ការបំភ្លឺច្បាប់ ៣១:១-៣០

  • ម៉ូសេ​ហៀបនឹង​ស្លាប់ (​១​-​៨)

  • ការ​អាន​ក្រឹត្យ​វិន័យ​ព្រះ​ជា​សាធារណៈ (​៩​-​១៣)

  • យ៉ូស្វេ​បាន​ត្រូវ​តែង​តាំង (​១៤, ១៥)

  • ការ​ប្រកាស​ទុក​ជា​មុន​អំពី​ការ​បះ​បោរ​ប្រឆាំង (​១៦​-​៣០)

    • ចម្រៀង​សម្រាប់​បង្រៀន​ជន​ជាតិ​អ៊ីស្រាអែល (​១៩, ២២, ៣០)

៣១  ក្រោយ​នោះ ម៉ូសេ​បាន​ចេញ​ទៅ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់ ២  នូវ​ពាក្យ​ដូច​ត​ទៅ​ថា​៖ ​«​ថ្ងៃ​នេះ​ខ្ញុំ​មាន​អាយុ​១២០​ឆ្នាំ​ហើយ+ ខ្ញុំ​មិន​អាច​ដឹក​នាំ​អ្នក​រាល់​គ្នា​ទៀត​ទេ ព្រោះ​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ខ្ញុំ​ថា​៖ ‹អ្នក​មិន​អាច​ឆ្លង​ទន្លេយ៉ូដាន់​នេះ​ឡើយ›។+ ៣  ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នឹង​ឆ្លង​នាំ​មុខ​អ្នក​រាល់​គ្នា ហើយ​លោក​នឹង​បំផ្លាញ​ប្រជា​ជាតិ​នា​នា​ដែល​នៅ​មុខ​អ្នក​រាល់​គ្នា រួច​អ្នក​រាល់​គ្នា​នឹង​បណ្ដេញ​ពួក​គេ​ចេញ។+ ឯ​យ៉ូស្វេ​វិញ គាត់​នឹង​នាំ​មុខ​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេយ៉ូដាន់​នេះ+ តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។ ៤  ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ទៅ​លើ​ប្រជា​ជាតិ​ទាំង​នេះ ដូច​លោក​បាន​ធ្វើ​ទៅ​លើ​ស៊ីហុន+និង​អុក+ជា​ស្ដេច​ជន​ជាតិ​អាម៉ូរី ព្រម​ទាំង​ទៅ​លើ​ស្រុក​របស់​ពួក​គេ​ដែរ កាល​ដែល​លោក​បំផ្លាញ​ពួក​គេ។+ ៥  ព្រះ​យេហូវ៉ា​នឹង​ច្បាំង​ជា​មួយ​ពួក​គេ​ជំនួស​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ទៅ​លើ​ពួក​គេ​ស្រប​តាម​ការ​ណែនាំ​ក្នុង​ក្រម​ច្បាប់​ដែល​ខ្ញុំ​បាន​ឲ្យ​ដល់​អ្នក​រាល់​គ្នា។+ ៦  ចូរ​មាន​ចិត្ត​ក្លាហាន​ហើយ​ខ្លាំង​ក្លា​ឡើង។+ កុំ​ភ័យ​ខ្លាច​ឬ​តក់​ស្លុត​នៅ​ចំពោះ​មុខ​ពួក​គេ​ឡើយ+ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា លោក​ទៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ហើយ។ លោក​មិន​ទុក​អ្នក​រាល់​គ្នា​ចោល​ទេ ហើយ​ក៏​មិន​បោះ​បង់​អ្នក​រាល់​គ្នា​ដែរ​»។+ ៧  បន្ទាប់​មក ម៉ូសេ​បាន​ហៅ​យ៉ូស្វេ​មក​ជួប ហើយ​និយាយ​ទៅ​កាន់​គាត់​នៅ​មុខ​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ថា​៖ ​«​ចូរ​មាន​ចិត្ត​ក្លាហាន​ហើយ​ខ្លាំង​ក្លា​ឡើង+ ព្រោះ​អ្នក​នឹង​នាំ​មុខ​បណ្ដា​ជន​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ​យេហូវ៉ា​បាន​ស្បថ​ឲ្យ​ដល់​បុព្វ​បុរស​យើង