ការបំភ្លឺច្បាប់ ៣:១-២៩

  • ជ័យ​ជម្នះ​លើ​ស្ដេច​អុក​នៃ​ក្រុង​បាសាន (​១​-​៧)

  • ការ​បែង​ចែក​ទឹក​ដី​នៅ​ទិស​ខាង​កើត​ទន្លេយ៉ូដាន់ (​៨​-​២០)

  • យ៉ូស្វេ​បាន​ត្រូវ​ប្រាប់​កុំ​ឲ្យ​ភ័យ​ខ្លាច (​២១, ២២)

  • ម៉ូសេ​មិន​បាន​ចូល​ក្នុង​ស្រុក​ដែល​ព្រះ​សន្យា (​២៣​-​២៩)

 ​«​បន្ទាប់​មក យើង​បាន​ធ្វើ​ដំណើរ​ឡើង​ទៅ​តាម​ផ្លូវ​បាសាន។ ពេល​នោះ ស្ដេច​អុក​នៃ​តំបន់បាសាន​បាន​នាំ​រាស្ត្រ​របស់​គាត់​ទាំង​អស់ ចេញ​មក​ច្បាំង​នឹង​ពួក​យើង​នៅ​ក្រុង​អេទ្រី។+ ២  ម្ល៉ោះ​ហើយ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ‹កុំ​ខ្លាច​ស្ដេច​នោះ​ឡើយ ព្រោះ​ខ្ញុំ​នឹង​ប្រគល់​គាត់​និង​រាស្ត្រ​របស់​គាត់ ព្រម​ទាំង​ស្រុក​របស់​គាត់​ទៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក។ អ្នក​នឹង​ធ្វើ​ទៅ​លើ​គាត់​ដូច​ដែល​អ្នក​បាន​ធ្វើ​ទៅ​លើ​ស៊ីហុន​ជា​ស្ដេច​ជន​ជាតិ​អាម៉ូរី ដែល​រស់​នៅ​ក្រុង​ហែសបូន​ដែរ›។ ៣  ដូច្នេះ ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​បាន​ប្រគល់​ស្ដេច​អុក​នៃ​តំបន់បាសាន និង​បណ្ដា​រាស្ត្រ​របស់​គាត់ មក​ក្នុង​កណ្ដាប់​ដៃ​យើង ហើយ​យើង​បាន​វាយ​ប្រហារ​គាត់​និង​រាស្ត្រ​គាត់ រហូត​ដល់​គ្មាន​អ្នក​ណា​ម្នាក់​រួច​ជីវិត​ឡើយ។ ៤  យើង​បាន​ដណ្ដើម​យក​ក្រុង​ទាំង​ប៉ុន្មាន​របស់​គាត់ គ្មាន​សល់​ក្រុង​ណា​មួយ​ទេ។ យើង​បាន​ចាប់​យក​ក្រុង​ទាំង​៦០​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អាកុប ពោល​គឺ​រាជាណាចក្រ​ទាំង​មូល​របស់​ស្ដេច​អុក​នៃ​តំបន់បាសាន។+ ៥  ក្រុង​ទាំង​នោះ​ជា​ក្រុង​រឹង​មាំ​ដែល​មាន​កំពែង​ខ្ពស់​ៗ​ មាន​ខ្លោង​ទ្វារ និង​រនុក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ យើង​ក៏​បាន​ដណ្ដើម​យក​ក្រុង​តូច​ៗ​មួយ​ចំនួន​ធំ​ដែរ។ ៦  យើង​បាន​បំផ្លាញ​ក្រុង​ទាំង​នោះ+ដូច​យើង​បាន​បំផ្លាញ​បណ្ដា​ក្រុង​របស់​ស្ដេច​ស៊ីហុន​នៃ​ក្រុង​ហែសបូន រួម​ទាំង​បុរស ស្ត្រី និង​កូន​ក្មេង​ដែរ។+ ៧  ប៉ុន្តែ យើង​បាន​រឹប​អូស​យក​របស់​របរ​ទាំង​ប៉ុន្មាន​នៅ​ក្រុង​ទាំង​នោះ ព្រម​ទាំង​ហ្វូង​សត្វ​ទាំង​អស់។ ៨  ​«​នៅ​គ្រា​នោះ យើង​បាន​ដណ្ដើម​យក​ទឹក​ដី​របស់​ស្ដេច​ស្រុក​អាម៉ូរី​ទាំង​ពីរ​រូប+ដែល​រស់​នៅ​តំបន់​ទន្លេយ៉ូដាន់ គឺ​ចាប់​ពី​ជ្រលង​អើណូន​រហូត​ដល់​ភ្នំ​ហឺម៉ូន+ ៩  (​ជន​ជាតិ​ស៊ីដូន​ធ្លាប់​ហៅ​ភ្នំ​នោះ​ថា​ភ្នំ​សៀរាន តែ​ជន​ជាតិ​អាម៉ូរី​ហៅ​ភ្នំ​នោះ​ថា​ភ្នំ​សេនៀ​វិញ​)។ ១០  យើង​បាន​ចាប់​យក​ក្រុង​ទាំង​ឡាយ​ដែល​ស្ថិត​នៅ​តំបន់​ខ្ពង់​រាប តំបន់​គីលាត និង​តំបន់បាសាន​ទាំង​មូល ហើយ​រហូត​ដល់​ក្រុង​សាលកា​និង​ក្រុង​អេទ្រី+ ពោល​គឺ​ក្រុង​ទាំង​អស់​ដែល​ស្ថិត​នៅ​ក្នុង​រាជាណាចក្រ​របស់​ស្ដេច​អុក​នៃ​តំបន់បាសាន។ ១១  ស្ដេច​អុក​នៃ​តំបន់បាសាន​គឺ​ជា​ពួក​រេផែម​ចុង​ក្រោយ​បង្អស់។ មឈូស*របស់​គាត់​ធ្វើ​ពី​ដែក* ដែល​មាន​បណ្ដោយ​៩​ហត្ថ* ទទឹង​៤​ហត្ថ តាម​ប្រវែង​ហត្ថ​ដែល​គេ​ប្រើ​ទូទៅ។ មឈូស​នោះ​មាន​នៅ​ក្រុង​រ៉ាបា​ក្នុង​ទឹក​ដី​អាំម៉ូន​នៅ​ឡើយ។ ១២  នៅ​គ្រា​នោះ យើង​បាន​ដណ្ដើម​យក​ទឹក​ដី​នេះ គឺ​តំបន់​អារ៉ូអ៊ើរ+ដែល​នៅ​ក្បែរ​ជ្រលង​អើណូន និង​តំបន់​ភ្នំ​ពាក់​កណ្ដាល​ក្នុង​ទឹក​ដី​គីលាត។ បណ្ដា​ក្រុង​ដែល​នៅ​តំបន់​ទាំង​នេះ ខ្ញុំ​បាន​ប្រគល់​ឲ្យ​កុលសម្ព័ន្ធ​រូបេន និង​កុលសម្ព័ន្ធ​កាដ​រួច​ហើយ។+ ១៣  ឯ​ទឹក​ដី​គីលាត​ដែល​នៅ​សល់ និង​តំបន់បាសាន​ទាំង​មូល​ក្នុង​រាជាណាចក្រ​របស់​ស្ដេច​អុក ខ្ញុំ​បាន​ប្រគល់​ទាំង​អស់​ឲ្យ​ដល់​ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណាសេ។+ ទឹក​ដី​អាកុប​ទាំង​មូល ដែល​នៅ​ក្នុង​តំបន់បាសាន គេ​ធ្លាប់​ស្គាល់​ថា​ជា​ទឹក​ដី​របស់​ពួក​រេផែម។ ១៤  ​«​យ៉ាអៀ+ជា​កូន​ចៅ​ម៉ាណាសេ​បាន​ទទួល​ទឹក​ដី​អាកុប​ទាំង​មូល+ រហូត​ដល់​ព្រំ​ប្រទល់​ទឹក​ដី​របស់​ពួក​កេសឺ និង​ពួក​ម៉ាអាកាត។+ គាត់​បាន​ដាក់​ឈ្មោះ​ភូមិ​ដែល​នៅ​ក្នុង​តំបន់បាសាន​តាម​ឈ្មោះ​របស់​គាត់ គឺ​ហាវ៉ុតយ៉ាអៀ។*+ គេ​ក៏​បាន​ហៅ​ឈ្មោះ​នោះ​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ១៥  បន្ថែម​ទៅ​ទៀត