ការបំភ្លឺច្បាប់ ២៩:១-២៩
២៩ នេះជាសេចក្ដីទាំងប៉ុន្មានក្នុងកិច្ចព្រមព្រៀងដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេឲ្យធ្វើជាមួយនឹងបណ្ដាជនអ៊ីស្រាអែលនៅស្រុកម៉ូអាប់ បន្ថែមពីលើកិច្ចព្រមព្រៀងដែលលោកបានធ្វើជាមួយនឹងពួកគេនៅភ្នំហូរែប។+
២ បន្ទាប់មក ម៉ូសេបានហៅបណ្ដាជនអ៊ីស្រាអែលទាំងអស់ឲ្យមកជួបជុំគ្នា ហើយប្រាប់ពួកគេថា៖ «អ្នករាល់គ្នាបានឃើញដោយផ្ទាល់ភ្នែកហើយ នូវការអស្ចារ្យទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានធ្វើទៅលើផារ៉ូ ទៅលើអ្នកបម្រើរបស់គាត់ និងទៅលើស្រុកអេហ្ស៊ីបទាំងមូល+
៣ គឺដោយការវិនិច្ឆ័យដ៏ធំ សញ្ញាសម្គាល់ និងអព្ភូតហេតុដ៏អស្ចារ្យ។+
៤ ប៉ុន្តែ ព្រះយេហូវ៉ាមិនបានឲ្យចិត្តរបស់អ្នករាល់គ្នាយល់ ភ្នែករបស់អ្នករាល់គ្នាឃើញ និងត្រចៀករបស់អ្នករាល់គ្នាឮទេ រហូតមកដល់សព្វថ្ងៃនេះ។+
៥ ព្រះបានមានប្រសាសន៍ថា៖ ‹ក្នុងអំឡុងពេលដែលខ្ញុំនាំផ្លូវអ្នករាល់គ្នាអស់៤០ឆ្នាំក្នុងតំបន់ស្ងាត់ជ្រងំ+ សម្លៀកបំពាក់របស់អ្នករាល់គ្នាមិនបានរេចរឹលទេ ហើយស្បែកជើងរបស់អ្នករាល់គ្នាក៏មិនបានសឹកដែរ។+
៦ អ្នករាល់គ្នាមិនបានបរិភោគនំប៉័ង ផឹកស្រាទំពាំងបាយជូរឬស្រាឯទៀតទេ ដើម្បីឲ្យអ្នករាល់គ្នាដឹងថាខ្ញុំនេះជាយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា›។
៧ នៅទីបំផុត អ្នករាល់គ្នាបានមកដល់ទីនេះ។ ឯស៊ីហុនជាស្ដេចក្រុងហែសបូន+ និងអុកជាស្ដេចនៃតំបន់បាសាន+ ពួកគេបានចេញមកច្បាំងនឹងយើង តែពួកគេមិនបានឈ្នះយើងទេ។+
៨ ក្រោយនោះ យើងបានដណ្ដើមយកទឹកដីរបស់ពួកគេ ហើយប្រគល់ឲ្យកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេពាក់កណ្ដាល។+
៩ ហេតុនេះ អ្នករាល់គ្នាត្រូវកាន់តាមពាក្យទាំងប៉ុន្មានក្នុងកិច្ចព្រមព្រៀងនេះ ដើម្បីឲ្យកិច្ចការដែលអ្នករាល់គ្នាធ្វើបានសម្រេចទាំងអស់។+
១០ «នៅថ្ងៃនេះ អ្នករាល់គ្នាបានឈរនៅចំពោះមុខព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា មានទាំងប្រមុខនៃកុលសម្ព័ន្ធ ពួកបុរសចាស់ទុំ ពួកមេដឹកនាំ ពួកបុរសអ៊ីស្រាអែលទាំងអស់
