ការបំភ្លឺច្បាប់ ១៩:១-២១

  • ទោស​ឈាម​និង​ក្រុង​ពំនាក់ (​១​-​១៣)

  • សញ្ញា​សម្គាល់​ព្រំ​ប្រទល់​មិន​ត្រូវ​រើ​ចេញ​ឡើយ (​១៤)

  • សាក្សី​នៅ​ក្នុង​តុលាការ (​១៥​-​២១)

    • ត្រូវ​មាន​សាក្សី​ពីរ​ឬ​បី​នាក់ (​១៥)

១៩  ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នឹង​បំផ្លាញ​ប្រជា​ជាតិ​នា​នា ហើយ​ព្រះ​យេហូវ៉ា​នឹង​ប្រគល់​ទឹក​ដី​របស់​ពួក​គេ​ដល់​អ្នក​រាល់​គ្នា។ ពេល​អ្នក​រាល់​គ្នា​បណ្ដេញ​ពួក​គេ​ចេញ ហើយ​ចូល​ទៅ​រស់​នៅ​ក្នុង​ផ្ទះ​នា​នា​ក្នុង​បណ្ដា​ក្រុង​របស់​ពួក​គេ+ ២  នោះ​ត្រូវ​ញែក​ទុក​ក្រុង​បី​ក្នុង​ទឹក​ដី​ដែល​ព្រះ​យេហូវ៉ា​នឹង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា។+ ៣  អ្នក​រាល់​គ្នា​ត្រូវ​បែង​ចែក​ទឹក​ដី​ក្នុង​ស្រុក​ដែល​ព្រះ​យេហូវ៉ា​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ជា​បី​ផ្នែក ហើយ​ត្រូវ​រៀបចំ​ផ្លូវ​ដើម្បី​ឲ្យ​អ្នក​ដែល​សម្លាប់​គេ​អាច​រត់​ទៅ​ជ្រក​កោន​ក្នុង​ក្រុង​ទាំង​នោះ។ ៤  ​«​ចំពោះ​អ្នក​ដែល​សម្លាប់​អ្នក​ឯ​ទៀត​ដោយ​អចេតនា​និង​ដោយ​គ្មាន​ចិត្ត​ស្អប់ គាត់​អាច​រត់​ទៅ​ជ្រក​កោន​នៅ​ក្រុង​ទាំង​នោះ​បាន ដូច​ករណី​ត​ទៅ​នេះ។+ ៥  ឧបមា​ថា បុរស​ម្នាក់​និង​អ្នក​ជិត​ខាង​គាត់​បាន​ទៅ​ព្រៃ​កាប់​អុស តែ​ចៃដន្យ​ពេល​ដែល​គាត់​លើក​ពូថៅ​កាប់​អុស ផ្លែ​ពូថៅ​ក៏​របូត​ចេញ​ពី​ដង​ទៅ​ត្រូវ​អ្នក​ជិត​ខាង​នោះ​បណ្ដាល​ឲ្យ​ស្លាប់ នោះ​អ្នក​សម្លាប់​គេ​ត្រូវ​រត់​ទៅ​ក្រុង​មួយ​ក្នុង​ចំណោម​ក្រុង​ទាំង​នោះ ដើម្បី​រួច​ជីវិត។+ ៦  បើ​មិន​ដូច្នេះ​ទេ អ្នក​ដែល​មាន​សិទ្ធិ​សង​សឹក+ដែល​មាន​កំហឹង​ជា​ខ្លាំង អាច​ដេញ​តាម​អ្នក​នោះ​ទាន់ ហើយ​សម្លាប់​គាត់​បាន ព្រោះ​ចម្ងាយ​ផ្លូវ​ទៅ​ក្រុង​នោះ​ឆ្ងាយ​ពេក។ យ៉ាង​ណា​មិញ អ្នក​នោះ​មិន​សម​នឹង​ស្លាប់​ទេ ព្រោះ​គាត់​មិន​ធ្លាប់​មាន​ចិត្ត​ស្អប់​អ្នក​ជិត​ខាង​នោះ​ពី​មុន​ឡើយ។+ ៧  ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​ថា​៖ ‹ចូរ​ញែក​ក្រុង​បី​ទុក​ដោយ​ឡែក›។ ៨  ​«​បើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ពង្រីក​ទឹក​ដី​របស់​អ្នក​រាល់​គ្នា​ឲ្យ​ធំ​ទូលាយ​ដូច​ដែល​លោក​បាន​ស្បថ​នឹង​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា+ ហើយ​បើ​លោក​ប្រគល់​ទឹក​ដី​ទាំង​អស់​នោះ​ឲ្យ​ដល់​អ្នក​រាល់​គ្នា​ដូច​ដែល​លោក​បាន​សន្យា​នឹង​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​មែន+ ៩  នោះ​អ្នក​រាល់​គ្នា​ត្រូវ​បន្ថែម​ក្រុង​បី​ទៀត​ពី​លើ​ក្រុង​បី​ដែល​មាន​រួច​ហើយ។+ ទោះ​ជា​ដូច្នោះ​ក្ដី អ្នក​រាល់​គ្នា​ត្រូវ​កាន់​ខ្ជាប់​តាម​បញ្ញត្តិ​ទាំង​អស់​ដែល​ខ្ញុំ​បង្គាប់​នៅ​ថ្ងៃ​នេះ ពោល​គឺ​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ហើយ​ត្រូវ​ដើរ​តាម​ផ្លូវ​របស់​លោក​ជា​និច្ច។+ ១០  យ៉ាង​នេះ នឹង​គ្មាន​ការ​សម្លាប់​អ្នក​ដែល​គ្មាន​ទោស+នៅ​ក្នុង​ស្រុក​ដែល​ព្រះ​យេហូវ៉ា​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ទុក​ជា​មត៌ក​ឡើយ ហើយ​អ្នក​រាល់​គ្នា​ក៏​នឹង​គ្មាន​ទោស​ដែរ។+ ១១  ​«​ប៉ុន្តែ បើ​បុគ្គល​ម្នាក់​មាន​ចិត្ត​ស្អប់​អ្នក​ជិត​ខាង​ខ្លួន+ ហើយ​ចាំ​ស្ទាក់​វាយ​គាត់ ឲ្យ​របួស​ធ្ងន់​ដល់​ស្លាប់ រួច​បុគ្គល​នោះ​រត់​ទៅ​ក្រុង​ណា​មួយ​ក្នុង​ចំណោម​ក្រុង​ទាំង​នោះ ១២  ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុង​ដែល​គាត់​រស់​នៅ​នោះ ត្រូវ​ចាត់​គេ​ឲ្យ​នាំ​បុគ្គល​នោះ​មក រួច​ប្រគល់​ដល់​អ្នក​ដែល​មាន​សិទ្ធិ​សង​សឹក។ បុគ្គល​នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន។+ ១៣  អ្នក​រាល់​គ្នា​មិន​ត្រូវ​អាណិត​អាសូរ​អ្នក​នោះ​ទេ ហើយ​ត្រូវ​ដក​ចេញ​ពី​ស្រុក​អ៊ីស្រាអែល​នូវ​ទោស​កំហុស​ដែល​មក​ពី​ការ​សម្លាប់​ជន​ដែល​គ្មាន​ទោស+ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​រស់​នៅ​ដោយ​សុខ​សាន្ត។ ១៤  ​«​កាល​ណា​អ្នក​រាល់​គ្នា​ទទួល​ស្រុក​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ប្រគល់​ឲ្យ​ជា​មត៌ក​ហើយ អ្នក​រាល់​គ្នា​មិន​ត្រូវ​បង្ខិត​បង្គោល​ព្រំ​ប្រទល់​ពី​ទី​តាំង+ដែល​បុព្វ​បុរស​អ្នក​រាល់​គ្នា​បាន​កំណត់​នោះ​ទេ។ ១៥  ​«​បើ​មាន​សាក្សី​តែ​ម្នាក់ មិន​អាច​ដាក់​ទោស​បុគ្គល​ម្នាក់​ចំពោះ​កំហុស​ឬ​អំពើ​ខុស​ឆ្គង​របស់​គាត់​បាន​ទេ+ លុះ​ត្រា​តែ​មាន​សាក្សី​ពីរ​ឬ​បី​នាក់ ទើប​ការ​ចោទ​ប្រកាន់​អាច​យក​ជា​ការ​បាន ហើយ​អាច​ដាក់​ទោស​បុគ្គល​នោះ។+ ១៦  បើ​មាន​សាក្សី​និយាយ​បង្ខុស​សេចក្ដី​ពិត ហើយ​ចោទ​ប្រកាន់​ថា​បុគ្គល​ម្នាក់​បាន​ធ្វើ​ខុស​អ្វី​មួយ+ ១៧  បុគ្គល​ទាំង​ពីរ​នាក់​នោះ ត្រូវ​ទៅ​ឈរ​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា ពួក​សង្ឃ និង​ពួក​អ្នក​សម្រេច​ក្ដី​ដែល​មាន​ភារកិច្ច​នៅ​គ្រា​នោះ។+ ១៨  ពួក​អ្នក​សម្រេច​ក្ដី​ត្រូវ​ស៊ើប​អង្កេត​ឲ្យ​បាន​សព្វ​គ្រប់+ បើ​រក​ឃើញ​ថា​អ្នក​នោះ​ជា​សាក្សី​ក្លែង​ក្លាយ ហើយ​ឃើញ​ថា​ការ​ចោទ​ប្រកាន់​របស់​គាត់​គឺ​មិន​ពិត ១៩  នោះ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ទៅ​លើ​គាត់ ដូច​ដែល​គាត់​ចង់​ធ្វើ​ទៅ​លើ​ជន​ជាប់​ចោទ​តាម​គម្រោង​គាត់​ដែរ។+ អ្នក​រាល់​គ្នា​ត្រូវ​ដក​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។+ ២០  អស់​អ្នក​ដែល​ឮ​អំពី​រឿង​នេះ ពួក​គេ​នឹង​ភ័យ​ខ្លាច។ យ៉ាង​នេះ ពួក​គេ​នឹង​មិន​ហ៊ាន​ប្រព្រឹត្ត​អាក្រក់​ដូច​នេះ​ឡើយ។+ ២១  អ្នក​រាល់​គ្នា​មិន​ត្រូវ​អាណិត​អាសូរ​ទេ+ គឺ​ត្រូវ​សង​ជីវិត​នឹង​ជីវិត ភ្នែក​នឹង​ភ្នែក ធ្មេញ​នឹង​ធ្មេញ ដៃ​នឹង​ដៃ ជើង​នឹង​ជើង។+

កំណត់សម្គាល់