ការបំភ្លឺច្បាប់ ២៤:១-២២

  • អាពាហ៍​ពិពាហ៍​និង​ការ​លែង​លះ (​១​-​៥)

  • ការ​គោរព​ជីវិត (​៦​-​៩)

  • ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជន​ក្រី​ក្រ (​១០​-​១៨)

  • ច្បាប់​អំពី​ការ​ប្រមូល​ផល​ដំណាំ (​១៩​-​២២)

២៤  ​«​បើ​បុរស​ណា​យក​ស្ត្រី​ម្នាក់​ធ្វើ​ជា​ប្រពន្ធ តែ​ក្រោយ​មក​គាត់​លែង​ពេញ​ចិត្ត​នឹង​នាង ព្រោះ​គាត់​បាន​ឃើញ​ថា​នាង​បាន​ប្រព្រឹត្ត​មិន​គប្បី នោះ​គាត់​ត្រូវ​ធ្វើ​លិខិត​លែង​លះ+ប្រគល់​ឲ្យ​នាង រួច​ឲ្យ​នាង​ចេញ​ពី​ផ្ទះ​គាត់​ទៅ។+ ២  ក្រោយ​ពី​នាង​ចេញ​ទៅ នាង​អាច​រៀប​ការ​ជា​មួយ​នឹង​បុរស​ម្នាក់​ទៀត​បាន។+ ៣  បើ​ប្ដី​ទី​២​បែរ​ជា​ស្អប់​នាង ហើយ​ធ្វើ​លិខិត​លែង​លះ​ប្រគល់​ឲ្យ​នាង រួច​ឲ្យ​នាង​ចេញ​ពី​ផ្ទះ​គាត់ ឬ​បើ​ប្ដី​ទី​២​ស្លាប់ ៤  នោះ​ប្ដី​ទី​១​មិន​អាច​យក​នាង​ធ្វើ​ជា​ប្រពន្ធ​វិញ​បាន​ទេ ព្រោះ​នាង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ចំពោះ​គាត់​ហើយ។ នេះ​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្អប់ខ្ពើម​ណាស់។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ជា​ដាច់​ខាត ក្នុង​ទឹក​ដី​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ប្រគល់​ឲ្យ​ជា​មត៌ក។ ៥  ​«​បើ​បុរស​ណា​ម្នាក់​ទើប​តែ​រៀប​ការ គាត់​មិន​ត្រូវ​ចូល​ធ្វើ​ទាហាន ឬ​មាន​ភារកិច្ច​ណា​ឡើយ។ គាត់​ត្រូវ​ទទួល​ការ​អនុគ្រោះ​ឲ្យ​នៅ​ផ្ទះ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ ដើម្បី​ឲ្យ​ប្រពន្ធ​គាត់​មាន​អំណរ។+ ៦  ​«​មិន​ត្រូវ​ទាម​ទារ​យក​ថ្ម​ត្បាល់​កិន​ទុក​ជា​របស់​បញ្ចាំ​ទេ+ សូម្បី​តែ​ផ្នែក​ខាង​លើ​នៃ​ថ្ម​ត្បាល់​កិន ក៏​មិន​ត្រូវ​ទទួល​យក​ដែរ ព្រោះ​បើ​ធ្វើ​ដូច្នេះ ម្ចាស់​ត្បាល់​នឹង​បាត់​បង់​មធ្យោបាយ​ចិញ្ចឹម​ជីវិត​ហើយ។* ៧  ​«​បើ​ជន​ជាតិ​អ៊ីស្រាអែល​ណា​ម្នាក់​ចាប់​ជន​រួម​ជាតិ​ខ្លួន យក​មក​ធ្វើ​បាប រួច​យក​គាត់​ទៅ​លក់+ អ្នក​ដែល​ចាប់​គេ​នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន។+ អ្នក​រាល់​គ្នា​ត្រូវ​ដក​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។+ ៨  ​«​ពេល​មាន​រោគ​ឃ្លង់*កើត​ឡើង អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ទាំង​អស់​របស់​ពួក​លេវីដែល​ជា​សង្ឃ​ឲ្យ​បាន​ដិត​ដល់+ គឺ​តាម​បង្គាប់​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ប្រាប់​ពួក​គេ។ ៩  ចូរ​ចាំ​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ដល់​មីរៀម​នៅ​តាម​ផ្លូវ កាល​ដែល​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប។+ ១០  ​«​បើ​អ្នក​រាល់​គ្នា​ឲ្យ​អ្នក​ជិត​ខាង​ខ្ចី​អ្វី​មួយ+ នោះ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ផ្ទះ​គាត់​ដើម្បី​ទាម​ទារ​យក​របស់​បញ្ចាំ​ឡើយ។ ១១  ប៉ុន្តែ អ្នក​រាល់​គ្នា​ត្រូវ​ឈរ​នៅ​ខាង​ក្រៅ​ផ្ទះ ចាំ​ឲ្យ​គាត់​យក​របស់​បញ្ចាំ​មក​ប្រគល់​ឲ្យ​ដោយ​ខ្លួន​ឯង។ ១២  បើ​អ្នក​ខ្ចី​ជា​ជន​ក្រី​ក្រ អ្នក​រាល់​គ្នា​មិន​ត្រូវ​ចូល​សម្រាន្ត ដោយ​ទុក​របស់​បញ្ចាំ​ជាប់​នឹង​ខ្លួន​ឡើយ។+ ១៣  អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​សម្លៀក​បំពាក់​ដែល​ជា​របស់​បញ្ចាំ​ឲ្យ​គាត់​វិញ​នៅ​ពេល​ថ្ងៃ​លិច ដើម្បី​គាត់​អាច​មាន​អ្វី​ដណ្ដប់​ខ្លួន។+ យ៉ាង​នេះ គាត់​នឹង​សុំ​ព្រះ​ឲ្យ​ពរ​ដល់​អ្នក ហើយ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នឹង​ចាត់​ទុក​ការ​ប្រព្រឹត្ត​នេះ​ជា​អំពើ​សុចរិត។ ១៤  ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​កេង​ប្រវ័ញ្ច​កម្មករ​ដែល​ជា​ជន​ទុគ៌ត​ឡើយ ទោះ​ជា​ជន​រួម​ជាតិ​ខ្លួន​ឬ​ជា​ជន​បរទេស​ដែល​រស់​នៅ​បណ្ដា​ក្រុង​ក្នុង​ទឹក​ដី​របស់​អ្នក​រាល់​គ្នា​ក្ដី។+ ១៥  អ្នក​រាល់​គ្នា​ត្រូវ​បើក​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ​ឲ្យ​គាត់​មុន​ថ្ងៃ​លិច+ ព្រោះ​គាត់​ជា​ជន​ក្រី​ក្រ ហើយ​គាត់​ត្រូវ​ការ​ប្រាក់​ឈ្នួល​នោះ​ដើម្បី​រស់។ បើ​មិន​ដូច្នោះ​ទេ ពេល​គាត់​ស្រែក​សុំ​ឲ្យ​ព្រះ​យេហូវ៉ា​ជួយ នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ទោស​មិន​ខាន។+ ១៦  ​«​មិន​ត្រូវ​សម្លាប់​ឪពុក​ដោយ​សារ​តែ​ទោស​របស់​កូន​ទេ ហើយ​ក៏​មិន​ត្រូវ​សម្លាប់​កូន​ដោយ​សារ​តែ​ទោស​របស់​ឪពុក​ដែរ។+ បុគ្គល​ម្នាក់​ៗ​ត្រូវ​ស្លាប់​ដោយ​សារ​តែ​ទោស​របស់​ខ្លួន​ប៉ុណ្ណោះ។+ ១៧  ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​បំពាន​សិទ្ធិ​ជន​បរទេស ឬ​កូន​កំព្រា​ឡើយ+ ហើយ​ក៏​មិន​ត្រូវ​យក​សម្លៀក​បំពាក់​របស់​ស្ត្រី​មេម៉ាយ​ធ្វើ​ជា​របស់​បញ្ចាំ​ដែរ។+ ១៨  ចូរ​ចាំ​ថា​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេហ្ស៊ីប​ដែរ ហើយ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​បាន​រំដោះ​អ្នក​រាល់​គ្នា​ពី​ទី​នោះ។+ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ។ ១៩  ​«​ក្រោយ​ពី​ច្រូត​ស្រូវ​នៅ​ស្រែ​របស់​អ្នក​រាល់​គ្នា បើ​អ្នក​រាល់​គ្នា​ភ្លេច​ស្រូវ​មួយ​កណ្ដាប់ នោះ​មិន​ត្រូវ​ត្រឡប់​ទៅ​យក​ទេ។ ចូរ​ទុក​ឲ្យ​ជន​បរទេស កូន​កំព្រា និង​ស្ត្រី​មេម៉ាយ​ចុះ។+ យ៉ាង​នេះ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នឹង​ឲ្យ​ពរ​ក្នុង​គ្រប់​កិច្ចការ​របស់​អ្នក​រាល់​គ្នា។+ ២០  ​«​ពេល​អ្នក​រាល់​គ្នា​វាយ​ដើម​អូលីវ​ដើម្បី​ប្រមូល​ផល អ្នក​រាល់​គ្នា​មិន​ត្រូវ​ត្រឡប់​ទៅ​ប្រមូល​ផល​ម្ដង​ទៀត​ឡើយ។ ចូរ​ទុក​ផល​ដែល​នៅ​សល់​ឲ្យ​ជន​បរទេស កូន​កំព្រា និង​ស្ត្រី​មេម៉ាយ​ចុះ។+ ២១  ​«​ពេល​អ្នក​រាល់​គ្នា​ប្រមូល​ផល​ពី​ចម្ការ​ទំពាំង​បាយ​ជូរ​ហើយ អ្នក​រាល់​គ្នា​មិន​ត្រូវ​ត្រឡប់​ទៅ​ប្រមូល​ផល​ម្ដង​ទៀត​ទេ។ ចូរ​ទុក​ផល​ដែល​នៅ​សល់​ឲ្យ​ជន​បរទេស កូន​កំព្រា និង​ស្ត្រី​មេម៉ាយ​បរិភោគ​ផង។ ២២  ចូរ​ចាំ​ថា​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេហ្ស៊ីប​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ។

កំណត់សម្គាល់

ឬ​«​យក​ជីវិត​ម្ចាស់​ត្បាល់​ហើយ​»​
ពាក្យ​ភាសា​ហេប្រឺ​ដែល​បក​ប្រែ​ថា​«​ជំងឺ​ឃ្លង់​»​មាន​ន័យ​ទូលាយ អាច​រួម​បញ្ចូល​ជំងឺ​សើ​ស្បែក​ផ្សេង​ៗ ហើយ​ក៏​ប្រហែល​ជា​សំដៅ​លើ​មេ​រោគ​មួយ​ចំនួន​ដែល​មាន​លើ​សម្លៀក​បំពាក់ និង​ផ្ទះ​សម្បែង​ផង​ដែរ