ការបំភ្លឺច្បាប់ ២៧:១-២៦

  • ក្រឹត្យ​វិន័យ​ព្រះ​នឹង​ត្រូវ​ចារឹក​នៅ​លើ​ថ្ម (​១​-​១០)

  • នៅ​ភ្នំ​អេបាល​និង​ភ្នំ​កេរិស៊ីម (​១១​-​១៤)

  • ការ​លើក​ឡើង​អំពី​បណ្ដាសា (​១៥​-​២៦)

២៧  បន្ទាប់​មក ម៉ូសេ​និង​ពួក​បុរស​ចាស់​ទុំ​ជន​ជាតិ​អ៊ីស្រាអែល​បាន​បង្គាប់​បណ្ដា​ជន​ថា​៖ ​«​ចូរ​ធ្វើ​តាម​បញ្ញត្តិ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ។ ២  នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ៉ូដាន់​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ប្រគល់​ឲ្យ ចូរ​ប្រមូល​ថ្ម​ធំ​ៗ ហើយ​លាប​កំបោរ​ស​ពី​លើ។+ ៣  នៅ​ពេល​ដែល​អ្នក​រាល់​គ្នា​ឆ្លង​ទៅ​ហើយ ចូរ​ចារឹក​ច្បាប់​នេះ​នៅ​លើ​ថ្ម​ទាំង​នោះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ចូល​ទៅ​រស់​នៅ​ក្នុង​ទឹក​ដី​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ប្រគល់​ឲ្យ ជា​ទឹក​ដី​ដែល​មាន​ទឹក​ដោះ​និង​ទឹក​ឃ្មុំ​សម្បូរ​ហូរហៀរ ដូច​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​បាន​សន្យា។+ ៤  កាល​ណា​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេយ៉ូដាន់​រួច​ហើយ អ្នក​រាល់​គ្នា​ត្រូវ​ដំឡើង​ថ្ម​ធំ​ទាំង​នោះ​នៅ​លើ​ភ្នំ​អេបាល+ រួច​លាប​កំបោរ​ស​ពី​លើ ដូច​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ។ ៥  បន្ថែម​ទៅ​ទៀត អ្នក​រាល់​គ្នា​ត្រូវ​យក​ថ្ម​មក​សង់​ទី​បូជា​ជូន​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា។ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រើ​គ្រឿង​ដែក​ដាប់​ថ្ម​នោះ​ឡើយ។+ ៦  អ្នក​រាល់​គ្នា​ត្រូវ​យក​ថ្ម​ដែល​គេ​មិន​ទាន់​ដាប់​មក​សង់​ទី​បូជា​ជូន​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ហើយ​ជូន​គ្រឿង​បូជា​ដុត​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នៅ​លើ​នោះ។ ៧  អ្នក​រាល់​គ្នា​ត្រូវ​ជូន​គ្រឿង​បូជា​នៃ​មេត្រី​ភាព+ ហើយ​បរិភោគ​គ្រឿង​បូជា​នៅ​ទី​នោះ+ រួច​អរ​សប្បាយ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា។+ ៨  អ្នក​រាល់​គ្នា​ត្រូវ​ចារឹក​ច្បាប់​នេះ​នៅ​លើ​ថ្ម​ឲ្យ​បាន​ច្បាស់​»។+ ៩  បន្ទាប់​មក ម៉ូសេ​និង​ពួក​សង្ឃ​ដែល​ជា​លេវី​បាន​និយាយ​ទៅ​កាន់​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ថា​៖ ​«​ឱ​ប្រជា​ជាតិ​អ៊ីស្រាអែល​អើយ! ចូរ​នៅ​ស្ងៀម ហើយ​ស្ដាប់​ចុះ។ នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បាន​ក្លាយ​ទៅ​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ហើយ។+ ១០  ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ស្ដាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ហើយ​កាន់​តាម​គ្រប់​បញ្ញត្តិ+និង​ច្បាប់ ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​»។ ១១  នៅ​ថ្ងៃ​នោះ ម៉ូសេ​បាន​បង្គាប់​បណ្ដា​ជន​ថា​៖ ១២  ​«​ក្រោយ​ពី​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេយ៉ូដាន់ កុលសម្ព័ន្ធ​ស៊ីម្មាន លេវី យូដា អ៊ីសាខារ យ៉ូសែប និង​បេនយ៉ាមីន ត្រូវ​ឈរ​នៅ​លើ​ភ្នំ​កេរិស៊ីម+ដើម្បី​ជូន​ពរ​បណ្ដា​ជន។ ១៣  រីឯ​កុលសម្ព័ន្ធ​រូបេន កាដ អេស៊ើរ សេប៊ូឡូន ដាន់ និង​ណែបថាលី ពួក​គេ​ត្រូវ​ឈរ​នៅ​លើ​ភ្នំ​អេបាល+ដើម្បី​ដាក់​បណ្ដាសា។ ១៤  ចំណែក​កុលសម្ព័ន្ធ​លេវី ពួក​គេ​ត្រូវ​ប្រកាស​ដោយ​សំឡេង​ឮ​ៗ​ទៅ​កាន់​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ថា​៖+ ១៥  ​«​‹ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​ឆ្លាក់​រូប​ព្រះ+ ឬ​ធ្វើ​រូប​ព្រះ​ពី​លោហៈ*+ ដើម្បី​គោរព​បូជា​ដោយ​លួច​លាក់ ព្រោះ​នេះ​ជា​ស្នា​ដៃ​របស់​មនុស្ស*ប៉ុណ្ណោះ ហើយ​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្អប់ខ្ពើម​ណាស់›។+ បណ្ដា​ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ថា​៖ ‹អាមេន!›។* ១៦  ​«​‹ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​ប្រមាថ​មើល​ងាយ​ឪពុក​ម្ដាយ​ខ្លួន›។+ បណ្ដា​ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ថា​៖ ‹អាមេន!›។ ១៧  ​«​‹ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​បង្ខិត​បង្គោល​ព្រំ​ប្រទល់​ចូល​ដី​អ្នក​ជិត​ខាង​ខ្លួន›។+ បណ្ដា​ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ថា​៖ ‹អាមេន!›។ ១៨  ​«​‹ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​ដើរ​ខុស​ផ្លូវ›។+ បណ្ដា​ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ថា​៖ ‹អាមេន!›។ ១៩  ​«​‹ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​កាត់​ក្ដី​ឲ្យ​ជន​បរទេស កូន​កំព្រា ឬ​ស្ត្រី​មេម៉ាយ​ដោយ​លម្អៀង›។+ បណ្ដា​ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ថា​៖ ‹អាមេន!›។ ២០  ​«​‹ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​របស់​ឪពុក​ខ្លួន ព្រោះ​គាត់​ធ្វើ​ឲ្យ​ឪពុក​ខ្លួន​អាប់​ឱន​កិត្តិយស​ហើយ›។+ បណ្ដា​ជន​ទាំង​អស់ត្រូវ​ឆ្លើយ​ថា​៖ ‹អាមេន!›។ ២១  ​«​‹ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​រួម​សង្វាស​នឹង​សត្វ›។+ បណ្ដា​ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ថា​៖ ‹អាមេន!›។ ២២  ​«​‹ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​រួម​ដំណេក​ជា​មួយ​នឹង​បង​ប្អូន​ស្រី​ខ្លួន ទោះ​នាង​ជា​កូន​ស្រី​ខាង​ឪពុក​ឬ​ខាង​ម្ដាយ​ក្ដី›។+ បណ្ដា​ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ថា​៖ ‹អាមេន!›។ ២៣  ​«​‹ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​រួម​ដំណេក​ជា​មួយ​នឹង​ម្ដាយ​ក្មេក​ខ្លួន›។+ បណ្ដា​ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ថា​៖ ‹អាមេន!›។ ២៤  ​«​‹ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​ស្ទាក់​វាយ​សម្លាប់​អ្នក​ជិត​ខាង​ខ្លួន›។+ បណ្ដា​ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ថា​៖ ‹អាមេន!›។ ២៥  ​«​‹ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​ទទួល​សំណូក​ដើម្បី​សម្លាប់​មនុស្ស​ស្លូត​ត្រង់›។+ បណ្ដា​ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ថា​៖ ‹អាមេន!›។ ២៦  ​«​‹ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​មិន​គាំ​ទ្រ​ច្បាប់​នេះ ដោយ​មិន​អនុវត្ត›។+ បណ្ដា​ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ថា​៖ ‹អាមេន!›។

កំណត់សម្គាល់

ឬ​«​សូម​ឲ្យ​កើត​ឡើង!​»​
ឬ​«​សិប្បករ​ជា​អ្នក​ធ្វើ​របស់​របរ​ពី​ឈើ​និង​ដែក​»​
ឬ​«​រូប​សិត​»​