ខ្ញុំ​បាន​ប្រគល់​តំបន់​គីលាត​ឲ្យ​ម៉ាគា។+ ១៦  ខ្ញុំ​បាន​ប្រគល់​ទឹក​ដី​ដល់​កុលសម្ព័ន្ធ​រូបេន​និង​កុលសម្ព័ន្ធ​កាដ+ ចាប់​ពី​តំបន់​គីលាត​ដល់​ជ្រលង​អើណូន ​(​ពាក់​កណ្ដាល​ជ្រលង​នោះ​គឺ​ជា​ព្រំ​ប្រទល់​) ហើយ​ដល់​ជ្រលង​យ៉ាបុក​ដែល​ជា​ព្រំ​ប្រទល់​ទឹក​ដី​របស់​ជន​ជាតិ​អាំម៉ូន ១៧  ហើយ​ដល់​តំបន់​អារ៉ាបា និង​ដល់​ទន្លេយ៉ូដាន់​ដែល​ជា​ព្រំ​ប្រទល់ ហើយ​ចាប់​ពី​សមុទ្រ​គីនេរ៉េត​ដល់​សមុទ្រ​អារ៉ាបា​ដែល​ជា​សមុទ្រ​អំបិល* នៅ​ឯ​ជើង​ភ្នំ​ពីសកា​នៅ​ទិស​ខាង​កើត។+ ១៨  ​«​បន្ទាប់​មក ខ្ញុំ​បាន​បង្គាប់​កុលសម្ព័ន្ធ​ពីរ​និង​កុលសម្ព័ន្ធ​ពាក់​កណ្ដាល​ទៀត​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​អ្នក​រាល់​គ្នា​ទុក​ជា​មត៌ក​ហើយ។ ដូច្នេះ ចូរ​ឲ្យ​ពួក​បុរស​ពូកែ​អង់អាច​របស់​អ្នក​រាល់​គ្នា​ប្រដាប់​អាវុធ ហើយ​ឆ្លង​នៅ​មុខ​បណ្ដា​ជន​អ៊ីស្រាអែល​ជា​បង​ប្អូន​អ្នក​រាល់​គ្នា​ចុះ។+ ១៩  ប៉ុន្តែ អ្នក​រាល់​គ្នា​ត្រូវ​ទុក​ប្រពន្ធ​កូន​និង​ហ្វូង​សត្វ​នៅ​ក្នុង​បណ្ដា​ក្រុង​ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ។ ខ្ញុំ​ដឹង​ហើយ​ថា​អ្នក​រាល់​គ្នា​មាន​ហ្វូង​សត្វ​យ៉ាង​ច្រើន​សន្ធឹក។ ២០  ពេល​ណា​ព្រះ​យេហូវ៉ា​ប្រគល់​ទឹក​ដី​នៅ​ត្រើយ​ទន្លេយ៉ូដាន់​ឲ្យ​ដល់​បង​ប្អូន​អ្នក​រាល់​គ្នា​ហើយ ដូច​ព្រះ​យេហូវ៉ា​ឲ្យ​ដល់​អ្នក​រាល់​គ្នា ពេល​នោះ​អ្នក​រាល់​គ្នា​អាច​ត្រឡប់​មក​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​វិញ​បាន›។+ ២១  ​«​នៅ​គ្រា​នោះ ខ្ញុំ​បាន​ប្រាប់​យ៉ូស្វេ​ថា​៖+ ‹អ្នក​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ហើយ​ថា ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ធ្វើ​យ៉ាង​ណា​ចំពោះ​ស្ដេច​ទាំង​ពីរ​រូប​នោះ។ ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ដូច​នោះ​ដែរ​ចំពោះ​រាជាណាចក្រ​ទាំង​អស់ ដែល​អ្នក​នឹង​ឆ្លង​ចូល​ទៅ។+ ២២  អ្នក​មិន​ត្រូវ​ខ្លាច​ពួក​គេ​ទេ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក លោក​នឹង​ច្បាំង​ជំនួស​អ្នក›។+ ២៣  ​«​នៅ​ពេល​នោះ ខ្ញុំ​បាន​អង្វរ​ព្រះ​យេហូវ៉ា​ថា​៖ ២៤  ‹ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្តម​បំផុត​អើយ! លោក​បាន​ចាប់​ផ្ដើម​បង្ហាញ​ភាព​ឧត្តុង្គឧត្តម​និង​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា+ឲ្យ​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​បាន​ឃើញ ព្រោះ​គ្មាន​ព្រះ​ណា​នៅ​ស្ថាន​សួគ៌​ឬ​នៅ​ផែនដី អាច​ធ្វើ​ការ​អស្ចារ្យ​ដូច​លោក​បាន​ទេ។+ ២៥  សូម​លោក​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ឆ្លង​ទន្លេយ៉ូដាន់​ចូល​ទៅ​មើល​តំបន់​ភ្នំ និង​តំបន់​លីបង់​ក្នុង​ទឹក​ដី​ដ៏​ស្រស់​ស្អាត​នេះ​ផង›។+ ២៦  ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​ព្រម​ធ្វើ​តាម​សំណូម​ពរ​ខ្ញុំ​ទេ ព្រោះ​លោក​នៅ​ខឹង​នឹង​ខ្ញុំ​ដោយ​សារ​តែ​អ្នក​រាល់​គ្នា។+ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹បាន​ហើយ! កុំ​លើក​រឿង​នេះ​មក​និយាយ​ទៀត។ ២៧  ចូរ​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ពីសកា+ ហើយ​មើល​ទៅ​ទិស​ខាង​លិច ខាង​ជើង ខាង​ត្បូង និង​ខាង​កើត​ចុះ។ អ្នក​នឹង​ឃើញ​ស្រុក​នោះ តែ​អ្នក​នឹង​មិន​បាន​ឆ្លង​ទន្លេយ៉ូដាន់​ទេ។+ ២៨  អ្នក​ត្រូវ​តែង​តាំង​យ៉ូស្វេ+ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ ហើយ​លើក​ទឹក​ចិត្ត​គាត់ ព្រម​ទាំង​ពង្រឹង​កម្លាំង​ចិត្ត​គាត់​ដែរ ព្រោះ​គាត់​នឹង​នាំ​បណ្ដា​ជន​នេះ​ឆ្លង​ទន្លេយ៉ូដាន់+ ហើយ​ជួយ​ពួក​គេ​ចាប់​យក​ទឹក​ដី​ដែល​អ្នក​នឹង​ឃើញ​នោះ​ទុក​ជា​មត៌ក›។ ២៩  នេះ​បាន​កើត​ឡើង​កាល​ដែល​យើង​ស្នាក់​នៅ​ត្រង់​ជ្រលង​ភ្នំ​ទល់​មុខ​បេតពេអរ។+

កំណត់សម្គាល់

ឬ​«​មឈូស​ថ្ម​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ថ្ម​ខ្មៅ​»​
មួយ​ហត្ថ​ស្មើ​នឹង​៤៤,៥​សង់ទីម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
មាន​ន័យ​ថា​«​ភូមិ​ត្រសាល​យ៉ាអៀ​»​
នេះ​សំដៅ​លើ​សមុទ្រ​ស្លាប់