១១ ប្រពន្ធ+កូនអ្នករាល់គ្នា និងជនបរទេស+ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា គឺមានតាំងពីអ្នករើសអុស រហូតដល់អ្នកដងទឹកសម្រាប់អ្នករាល់គ្នា។
១២ អ្នករាល់គ្នានៅទីនេះ ដើម្បីស្បថនិងធ្វើជាភាគីនៃកិច្ចព្រមព្រៀងជាមួយនឹងព្រះយេហូវ៉ា គឺកិច្ចព្រមព្រៀងដែលព្រះយេហូវ៉ាធ្វើជាមួយនឹងអ្នករាល់គ្នានៅថ្ងៃនេះ។+
១៣ យ៉ាងនេះ លោកអាចយកអ្នករាល់គ្នាធ្វើជារាស្ត្ររបស់លោក+ និងអាចធ្វើជាព្រះនៃអ្នករាល់គ្នា+ ដូចដែលលោកបានសន្យានឹងអ្នករាល់គ្នា និងដូចដែលលោកបានស្បថនឹងអាប្រាហាំ+ អ៊ីសាក+ និងយ៉ាកុប+ជាបុព្វបុរសរបស់អ្នករាល់គ្នា។
១៤ «ខ្ញុំ*មិនគ្រាន់តែធ្វើសម្បថនិងកិច្ចព្រមព្រៀងនេះជាមួយនឹងអ្នករាល់គ្នាប៉ុណ្ណោះទេ
១៥ តែខ្ញុំធ្វើជាមួយនឹងអស់អ្នកដែលកំពុងឈរនៅចំពោះមុខព្រះយេហូវ៉ានៅឥឡូវនេះ ព្រមទាំងជាមួយនឹងអស់អ្នកដែលមិននៅជាមួយនឹងយើងនៅថ្ងៃនេះផងដែរ។
១៦ (ព្រោះអ្នករាល់គ្នាដឹងស្រាប់ហើយថាយើងធ្លាប់មានជីវិតយ៉ាងណានៅស្រុកអេហ្ស៊ីប និងយើងឆ្លងកាត់ទឹកដីរបស់ប្រជាជាតិផ្សេងៗតាមរបៀបណានៅតាមផ្លូវ។+
១៧ អ្នករាល់គ្នាក៏ធ្លាប់ឃើញរូបសំណាកនិងរូបព្រះដ៏គួរឲ្យស្អប់ខ្ពើម+ ដែលធ្វើពីឈើពីថ្ម និងពីមាសពីប្រាក់ នៅក្នុងស្រុករបស់ប្រជាជាតិទាំងនោះដែរ)។
១៨ ដូច្នេះ នៅថ្ងៃនេះ ចូរប្រយ័ត្នកុំឲ្យមានបុរសស្ត្រី ឬក្រុមគ្រួសារ ឬកុលសម្ព័ន្ធណាក្នុងចំណោមអ្នករាល់គ្នា បែរចិត្តចេញពីព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ទៅបម្រើព្រះនានារបស់ប្រជាជាតិទាំងនោះជាដាច់ខាត+ ដើម្បីកុំឲ្យមានឫសគល់ដែលបង្កើតផ្លែល្វីងនិងពុលក្នុងចំណោមអ្នករាល់គ្នាឡើយ។+
១៩ «ប៉ុន្តែ ក្នុងចំណោមអ្នកដែលស្ដាប់ពាក្យសម្បថនេះ បើអ្នកណាពោលក្នុងចិត្តដោយអំណួតថា៖ ‹ទោះជាខ្ញុំដើរតាមផ្លូវរបស់ខ្ញុំក្ដី ក៏ខ្ញុំមានសេចក្ដីសុខសាន្តដែរ› នោះអ្វីៗក្នុងផ្លូវគាត់នឹងវិនាសហើយ។
២០ ព្រះយេហូវ៉ានឹងមិនព្រមអភ័យទោសឲ្យគាត់ឡើយ។+ ផ្ទុយទៅវិញ ព្រះយេហូវ៉ាខឹងនឹងគាត់ជាខ្លាំង ហើយបណ្ដាសាទាំងប៉ុន្មានដែលបានត្រូវកត់ទុកក្នុងសៀវភៅនេះ នឹងធ្លាក់ទៅលើគាត់ជាមិនខាន។+ ព្រះយេហូវ៉ានឹងលុបឈ្មោះគាត់ចេញពីផែនដីជាប្រាកដ។
២១ រួចមក ព្រះយេហូវ៉ានឹងញែកគាត់ចេញពីគ្រប់កុលសម្ព័ន្ធនៃអ៊ីស្រាអែល សម្រាប់ឲ្យរងទុក្ខវេទនាស្របតាមបណ្ដាសាទាំងប៉ុន្មានក្នុងកិច្ចព្រមព្រៀង ដែលបានត្រូវកត់ទុកក្នុងសៀវភៅក្រមច្បាប់នេះ។
២២ «ឯកូនចៅជំនាន់ក្រោយនិងជនបរទេសដែលមកពីកន្លែងឆ្ងាយ ពួកគេនឹងឃើញសេចក្ដីវេទនាដែលព្រះយេហូវ៉ាបណ្ដាលឲ្យមានលើទឹកដីនោះ។
២៣ លោកនឹងធ្វើឲ្យមានស្ពាន់ធ័រ អំបិល និងភ្លើង ដើម្បីឲ្យស្រុកទាំងមូលគ្មានការដាំដុះ គ្មានការសាបព្រោះ ឬគ្មានរុក្ខជាតិណាឡើយ។ ព្រះយេហូវ៉ានឹងបំផ្លាញស្រុកនេះដូចជាលោកបំផ្លាញក្រុងសូដុម ក្រុងកូម៉ូរ៉ា+ ក្រុងអាត់ម៉ា និងក្រុងសេបោអីម+ដូច្នោះដែរ ពេលដែលលោកបញ្ចេញកំហឹងដ៏ខ្លាំងរបស់លោក។
២៤ ពួកគេនិងប្រជាជាតិនានានឹងនិយាយថា៖ ‹ម្ដេចក៏ព្រះយេហូវ៉ាធ្វើដូច្នេះទៅលើស្រុកនេះ?+ តើអ្វីបណ្ដាលឲ្យលោកខឹងខ្លាំងដល់ថ្នាក់នេះ?›។
២៥ រួចមក អ្នកទាំងនោះនឹងនិយាយថា៖ ‹នេះគឺដោយសារពួកគេបានបំពានកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ា+ជាព្រះនៃបុព្វបុរសពួកគេ ជាកិច្ចព្រមព្រៀងដែលលោកបានធ្វើជាមួយនឹងពួកគេ កាលដែលលោកបាននាំពួកគេចេញពីស្រុកអេហ្ស៊ីប។+
២៦ ពួកគេបានទៅបម្រើដល់ព្រះឯទៀត ហើយក្រាបគោរពដល់ព្រះទាំងនោះវិញ ជាព្រះដែលពួកគេមិនដែលស្គាល់ពីមុនមកទេ។ លោកបានហាមពួកគេមិនឲ្យគោរពបូជាព្រះទាំងនោះជាដាច់ខាត។+
២៧ ម្ល៉ោះហើយ ព្រះយេហូវ៉ាបានខឹងជាខ្លាំង ហើយលោកនាំឲ្យមានបណ្ដាសាគ្រប់យ៉ាងទៅលើស្រុកនោះ ដូចដែលបានត្រូវកត់ទុកក្នុងសៀវភៅនេះ។+
២៨ ហេតុនេះ ដោយកំហឹងដ៏ខ្លាំងក្រៃលែង+ ព្រះយេហូវ៉ាបានដករំលើងពួកគេចេញពីទឹកដីនេះ ហើយលោកបានបណ្ដេញពួកគេទៅស្រុកផ្សេង ជាស្រុកដែលពួកគេរស់នៅសព្វថ្ងៃ›។+
២៩ «សេចក្ដីអាថ៌កំបាំងជារបស់ព្រះយេហូវ៉ាជាព្រះនៃយើង+ តែលោកបានបើកបង្ហាញឲ្យយើងនិងកូនចៅយើងបានយល់គ្រប់ជំនាន់តទៅ ដើម្បីឲ្យយើងអាចកាន់តាមសេចក្ដីទាំងប៉ុន្មាននៅក្នុងក្រមច្បាប់នេះ។+
កំណត់សម្គាល់
^ នេះសំដៅលើកិច្ចព្រមព្រៀងដែលព្រះយេហូវ៉ាធ្វើតាមរយៈ«ខ្ញុំ»ជាម៉ូសេ