ការបំភ្លឺច្បាប់ ២៨:១-៦៨

  • អ្នក​ស្ដាប់​បង្គាប់​ទទួល​ពរ (​១​-​១៤)

  • អ្នក​មិន​ស្ដាប់​បង្គាប់​ត្រូវ​បណ្ដាសា (​១៥​-​៦៨)

២៨  ​«​បើ​អ្នក​រាល់​គ្នា​ស្ដាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​កាន់​ខ្ជាប់​តាម​បញ្ញត្តិ​របស់​លោក​ទាំង​អស់​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ នោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នឹង​លើក​តម្កើង​អ្នក​រាល់​គ្នា​ឲ្យ​ខ្ពស់​ជាង​ប្រជា​ជាតិ​ទាំង​អស់​នៅ​ផែនដី។+ ២  បើ​អ្នក​រាល់​គ្នា​តែង​តែ​ស្ដាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ពរ​ជា​បរិបូរ​ជា​ពុំ​ខាន។*+ ពរ​ទាំង​នោះ​មាន​ដូច​ត​ទៅ​៖ ៣  ​«​ព្រះ​នឹង​ឲ្យ​ពរ​ដល់​អ្នក​រាល់​គ្នា​នៅ​តាម​ក្រុង និង​តាម​ជនបទ។+ ៤  ​«​ព្រះ​នឹង​ឲ្យ​ពរ​ដល់​អ្នក​រាល់​គ្នា​មាន​កូន​ចៅ​កាន់​តែ​ច្រើន​ឡើង+ ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​ភោគ​ផល​ជា​បរិបូរ ព្រម​ទាំង​មាន​ហ្វូង​គោ​ហ្វូង​ចៀម​យ៉ាង​ច្រើន​សន្ធឹក។+ ៥  ​«​ព្រះ​នឹង​ឲ្យ​ពរ​ដល់​អ្នក​រាល់​គ្នា មាន​ភោគ​ផល​ពេញ​កញ្ជើ+ និង​ម្សៅ​ពេញ​ផើង​ជា​និច្ច។+ ៦  ​«​ព្រះ​នឹង​ឲ្យ​ពរ​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ។ ៧  ​«​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​សត្រូវ​ដែល​មក​ច្បាំង​នឹង​អ្នក​រាល់​គ្នា បាក់​ទ័ព​នៅ​មុខ​អ្នក​រាល់​គ្នា។+ ពួក​គេ​នឹង​មក​វាយ​ប្រហារ​អ្នក​រាល់​គ្នា​តាម​ផ្លូវ​១ តែ​ពួក​គេ​នឹង​រត់​ខ្ចាត់​ខ្ចាយ​ទៅ​តាម​ផ្លូវ​៧​វិញ។+ ៨  ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​អ្នក​រាល់​គ្នា​មាន​ភោគ​ផល​ពេញ​ជង្រុក+ ហើយ​លោក​នឹង​ឲ្យ​ពរ​គ្រប់​កិច្ចការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ។ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នឹង​ឲ្យ​ពរ​អ្នក​រាល់​គ្នា​ជា​ប្រាកដ នៅ​ក្នុង​ស្រុក​ដែល​លោក​នឹង​ប្រគល់​ឲ្យ។ ៩  ព្រះ​យេហូវ៉ា​នឹង​យក​អ្នក​រាល់​គ្នា​ធ្វើ​ជា​រាស្ត្រ​បរិសុទ្ធ​របស់​លោក+ ដូច​ដែល​លោក​បាន​សន្យា+ ព្រោះ​អ្នក​រាល់​គ្នា​បន្ត​កាន់​តាម​បញ្ញត្តិ​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ហើយ​ដើរ​តាម​ផ្លូវ​របស់​លោក​ជា​និច្ច។ ១០  ពេល​ប្រជា​ជាតិ​នា​នា​នៅ​ផែនដី​ឃើញ​ថា​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា​ជា​តំណាង​នាម​លោក+ នោះ​ពួក​គេ​នឹង​ភ័យ​ខ្លាច​អ្នក​រាល់​គ្នា។+ ១១  ​«​នៅ​ក្នុង​ស្រុក​ដែល​ព្រះ​យេហូវ៉ា​បាន​ស្បថ​នឹង​បុព្វ​បុរស​អ្នក​រាល់​គ្នា​ថា​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​អ្នក​រាល់​គ្នា​មាន​កូន​ចៅ​ជា​ច្រើន និង​មាន​ភោគ​ផល​ជា​បរិបូរ+ ព្រម​ទាំង​មាន​ហ្វូង​សត្វ​យ៉ាង​ច្រើន​សន្ធឹក។+ ១២  ព្រះ​យេហូវ៉ា​នឹង​បើក​មេឃ បង្អុរ​ភ្លៀង​មក​ស្រោច​ស្រព​ទឹក​ដី​របស់​អ្នក​រាល់​គ្នា​តាម​រដូវ​កាល+ ថែម​ទាំង​ឲ្យ​ពរ​គ្រប់​ទាំង​កិច្ចការ​របស់​អ្នក​រាល់​គ្នា​ផង​ដែរ។ អ្នក​រាល់​គ្នា​នឹង​ឲ្យ​ប្រជា​ជាតិ​ជា​ច្រើន​ខ្ចី តែ​អ្នក​រាល់​គ្នា​នឹង​មិន​ខ្ចី​ពី​គេ​ឡើយ។+ ១៣  បើ​អ្នក​រាល់​គ្នា​កាន់​ខ្ជាប់​តាម​បញ្ញត្តិ​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ជា​បញ្ញត្តិ​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ នោះ​ព្រះ​យេហូវ៉ា​នឹង​លើក​តម្កើង​អ្នក​រាល់​គ្នា​ឲ្យ​ខ្ពង់​ខ្ពស់​ជាង​ប្រជា​ជាតិ​នា​នា+ ហើយ​គ្មាន​នរណា​ត្រួត​ត្រា​លើ​អ្នក​រាល់​គ្នា​ទេ អ្នក​រាល់​គ្នា​ថែម​ទាំង​មាន​ភាព​ចម្រុង​ចម្រើន​ឡើង​ជា​និច្ច។ ១៤  អ្នក​រាល់​គ្នា​មិន​ត្រូវ​បែរ​ចេញ​ពី​បង្គាប់​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ឡើយ។+ អ្នក​រាល់​គ្នា​ក៏​មិន​ត្រូវ​កាន់​តាម​ព្រះ​ឯ​ទៀត ហើយ​បម្រើ​ព្រះ​ទាំង​នោះ​ដែរ។+ ១៥  ​«​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ហើយ​មិន​កាន់​ខ្ជាប់​តាម​ច្បាប់​និង​បញ្ញត្តិ​ទាំង​អស់​របស់​លោក ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បណ្ដាសា​ជា​មិន​ខាន។* បណ្ដាសា​នោះ​មាន​ដូច​ត​ទៅ​៖+ ១៦  ​«​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បណ្ដាសា​នៅ​តាម​ក្រុង និង​តាម​ជនបទ។+ ១៧  ​«​ព្រះ​នឹង​ដាក់​បណ្ដាសា​អ្នក​រាល់​គ្នា​មិន​ឲ្យ​មាន​ភោគ​ផល​ក្នុង​កញ្ជើ+ ឬ​ម្សៅ​ក្នុង​ផើង​ឡើយ។+ ១៨  ​«​ព្រះ​នឹង​ដាក់​បណ្ដាសា​អ្នក​រាល់​គ្នា​មិន​ឲ្យ​មាន​កូន​ចៅ​ច្រើន​ទេ+ ហើយ​ក៏​មិន​ឲ្យ​មាន​ភោគ​ផល​ជា​បរិបូរ ឬ​ហ្វូង​គោ​ហ្វូង​ចៀម​ជា​ច្រើន​ដែរ។+ ១៩  ​«​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បណ្ដាសា​ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ។ ២០  ​«​ក្នុង​កិច្ចការ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា ព្រះ​យេហូវ៉ា​នឹង​ដាក់​បណ្ដាសា ហើយ​ធ្វើ​ឲ្យ​មាន​ភាព​ច្របូក​ច្របល់ ព្រម​ទាំង​ដាក់​ទោស រហូត​ដល់​អ្នក​រាល់​គ្នា​ត្រូវ​បំផ្លាញ ហើយ​វិនាស​សាប​សូន្យ​អស់​ទៅ ព្រោះ​តែ​ការ​ប្រព្រឹត្ត​អាក្រក់​របស់​អ្នក​រាល់​គ្នា និង​ដោយ​សារ​អ្នក​រាល់​គ្នា​បាន​ភ្លេច​លោក។+ ២១  ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​មាន​រោគ​រាត​ត្បាត​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា រហូត​ដល់​អ្នក​រាល់​គ្នា​ត្រូវ​វិនាស​ចេញ​ពី​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​ចាប់​យក​ជា​មត៌ក។+ ២២  ព្រះ​យេហូវ៉ា​នឹង​វាយ​ប្រហារ​អ្នក​រាល់​គ្នា​ដោយ​ជំងឺ​របេង ជំងឺ​គ្រុន​ក្ដៅ+ ជំងឺ​រលាក និង​ជំងឺ​ឡើង​កម្ដៅ​ខ្លាំង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​ដោយ​ដាវ+ ថែម​ទាំង​ធ្វើ​ឲ្យ​ដំណាំ​ក្រៀម​ស្វិត និង​កើត​ផ្សិត​ទៀត​ផង។+ សេចក្ដី​វេទនា​ទាំង​នេះ​នឹង​កើត​មាន​ដល់​អ្នក​រាល់​គ្នា រហូត​ដល់​អ្នក​រាល់​គ្នា​វិនាស​អស់​ទៅ។ ២៣  បន្ថែម​ទៅ​ទៀត ព្រះ​នឹង​ធ្វើ​ឲ្យ​មេឃ​លែង​បង្អុរ​ភ្លៀង ហើយ​ដី​លែង​បង្កើត​ផល​ទៀត។*+ ២៤  ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ខ្សាច់ និង​ធូលី​ធ្លាក់​ពី​លើ​មេឃ​មក​លើ​ស្រុក​អ្នក​រាល់​គ្នា រហូត​ដល់​អ្នក​រាល់​គ្នា​វិនាស​សូន្យ​អស់។ ២៥  ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​បាក់​ទ័ព​នៅ​មុខ​សត្រូវ។+ អ្នក​រាល់​គ្នា​នឹង​ទៅ​វាយ​ប្រហារ​សត្រូវ​តាម​ផ្លូវ​១ តែ​អ្នក​រាល់​គ្នា​នឹង​រត់​ខ្ចាត់​ខ្ចាយ​ទៅ​តាម​ផ្លូវ​៧​វិញ។ ពេល​រាជាណាចក្រ​ទាំង​ឡាយ​នៅ​ផែនដី​ឮ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ដល់​អ្នក​រាល់​គ្នា ពួក​គេ​នឹង​រន្ធត់។+ ២៦  សាក​សព​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ចំណី​ដល់​សត្វ​ព្រៃ​និង​សត្វ​ស្លាប​នៅ​លើ​មេឃ ហើយ​គ្មាន​នរណា​មក​ដេញ​ពួក​វា​ចេញ​ឡើយ។+ ២៧  ​«​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​កើត​បូស​ដូច​ដែល​ធ្លាប់​មាន​នៅ​ស្រុក​អេហ្ស៊ីប ហើយ​លោក​នឹង​វាយ​ប្រហារ​អ្នក​រាល់​គ្នា​ដោយ​រោគ​ឫសដូងបាត កើត​រមាស់ និង​ជំងឺ​សើ​ស្បែក ដែល​មិន​អាច​ព្យាបាល​បាន​ឡើយ។ ២៨  ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វង្វេង​ស្មារតី ងងឹត​ភ្នែក+ និង​មាន​ចិត្ត​ច្របូក​ច្របល់។ ២៩  នៅ​ពេល​ថ្ងៃ​ត្រង់ អ្នក​រាល់​គ្នា​នឹង​ដើរ​រាវ​ដូច​មនុស្ស​ខ្វាក់​ស្ទាប​រាវ​ក្នុង​ទី​ងងឹត។+ ឯ​កិច្ចការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ នឹង​មិន​សម្រេច​ឡើយ។ អ្នក​រាល់​គ្នា​នឹង​តែង​តែ​ត្រូវ​គេ​ប្លន់​និង​ត្រូវ​គេ​បោក​ប្រាស់​ជា​និច្ច ហើយ​គ្មាន​នរណា​មក​ជួយ​អ្នក​រាល់​គ្នា​ទេ។+ ៣០  ពេល​អ្នក​រាល់​គ្នា​មាន​គូ​ដណ្ដឹង បុរស​ឯ​ទៀត​នឹង​រំលោភ​គូ​ដណ្ដឹង​របស់​អ្នក​រាល់​គ្នា។ ពេល​អ្នក​រាល់​គ្នា​សង់​ផ្ទះ​រួច​រាល់ អ្នក​រាល់​គ្នា​នឹង​មិន​បាន​ចូល​ទៅ​រស់​នៅ​ទេ។+ អ្នក​រាល់​គ្នា​នឹង​ដាំ​ចម្ការ​ទំពាំង​បាយ​ជូរ តែ​នឹង​មិន​បាន​បរិភោគ​ផល​ឡើយ។+ ៣១  គេ​នឹង​សម្លាប់​គោ​របស់​អ្នក​រាល់​គ្នា​នៅ​នឹង​មុខ តែ​អ្នក​រាល់​គ្នា​នឹង​មិន​បាន​សាច់​វា​បរិភោគ​ទេ។ គេ​នឹង​ដឹក​លា​របស់​អ្នក​រាល់​គ្នា​យក​ទៅ​នៅ​ចំពោះ​មុខ ហើយ​អ្នក​រាល់​គ្នា​នឹង​មិន​បាន​វា​មក​វិញ​ទេ។ ពួក​សត្រូវ​នឹង​រឹប​អូស​យក​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា តែ​គ្មាន​នរណា​មក​ជួយ​អ្នក​រាល់​គ្នា​ឡើយ។ ៣២  ជន​ជាតិ​ដទៃ​នឹង​ចាប់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា​យក​ទៅ+នៅ​ចំពោះ​មុខ​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹក​រលឹក​ពួក​គេ​ជា​និច្ច តែ​អ្នក​រាល់​គ្នា​មិន​អាច​ធ្វើ​អ្វី​បាន​ទេ។ ៣៣  ជន​ជាតិ​ឯ​ទៀត​ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់​នឹង​ចូល​មក​បរិភោគ​ភោគ​ផល​របស់​អ្នក​រាល់​គ្នា​អស់​គ្មាន​សល់។+ អ្នក​រាល់​គ្នា​នឹង​ត្រូវ​គេ​បោក​ប្រាស់​រហូត ថែម​ទាំង​ត្រូវ​គេ​ជិះ​ជាន់​ជា​និច្ច។ ៣៤  អ្វី​ដែល​អ្នក​រាល់​គ្នា​ឃើញ នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វង្វេង​ស្មារតី។ ៣៥  ​«​ព្រះ​យេហូវ៉ា​នឹង​វាយ​ប្រហារ​អ្នក​រាល់​គ្នា​ដោយ​ធ្វើ​ឲ្យ​កើត​បូស​នៅ​ក្បាល​ជង្គង់​និង​ជើង​របស់​អ្នក​រាល់​គ្នា។ លោក​ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​កើត​បូស​ដែល​មិន​អាច​ព្យាបាល​បាន ចាប់​ពី​ក្រយៅ​ក្បាល​រហូត​ដល់​ចុង​ជើង។ ៣៦  ព្រះ​យេហូវ៉ា​នឹង​បណ្ដេញ​អ្នក​រាល់​គ្នា​និង​ស្ដេច​ដែល​អ្នក​រាល់​គ្នា​ជ្រើស​រើស ឲ្យ​ទៅ​ឯ​ប្រជា​ជាតិ​មួយ​ដែល​អ្នក​រាល់​គ្នា​និង​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​មិន​ធ្លាប់​ស្គាល់។+ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​បម្រើ​ព្រះ​ដទៃ ជា​ព្រះ​ដែល​ធ្វើ​ពី​ឈើ​ពី​ថ្ម។+ ៣៧  នៅ​ក្នុង​ស្រុក​ដែល​ព្រះ​យេហូវ៉ា​បណ្ដេញ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​រស់​នៅ អ្នក​ស្រុក​នោះ​នឹង​ចំអក​មើល​ងាយ​អ្នក​រាល់​គ្នា ហើយ​ពួក​គេ​នឹង​សម្លឹង​មើល​អ្នក​រាល់​គ្នា​ដោយ​តក់​ស្លុត។+ ៣៨  ​«​អ្នក​រាល់​គ្នា​នឹង​សាប​ព្រោះ​ច្រើន តែ​ប្រមូល​ផល​បាន​តិច+ ព្រោះ​កណ្ដូប​នឹង​ស៊ី​បំផ្លាញ។ ៣៩  អ្នក​រាល់​គ្នា​នឹង​ដាំ​ដើម​ទំពាំង​បាយ​ជូរ តែ​មិន​បាន​បេះ​ផ្លែ​បរិភោគ​ឬ​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ទេ+ ព្រោះ​ដង្កូវ​នឹង​ស៊ី​បំផ្លាញ។ ៤០  អ្នក​រាល់​គ្នា​នឹង​ដាំ​ដើម​អូលីវ​ពេញ​ក្នុង​ស្រុក តែ​មិន​បាន​គាប​ផ្លែ​យក​ប្រេង​មក​លាប​ខ្លួន​ទេ ព្រោះ​ផ្លែ​អូលីវ​នឹង​ជ្រុះ​អស់។ ៤១  អ្នក​រាល់​គ្នា​នឹង​បង្កើត​កូន​ប្រុស​កូន​ស្រី តែ​ពួក​គេ​នឹង​មិន​នៅ​ជាប់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ទេ ព្រោះ​ពួក​គេ​នឹង​ត្រូវ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ។+ ៤២  ហ្វូង​សត្វ​ល្អិត*នឹង​មក​ស៊ី​បំផ្លាញ​ដើម​ឈើ និង​ផល​ដំណាំ​របស់​អ្នក​រាល់​គ្នា។ ៤៣  ឯ​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ពួក​គេ​នឹង​កាន់​តែ​ខ្លាំង​ក្លា​ឡើង​ៗ តែ​អ្នក​រាល់​គ្នា​វិញ នឹង​កាន់​តែ​ខ្សោយ​ទៅ​ៗ។ ៤៤  ពួក​គេ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ខ្ចី តែ​អ្នក​រាល់​គ្នា​នឹង​គ្មាន​អ្វី​ឲ្យ​ពួក​គេ​ខ្ចី​ទេ។+ ពួក​គេ​នឹង​ទៅ​ជា​អ្នក​គ្រប់​គ្រង តែ​អ្នក​រាល់​គ្នា​នឹង​នៅ​ក្រោម​អំណាច​ពួក​គេ​វិញ។+ ៤៥  ​«​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ហើយ​មិន​កាន់​ខ្ជាប់​តាម​បញ្ញត្តិ​និង​ច្បាប់​របស់​លោក​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​ទេ+ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បណ្ដាសា​ទាំង​អស់​នេះ+ រហូត​ដល់​អ្នក​រាល់​គ្នា​វិនាស​សាប​សូន្យ​ទៅ។+ ៤៦  បណ្ដាសា​ទាំង​អស់​នេះ​នឹង​ទៅ​ជា​សញ្ញា​សម្គាល់ និង​ជា​ការ​ព្រមាន​ដល់​អ្នក​រាល់​គ្នា​និង​កូន​ចៅ​អ្នក​រាល់​គ្នា​ជា​ដរាប​ត​ទៅ។+ ៤៧  ព្រោះ​កាល​ដែល​អ្នក​រាល់​គ្នា​មាន​អ្វី​ៗ​ទាំង​អស់​ជា​បរិបូរ​ហើយ អ្នក​រាល់​គ្នា​មិន​បម្រើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ដោយ​អំណរ​និង​អស់​ពី​ចិត្ត​ទេ។+ ៤៨  ព្រះ​យេហូវ៉ា​នឹង​បណ្ដាល​ឲ្យ​ពួក​សត្រូវ​មក​ច្បាំង​នឹង​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្លាក់​ខ្លួន​ទៅ​ជា​អ្នក​បម្រើ​ពួក​គេ។+ នៅ​ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ស្រេក​ឃ្លាន+ ហើយ​គ្មាន​សម្លៀក​បំពាក់​គ្រប់​គ្រាន់ ព្រម​ទាំង​ខ្វះ​ខាត​អ្វី​ៗ​ទាំង​អស់។ លោក​នឹង​ដាក់​នឹម​ដែក​នៅ​លើ ក​របស់​អ្នក​រាល់​គ្នា រហូត​ដល់​អ្នក​រាល់​គ្នា​ត្រូវ​បំផ្លាញ​ចោល។ ៤៩  ​«​ព្រះ​យេហូវ៉ា​នឹង​នាំ​ប្រជា​ជាតិ​មួយ​ពី​ស្រុក​ឆ្ងាយ+ដែល​មក​ពី​ចុង​ផែនដី ឲ្យ​មក​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា។ ពួក​គេ​នឹង​វាយ​ប្រហារ​អ្នក​រាល់​គ្នា​យ៉ាង​រហ័ស​ដូច​ជា​ឥន្ទ្រី​ចាប់​ចំណី+ ហើយ​ពួក​គេ​និយាយ​ភាសា​ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់។+ ៥០  ពួក​គេ​ជា​មនុស្ស​កាច​សាហាវ មិន​ចេះ​គោរព​មនុស្ស​ចាស់​ឬ​អាណិត​អាសូរ​កូន​ក្មេង​ឡើយ។+ ៥១  មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​នឹង​បរិភោគ​ហ្វូង​សត្វ​និង​ភោគ​ផល​របស់​អ្នក​រាល់​គ្នា​អស់​គ្មាន​សល់។ ពួក​គេ​នឹង​មិន​ទុក​ស្រូវ ស្រា​ថ្មី និង​ប្រេង ឲ្យ​នៅ​សល់​ទេ ហើយ​ក៏​មិន​ទុក​កូន​គោ​ឬ​ចៀម​ឲ្យ​នៅ​សល់​ដែរ។ យ៉ាង​នេះ អ្នក​រាល់​គ្នា​នឹង​វិនាស​សាប​សូន្យ​ទៅ។+ ៥២  បន្ថែម​ទៅ​ទៀត ពួក​គេ​នឹង​ឡោម​ព័ទ្ធ​ក្រុង​ទាំង​ឡាយ​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា ហើយ​រំលំ​កំពែង​ដ៏​រឹង​មាំ​ដែល​ជា​ទី​អាង​របស់​អ្នក​រាល់​គ្នា គឺ​នឹង​ព័ទ្ធ​វាយលុក​ក្រុង​ទាំង​ប៉ុន្មាន​ក្នុង​ទឹក​ដី​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ប្រគល់​ឲ្យ។+ ៥៣  នៅ​ពេល​នោះ អ្នក​រាល់​គ្នា​នឹង​បរិភោគ​សាច់​កូន​ប្រុស​កូន​ស្រី​ខ្លួន+ ជា​កូន​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ឲ្យ ព្រោះ​តែ​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ដែល​បណ្ដាល​មក​ពី​ការ​ធ្វើ​បាប​និង​ការ​ឡោម​ព័ទ្ធ​ពី​សត្រូវ។ ៥៤  ​«​សូម្បី​តែ​បុរស​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​មាន​ចិត្ត​ស្លូត​បូត និង​មាន​មនោសញ្ចេតនា​ខ្លាំង​បំផុត ក៏​នឹង​មិន​អាណិត​អាសូរ​ចំពោះ​បង​ប្អូន​ខ្លួន ប្រពន្ធ​ជា​ទី​ស្រឡាញ់ និង​កូន​ៗ​ដែល​នៅ​សល់​ដែរ។ ៥៥  