សំបុត្រទី១ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស ៤:១-២១
៤ យើងចង់ឲ្យមនុស្សចាត់ទុកយើងជាអ្នកបម្រើរបស់*គ្រិស្ត និងជាអ្នកចាត់ចែងដែលបានទទួលការតែងតាំងឲ្យមើលការខុសត្រូវលើអាថ៌កំបាំងដ៏ពិសិដ្ឋរបស់ព្រះ។+
២ ក្នុងករណីនេះ អ្នកចាត់ចែងដែលបានទទួលការតែងតាំងឲ្យមើលការខុសត្រូវនោះ ត្រូវតែជាមនុស្សស្មោះត្រង់។
៣ ចំពោះខ្ញុំ ទោះជាអ្នករាល់គ្នាឬតុលាការរបស់មនុស្ស ចង់វិនិច្ឆ័យខ្ញុំយ៉ាងណា នោះជារឿងតូចតាចទេ។ សូម្បីតែខ្ញុំក៏មិនវិនិច្ឆ័យខ្លួនឯងដែរ។
៤ ព្រោះខ្ញុំដឹងថាខ្ញុំមិនបានធ្វើអ្វីខុសឡើយ។ ប៉ុន្តែ នេះមិនបញ្ជាក់ថាខ្ញុំជាមនុស្សសុចរិតទេ តែអ្នកដែលវិនិច្ឆ័យខ្ញុំគឺព្រះយេហូវ៉ា។*+
៥ ដូច្នេះ កុំវិនិច្ឆ័យ+អ្វីសោះមុនពេលកំណត់ ដរាបដល់លោកម្ចាស់មកដល់។ លោកនឹងបំភ្លឺឲ្យឃើញអ្វីដែលនៅកំបាំងក្នុងទីងងឹត ក៏នឹងសឲ្យឃើញបំណងចិត្ត រួចមនុស្សម្នាក់ៗនឹងទទួលការសរសើរពីព្រះ។+
៦ បងប្អូនអើយ ខ្ញុំបាននិយាយសេចក្ដីទាំងនេះដោយយកខ្លួនខ្ញុំនិងអាប៉ូឡុស+ជាឧទាហរណ៍ ព្រោះប្រយោជន៍អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នារៀនគោលការណ៍ដែលថា៖ «កុំធ្វើលើសពីអ្វីដែលបានត្រូវសរសេរទុក»។ យ៉ាងនោះ កុំឲ្យអ្នកណាម្នាក់មានអំណួត+ ដោយចាត់ទុកអ្នកនេះថាប្រសើរជាងអ្នកនោះ។
៧ ពីព្រោះតើអ្នកណាបានធ្វើឲ្យអ្នកខុសពីអ្នកឯទៀត? អ្វីៗដែលអ្នកមាន សុទ្ធតែជាអ្វីដែលអ្នកបានទទួល មែនទេ?+ បើអ្វីៗដែលអ្នកមាន ជាអ្វីដែលអ្នកបានទទួលមែន ហេតុអ្វីបានជាអ្នកអួតខ្លួនដូចជាមិនបានទទួលវិញ?
៨ តើអ្នករាល់គ្នាមានអ្វីសព្វគ្រប់*ហើយឬ? តើអ្នករាល់គ្នាជាអ្នកមានហើយឬ? តើអ្នករាល់គ្នាបានចាប់ផ្ដើមគ្រប់គ្រងជាស្ដេច+ ដោយគ្មានយើងឬ? ប៉ុន្តែ បើអ្នករាល់គ្នាបានចាប់ផ្ដើមគ្រប់គ្រងជាស្ដេចមែន ខ្ញុំអរណាស់ ព្រោះបើដូច្នោះ យើងក៏អាចចាប់ផ្ដើមគ្រប់គ្រងជាស្ដេចជាមួយនឹងអ្នករាល់គ្នាដែរ។+
៩ ព្រោះតាមមើលទៅ ព្រះបាននាំយើងជាពួកសាវ័កចេញមកលើឆាកក្រោយគេបង្អស់ ដូចអ្នកដែលបានត្រូវកាត់ទោសប្រហារជីវិត+ ពីព្រោះយើងបានទៅជាអ្នកសម្ដែងសម្រាប់ឲ្យពិភពលោក+ បណ្ដាទេវតា និងមនុស្សលោកទស្សនា។
១០ យើងត្រូវគេចាត់ទុកជាមនុស្សល្ងង់ខ្លៅ+ដោយសារគ្រិស្ត តែអ្នករាល់គ្នាចាត់ទុកខ្លួនជាអ្នកដែលចេះពិចារណាដោយសារគ្រិស្ត។ យើងជាអ្នកទន់ខ្សោយ តែអ្នករាល់គ្នាជាអ្នកខ្លាំងក្លា។ អ្នករាល់គ្នាមានកិត្តិយស តែយើងត្រូវគេមើលងាយ។
