សំបុត្រទី១ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស ៣:១-២៣
៣ ដូច្នេះ បងប្អូនអើយ ខ្ញុំមិនអាចនិយាយទៅកាន់បងប្អូន ដូចនិយាយទៅកាន់មនុស្សដែលឲ្យឫទ្ធានុភាពរបស់ព្រះដឹកនាំគំនិតទេ+ តែខ្ញុំត្រូវនិយាយទៅកាន់បងប្អូនដូចនិយាយទៅកាន់មនុស្សដែលមានគំនិតដូចពិភពលោកនេះ គឺអ្នកដែលជាកូនខ្ចី+ក្នុងគ្រិស្ត។
២ ខ្ញុំបានឲ្យទឹកដោះដល់អ្នករាល់គ្នា មិនបានឲ្យអាហាររឹងទេ ព្រោះអ្នករាល់គ្នាទទួលមិនទាន់បាន។ តាមការពិត ឥឡូវនេះ អ្នករាល់គ្នានៅតែទទួលមិនបាន+
៣ ព្រោះអ្នករាល់គ្នានៅតែមានគំនិតដូចពិភពលោកនេះ។+ ក្នុងចំណោមអ្នករាល់គ្នាមានសេចក្ដីច្រណែននិងការឈ្លោះប្រកែកគ្នា ដូច្នេះអ្នករាល់គ្នាមានគំនិតដូចពិភពលោកនេះ+ ហើយកំពុងប្រព្រឹត្តដូចមនុស្សខាងពិភពលោកនេះដែរ មែនទេ?
៤ ព្រោះពេលអ្នកណានិយាយថា៖ «ខ្ញុំកាន់តាមប៉ូល» តែម្នាក់ទៀតនិយាយថា៖ «ខ្ញុំកាន់តាមអាប៉ូឡុស»+ នោះអ្នករាល់គ្នាគឺដូចមនុស្សខាងពិភពលោក មែនទេ?
៥ ដូច្នេះ តើអាប៉ូឡុសជាអ្វី? ហើយតើប៉ូលជាអ្វី? យើងត្រឹមតែជាអ្នកបម្រើ+ដែលជួយអ្នករាល់គ្នាឲ្យទៅជាអ្នកជឿ តាមដែលលោកម្ចាស់បានឲ្យយើងធ្វើ។
៦ ខ្ញុំជាអ្នកដាំ+ អាប៉ូឡុសជាអ្នកស្រោច+ តែព្រះបានធ្វើឲ្យដុះលូតលាស់
៧ ដូច្នេះ អ្នកដាំនិងអ្នកស្រោចមិនមែនជាអ្នកដែលសំខាន់ទេ តែគឺព្រះដែលសំខាន់ ព្រោះលោកជាអ្នកដែលធ្វើឲ្យដុះលូតលាស់ឡើង។+
៨ ឯអ្នកដាំនិងអ្នកស្រោចរួមគ្នាតែមួយ* តែពួកគេម្នាក់ៗនឹងទទួលរង្វាន់តាមការខំប្រឹងរបស់ពួកគេរៀងៗខ្លួន។+
៩ ពីព្រោះយើងជាអ្នករួមការងារជាមួយនឹងព្រះ។ អ្នករាល់គ្នាជាវាលដែលព្រះកំពុងដាំដុះ និងជាសំណង់របស់ព្រះ។+
១០ ខ្ញុំបានចាក់គ្រឹះ+ដូចជាមេជាងដ៏ជំនាញ* ស្របទៅតាមគុណដ៏វិសេសលើសលប់ដែលព្រះបានផ្ដល់ឲ្យខ្ញុំ តែអ្នកផ្សេងទៀតកំពុងសង់លើគ្រឹះនោះ។ ប៉ុន្តែ ពួកគេម្នាក់ៗត្រូវប្រយ័ត្នអំពីរបៀបដែលពួកគេសង់លើគ្រឹះនោះ។
១១ ព្រោះគ្មានមនុស្សណាម្នាក់អាចចាក់គ្រឹះមួយផ្សេងទៀត ក្រៅពីគ្រឹះដែលបានត្រូវចាក់រួចហើយនោះទេ ពោលគឺលោកយេស៊ូគ្រិស្ត។+
