ការបំភ្លឺច្បាប់ ៩:១-២៩
៩ «ឱប្រជាជាតិអ៊ីស្រាអែលអើយ! ចូរស្ដាប់ចុះ! ថ្ងៃនេះ អ្នករាល់គ្នានឹងឆ្លងទន្លេយ៉ូដាន់+ចូលទៅបណ្ដេញប្រជាជាតិធំជាងនិងខ្លាំងពូកែជាងអ្នករាល់គ្នា+ ហើយចាប់យកក្រុងធំៗ ដែលមានកំពែងរឹងមាំខ្ពស់ដល់មេឃ។+
២ ពួកគេជាពួកអេណាគីម+ ដែលមានមាឌធំខ្ពស់ ដូចដែលអ្នករាល់គ្នាធ្លាប់ដឹងឮហើយថា៖ ‹តើអ្នកណាអាចតតាំងជាមួយនឹងកូនចៅអេណាក់បាន?›។
៣ នៅថ្ងៃនេះ ចូរអ្នករាល់គ្នាដឹងថាព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងឆ្លងទៅមុនអ្នករាល់គ្នា។+ លោកប្រៀបដូចជាភ្លើងឆេះសន្ធោសន្ធៅ+ ហើយលោកនឹងបំផ្លាញពួកគេ។ លោកនឹងបង្ក្រាបពួកគេនៅមុខអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចបណ្ដេញពួកគេចេញយ៉ាងឆាប់រហ័ស ហើយកម្ទេចពួកគេចោល ដូចដែលព្រះយេហូវ៉ាបានសន្យានឹងអ្នករាល់គ្នាហើយ។+
៤ «ពេលព្រះយេហូវ៉ាបណ្ដេញពួកគេចេញពីមុខអ្នករាល់គ្នា ចូរកុំគិតក្នុងចិត្តថា៖ ‹ព្រះយេហូវ៉ាបាននាំយើងមកចាប់យកទឹកដីរបស់ពួកគេ គឺដោយសារយើងជាមនុស្សសុចរិត›។+ ប៉ុន្តែ គឺដោយសារតែអំពើទុច្ចរិតរបស់ប្រជាជាតិទាំងនោះទៅវិញទេ+ ដែលព្រះយេហូវ៉ាបានបណ្ដេញពួកគេចេញពីមុខអ្នករាល់គ្នា។
៥ អ្នករាល់គ្នាអាចចូលទៅដណ្ដើមយកស្រុករបស់ពួកគេបាន មិនមែនដោយសារអ្នករាល់គ្នាជាមនុស្សសុចរិត ឬមានចិត្តទៀងត្រង់ឡើយ តែគឺដោយសារអំពើទុច្ចរិតរបស់ប្រជាជាតិទាំងនោះទេ ដែលព្រះយេហូវ៉ាបានបណ្ដេញពួកគេចេញពីមុខអ្នករាល់គ្នា។+ ម្យ៉ាងទៀត ព្រះយេហូវ៉ាធ្វើដូច្នេះដើម្បីបំពេញតាមពាក្យសម្បថដែលលោកបានស្បថនឹងអាប្រាហាំ+ អ៊ីសាក+ និងយ៉ាកុប+ដែលជាបុព្វបុរសរបស់អ្នករាល់គ្នា។
៦ ចូរដឹងថា ព្រះយេហូវ៉ាប្រគល់ទឹកដីដ៏ល្អនោះឲ្យអ្នករាល់គ្នាទុកជាមត៌ក មិនមែនដោយសារសេចក្ដីសុចរិតរបស់អ្នករាល់គ្នាទេ ព្រោះអ្នករាល់គ្នាជាមនុស្សរឹងរូសណាស់។+
៧ «ចូរចាំជានិច្ចនូវអ្វីដែលអ្នករាល់គ្នាបានធ្វើដែលនាំឲ្យព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាខឹងយ៉ាងខ្លាំង កាលដែលនៅតំបន់ស្ងាត់ជ្រងំ។+ តាំងពីថ្ងៃដែលអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីបរហូតមកដល់កន្លែងនេះ អ្នករាល់គ្នាតែងតែបះបោរប្រឆាំងនឹងព្រះយេហូវ៉ាជានិច្ច។+
៨ នៅភ្នំហូរែប អ្នករាល់គ្នាបានធ្វើឲ្យព្រះយេហូវ៉ាខឹងខ្លាំងណាស់ រហូតដល់ព្រះយេហូវ៉ាហៀបនឹងបំផ្លាញអ្នករាល់គ្នាចោលទៀតផង។+