១១ រហូតដល់ឥឡូវនេះ យើងនៅតែស្រេកឃ្លាន+ ខ្វះសម្លៀកបំពាក់ ត្រូវគេវាយធ្វើបាប+ គ្មានផ្ទះសម្បែង
១២ ហើយធ្វើការយ៉ាងនឿយហត់ដោយដៃរបស់យើងផ្ទាល់។+ កាលដែលគេជេរប្រមាថយើង យើងជូនពរគេវិញ។+ កាលដែលគេបៀតបៀនយើង យើងស៊ូទ្រាំដោយចិត្តអត់ធ្មត់។+
១៣ កាលដែលគេបង្កាច់បង្ខូចយើង យើងនិយាយដោយស្លូតបូត។+ យើងបានទៅជាសំរាមរបស់ពិភពលោក និងកម្អែលនៃអ្វីៗទាំងអស់ រហូតដល់ឥឡូវនេះ។
១៤ ខ្ញុំសរសេរអ្វីៗទាំងនេះមកកាន់អ្នករាល់គ្នា មិនមែនដើម្បីធ្វើឲ្យអ្នករាល់គ្នាអៀនខ្មាសទេ តែដើម្បីដាស់តឿនអ្នករាល់គ្នាដែលខ្ញុំចាត់ទុកដូចកូនជាទីស្រឡាញ់។
១៥ ព្រោះទោះជាអ្នករាល់គ្នាអាចមានអ្នកថែរក្សា*១០.០០០នាក់ក្នុងចំណោមអ្នកកាន់តាមគ្រិស្តក៏ដោយ អ្នករាល់គ្នាប្រាកដជាមិនមានឪពុកជាច្រើនទេ ព្រោះដោយសារគ្រិស្តយេស៊ូ ខ្ញុំបានទៅជាឪពុករបស់អ្នករាល់គ្នាតាមរយៈដំណឹងល្អ។+
១៦ ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តអ្នករាល់គ្នាឲ្យយកតម្រាប់ខ្ញុំ។+
១៧ ហេតុនេះ ខ្ញុំនឹងចាត់ធីម៉ូថេឲ្យមកឯអ្នករាល់គ្នា ព្រោះគាត់ជាកូនដ៏ស្មោះត្រង់និងជាទីស្រឡាញ់របស់ខ្ញុំក្នុងលោកម្ចាស់។ គាត់នឹងរំលឹកអ្នករាល់គ្នាអំពីវិធីផ្សេងៗដែលខ្ញុំប្រើក្នុងកិច្ចបម្រើគ្រិស្តយេស៊ូ+ ដូចខ្ញុំបង្រៀនក្នុងក្រុមជំនុំទាំងឡាយនៅគ្រប់ទីកន្លែង។
១៨ អ្នកខ្លះអួតខ្លួន ហាក់ដូចជាខ្ញុំនឹងមិនមកឯអ្នករាល់គ្នាទេ។
១៩ ប៉ុន្តែ ប្រសិនបើស្របតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា* នោះខ្ញុំនឹងមកឯអ្នករាល់គ្នាក្នុងពេលឆាប់ៗ ហើយពេលនោះខ្ញុំនឹងដឹងច្បាស់ថាពួកអ្នកដែលអួតខ្លួន ពិតជាមានឫទ្ធានុភាពរបស់ព្រះណែនាំឬយ៉ាងណា មិនមែនខ្ញុំចង់ដឹងសម្ដីរបស់ពួកគេទេ។
២០ ព្រោះអ្វីដែលបញ្ជាក់ថាបុគ្គលម្នាក់នៅក្រោមរាជាណាចក្ររបស់ព្រះ មិនមែនអាស្រ័យលើអ្វីដែលគាត់និយាយទេ តែអាស្រ័យលើអ្វីដែលគាត់ប្រព្រឹត្តដែលបង្ហាញនូវឫទ្ធានុភាពរបស់ព្រះ។
២១ តើអ្នករាល់គ្នាចង់បានមួយណា? តើចង់ឲ្យខ្ញុំមកឯអ្នករាល់គ្នាដោយមានរំពាត់+ ឬដោយមានសេចក្ដីស្រឡាញ់និងចិត្តស្លូតបូត?
កំណត់សម្គាល់
^ ឬ«អ្នកដែលនៅក្រោមបង្គាប់»
^ ឬ«ស្កប់ចិត្ត»
^ ឬ«គ្រូ»។ នេះសំដៅលើអ្នកដែលជាអាណាព្យាបាលឬអ្នកការពារកូនក្មេង