១២ ប្រសិនបើអ្នកណាប្រើមាស ប្រាក់ ថ្មប្រណីតៗ ឈើ ចំបើង ឬជញ្ជ្រាំង ដើម្បីសង់លើគ្រឹះនោះ
១៣ ស្នាដៃរបស់ពួកគេម្នាក់ៗនឹងត្រូវសឲ្យឃើញច្បាស់ ព្រោះថ្ងៃនោះនឹងបង្ហាញឲ្យឃើញដោយភ្លើង+ ហើយភ្លើងនោះនឹងបញ្ជាក់គុណភាពនៃស្នាដៃរបស់ពួកគេម្នាក់ៗ។
១៤ ប្រសិនបើអ្នកណាសង់អ្វីលើគ្រឹះនោះ ហើយស្នាដៃរបស់គាត់ធន់នៅ គាត់នឹងទទួលរង្វាន់។
១៥ ប្រសិនបើស្នាដៃរបស់អ្នកណាឆេះអស់ទៅ អ្នកនោះនឹងខាត តែខ្លួនអ្នកនោះនឹងទទួលសេចក្ដីសង្គ្រោះ។ ប៉ុន្តែ អ្នកនោះនឹងដូចជាឆ្លងកាត់ភ្លើង។
១៦ តើអ្នករាល់គ្នាមិនដឹងទេឬថា អ្នករាល់គ្នាជាវិហាររបស់ព្រះ+ ហើយថាឫទ្ធានុភាពរបស់ព្រះស្ថិតនៅក្នុងអ្នករាល់គ្នា?+
១៧ ប្រសិនបើអ្នកណាបំផ្លាញវិហាររបស់ព្រះ ព្រះនឹងបំផ្លាញអ្នកនោះ ព្រោះវិហាររបស់ព្រះគឺបរិសុទ្ធ ហើយអ្នករាល់គ្នាជាវិហាររបស់ព្រះ។+
១៨ កុំបញ្ឆោតខ្លួនឡើយ៖ ប្រសិនបើអ្នកណាក្នុងចំណោមអ្នករាល់គ្នាគិតថា ខ្លួនមានប្រាជ្ញានៅក្នុងរបៀបរបបពិភពលោក*នេះ ចូរឲ្យអ្នកនោះទៅជាអ្នកល្ងង់ខ្លៅ ដើម្បីឲ្យគាត់ទៅជាអ្នកមានប្រាជ្ញាវិញ។
១៩ ពីព្រោះប្រាជ្ញារបស់ពិភពលោកនេះជាអ្វីដែលផ្ដេសផ្ដាសចំពោះព្រះ ព្រោះបទគម្ពីរចែងថា៖ «លោកបណ្ដាលឲ្យពួកអ្នកប្រាជ្ញជាប់អន្ទាក់របស់ខ្លួន»។+
២០ បទគម្ពីរមួយទៀតចែងថា៖ «ព្រះយេហូវ៉ា*ជ្រាបច្បាស់ថា ការវែកញែករបស់ពួកអ្នកប្រាជ្ញគឺសុទ្ធតែឥតប្រយោជន៍»។+
២១ ដូច្នេះ កុំឲ្យអ្នកណាអួតអំពីមនុស្សណាម្នាក់ឡើយ ព្រោះអ្វីៗទាំងអស់ជារបស់អ្នករាល់គ្នា
២២ ទោះជាប៉ូល អាប៉ូឡុស កេផាស*+ ពិភពលោកនេះ ជីវិត សេចក្ដីស្លាប់ អ្វីៗនៅគ្រាឥឡូវនេះ ឬអ្វីៗនៅគ្រាខាងមុខក៏ដោយ អ្វីៗទាំងអស់ជារបស់អ្នករាល់គ្នា។
២៣ រីឯអ្នករាល់គ្នាជារបស់គ្រិស្ត+ ឯគ្រិស្តជារបស់ព្រះ។
កំណត់សម្គាល់
^ ឬ«មានគោលដៅតែមួយ»
^ ឬ«ដ៏ឈ្លាសវៃ»
^ ឬ«យុគសម័យ»។ មើលនិយមន័យពាក្យ«របៀបរបបពិភពលោក»
^ ក៏មានឈ្មោះថាពេត្រុសដែរ