គាត់​នឹង​មិន​ចែក​រំលែក​សាច់​កូន​គាត់​ឲ្យ​អ្នក​ទាំង​នោះ​បរិភោគ​ទេ ព្រោះ​គ្មាន​អ្វី​នៅ​សល់​ទៀត ដោយ​សារទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ដែល​បណ្ដាល​មក​ពី​ការ​ធ្វើ​បាប​និង​ការ​ឡោម​ព័ទ្ធ​ពី​សត្រូវ។+ ៥៦  សូម្បី​តែ​ស្ត្រី​សុភាព​ទន់ភ្លន់+និង​មាន​មនោសញ្ចេតនា​ខ្លាំង​បំផុត ដែល​មិន​ទាំង​ហ៊ាន​ដាក់​ជើង​ដល់​ដី​ផង ក៏​នឹង​មិន​អាណិត​អាសូរ​ប្ដី​ជា​ទី​ស្រឡាញ់ និង​កូន​ប្រុស​កូន​ស្រី​ខ្លួន​ដែរ។ ៥៧  នាង​ថែម​ទាំង​លាក់​ទុក​កូន​ដែល​នាង​ទើប​តែ​សម្រាល​និង​សុក​កូន​នោះ សម្រាប់​បរិភោគ​តែ​ម្នាក់​ឯង ដោយ​សារទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ដែល​បណ្ដាល​មក​ពី​ការ​ធ្វើ​បាប​និង​ការ​ឡោម​ព័ទ្ធ​ពី​សត្រូវ។ ៥៨  ​«​បើ​អ្នក​រាល់​គ្នា​មិន​កាន់​ខ្ជាប់​តាម​ច្បាប់​ទាំង​ប៉ុន្មាន​ដែល​កត់​ទុក​ក្នុង​សៀវភៅ​នេះ+ ហើយ​មិន​គោរព​នាម​ដ៏​រុង​រឿង​អស្ចារ្យ+របស់​ព្រះ​យេហូវ៉ា+ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ទេ ៥៩  នោះ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​និង​កូន​ចៅ​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​និង​អស់​រយៈ​ពេល​យូរ+ ថែម​ទាំង​ធ្វើ​ឲ្យ​មាន​ជំងឺ​ធ្ងន់​ធ្ងរ​រ៉ាំរ៉ៃ​ដែល​មើល​មិន​ជា​ឡើយ។ ៦០  ជំងឺ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេហ្ស៊ីប​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​ខ្លាច លោក​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​កើត​ជំងឺ​ទាំង​នោះ​វិញ ហើយ​ជំងឺ​ទាំង​នោះ​នឹង​នៅ​ជាប់​ជា​មួយ​អ្នក​រាល់​គ្នា​រហូត។ ៦១  បន្ថែម​ទៅ​ទៀត សូម្បី​តែ​ជំងឺ​និង​ទុក្ខ​វេទនា​គ្រប់​យ៉ាង​ដែល​មិន​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ច្បាប់​នេះ ក៏​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​កើត​មាន​ដែរ រហូត​ដល់​អ្នក​រាល់​គ្នា​ត្រូវ​បំផ្លាញ​អស់​ទៅ។ ៦២  ទោះ​ជា​អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន​សន្ធឹក​ដូច​ផ្កាយ​នៅ​លើ​មេឃ​ក្ដី+ អ្នក​រាល់​គ្នា​នឹង​នៅ​សល់​តែ​ចំនួន​បន្តិចបន្តួច​វិញ+ ព្រោះ​អ្នក​រាល់​គ្នា​មិន​បាន​ស្ដាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ទេ។ ៦៣  ​«​ថ្វី​បើ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ភាព​ចម្រុង​ចម្រើន​និង​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន​ក៏​ពិត​មែន តែ​ព្រះ​យេហូវ៉ា​ក៏​ពេញ​ចិត្ត​បំផ្លាញ​អ្នក​រាល់​គ្នា​ឲ្យ​វិនាស​សាប​សូន្យ​ទៅ​ដែរ។ លោក​នឹង​ដក​អ្នក​រាល់​គ្នា​ចេញ​ពី​ទឹក​ដី​ដែល​អ្នក​រាល់​គ្នា​ហៀបនឹង​ចូល​ទៅ​ចាប់​យក​នោះ។ ៦៤  ​«​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ខ្ចាត់​ខ្ចាយ​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា គឺ​ពី​ជើង​មេឃ​ម្ខាង​ទៅ​ជើង​មេឃ​ម្ខាង។+ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​បម្រើ​ព្រះ​ដទៃ​ជា​ព្រះ​ដែល​ធ្វើ​ពី​ឈើ​ពី​ថ្ម ដែល​អ្នក​រាល់​គ្នា​និង​បុព្វ​បុរស​អ្នក​រាល់​គ្នា​មិន​ដែល​ស្គាល់​ឡើយ។+ ៦៥  អ្នក​រាល់​គ្នា​នឹង​គ្មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចំណោម​ប្រជា​ជាតិ​ទាំង​នោះ​ទេ+ ហើយ​ក៏​គ្មាន​កន្លែង​សម្រាប់​ខ្លួន​សម្រាក​ដែរ។ ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ថប់​បារម្ភ+ ធ្លាក់​ទឹក​ចិត្ត និង​ស្រវាំង​ភ្នែក​ទៀត​ផង។+ ៦៦  ជីវិត​អ្នក​រាល់​គ្នា​នឹង​ជួប​អន្តរាយ​ដ៏​ធំ ហើយ​រាល់​ថ្ងៃ​រាល់​យប់ អ្នក​រាល់​គ្នា​តែង​តែ​ភ័យ​ខ្លាច មិន​ដឹង​ថា​អ្នក​រាល់​គ្នា​នឹង​រួចជីវិត​ឬ​យ៉ាង​ណា។ ៦៧  នៅ​ពេល​ព្រឹក អ្នក​រាល់​គ្នា​នឹង​និយាយ​ថា​៖ ‹កាល​ណា​ល្ងាច​ទៅ​ហ្ន៎!› ហើយ​នៅ​ពេល​ល្ងាច អ្នក​រាល់​គ្នា​នឹង​និយាយ​ថា​៖ ‹កាល​ណា​ព្រឹក​ទៅ​ហ្ន៎!› ព្រោះ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​តែង​តក់​ស្លុត ហើយ​ភ័យ​ខ្លាច​ដោយ​សារ​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ឃើញ។ ៦៨  ព្រះ​យេហូវ៉ា​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​ស្រុក​អេហ្ស៊ីប​វិញ​តាម​សំពៅ គឺ​តាម​ផ្លូវ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា​៖ ‹អ្នក​រាល់​គ្នា​នឹង​មិន​ឃើញ​ស្រុក​អេហ្ស៊ីប​ទៀត​ទេ› ហើយ​នៅ​ទី​នោះ​អ្នក​រាល់​គ្នា​នឹង​លក់​ខ្លួន​ដល់​ពួក​សត្រូវ​ដើម្បី​ធ្វើ​ជា​ខ្ញុំ​បម្រើ​ប្រុស​ស្រី តែ​នឹង​គ្មាន​អ្នក​ណា​ទិញ​អ្នក​រាល់​គ្នា​ឡើយ​»។

កំណត់សម្គាល់

ន័យ​ត្រង់​«​ពរ​ជា​បរិបូរ​នឹង​រត់​មក​រក​អ្នក​រាល់​គ្នា​ជា​ពុំ​ខាន​»​
ន័យ​ត្រង់​«​បណ្ដាសា​នឹង​រត់​តាម​អ្នក​រាល់​គ្នា​»​
ន័យ​ត្រង់​«​មេឃ​នឹង​ទៅ​ដូច​ជា​ស្ពាន់ ហើយ​ដី​នឹង​ទៅ​ដូច​ជា​ដែក​»​
ឬ​«​សត្វ​ល្អិត​មាន​ស្លាប​»​