ការបំភ្លឺច្បាប់ ២៣:១-២៥

  • អស់​អ្នក​ដែល​គ្មាន​សិទ្ធិ​ចូល​ក្នុង​ក្រុម​ជំនុំ​របស់​ព្រះ (​១​-​៨)

  • ភាព​ស្អាត​បរិសុទ្ធ​នៅ​ក្នុង​ជំរំ (​៩​-​១៤)

  • ពួក​ខ្ញុំ​បម្រើ​ដែល​រត់​ភៀស​ខ្លួន (​១៥, ១៦)

  • ការ​ហាម​មិន​ឲ្យ​ប្រព្រឹត្ត​អំពើ​ពេស្យាចារ (​១៧, ១៨)

  • ការ​ប្រាក់​និង​សម្បថ (​១៩​-​២៣)

  • អ្វី​ដែល​អ្នក​ដើរ​ឆ្លង​កាត់​អាច​បរិភោគ​បាន (​២៤, ២៥)

២៣  ​«​មិន​ត្រូវ​ឲ្យ​បុរស​ណា​ដែល​ត្រូវ​គេ​ដំ​ពង​ឬ​កាត់​ប្រដាប់​បន្ត​ពូជ ចូល​ក្នុង​ក្រុម​ជំនុំ​របស់​ព្រះ​យេហូវ៉ា​ឡើយ។+ ២  ​«​មិន​ត្រូវ​ឲ្យ​កូន​ប្រុស​ដែល​ឥត​ខាន់​ស្លា​ចូល​ក្នុង​ក្រុម​ជំនុំ​របស់​ព្រះ​យេហូវ៉ា​ឡើយ។+ សូម្បី​តែ​កូន​ចៅ​គាត់​ដល់​ទៅ​១០​ជំនាន់​ក្រោយ​មក ក៏​មិន​អាច​ចូល​ក្នុង​ក្រុម​ជំនុំ​របស់​ព្រះ​យេហូវ៉ា​បាន​ដែរ។ ៣  ​«​មិន​ត្រូវ​ឲ្យ​ជន​ជាតិ​អាំម៉ូន​ឬ​ជន​ជាតិ​ម៉ូអាប់ ចូល​ក្នុង​ក្រុម​ជំនុំ​របស់​ព្រះ​យេហូវ៉ា​ឡើយ។+ សូម្បី​តែ​កូន​ចៅ​ពួក​គេ​ដល់​ទៅ​១០​ជំនាន់​ក្រោយ​មក ក៏​មិន​អាច​ចូល​ក្នុង​ក្រុម​ជំនុំ​របស់​ព្រះ​យេហូវ៉ា​បាន​ដែរ។ ៤  ព្រោះ​កាល​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​ពី​ស្រុក​អេហ្ស៊ីប ពួក​គេ​មិន​បាន​យក​ស្បៀងអាហារ​និង​ទឹក​មក​ទទួល​អ្នក​រាល់​គ្នា​ទេ។+ ពួក​គេ​ថែម​ទាំង​ជួល​បាឡាម​ជា​កូន​បេអ័រ មក​ពី​ពេថោរ​ក្នុង​តំបន់​មេសូប៉ូតាមា ឲ្យ​មក​ដាក់​បណ្ដាសា​អ្នក​រាល់​គ្នា​ទៀត​ផង។+ ៥  ប៉ុន្តែ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​មិន​បាន​ស្ដាប់​បាឡាម​ទេ។+ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​បណ្ដាសា​របស់​គាត់​ទៅ​ជា​ពរ​ដល់​អ្នក​រាល់​គ្នា​វិញ+ ព្រោះ​ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក​រាល់​គ្នា។+ ៦  អ្នក​រាល់​គ្នា​មិន​ត្រូវ​ជួយ​ពួក​គេ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ឬ​ភាព​ចម្រុង​ចម្រើន​ទេ។+ ៧  ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ស្អប់​ជន​ជាតិ​អេដំ​ទេ ព្រោះ​ពួក​គេ​ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា។+ «​អ្នក​រាល់​គ្នា​ក៏​មិន​ត្រូវ​ស្អប់​ជន​ជាតិ​អេហ្ស៊ីប​ដែរ ព្រោះ​អ្នក​រាល់​គ្នា​ធ្លាប់​ធ្វើ​ជា​ជន​បរទេស​នៅ​ស្រុក​របស់​ពួក​គេ។+ ៨  កូន​ចៅ​ជំនាន់​ទី៣​របស់​ជន​ជាតិ​ទាំង​នេះ អាច​ចូល​ក្នុង​ក្រុម​ជំនុំ​របស់​ព្រះ​យេហូវ៉ា​បាន។ ៩  ​«​ពេល​ណា​អ្នក​រាល់​គ្នា​ទៅ​បោះ​ជំរំ​ឡោម​ព័ទ្ធ​សត្រូវ ចូរ​ប្រយ័ត្ន​មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ឡើយ។+ ១០  បើ​បុរស​ណា​ម្នាក់​ចេញ​ទឹក​កាម​នៅ​ពេល​យប់+ នោះ​គាត់​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ហើយ។ ដូច្នេះ គាត់​ត្រូវ​ចេញ​ទៅ​ក្រៅ​ជំរំ ហើយ​មិន​ត្រូវ​ចូល​មក​វិញ​ទេ។ ១១  លុះ​ដល់​ល្ងាច គាត់​ត្រូវ​ងូត​ទឹក​សម្អាត​ខ្លួន ហើយ​ក្រោយ​ថ្ងៃ​លិច​គាត់​អាច​ចូល​ជំរំវិញ​បាន។+ ១២  អ្នក​រាល់​គ្នា​ត្រូវ​រៀបចំ​ឲ្យ​មាន​កន្លែង​មួយ​សម្រាប់​បន្ទោ​បង់​នៅ​ក្រៅ​ជំរំ។ ពេល​បន្ទោ​បង់ អ្នករាល់គ្នាត្រូវ​ចេញទៅ​កន្លែង​នោះ ១៣  ដោយ​កាន់​ចប​ជីក​ទៅ​ជា​មួយ​ដែរ។ អ្នក​រាល់​គ្នា​ត្រូវ​ជីកដីដើម្បី​បន្ទោ​បង់ ហើយ​ក្រោយ​ពី​បន្ទោ​បង់​រួច ត្រូវ​លុប​ដីវិញ។ ១៤  ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​កំពុង​ឆ្លង​កាត់​ជំរំ​របស់​អ្នក​រាល់​គ្នា+ដើម្បី​សង្គ្រោះ​អ្នក​រាល់​គ្នា ហើយ​ដើម្បី​ប្រគល់​ពួក​សត្រូវ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា។ ហេតុ​នេះ ជំរំរបស់​អ្នក​រាល់​គ្នា​ត្រូវ​តែ​ស្អាត​បរិសុទ្ធ​ជា​និច្ច។+ បើ​លោក​ឃើញ​អ្វី​ស្មោក​គ្រោក​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នោះ​លោក​នឹង​មិន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ទៀត​ទេ។ ១៥  ​«​បើ​មាន​ខ្ញុំ​បម្រើ​ណា​រត់​ពី​ចៅហ្វាយ​ខ្លួន មក​ឯ​អ្នក​រាល់​គ្នា នោះ​មិន​ត្រូវ​ប្រគល់​ខ្ញុំ​បម្រើ​នោះ​ទៅ​ឲ្យ​ចៅហ្វាយ​គាត់​វិញ​ឡើយ។ ១៦  ខ្ញុំ​បម្រើ​នោះ​អាច​សម្រេច​ចិត្ត​ទៅ​រស់​នៅ​ក្រុង​ណា​មួយ​ក៏​បាន​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​បាប​គាត់​ជា​ដាច់​ខាត។+ ១៧  ​«​មិន​ត្រូវ​ឲ្យ​មាន​ស្ត្រីជន​ជាតិ​អ៊ីស្រាអែល​ណា​ម្នាក់ ធ្វើ​ជា​ស្ត្រី​ពេស្យា​នៅ​វិហារ​ឡើយ+ ហើយ​ក៏​មិន​ត្រូវ​ឲ្យ​មាន​បុរស​ជន​ជាតិ​អ៊ីស្រាអែល​ណា​ម្នាក់​រក​ស៊ី​បម្រើ​ផ្លូវ​ភេទ​នៅ​ក្នុង​វិហារ​ដែរ។+ ១៨  អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​ប្រាក់​នៃ​អំពើ​ពេស្យាចារ​របស់​បុរស​ឬ​ស្ត្រី​នោះ មក​ជូន​នៅ​ឯ​វិហារ​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ដើម្បី​លា​សម្បថ​ទេ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ស្អប់ខ្ពើម​អំពើ​ទាំង​នោះ​ណាស់។ ១៩  ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​ការ​ពី​ជន​រួម​ជាតិ​ខ្លួន​ទេ+ ទោះ​ជា​ប្រាក់ ស្បៀង​អាហារ ឬ​អ្វី​ណា​ក៏​ដោយ​ដែល​អាច​យក​ការ​បាន។ ២០  អ្នក​រាល់​គ្នា​អាច​យក​ការ​ពី​ជន​បរទេស​បាន+ តែ​មិន​ត្រូវ​យក​ការ​ពី​ជន​រួម​ជាតិ​ខ្លួន​ឡើយ។+ យ៉ាង​នេះ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នឹង​ឲ្យ​ពរ​ដល់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់​នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ទទួល​ជា​មត៌ក។+ ២១  ​«​បើ​អ្នក​រាល់​គ្នា​ធ្វើ​សម្បថ​ណា​មួយ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា+ នោះ​ត្រូវ​ធ្វើ​តាម​សម្បថ​នោះ​ដោយ​មិន​បង្អែ​បង្អង់​ឡើយ+ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​តម្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​តាម​សម្បថ​ជា​ប្រាកដ។ បើ​មិន​ដូច្នោះ​ទេ អ្នក​រាល់​គ្នា​មុខ​ជា​មាន​ទោស​មិន​ខាន។+ ២២  ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​បាន​ស្បថ​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​មាន​ទោស​ឡើយ។+ ២៣  ពាក្យ​សម្បថ​របស់​អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​គ្រឿង​បូជា​ស្ម័គ្រ​ពី​ចិត្ត។+ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​តាម​គ្រប់​ពាក្យ​សម្បថ​ដែល​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា+ជូន​ព្រះ​យេហូវ៉ា។ ២៤  ​«​បើ​អ្នក​រាល់​គ្នា​ចូល​ក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​អ្នក​ជិត​ខាង​ខ្លួន នោះ​អ្នក​រាល់​គ្នា​អាច​បេះ​បរិភោគ​បាន​តាម​ចិត្ត តែ​មិន​ត្រូវ​បេះ​ដាក់​ក្នុង​ថង់​យាម​យក​ទៅ​ឡើយ។+ ២៥  ​«​បើ​អ្នក​រាល់​គ្នា​ចូល​ក្នុង​វាល​ស្រែ​របស់​អ្នក​ជិត​ខាង​ខ្លួន នោះ​អ្នក​រាល់​គ្នា​អាច​យក​ដៃ​បូត​កួរ​ស្រូវ​ទុំ​បាន តែ​មិន​ត្រូវ​យក​កណ្ដៀវ​ទៅ​ច្រូត​ឡើយ។+

កំណត់សម្គាល់