៩ ពេលខ្ញុំឡើងទៅលើភ្នំដើម្បីទទួលបន្ទះថ្ម+ ដែលមានកិច្ចព្រមព្រៀងរវាងព្រះយេហូវ៉ានិងអ្នករាល់គ្នា+ ខ្ញុំបានស្នាក់នៅលើភ្នំនោះអស់រយៈពេល៤០ថ្ងៃ៤០យប់+ ដោយមិនបានបរិភោគអាហារឬផឹកទឹកឡើយ។
១០ បន្ទាប់មក ព្រះយេហូវ៉ាបានប្រគល់បន្ទះថ្មពីរផ្ទាំងមកឲ្យខ្ញុំ ជាបន្ទះថ្មដែលលោកបានចារឹកដោយម្រាមដៃលោក។ លើបន្ទះថ្មនោះមានពាក្យទាំងអស់ដែលព្រះយេហូវ៉ាបានមានប្រសាសន៍ពីក្នុងភ្លើងមកកាន់អ្នករាល់គ្នានៅលើភ្នំ គឺនៅថ្ងៃដែលអ្នករាល់គ្នាបានមកជួបជុំគ្នា។+
១១ ក្រោយពី៤០ថ្ងៃ៤០យប់ ព្រះយេហូវ៉ាបានប្រគល់បន្ទះថ្មពីរផ្ទាំងនោះមកឲ្យខ្ញុំ ជាបន្ទះថ្មនៃកិច្ចព្រមព្រៀង
១២ ហើយព្រះយេហូវ៉ាបានប្រាប់ខ្ញុំថា៖ ‹ចូរចុះពីភ្នំទៅ ព្រោះជនរួមជាតិរបស់អ្នកដែលអ្នកបាននាំចេញពីស្រុកអេហ្ស៊ីបមកនោះ ពួកគេបានប្រព្រឹត្តអាក្រក់ហើយ។+ ពួកគេឆាប់បំពានបញ្ញត្តិរបស់ខ្ញុំណាស់ ថែមទាំងបានធ្វើរូបចម្លាក់ពីលោហៈសម្រាប់ខ្លួនទៀតផង›។+
១៣ រួចមក ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់ខ្ញុំថា៖ ‹ខ្ញុំឃើញថាបណ្ដាជននេះជាមនុស្សរឹងរូសណាស់!+
១៤ ដូច្នេះ ទុកឲ្យខ្ញុំបំផ្លាញនិងលុបឈ្មោះពួកគេឲ្យបាត់សូន្យពីផែនដីទៅ ហើយខ្ញុំនឹងបង្កើតប្រជាជាតិមួយពីអ្នក ជាប្រជាជាតិដែលធំជាងនិងខ្លាំងក្លាជាងពួកគេទៅទៀត›។+
១៥ «បន្ទាប់មក ខ្ញុំបានចុះពីភ្នំ ទាំងកាន់បន្ទះថ្មនៃកិច្ចព្រមព្រៀងនៅដៃទាំងពីរ+ កាលដែលភ្លើងកំពុងឆេះសន្ធោសន្ធៅនៅលើភ្នំ។+
១៦ ពេលនោះ ខ្ញុំបានឃើញអ្នករាល់គ្នាប្រព្រឹត្តអំពើខុសឆ្គងទាស់នឹងព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា។ អ្នករាល់គ្នាបានធ្វើរូបកូនគោពីលោហៈសម្រាប់ខ្លួន។ អ្នករាល់គ្នាឆាប់បំពានបញ្ញត្តិដែលព្រះយេហូវ៉ាបានបង្គាប់ដល់អ្នករាល់គ្នាខ្លាំងណាស់។+
១៧ ដូច្នេះ ខ្ញុំក៏បោកបន្ទះថ្មទាំងពីរផ្ទាំងនោះនៅមុខអ្នករាល់គ្នា ឲ្យបែកខ្ទេចខ្ទីអស់។+
១៨ រួចខ្ញុំបានក្រាបចុះនៅចំពោះព្រះយេហូវ៉ាដូចពីមុន។ អស់៤០ថ្ងៃ៤០យប់ ខ្ញុំមិនបានបរិភោគអាហារឬផឹកទឹកទេ+ ព្រោះតែអំពើខុសឆ្គងរបស់អ្នករាល់គ្នា គឺអ្នករាល់គ្នាបានធ្វើអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត ហើយធ្វើឲ្យលោកខឹងជាខ្លាំង។
