ឯង មិន​មែន​មក​ពី​ព្រះ​យេហូវ៉ា​ទេ។ ដូច្នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​កោត​ខ្លាច​គាត់​ឡើយ›។

កំណត់សម្គាល់

នេះ​សំដៅ​លើ​កន្លែង​ដែល​ព្រះ​យេហូវ៉ា​ជ្រើស​រើស​សម្រាប់​ការ​គោរព​ប្រណិប័តន៍​លោក