សំបុត្រទី១ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស ១២:១-៣១

  • អំណោយ​ទាន​ផ្សេង​ៗ​ពី​ឫទ្ធានុភាព​ព្រះ (​១​-​១១)

  • រូប​កាយ​តែ​មួយ អវយវៈ​ច្រើន (​១២​-​៣១)

១២  បង​ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​អំពី​អំណោយ​ផ្សេង​ៗ​ដែល​មក​ពី​ឫទ្ធានុភាព​របស់​ព្រះ។+ ២  អ្នក​រាល់​គ្នា​ដឹង​ថា កាល​ដែល​នៅជា​ជន​ជាតិ​ដទៃ*នៅ​ឡើយ អ្នក​រាល់​គ្នា​បាន​កាន់​តាម​រូប​ព្រះ​ឥត​សំឡេង​ទាំង​នោះ+ ហើយ​ធ្វើ​អ្វី​ៗ​តាម​តែ​រូប​ព្រះ​ទាំង​នោះ។ ៣  ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​ណា​ដែល​នៅ​ក្រោម​ឥទ្ធិពល​នៃ​ឫទ្ធានុភាព​របស់​ព្រះ អ្នក​នោះ​នឹង​មិន​ពោល​ថា​៖ ​«​លោក​យេស៊ូ​ត្រូវ​បណ្ដាសា!​»​ទេ ហើយ​អ្នក​ណា​ដែល​មិន​នៅ​ក្រោម​ឥទ្ធិពល​នៃ​ឫទ្ធានុភាព​បរិសុទ្ធ អ្នក​នោះ​មិន​អាច​ពោល​ថា​៖ ​«​លោក​យេស៊ូ​ជា​ម្ចាស់!​»​ឡើយ។+ ៤  ឯ​អំណោយ នោះ​មាន​ផ្សេង​ៗ​ពី​គ្នា ប៉ុន្តែ​មាន​ឫទ្ធានុភាព​តែ​មួយ​ទេ+ ៥  ហើយ​មាន​កិច្ច​បម្រើ​ផ្សេង​ៗ​ពី​គ្នា+ ប៉ុន្តែ​មាន​ម្ចាស់​តែ​មួយ​ទេ ៦  ឯ​សកម្មភាព នោះ​មាន​ផ្សេង​ៗ​ពី​គ្នា ប៉ុន្តែ​គឺ​ព្រះ​តែ​មួយ​ទេ​ដែល​ធ្វើ​សកម្មភាព​ទាំង​អស់​ក្នុង​មនុស្ស​គ្រប់​គ្នា។+ ៧  ប៉ុន្តែ ឫទ្ធានុភាព​របស់​ព្រះ​បាន​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ​មនុស្ស​ម្នាក់​ៗ ដើម្បី​ផ្ដល់​ផល​ប្រយោជន៍។+ ៨  តាម​រយៈ​ឫទ្ធានុភាព​របស់​ព្រះ មនុស្ស​ម្នាក់​អាច​និយាយ​ដោយ​ប្រាជ្ញា ហើយ​តាម​រយៈ​ឫទ្ធានុភាព​ដដែល​នោះ ម្នាក់​ទៀត​អាច​និយាយ​ដោយ​ចំណេះ ៩  តាម​រយៈ​ឫទ្ធានុភាព​ដដែល​នោះ ម្នាក់​ទៀត​អាច​មាន​ជំនឿ+ ហើយ​ម្នាក់​ទៀត​អាច​ធ្វើ​ឲ្យ​គេ​ជា​សះ​ស្បើយ+ ១០  តែ​ម្នាក់​ទៀត​អាច​ធ្វើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព+ ម្នាក់​ទៀត​អាច​ប្រកាស​ទំនាយ ម្នាក់​ទៀត​អាច​សម្គាល់​ពាក្យ​ណា​ដែល​មក​ពី​ព្រះ+ ម្នាក់​ទៀត​អាច​និយាយ​ភាសា​ផ្សេង​ៗ​+ ហើយ​ម្នាក់​ទៀត​អាច​បក​ប្រែ​ភាសា​ផ្សេង​ៗ។+ ១១  ប៉ុន្តែ ឫទ្ធានុភាព​តែ​មួយ​ធ្វើ​សកម្មភាព​ទាំង​នេះ ដោយ​ចែក​អំណោយ​ឲ្យ​ម្នាក់​ៗ តាម​បំណង​ប្រាថ្នា​របស់​ព្រះ។* ១២  ព្រោះ​រូប​កាយ​គឺ​តែ​មួយ តែ​មាន​អវយវៈ​ជា​ច្រើន ហើយ​អវយវៈ​នៃ​រូប​កាយ​នោះ រួម​គ្នា​ជា​រូប​កាយ​តែ​មួយ ទោះ​ជា​មាន​អវយវៈ​ជា​ច្រើន​ក៏​ដោយ។+ រូប​កាយ​របស់​គ្រិស្ត​ក៏​ដូច្នេះ​ដែរ។ ១៣  ព្រោះ​យើង​ទាំង​អស់​គ្នា​បាន​ទទួល​ការ​ជ្រមុជ​ដោយ​ឫទ្ធានុភាព​តែ​មួយ ដើម្បី​ទៅ​ជា​រូប​កាយ​តែ​មួយ ទោះ​ជា​ជនជាតិ​យូដា ឬ​ជន​ជាតិ​ក្រិច ទោះ​ជា​ខ្ញុំ​បម្រើ ឬ​ជា​អ្នក​មាន​សេរី​ភាព​ក៏​ដោយ ហើយ​យើង​ទាំង​អស់​គ្នា​បាន​ទទួល​ឫទ្ធានុភាព​តែ​មួយ។ ១៤  ព្រោះ​រូប​កាយ​មិន​មែន​មាន​អវយវៈ​តែ​មួយ​ទេ តែ​មាន​អវយវៈ​ជា​ច្រើន។+ ១៥  ទោះ​បើ​ជើង​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​មែន​ជា​ផ្នែក​នៃ​រូប​កាយ​ទេ ព្រោះ​ខ្ញុំ​មិន​មែន​ជា​ដៃ​»​ តែ​ជើង​នៅ​តែ​ជា​ផ្នែក​នៃ​រូប​កាយ។ ១៦  ទោះ​បើ​ត្រចៀក​និយាយ​ថា​៖ ​«​ខ្ញុំមិន​មែន​ជា​ផ្នែក​នៃ​រូប​កាយ​ទេ ព្រោះ​ខ្ញុំ​មិន​មែន​ជា​ភ្នែក​»​ តែ​ត្រចៀក​នៅ​តែ​ជា​ផ្នែក​នៃ​រូប​កាយ។ ១៧  ប្រសិន​បើ​រូប​កាយ​ទាំង​មូល​ជា​ភ្នែក តើ​នឹង​ឮ​សំឡេង​តាម​ណា​វិញ? ប្រសិន​បើ​រូប​កាយ​ទាំង​មូល​សម្រាប់​តែ​ឮ​សំឡេង​ប៉ុណ្ណោះ តើ​នឹង​ដឹង​ក្លិន​តាម​ណា​វិញ? ១៨  ប៉ុន្តែ ព្រះ​បាន​កំណត់​អវយវៈ​នី​មួយ​ៗ​នៃ​រូប​កាយ តាម​ដែល​លោក​ពេញ​ចិត្ត។ ១៩  ប្រសិន​បើ​ទាំង​អស់​សុទ្ធ​តែ​ជា​អវយវៈ​តែ​មួយ តើ​រូប​កាយ​នៅ​ឯ​ណា? ២០  មាន​អវយវៈ​ជា​ច្រើន តែ​អវយវៈ​ទាំង​អស់​រួម​គ្នា​ជា​រូប​កាយ​តែ​មួយ។ ២១  ភ្នែក​មិន​អាច​និយាយ​ទៅ​ដៃ​ថា​៖ ​«​ខ្ញុំ​មិន​ត្រូវ​ការ​អ្នក​ទេ​»​ ហើយ​ក្បាល​មិន​អាច​និយាយ​ទៅ​ជើង​ថា​៖ ​«​ខ្ញុំ​មិន​ត្រូវ​ការ​អ្នក​ទេ​»។ ២២  ផ្ទុយ​ទៅ​វិញ អវយវៈ​ណា​នៃ​រូប​កាយ​ដែល​មើល​ទៅ​ដូច​ជា​ខ្សោយ​ជាង អវយវៈ​ទាំង​នោះ​គឺ​សំខាន់​ចាំ​បាច់ ២៣  ហើយ​ផ្នែក​ណា​នៃ​រូប​កាយ​ដែល​យើង​ចាត់​ទុក​ថា​មិន​សូវ​មាន​កិត្តិយស យើង​ធ្វើ​ឲ្យ​ផ្នែក​ទាំង​នោះ​មាន​កិត្តិយស​ជាង​គេ។+ ហេតុ​នេះ ផ្នែក​ណា​ដែល​មិន​សម​សួន ផ្នែក​នោះ​មាន​ភាព​សម​សួន​ជាង​គេ។ ២៤  រីឯ​ផ្នែក​ណា​ដែល​សម​សួន​ហើយ ផ្នែក​នោះ​មិន​ត្រូវ​ការ​អ្វី​សោះ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​បាន​ផ្គុំ​រូប​កាយ ដោយ​ធ្វើ​ឲ្យ​ផ្នែក​ណា​ដែល​ខ្វះ​កិត្តិយស ទៅ​ជា​មាន​កិត្តិយស​ជាង​គេ ២៥  ដើម្បី​កុំ​ឲ្យ​រូប​កាយ​មាន​ការ​បែក​បាក់​គ្នា តែ​ដើម្បី​ឲ្យ​អវយវៈ​នី​មួយ​ៗ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។+ ២៦  ប្រសិន​បើ​អវយវៈ​មួយ​រង​ទុក្ខ អវយវៈ​ទាំង​ប៉ុន្មាន​ទៀត​ក៏​រង​ទុក្ខ​ជា​មួយ​ដែរ+ ឬ​បើ​អវយវៈ​មួយ​ទទួល​កិត្តិយស អវយវៈ​ទាំង​ប៉ុន្មាន​ទៀត​ក៏​អរ​សប្បាយ​ជា​មួយ​ដែរ។+ ២៧  អ្នក​រាល់​គ្នា​រួម​គ្នា​ជា​រូប​កាយ​របស់​គ្រិស្ត+ ហើយ​ម្នាក់​ៗ​ជា​អវយវៈ​មួយ។+ ២៨  ព្រះ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ក្នុង​ក្រុម​ជំនុំ​មាន​តួ​នាទី​ដូច​ត​ទៅ​៖ ទី១ជាសាវ័ក+ ទី​២​ជា​អ្នក​ប្រកាស​ទំនាយ+ ទី​៣​ជា​អ្នក​បង្រៀន+ បន្ទាប់​មក​ជា​អ្នក​ដែល​ធ្វើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព+ ជា​បន្ត​បន្ទាប់​មាន​អ្នក​ដែល​ទទួល​អំណោយ​ជា​សមត្ថភាព​ធ្វើ​ឲ្យ​គេ​ជា​សះ​ស្បើយ+ អ្នក​ដែល​បំពេញ​កិច្ច​ការ​ផ្ដល់​ជំនួយ អ្នក​ដែល​មាន​សមត្ថភាព​ដឹក​នាំ+ អ្នក​ដែល​អាច​និយាយ​ភាសា​ផ្សេង​ៗ។+ ២៩  មិន​មែន​ទាំង​អស់​គ្នា​ជា​សាវ័ក​ទេ មែន​ទេ? មិន​មែន​ទាំង​អស់​គ្នា​ជា​អ្នក​ប្រកាស​ទំនាយ​ទេ មែន​ទេ? មិន​មែន​ទាំង​អស់​គ្នា​ជា​អ្នក​បង្រៀន​ទេ មែន​ទេ? មិន​មែន​ទាំង​អស់​គ្នា​ធ្វើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​ទេ មែន​ទេ? ៣០  មិន​មែន​ទាំង​អស់​គ្នា​បាន​ទទួល​អំណោយ​ជា​សមត្ថភាព​ធ្វើ​ឲ្យ​គេ​ជា​សះ​ស្បើយ​ទេ មែន​ទេ? មិន​មែន​ទាំង​អស់​គ្នា​អាច​និយាយ​ភាសា​ផ្សេង​ៗ​ទេ មែន​ទេ?+ មិន​មែន​ទាំង​អស់​គ្នា​ជា​អ្នក​បក​ប្រែ​ទេ មែន​ទេ?+ ៣១  ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ចូរ​បន្ត​ខំ​ព្យាយាម​ឲ្យ​បាន​អំណោយ​ដ៏​ប្រសើរ​ជាង។+ ប៉ុន្តែ ខ្ញុំ​នឹង​បង្ហាញ​ផ្លូវ​ដ៏​ប្រសើរ​លើស​លប់​ដល់​អ្នក​រាល់​គ្នា។+

កំណត់សម្គាល់

សំដៅ​លើ​អ្នក​មិន​ជឿ
ឬ​«​ឫទ្ធានុភាព​របស់​ព្រះ​»​