១៩ ខ្ញុំភ័យខ្លាចណាស់ ព្រោះកំហឹងព្រះយេហូវ៉ាទាស់នឹងអ្នករាល់គ្នាខ្លាំងដល់ម្ល៉េះ+ បានជាលោកហៀបនឹងបំផ្លាញអ្នករាល់គ្នាចោល។ ទោះជាយ៉ាងនោះក្ដី ព្រះយេហូវ៉ាបានធ្វើតាមសំណូមពររបស់ខ្ញុំនៅគ្រានោះដែរ។+
២០ «ព្រះយេហូវ៉ាក៏ខឹងនឹងអេរ៉ុនយ៉ាងខ្លាំង រហូតដល់លោកចង់ប្រហារជីវិតគាត់ចោល+ តែខ្ញុំបានអង្វរសុំព្រះឲ្យអនុគ្រោះឲ្យគាត់នៅគ្រានោះឯង។
២១ បន្ទាប់មក ខ្ញុំបានយកអ្វីដ៏ខុសឆ្គងដែលអ្នកបានធ្វើនោះគឺរូបកូនគោ+ ទៅដុតក្នុងភ្លើង រួចកិនឲ្យម៉ដ្ឋទៅជាម្សៅ ហើយខ្ញុំបានយកម្សៅនោះទៅបាចនៅក្នុងទឹកអូរដែលហូរចុះមកពីភ្នំ។+
២២ «មិនត្រឹមតែប៉ុណ្ណោះ នៅឯថាបេរ៉ា+ ម៉ាសារ+ និងគីប្រុតហាតាវ៉ា+ អ្នករាល់គ្នាក៏បានធ្វើឲ្យព្រះយេហូវ៉ាខឹងដែរ។
២៣ ពេលព្រះយេហូវ៉ាចាត់អ្នករាល់គ្នាពីកាដេសបានា+ ដោយប្រាប់ថា៖ ‹ចូរឡើងទៅចាប់យកស្រុកនោះទុកជាមត៌កចុះ ខ្ញុំនឹងប្រគល់ឲ្យអ្នករាល់គ្នាជាប្រាកដ!›។ ម្ដងនោះទៀត អ្នករាល់គ្នាបានបះបោរប្រឆាំងនឹងបង្គាប់របស់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា+ ហើយមិនបង្ហាញជំនឿទៅលើលោកទេ+ ថែមទាំងមិនស្ដាប់បង្គាប់លោកទៀតផង។
២៤ តាំងពីខ្ញុំស្គាល់អ្នករាល់គ្នា អ្នករាល់គ្នាតែងតែបះបោរប្រឆាំងនឹងព្រះយេហូវ៉ាឥតឈប់។
២៥ «ដូច្នេះ ខ្ញុំបានក្រាបខ្លួននៅចំពោះព្រះយេហូវ៉ាអស់៤០ថ្ងៃ៤០យប់។+ ខ្ញុំបានក្រាបដូច្នោះ ព្រោះព្រះយេហូវ៉ាបានមានប្រសាសន៍ថានឹងបំផ្លាញអ្នករាល់គ្នា។
២៦ ខ្ញុំបានអង្វរព្រះយេហូវ៉ាថា៖ «ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្តមបំផុតអើយ! សូមលោកកុំបំផ្លាញរាស្ត្ររបស់លោកអី ព្រោះពួកគេជាទ្រព្យរបស់លោក+ និងជារាស្ត្រដែលលោកបានរំដោះចេញពីស្រុកអេហ្ស៊ីបដោយឫទ្ធានុភាពដ៏ខ្លាំងក្លា។+
២៧ សូមលោកនឹកឃើញអ្នកបម្រើរបស់លោកផង គឺអាប្រាហាំ អ៊ីសាក និងយ៉ាកុប។+ សូមលោកកុំប្រកាន់នឹងការរឹងចចេសរបស់រាស្ត្រលោក ព្រមទាំងអំពើទុច្ចរិតនិងអំពើខុសឆ្គងរបស់ពួកគេឡើយ។+
២៨ បើមិនដូច្នោះទេ ប្រជាជាតិនៅក្នុងស្រុកដែលលោកបាននាំយើងខ្ញុំចេញមកនោះ មុខជានិយាយថា៖ ‹ព្រះយេហូវ៉ាមិនអាចនាំពួកគេចូលទៅក្នុងស្រុកដែលបានសន្យាទេ ហើយមកពីលោកស្អប់ពួកគេ បានជាលោកនាំពួកគេចេញមកដើម្បីឲ្យពួកគេស្លាប់នៅតំបន់ស្ងាត់ជ្រងំ»។+
២៩ ពួកគេជារាស្ត្ររបស់លោក និងជាទ្រព្យរបស់លោកផ្ទាល់+ គឺជារាស្ត្រដែលលោកបានរំដោះចេញមកដោយឫទ្ធានុភាពដ៏ខ្លាំងក្លា›។+