ហើយ​អ្នក​ត្រូវ​ប្រគល់​ទឹក​ដី​នោះ​ដល់​ពួក​គេ​ទុក​ជា​មត៌ក។+ ៨  ព្រះ​យេហូវ៉ា​នឹង​នាំ​មុខ​អ្នក លោក​នឹង​នៅ​ជា​មួយ​អ្នក​ជា​និច្ច។+ លោក​នឹង​មិន​ទុក​អ្នក​ចោល​ទេ ហើយ​ក៏​មិន​បោះ​បង់​អ្នក​ដែរ។ ដូច្នេះ កុំ​ភ័យ​ខ្លាច​ឬ​តក់​ស្លុត​ឡើយ​»។+ ៩  ក្រោយ​មក ម៉ូសេ​បាន​កត់​ទុក​ក្រម​ច្បាប់​នេះ+ រួច​ប្រគល់​ដល់​ពួក​សង្ឃ និង​ពួក​លេវីដែល​ជា​អ្នក​សែង​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា ព្រម​ទាំង​ដល់​ពួក​បុរស​ចាស់​ទុំ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់។ ១០  បន្ទាប់​មក ម៉ូសេ​បង្គាប់​ពួក​គេ​ថា​៖ ​«​នៅ​រៀង​រាល់​ចុង​ឆ្នាំ​ទី​៧ នា​គ្រា​កំណត់​ក្នុង​ឆ្នាំ​នៃ​ការ​ដោះ​លែង+ គឺ​ក្នុង​អំឡុង​ពេល​បុណ្យ​ខ្ទម*+ ១១  ពេល​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ​យេហូវ៉ា+ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា នៅ​កន្លែង​ដែល​លោក​ជ្រើស​រើស នោះ​អ្នក​រាល់​គ្នា​ត្រូវ​អាន​ក្រម​ច្បាប់​នេះ​ឲ្យ​បណ្ដា​ជន​ទាំង​អស់​ស្ដាប់។+ ១២  ចូរ​ប្រមូល​បណ្ដា​ជន​ទាំង​អស់​ឲ្យ​មក​ជួប​ជុំ​គ្នា+ គឺ​ទាំង​បុរស ទាំង​ស្ត្រី ទាំង​កូន​ក្មេង និង​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​បណ្ដា​ក្រុង​របស់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ពួក​គេ​អាច​ស្ដាប់​និង​រៀន​អំពី​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ហើយ​កោត​ខ្លាច​លោក និង​ដើម្បី​ឲ្យ​ពួក​គេ​កាន់​ខ្ជាប់​តាម​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​មាន​ក្នុង​ក្រម​ច្បាប់​នេះ។ ១៣  យ៉ាង​នេះ កូន​ចៅ​របស់​ពួក​គេ​ដែល​មិន​ស្គាល់​ក្រម​ច្បាប់​នេះ នឹង​អាច​ស្ដាប់+ហើយ​រៀន​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា នៅ​គ្រប់​វេលា​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេយ៉ូដាន់​ចូល​ទៅ​ចាប់​យក​នោះ​»។+ ១៤  បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថា​៖ ​«​មើល! ជិត​ដល់​ពេល​ដែល​អ្នក​ត្រូវ​ស្លាប់​ហើយ។+ ចូរ​ហៅ​យ៉ូស្វេ​មក ហើយ​អ្នក​និង​គាត់​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​នៅ​ឯ​ត្រសាល​ជំនុំ ដើម្បី​ឲ្យ​ខ្ញុំ​តែង​តាំង​គាត់​»។+ ដូច្នេះ ម៉ូសេ​និង​យ៉ូស្វេ​ក៏​ទៅ​បង្ហាញ​ខ្លួន​នៅ​ឯ​ត្រសាល​ជំនុំ​តាម​បង្គាប់​លោក។ ១៥  ពេល​នោះ ព្រះ​យេហូវ៉ា​បាន​លេច​មក​នៅ​ឯ​ត្រសាល​ជំនុំ​ក្នុង​បង្គោល​ពពក ហើយ​បង្គោល​ពពក​នោះ​ស្ថិត​នៅ​ឯ​មាត់​ទ្វារ​ត្រសាល​ជំនុំ។+ ១៦  ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​៖ ​«​មើល! អ្នក​ហៀបនឹង​ស្លាប់​ហើយ។ ក្រោយ​មក បណ្ដា​ជន​នេះ​នឹង​ចាប់​ផ្ដើម​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់* ដោយ​គោរព​បូជា​ដល់​ព្រះ​របស់​ពួក​អ្នក​ស្រុក​ដែល​នៅ​ជុំ​វិញ​ពួក​គេ ជា​ស្រុក​ដែល​ពួក​គេ​នឹង​ចូល​ទៅ​រស់​នៅ​នោះ។+ ពួក​គេ​នឹង​បោះ​បង់​ចោល​ខ្ញុំ+ ហើយ​ថែម​ទាំង​បំពាន​កិច្ច​ព្រម​ព្រៀង​ដែល​ខ្ញុំ​បាន​ធ្វើ​ជា​មួយ​នឹង​ពួក​គេ​ទៀត​ផង។+ ១៧  នៅ​គ្រា​នោះ ខ្ញុំ​នឹង​បញ្ចេញ​កំហឹង​ទៅ​លើ​ពួក​គេ+ ហើយ​ខ្ញុំ​នឹង​បោះ​បង់​ចោល​ពួក​គេ+ ព្រម​ទាំង​បែរ​មុខ​ចេញ​ពី​ពួក​គេ+ រហូត​ដល់​ពួក​គេ​ត្រូវ​បំផ្លាញ​ចោល​អស់​ទៅ។ ក្រោយ​ពី​ពួក​គេ​រង​ទុក្ខ​វេទនា​និង​មាន​សេចក្ដី​លំបាក​ជា​ច្រើន+ ពួក​គេ​នឹង​នាំ​គ្នា​និយាយ​ថា​៖ ‹យើង​មាន​សេចក្ដី​វេទនា​បែប​នេះ គឺ​ដោយ​សារ​តែ​ព្រះ​របស់​យើង​មិន​នៅ​ជា​មួយ​នឹង​យើង មែន​ទេ?›។+ ១៨  ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​បែរ​មុខ​ចេញ​ពី​ពួក​គេ​ដដែល ព្រោះ​តែ​អំពើ​ទុច្ចរិត​សព្វ​បែប​យ៉ាង​ដែល​ពួក​គេ​បាន​ធ្វើ កាល​ដែល​ពួក​គេ​គោរព​តាម​ព្រះ​ឯ​ទៀត។+ ១៩  ​«​ឥឡូវ ចូរ​កត់​ចម្រៀង​នេះ​ទុក​សម្រាប់​ខ្លួន+ ហើយ​បង្រៀន​ដល់​បណ្ដា​ជន​អ៊ីស្រាអែល។+ ចូរ​ឲ្យ​ពួក​គេ​រៀន​ចម្រៀង​នេះ ព្រោះ​ចម្រៀង​នេះ​នឹង​រំលឹក​ពួក​គេ​ថា​ការ​មិន​ស្ដាប់​បង្គាប់​ខ្ញុំ​នឹង​មាន​លទ្ធផល​យ៉ាង​ណា។+ ២០  កាល​ណា​ខ្ញុំ​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​បាន​ស្បថ​នឹង​បុព្វ​បុរស​របស់​ពួក​គេ+ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ​និង​ទឹក​ឃ្មុំ​សម្បូរ​ហូរហៀរ+ ហើយ​កាល​ណា​ពួក​គេ​បរិភោគ​ឆ្អែត​ស្កប់​ស្កល់​និង​មាន​ភាព​ចម្រុង​ចម្រើន​ហើយ+ នោះ​ពួក​គេ​នឹង​បែរ​ទៅ​រក​ព្រះ​ឯ​ទៀត ថែម​ទាំង​បម្រើ​ព្រះ​ទាំង​នោះ​វិញ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​នឹង​ប្រព្រឹត្ត​ដោយ​មិន​គោរព​ចំពោះ​ខ្ញុំ ថែម​ទាំង​បំពាន​កិច្ច​ព្រម​ព្រៀង​របស់​ខ្ញុំ​ទៀត​ផង។+ ២១  ពេល​ដែល​ពួក​គេ​ជួប​ទុក្ខ​វេទនា​និង​ការ​លំបាក​ជា​ច្រើន+ ចម្រៀង​នេះ​នឹង​រំលឹក​ពួក​គេ​អំពី​ការ​ព្រមាន​របស់​ខ្ញុំ (​កូន​ចៅ​របស់​ពួក​គេ​មិន​ត្រូវ​ភ្លេច​ចម្រៀង​នេះ​ឡើយ​)។ ព្រោះ​ខ្ញុំ​ដឹង​រួច​ហើយ​ថា​ពួក​គេ​មាន​ទំនោរ​ចិត្ត​បែប​ណា+ សូម្បី​តែ​មុន​ពេល​ខ្ញុំ​នាំ​ពួក​គេ​ចូល​ក្នុង​ស្រុក​ដែល​ខ្ញុំ​បាន​សន្យា​ទៅ​ទៀត​»។ ២២  