ការបំភ្លឺច្បាប់ ២:១-៣៧

  • ការ​ដើរ​ចុះ​ឡើង​នៅ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ​អស់​រយៈ​ពេល​៣៨​ឆ្នាំ (​១​-​២៣)

  • ជ័យ​ជម្នះ​លើ​ស្ដេច​ស៊ីហុន​នៃ​ក្រុង​ហែសបូន (​២៤​-​៣៧)

 ​«​បន្ទាប់​មក យើង​បាន​ត្រឡប់​ទៅ​តំបន់​ស្ងាត់​ជ្រងំ​តាម​ផ្លូវ​ទៅ​សមុទ្រក្រហម ដូច​ព្រះ​យេហូវ៉ា​បាន​បង្គាប់។+ យើង​បាន​ធ្វើ​ដំណើរ​ចុះ​ឡើង​ក្បែរ​ភ្នំ​សៀ​អស់​ជា​ច្រើន​ថ្ងៃ។ ២  ទី​បំផុត ព្រះ​យេហូវ៉ា​បាន​ប្រាប់​ខ្ញុំ​ថា​៖ ៣  ‹អ្នក​បាន​ធ្វើ​ដំណើរ​ចុះ​ឡើង​ក្បែរ​ភ្នំ​នេះ​ល្មម​គ្រប់​គ្រាន់​ហើយ ឥឡូវ​ចូរ​ធ្វើ​ដំណើរ​បែរ​ទៅ​ខាង​ជើង​វិញ។ ៤  អ្នក​ត្រូវ​ប្រាប់​បណ្ដា​ជន​នូវ​បង្គាប់​នេះ​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​ដើរ​តាម​បណ្ដោយ​ព្រំ​ប្រទល់​ទឹក​ដី​របស់​បង​ប្អូន​អ្នក គឺ​កូន​ចៅ​របស់​អេសាវ+ដែល​កំពុង​រស់​នៅ​តំបន់​ភ្នំ​សៀ។+ ពួក​គេ​មុខ​ជា​ភ័យ​ខ្លាច​អ្នក​រាល់​គ្នា​ហើយ។+ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន។ ៥  កុំ​ច្បាំង​នឹង​ពួក​គេ​ជា​ដាច់​ខាត ព្រោះ​ខ្ញុំ​មិន​ឲ្យ​ទឹក​ដី​របស់​ពួក​គេ​ដល់​អ្នក​រាល់​គ្នា​ឡើយ សូម្បី​តែ​ប៉ុន​បាត​ជើង។ ព្រោះ​ខ្ញុំ​បាន​ប្រគល់​ភ្នំ​សៀ​ឲ្យ​ដល់​អេសាវ​ជា​មត៌ក​រួច​ហើយ។+ ៦  បើ​អ្នក​រាល់​គ្នា​ផឹក​ទឹក​និង​បរិភោគ​អាហារ​របស់​ពួក​គេ អ្នក​រាល់​គ្នា​ត្រូវ​បង់​ប្រាក់​ឲ្យ​ពួក​គេ​វិញ។+ ៧  ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ឲ្យ​ពរ​ដល់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់។ លោក​ស្គាល់​ច្បាស់​ថា​អ្នក​រាល់​គ្នា​បាន​ដើរ​កាត់​តំបន់​ស្ងាត់​ជ្រងំ​ដ៏​ធំ​នេះ។ អស់​រយៈ​ពេល​៤០​ឆ្នាំ ព្រះ​យេហូវ៉ា​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​និច្ច ហើយ​អ្នក​រាល់​គ្នា​មិន​ដែល​ខ្វះ​អ្វី​ឡើយ​»​›។+ ៨  ដូច្នេះ យើង​បាន​ដើរ​បង្ហួស​ទឹក​ដី​របស់​បង​ប្អូន​យើង គឺ​កូន​ចៅ​របស់​អេសាវ+ដែល​រស់​នៅ​ក្នុង​តំបន់​ភ្នំ​សៀ ដោយ​វាង​ឆ្ងាយ​ពី​ផ្លូវ​ទៅ​តំបន់​អារ៉ាបា តំបន់​អេឡាត និង​តំបន់​អេស៊ានកេបឺ។+ ​«​បន្ទាប់​មក យើង​បាន​ធ្វើ​ដំណើរ​បែរ​ទៅ​តាម​ផ្លូវ ទៅ​តំបន់​ស្ងាត់​ជ្រងំ​ម៉ូអាប់​វិញ។+ ៩  រួច​មក ព្រះ​យេហូវ៉ា​បាន​បង្គាប់​ខ្ញុំ​ថា​៖ ‹កុំ​ច្បាំង​នឹង​ពួក​ម៉ូអាប់​ជា​ដាច់​ខាត ព្រោះ​ខ្ញុំ​មិន​ឲ្យ​ទឹក​ដី​របស់​ពួក​គេ​ដល់​អ្នក​ឡើយ ព្រោះ​ខ្ញុំ​បាន​ប្រគល់​ក្រុង​អារ​ឲ្យ​ដល់​កូន​ចៅ​របស់​ឡុត​ជា​មត៌ក​ហើយ។+ ១០  (​ពួក​អេមិម+ធ្លាប់​រស់​នៅ​ទី​នោះ ពួក​គេ​មាន​ចំនួន​ច្រើន​ហើយ​ខ្លាំង​ពូកែ ថែម​ទាំង​ខ្ពស់​ដូច​ពួក​អេណាគីម។ ១១  ឯ​ពួក​រេផែម+ ពួក​គេ​ក៏​បាន​ត្រូវ​ចាត់​ទុក​ដូច​ជា​ពួក​អេណាគីម​ដែរ+ ហើយ​ពួក​ម៉ូអាប់​បាន​ហៅ​ពួក​គេ​ថា​ពួក​អេមិម។ ១២  ចំណែក​ពួក​ហូរី+វិញ ពួក​គេ​ធ្លាប់​រស់​នៅ​តំបន់​ភ្នំ​សៀ តែ​កូន​ចៅ​របស់​អេសាវ​បាន​បណ្ដេញ​ពួក​គេ ថែម​ទាំង​បំផ្លាញ​ពួក​គេ​ដែរ រួច​តាំង​ទី​លំនៅ​លើ​ទឹក​ដី​នោះ+ ដូច​ពួក​អ៊ីស្រាអែល​នឹង​ធ្វើ​ទៅ​លើ​ទឹក​ដី​ដែល​ព្រះ​យេហូវ៉ា​ប្រគល់​ឲ្យ​ពួក​គេ​ទុក​ជា​មត៌ក​)។ ១៣  ឥឡូវ ចូរ​អ្នក​ទៅ ហើយ​ឆ្លង​ជ្រលង​សេរេត›។ ដូច្នេះ យើង​ក៏​ឆ្លង​ជ្រលង​សេរេត។+ ១៤  តាំង​ពី​ធ្វើ​ដំណើរ​ចេញ​ពី​តំបន់​កាដេសបានា រហូត​ដល់​ឆ្លង​ជ្រលង​សេរេត យើង​បាន​ចំណាយ​ពេល​អស់​៣៨​ឆ្នាំ គឺ​ទាល់​តែ​មនុស្ស​ទាំង​អស់​ក្នុង​ជំនាន់​នេះ ដែល​អាច​ចូល​ធ្វើ​សង្គ្រាម​ស្លាប់​អស់​ទៅ ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​ស្បថ​នឹង​ពួក​គេ។+ ១៥  ព្រះ​យេហូវ៉ា​បាន​លើក​ដៃ​ទាស់​នឹង​ពួក​គេ ហើយ​បំផ្លាញ​ពួក​គេ​ចេញ​ពី​ជំរំ រហូត​ដល់​ពួក​គេ​វិនាស​អស់​ទៅ។+ ១៦  ​«​មិន​យូរ​ក្រោយ​ពី​ពួក​បុរស​ទាំង​អស់​ដែល​អាច​ធ្វើ​សង្គ្រាម​បាន​ស្លាប់​អស់​ទៅ+ ១៧  ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​ម្ដង​ទៀត​ថា​៖ ១៨  ‹ថ្ងៃ​នេះ អ្នក​ត្រូវ​ធ្វើ​ដំណើរ​កាត់​តាម​ក្រុង​អារ​ក្នុង​ទឹក​ដី​ម៉ូអាប់។ ១៩  ពេល​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ទឹក​ដី​របស់​ពួក​អាំម៉ូន កុំ​រក​រឿង​ឬ​ប្រយុទ្ធ​នឹង​ពួក​គេ​ឡើយ ព្រោះ​ខ្ញុំ​មិន​ឲ្យ​ទឹក​ដី​របស់​ពួក​គេ​ដល់​អ្នក​ទេ គឺ​ខ្ញុំ​បាន​ប្រគល់​ទឹក​ដី​នោះ​ដល់​កូន​ចៅ​របស់​ឡុត​ទុក​ជា​មត៌ក​ហើយ។+ ២០  ទឹក​ដី​នោះ​ធ្លាប់​ត្រូវ​ចាត់​ទុក​ជា​ទឹក​ដី​របស់​ពួក​រេផែម+ (​ពួក​រេផែម​ធ្លាប់​រស់​នៅ​ទី​នោះ ហើយ​ជន​ជាតិ​អាំម៉ូន​ធ្លាប់​ហៅ​ពួក​គេ​ថា​ពួក​សាំស៊ូមីម។ ២១  ពួក​គេ​មាន​ចំនួន​ច្រើន​ហើយ​ខ្លាំង​ពូកែ ថែម​ទាំង​ខ្ពស់​ដូច​ពួក​អេណាគីម​ដែរ+ តែ​ព្រះ​យេហូវ៉ា​បាន​បំផ្លាញ​ពួក​គេ​នៅ​មុខ​ពួក​អាំម៉ូន ហើយ​ពួក​អាំម៉ូន​បាន​បណ្ដេញ​ពួក​គេ​ចេញ រួច​ក៏​តាំង​ទី​លំនៅ​លើ​ទឹក​ដី​នោះ។ ២២  លោក​ក៏​បាន​ធ្វើ​ដូច្នោះ​ដែរ សម្រាប់​កូន​ចៅ​របស់​អេសាវ​ដែល​រស់​នៅ​តំបន់​ភ្នំ​សៀ+ ពេល​ដែល​លោក​បំផ្លាញ​ពួក​ហូរី+នៅ​ចំពោះ​ពួក​គេ។ យ៉ាង​នេះ កូន​ចៅ​របស់​អេសាវ​អាច​បណ្ដេញ​ពួក​ហូរី​ចេញ រួច​តាំង​ទី​លំនៅ​លើ​ទឹក​ដី​ពួក​គេ​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ២៣  ឯ​ពួក​អាវីម ពួក​គេ​រស់​នៅ​តាម​ភូមិ រហូត​ដល់​ក្រុង​កាសា។+ ក្រោយ​មក ពួក​កាបតូរីម+ដែល​ចេញ​ពី​កោះ​កាបតូ* បាន​មក​បំផ្លាញ​ពួក​គេ ហើយ​តាំង​ទី​លំនៅ​លើ​ទឹក​ដី​ពួក​គេ​ទៅ​)។ ២៤  ​«​‹ចូរ​ធ្វើ​ដំណើរ​ទៅ ហើយ​ឆ្លង​ជ្រលង​អើណូន។+ មើល! ខ្ញុំ​ប្រគល់​ស៊ីហុន+ជា​ស្ដេច​ជន​ជាតិ​អាម៉ូរីដែល​គ្រប់​គ្រង​នៅ​ក្រុង​ហែសបូន​ដល់​អ្នក​ហើយ។ ដូច្នេះ ចូរ​ច្បាំង​នឹង​ស្ដេច​នោះ ហើយ​ចាប់​យក​ទឹក​ដី​គាត់​ចុះ។ ២៥  នៅ​ថ្ងៃ​នេះ ខ្ញុំ​នឹង​បណ្ដាល​ឲ្យ​មនុស្ស​នៅ​ក្រោម​មេឃ ភ័យ​ខ្លាច​ពេល​ពួក​គេ​ឮ​អំពី​អ្នក។ ពួក​គេ​នឹង​តក់​ស្លុត​ហើយ​ញ័រ​រន្ធត់​នៅ​ចំពោះ​មុខ​អ្នក›។+ ២៦  ​«​រួច​ខ្ញុំ​បាន​ចាត់​ពួក​អ្នក​នាំ​សារ​ពី​តំបន់​ស្ងាត់​ជ្រងំ​កេដេម៉ូត+ ឲ្យ​ទៅ​ជួប​ស្ដេច​ស៊ីហុន​ដែល​គ្រប់​គ្រង​នៅ​ក្រុង​ហែសបូន ដោយ​នាំ​ពាក្យ​មេត្រី​ថា​៖+ ២៧  ‹សូម​លោក​អនុញ្ញាត​ឲ្យ​ពួក​ខ្ញុំ​ដើរ​ឆ្លង​កាត់​ស្រុក​របស់​លោក​ផង។ ពួក​ខ្ញុំ​គ្រាន់​តែ​ដើរ​តាម​ផ្លូវ​ប៉ុណ្ណោះ មិន​បែរ​ទៅ​ខាង​ឆ្វេង​ឬ​ខាង​ស្ដាំ​ទេ។+ ២៨  ពួក​ខ្ញុំ​នឹង​បរិភោគ​អាហារ ហើយ​ផឹក​ទឹក​ដែល​លោក​លក់​ឲ្យ​ពួក​ខ្ញុំ​ប៉ុណ្ណោះ។ សូម​លោក​មេត្តា​អនុញ្ញាត​ឲ្យ​ពួក​ខ្ញុំ​ដើរ​ឆ្លង​កាត់​ស្រុក​របស់​លោក ២៩  រហូត​ដល់​ពួក​ខ្ញុំ​ឆ្លង​ផុត​ទន្លេយ៉ូដាន់ ចូល​ក្នុង​ស្រុក​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​ខ្ញុំ​បាន​សន្យា​ប្រគល់​ឲ្យ។ សូម​លោក​អនុញ្ញាត​ឲ្យ​ពួក​ខ្ញុំ​ផង ដូច​កូន​ចៅ​អេសាវ​ដែល​អាស្រ័យ​នៅ​តំបន់​ភ្នំ​សៀ និង​ពួក​ម៉ូអាប់​ដែល​រស់​នៅ​ក្រុង​អារ បាន​អនុញ្ញាត​ឲ្យ​ពួក​ខ្ញុំ​ដែរ›។ ៣០  ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ស្ដេច​ស៊ីហុន​មិន​បាន​អនុញ្ញាត​ឲ្យ​យើង​ដើរ​ឆ្លង​កាត់​ស្រុក​គាត់​ទេ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​ឲ្យ​គាត់​មាន​ចិត្ត​រឹង​រូស+ ដើម្បី​ប្រគល់​គាត់​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​បាន​ឃើញ​ដូច្នោះ​មែន។+ ៣១  ​«​បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ទៀត​ថា​៖ ‹មើល! ខ្ញុំ​បាន​ប្រគល់​ស្ដេច​ស៊ីហុន​និង​ទឹក​ដី​របស់​គាត់ ឲ្យ​អ្នក​ហើយ។ ដូច្នេះ ចូរ​ទៅ​ចាប់​យក​ទឹក​ដី​នោះ​ទុក​ជា​មត៌ក​ចុះ›។+ ៣២  ពេល​ស្ដេច​ស៊ីហុន​នាំ​ទ័ព​ទាំង​អស់​របស់​គាត់ មក​ច្បាំង​នឹង​យើង​នៅ​ក្រុង​យេហាស+ ៣៣  ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​បាន​ប្រគល់​គាត់​មក​ក្នុង​កណ្ដាប់​ដៃ​យើង។ ដូច្នេះ យើង​ក៏​វាយ​ឈ្នះ​គាត់​និង​កូន​ៗ​គាត់ ព្រម​ទាំង​ទ័ព​ទាំង​អស់​របស់​គាត់។ ៣៤  នៅ​ពេល​នោះ យើង​បាន​ចាប់​យក​ក្រុង​ទាំង​អស់​របស់​គាត់ ហើយ​បំផ្លាញ​ក្រុង​ទាំង​នោះ​ចោល រួម​ទាំង​បុរស ស្ត្រី និង​កូន​ក្មេង​ផង​ដែរ គ្មាន​អ្នក​ណា​ម្នាក់​រួច​ជីវិត​ឡើយ។+ ៣៥  ប៉ុន្តែ យើង​បាន​រឹប​អូស​យក​របស់​របរ និង​ហ្វូង​សត្វ​ពី​ក្រុង​ទាំង​នោះ។ ៣៦  យើង​បាន​វាយ​ឈ្នះ​ក្រុង​ទាំង​អស់ គឺ​ចាប់​ពី​ក្រុង​អារ៉ូអ៊ើរ+ដែល​នៅ​ជាយ​ជ្រលង​អើណូន (​រួម​បញ្ចូល​ក្រុង​ដែល​នៅ​ក្នុង​ជ្រលង​ដែរ​) រហូត​ដល់​ទឹក​ដី​គីលាត ព្រោះ​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ក្រុង​ទាំង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​យើង។+ ៣៧  ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​បាន​ចូល​ទៅ​ជិត​ទឹក​ដី​របស់​ពួក​អាំម៉ូន+ ដែល​នៅ​តាម​ជ្រលង​យ៉ាបុក+ និង​បណ្ដា​ក្រុង​ដែល​នៅ​តំបន់​ភ្នំ ឬ​កន្លែង​ណា​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង​បាន​ហាមឃាត់​នោះ​ទេ។

កំណត់សម្គាល់

នេះ​សំដៅ​លើ​កោះ​ក្រេត