ការបំភ្លឺច្បាប់ ៣៤:១-១២

  • ព្រះ​យេហូវ៉ា​បង្ហាញ​ម៉ូសេ​នូវ​ស្រុក​ដែល​លោក​សន្យា (​១​-​៤)

  • សេចក្ដី​ស្លាប់​របស់​ម៉ូសេ (​៥​-​១២)

៣៤  បន្ទាប់​មក ម៉ូសេ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​តំបន់​វាល​ម៉ូអាប់ ឡើង​ទៅ​ភ្នំ​នេបូរ+ ទៅ​ឯ​កំពូល​ពីសកា+ដែល​នៅ​ទល់​មុខ​ក្រុង​យេរីខូ។+ នៅ​ទី​នោះ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ទឹក​ដី​ទាំង​មូល​ឲ្យ​គាត់​ឃើញ ចាប់​ពី​តំបន់​គីលាត​រហូត​ដល់​ទឹក​ដី​របស់​កុលសម្ព័ន្ធ​ដាន់+ ២  ព្រម​ទាំង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​ណែបថាលី ទឹក​ដី​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម​និង​ម៉ាណាសេ រួម​ទាំង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​យូដា រហូត​ដល់​សមុទ្រ​មេឌីទែរ៉ានេ+ ៣  និង​តំបន់​ណេកេប+ តំបន់​ទន្លេយ៉ូដាន់+ តំបន់​វាល​ទំនាប​យេរីខូ​ជា​ក្រុង​នៃ​ដើម​លម៉ើ ហើយ​រហូត​ដល់​សូអា។+ ៤  រួច​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​៖ ​«​នេះ​ជា​ស្រុក​ដែល​ខ្ញុំ​បាន​ស្បថ​នឹង​អាប្រាហាំ អ៊ីសាក និង​យ៉ាកុប​ថា​៖ ‹ខ្ញុំ​នឹង​ប្រគល់​ទឹក​ដី​នេះ​ដល់​កូន​ចៅ​អ្នក›។+ ឥឡូវ​ខ្ញុំ​ឲ្យ​អ្នក​ឃើញ​ដោយ​ផ្ទាល់​ភ្នែក តែ​អ្នក​នឹង​មិន​អាច​ឆ្លង​ចូល​ទៅ​ទី​នោះ​បាន​ទេ​»។+ ៥  ក្រោយ​មក ម៉ូសេ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា បាន​ស្លាប់​នៅ​ក្នុង​ស្រុក​ម៉ូអាប់ ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍។+ ៦  លោក*បាន​បញ្ចុះ​សព​គាត់​ក្នុង​ជ្រលង​មួយ​នៅ​ស្រុក​ម៉ូអាប់ ទល់​មុខ​បេតពេអរ។ រហូត​មក​ដល់​សព្វ​ថ្ងៃ គ្មាន​អ្នក​ណា​ម្នាក់​ដឹង​ថា​ផ្នូរ​របស់​គាត់​នៅ​ឯ​ណា​ទេ។+ ៧  ម៉ូសេ​បាន​ស្លាប់​កាល​ដែល​គាត់​មាន​អាយុ​១២០​ឆ្នាំ+ ភ្នែក​គាត់​មិន​បាន​ខ្សោយ​ទេ ហើយ​កម្លាំង​របស់​គាត់​ក៏​មិន​បាន​ចុះ​ថយ​ដែរ។ ៨  បណ្ដា​ជន​អ៊ីស្រាអែល​បាន​យំ​ស្រណោះ​នឹង​ម៉ូសេ​អស់​រយៈ​ពេល​៣០​ថ្ងៃ+ នៅ​តំបន់​វាល​ស្រុក​ម៉ូអាប់។ រួច​គ្រា​យំ​កាន់​ទុក្ខ​គាត់​ក៏​ចប់​សព្វ​គ្រប់។ ៩  ឯ​យ៉ូស្វេ​ជា​កូន​នុន​វិញ គាត់​ពេញ​ទៅ​ដោយ​ប្រាជ្ញា​ដែល​មក​ពី​ឫទ្ធានុភាព​របស់​ព្រះ ព្រោះ​ម៉ូសេ​បាន​ដាក់​ដៃ​លើ​គាត់។+ ដូច្នេះ បណ្ដា​ជន​អ៊ីស្រាអែល​ក៏​ចាប់​ផ្ដើម​ស្ដាប់​គាត់ ហើយ​ពួក​គេ​ធ្វើ​តាម​គ្រប់​ទាំង​បង្គាប់​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ម៉ូសេ។+ ១០  តាំង​ពី​ពេល​នោះ​មក មិន​ដែល​មាន​អ្នក​ប្រកាស​ទំនាយ​ណា​ម្នាក់​ក្នុង​បណ្ដា​ជន​អ៊ីស្រាអែល​ដូច​ជា​ម៉ូសេ+ដែល​ព្រះ​យេហូវ៉ា​បាន​ស្គាល់​គាត់​យ៉ាង​ច្បាស់*នោះ​ទេ។+ ១១  ព្រោះ​ព្រះ​យេហូវ៉ា​បាន​ចាត់​គាត់​ឲ្យ​ទៅ​ធ្វើ​អព្ភូតហេតុ​និង​សញ្ញា​សម្គាល់​ទាំង​ប៉ុន្មាន​ទៅ​លើ​ផារ៉ូ និង​អ្នក​បម្រើ​ផារ៉ូ ព្រម​ទាំង​ទៅ​លើ​ស្រុក​អេហ្ស៊ីប​ទាំង​មូល។+ ១២  បន្ថែម​ទៅ​ទៀត ម៉ូសេ​ក៏​បាន​បង្ហាញ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​និង​ការ​អស្ចារ្យ​នៅ​ចំពោះ​មុខ​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ដែរ។+

កំណត់សម្គាល់

តាម​មើល​ទៅ​នេះ​សំដៅ​លើ​ព្រះ
ន័យ​ត្រង់​«​ប្រទល់​មុខ​»​