ការបំភ្លឺច្បាប់ ២៥:១-១៩
-
ច្បាប់ស្ដីអំពីការវាយដាក់ទោស (១-៣)
-
កុំឃ្លុំមាត់គោពេលវាបញ្ជាន់ស្រូវ (៤)
-
ការរៀបការជាមួយនឹងបងឬប្អូនប្រុសថ្លៃ (៥-១០)
-
អ្វីដែលមិនត្រូវចាប់ ពេលប្រតាយប្រតប់គ្នា (១១, ១២)
-
ជញ្ជីងគ្រប់ទម្ងន់និងរង្វាស់រង្វាល់ត្រឹមត្រូវ (១៣-១៦)
-
ពួកអាម៉ាលេកនឹងត្រូវបំផ្លាញ (១៧-១៩)
២៥ «ពេលមានជម្លោះរវាងបុគ្គលពីរនាក់ ពួកគេអាចទៅជួបពួកអ្នកសម្រេចក្ដី+ ហើយពួកគាត់នឹងកាត់ក្ដីឲ្យមនុស្សអាក្រក់ទទួលទោស និងមនុស្សសុចរិតរួចពីទោសវិញ។+
២ បើមនុស្សអាក្រក់សមនឹងត្រូវរំពាត់+ នោះអ្នកសម្រេចក្ដីនឹងបង្គាប់អ្នកនោះឲ្យក្រាបនៅដី ហើយឲ្យគេវាយអ្នកនោះនៅមុខគាត់ ស្របតាមអំពើអាក្រក់ដែលអ្នកនោះបានធ្វើ។
៣ ប៉ុន្តែ មិនត្រូវវាយអ្នកនោះលើសពី៤០រំពាត់ឡើយ។+ បើវាយលើសពីនោះ អ្នកនោះដែលជាជនរួមជាតិរបស់អ្នករាល់គ្នា នឹងអាប់ឱនកិត្តិយសនៅមុខអ្នករាល់គ្នាមិនខាន។
៤ «អ្នករាល់គ្នាមិនត្រូវឃ្លុំមាត់គោឈ្មោលពេលដែលបញ្ជាន់ស្រូវឡើយ។+
៥ «បើបងប្អូនប្រុសរស់នៅជាមួយគ្នា ហើយបងឬប្អូនស្លាប់ដោយមិនទាន់មានកូនប្រុសទេ នោះប្រពន្ធគាត់មិនត្រូវរៀបការជាមួយនឹងអ្នកក្រៅឡើយ។ ប៉ុន្តែ បងឬប្អូនថ្លៃនាងត្រូវបំពេញភារកិច្ចខ្លួន ដោយយកនាងធ្វើជាប្រពន្ធ។+
៦ កូនច្បងដែលនាងបង្កើតមកនឹងរាប់តាមឈ្មោះរបស់បងឬប្អូនប្រុសដែលបានស្លាប់នោះ+ ដើម្បីកុំឲ្យឈ្មោះគាត់បាត់ពីប្រជាជាតិអ៊ីស្រាអែលឡើយ។+
៧ «បើប្អូន*នោះមិនព្រមរៀបការជាមួយនឹងស្រីមេម៉ាយជាសាច់ថ្លៃខ្លួនទេ នោះនាងត្រូវទៅជួបពួកបុរសចាស់ទុំនៅខ្លោងទ្វារក្រុង ហើយប្រាប់ថា៖ ‹ប្អូន*ថ្លៃខ្ញុំមិនព្រមបំពេញភារកិច្ចខ្លួនដោយយកខ្ញុំធ្វើជាប្រពន្ធ ដើម្បីរក្សាឈ្មោះរបស់បង*ប្រុសគាត់ក្នុងចំណោមប្រជាជាតិអ៊ីស្រាអែលនោះទេ›។
៨ ខណៈនោះ ពួកបុរសចាស់ទុំនៅក្នុងក្រុងត្រូវហៅគាត់មកនិយាយជាមួយ។ បើគាត់នៅតែបដិសេធថា៖ ‹ខ្ញុំមិនចង់រៀបការជាមួយនឹងនាងទេ›
៩ នោះនៅចំពោះមុខពួកបុរសចាស់ទុំ នាងត្រូវចូលមកជិតបងឬប្អូនថ្លៃ ហើយដោះស្បែកជើងគាត់+ រួចស្ដោះទឹកមាត់ដាក់មុខគាត់ ហើយនាងនិយាយថា៖ ‹អ្នកដែលមិនព្រមបន្តពូជឲ្យបង*ប្រុសខ្លួន ត្រូវអាម៉ាស់មុខដូច្នេះហើយ›។
១០ ក្រោយមក ក្នុងស្រុកអ៊ីស្រាអែលទាំងមូល គេនឹងហៅក្រុមគ្រួសារគាត់ថា៖ ‹ពូជដែលត្រូវគេដោះស្បែកជើង›។
១១ «ប្រសិនបើបុរសពីរនាក់កំពុងប្រតាយប្រតប់គ្នា ហើយប្រពន្ធរបស់បុរសម្នាក់ចូលទៅជួយការពារប្ដី រួចលូកដៃទៅចាប់ប្រដាប់បន្តពូជរបស់បុរសម្នាក់ទៀត
១២ អ្នករាល់គ្នាត្រូវកាត់ដៃរបស់ស្ត្រីនោះចោល កុំអាណិតអាសូរនាងឡើយ។
១៣ «ក្នុងថង់យាមរបស់អ្នករាល់គ្នា មិនត្រូវមានកូនជញ្ជីងពីរខុសគ្នា+ មួយធ្ងន់មួយស្រាលឡើយ។
១៤ ក្នុងផ្ទះរបស់អ្នករាល់គ្នា មិនត្រូវមានរង្វាល់ពីរខុសគ្នា+ មួយធំមួយតូចឡើយ។
១៥ អ្នករាល់គ្នាត្រូវមានកូនជញ្ជីងនិងរង្វាល់ត្រឹមត្រូវ ដើម្បីឲ្យអ្នករាល់គ្នាអាចរស់នៅបានយូរអង្វែងក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាប្រគល់ឲ្យ។+
១៦ ព្រោះអស់អ្នកដែលប្រព្រឹត្តមិនស្មោះត្រង់ គឺជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាណាស់។+
១៧ «ចូរកុំភ្លេចនូវអ្វីដែលពួកអាម៉ាលេកបានធ្វើដល់អ្នករាល់គ្នានៅតាមផ្លូវចេញពីស្រុកអេហ្ស៊ីប។+
១៨ ពួកអាម៉ាលេកបានលបចាំនៅតាមផ្លូវ ហើយវាយប្រហារអស់អ្នកដែលដើរយឺតៗនៅតាមក្រោយ ព្រោះឃើញពួកគេខ្សោយនិងអស់កម្លាំង។ ពួកអាម៉ាលេកមិនបានកោតខ្លាចព្រះទេ។
១៩ ដូច្នេះ ពេលអ្នករាល់គ្នារស់នៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាប្រគល់ឲ្យជាមត៌ក+ ហើយពេលព្រះយេហូវ៉ាជួយអ្នករាល់គ្នាឲ្យមានសេចក្ដីសាន្តត្រាណពីសត្រូវដែលនៅជុំវិញហើយ នោះអ្នករាល់គ្នាត្រូវបំផ្លាញពួកអាម៉ាលេកឲ្យសាបសូន្យពីក្រោមមេឃ+ ដើម្បីកុំឲ្យនរណានឹកចាំអំពីពួកគេទៀតឡើយ។ ចូរកុំភ្លេចឲ្យសោះ!