ដូច្នេះ នៅ​ថ្ងៃ​នោះ​ឯង​ម៉ូសេ​បាន​កត់​ទុក​ចម្រៀង​នោះ ហើយ​បង្រៀន​ដល់​បណ្ដា​ជន​អ៊ីស្រាអែល។ ២៣  បន្ទាប់​មក លោក*បាន​តែង​តាំង​យ៉ូស្វេ+ដែល​ជា​កូន​នុន ហើយ​ប្រាប់​ថា​៖ ​«​ចូរ​មាន​ចិត្ត​ក្លាហាន​ហើយ​ខ្លាំង​ក្លា​ឡើង+ ព្រោះ​អ្នក​នឹង​នាំ​មុខ​បណ្ដា​ជន​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​បាន​ស្បថ​ឲ្យ​ដល់​ពួក​គេ+ ហើយ​ខ្ញុំ​នឹង​នៅ​ជា​មួយ​នឹង​អ្នក​ជា​និច្ច​»។ ២៤  ក្រោយ​ពី​ម៉ូសេ​កត់​ទុក​ក្រម​ច្បាប់​នេះ​ក្នុង​សៀវភៅ​រួច​រាល់​ហើយ+ ២៥  គាត់​បាន​បង្គាប់​ពួក​លេវីដែល​សែង​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ាថា​៖  ២៦  ​«​ចូរ​យក​សៀវភៅ​ច្បាប់​នេះ+ទៅ​ដាក់​នៅ​ក្បែរ​ហឹប+នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា​ទៅ ហើយ​វា​នឹង​ធ្វើ​ជា​សាក្សី​ទាស់​នឹង​អ្នក​រាល់​គ្នា។ ២៧  ព្រោះ​ខ្ញុំ​ដឹង​ថា​អ្នក​រាល់គ្នាជា​មនុស្ស​បះ​បោរ​ប្រឆាំង+និង​រឹង​រូស​ខ្លាំង​ណាស់។+ មើល! កាល​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​នៅ​ឡើយ អ្នក​រាល់​គ្នា​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា​ប៉ុណ្ណឹង​ហើយ ចុះ​ទម្រាំ​ដល់​ពេល​ខ្ញុំ​ស្លាប់​អ្នក​រាល់​គ្នា​នឹង​បះ​បោរ​ប្រឆាំង​ខ្លាំង​យ៉ាង​ណា​ទៅ! ២៨  ចូរ​ហៅ​ពួក​បុរស​ចាស់​ទុំ​ទាំង​អស់​ពី​គ្រប់​កុលសម្ព័ន្ធ រួម​ទាំង​ពួក​មេ​ដឹក​នាំ​ឲ្យ​មក​ជួប​ខ្ញុំ។ ខ្ញុំ​នឹង​ប្រាប់​ពាក្យ​ទាំង​នេះ​ដល់​ពួក​គេ ហើយ​ខ្ញុំ​នឹង​យក​មេឃ​និង​ដី​ធ្វើ​ជា​សាក្សី​ទាស់​នឹង​ពួក​គេ។+ ២៩  ព្រោះ​ខ្ញុំ​ដឹង​ហើយ​ថា ក្រោយ​ពី​ខ្ញុំ​ស្លាប់​ទៅ​អ្នក​រាល់​គ្នា​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ជាក់​ជា​មិន​ខាន។+ អ្នក​រាល់​គ្នា​នឹង​បែរ​ចេញ​ពី​ផ្លូវ​ដែល​ខ្ញុំ​បាន​បង្រៀន​អ្នក​រាល់​គ្នា។ នៅ​ថ្ងៃ​មុខ​អ្នក​រាល់​គ្នា​នឹង​ជួប​ទុក្ខ​វេទនា+ ព្រោះ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​លោក​ខឹង​តាម​រយៈ​ការ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ទៀត​ផង​»។ ៣០  ក្រោយ​ពី​ពួក​ជំនុំ​អ៊ីស្រាអែល​ទាំង​មូល​ជួប​ជុំ​គ្នា​ហើយ ម៉ូសេ​ក៏​ប្រាប់​ពាក្យ​ពេចន៍​ក្នុង​ចម្រៀង​នេះ​ដល់​ពួក​គេ​ពី​ដើម​រហូត​ដល់​ចប់។ ចម្រៀង​នេះ​មាន​ដូច​ត​ទៅ​៖+

កំណត់សម្គាល់

ឬ​«​ជម្រក​បណ្ដោះ​អាសន្ន​»​
ឬ​«​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»។ មើល​និយម​ន័យ​ពាក្យ​«​ស្រី​ពេស្យា​»​
តាម​មើល​ទៅ​នេះ​សំដៅ​លើ​ព្រះ