សំបុត្រទី២ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស ១០:១-១៨
១០ ឯខ្ញុំ ប៉ូល សូមអង្វរអ្នករាល់គ្នាដោយសេចក្ដីស្លូតបូតនិងសេចក្ដីសប្បុរសរបស់គ្រិស្ត+ គឺខ្ញុំដែលអ្នករាល់គ្នាមើលមកថាជាមនុស្សសាមញ្ញធម្មតាពេលដែលនៅជាមួយនឹងអ្នករាល់គ្នា+ តែពេលដែលមិននៅជាមួយ ខ្ញុំជាមនុស្សម៉ឺងម៉ាត់*ចំពោះអ្នករាល់គ្នា។+
២ ខ្ញុំអង្វរអ្នករាល់គ្នាថា ពេលដែលខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា កុំឲ្យខ្ញុំត្រូវម៉ឺងម៉ាត់ដូចដែលខ្ញុំគិតថាខ្ញុំត្រូវចាត់វិធានការតឹងរ៉ឹងចំពោះអ្នកខ្លះដែលវាយតម្លៃថា យើងប្រព្រឹត្តតាមពិភពលោកនេះ។
៣ ព្រោះទោះជាដំណើរជីវិតរបស់យើងគឺដូចមនុស្សទូទៅក៏ដោយ យើងមិនធ្វើសឹកសង្គ្រាមតាមគំនិតរបស់ពិភពលោកនេះទេ។
៤ ព្រោះគ្រឿងសស្ត្រាវុធដែលយើងប្រើក្នុងសឹកសង្គ្រាមមិនមែនមកពីពិភពលោកនេះទេ+ តែមកពីឫទ្ធានុភាពរបស់ព្រះ+ ដើម្បីរំលើងអ្វីៗដែលចាក់ឫសជ្រៅ។
៥ ព្រោះយើងកំពុងរំលំរំលើងការវែកញែក និងអ្វីៗទាំងអស់ដែលឆ្មើងកន្ទ្រើងប្រឆាំងចំណេះអំពីព្រះ+ ហើយយើងកំពុងកាន់កាប់គំនិត*ទាំងអស់ បង្ខំឲ្យស្ដាប់បង្គាប់គ្រិស្ត។
៦ យើងថែមទាំងបានប្រុងប្រៀបដាក់ទោសអស់អ្នកដែលមិនព្រមស្ដាប់បង្គាប់ក្នុងរឿងណាមួយ+ ក្រោយពេលដែលអ្នករាល់គ្នាបានបង្ហាញថាខ្លួនធ្វើតាមបង្គាប់យ៉ាងសព្វគ្រប់។
៧ អ្នករាល់គ្នាមើលតែសម្បកក្រៅ។ ប្រសិនបើអ្នកណាជឿជាក់ថាខ្លួនជាអ្នកកាន់តាមគ្រិស្ត ត្រូវឲ្យអ្នកនោះគិតពិចារណាម្ដងទៀតអំពីការពិតដូចតទៅនេះថា យើងក៏ជាអ្នកកាន់តាមគ្រិស្ត ដូចអ្នកនោះជាអ្នកកាន់តាមគ្រិស្តដែរ។
៨ ព្រោះទោះជាខ្ញុំអួតច្រើនបន្តិចអំពីអំណាចដែលលោកម្ចាស់បានផ្ដល់ឲ្យយើងដើម្បីពង្រឹងអ្នករាល់គ្នា មិនមែនដើម្បីបំផ្លាញអ្នករាល់គ្នាក៏ដោយ+ ខ្ញុំនឹងមិនខ្មាសគេទេ។
៩ ប៉ុន្តែ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាគិតថា ខ្ញុំព្យាយាមបំភ័យអ្នករាល់គ្នាតាមរយៈសំបុត្រខ្ញុំឡើយ។
១០ ព្រោះពួកគេនិយាយថា៖ «សំបុត្ររបស់គាត់មានពាក្យធ្ងន់ៗនិងមានឥទ្ធិពលខ្លាំង ប៉ុន្តែពេលដែលគាត់នៅជាមួយនឹងយើង គាត់មិនមានអ្វីគួរឲ្យកោតស្ងើចទេ ហើយសម្ដីរបស់គាត់គ្មានបានការសោះ»។
១១ ចូរឲ្យមនុស្សបែបនោះពិចារណាអំពីចំណុចដូចតទៅនេះថា យើងនិយាយយ៉ាងណាក្នុងសំបុត្រ យើងក៏នឹងប្រព្រឹត្តយ៉ាងនោះដែរ ពេលដែលនៅជាមួយនឹងអ្នករាល់គ្នា។+
១២ ព្រោះយើងមិនហ៊ានលើកខ្លួនឲ្យស្មើនឹងអ្នកខ្លះ ឬប្រៀបធៀបខ្លួននឹងអ្នកខ្លះដែលលើកតម្កើងខ្លួននោះទេ។+ អ្នកទាំងនោះគ្មានការយល់ដឹងទេ ព្រោះពួកគេវាយតម្លៃខ្លួន ហើយប្រៀបធៀបខ្លួនតាមខ្នាតតម្រារបស់ខ្លួនឯង។+
១៣ ចំណែកយើងវិញ យើងនឹងមិនអួតហួសកម្រិតឡើយ ប៉ុន្តែយើងអួតតែអំពីអ្វីដែលយើងបានសម្រេចនៅក្នុងដែនកំណត់នៃតំបន់ដែលព្រះបានកំណត់ឲ្យយើង ដែលរួមបញ្ចូលតំបន់របស់អ្នករាល់គ្នាដែរ។+
១៤ យើងមិនបានធ្វើអ្វីហួសពីដែនកំណត់របស់យើងទេ ពេលដែលយើងមកឯអ្នករាល់គ្នា តែយើងជាអ្នកមុនគេដែលប្រកាសដំណឹងល្អអំពីគ្រិស្តដល់អ្នករាល់គ្នា។+
១៥ យើងមិនមែនអួតអំពីអ្វីហួសពីដែនកំណត់របស់យើងទេ ពោលគឺយកផលនៃការនឿយហត់របស់អ្នកឯទៀតមកអួត តែយើងសង្ឃឹមថា កាលដែលជំនឿរបស់អ្នករាល់គ្នាកំពុងចម្រើនឡើង នោះយើងនឹងមានសមិទ្ធផលកាន់តែច្រើនឡើងក្នុងដែនកំណត់របស់យើង។ យ៉ាងនោះ យើងនឹងមានសមិទ្ធផលបរិបូរជាងមុនទៅទៀត
១៦ ដើម្បីប្រកាសដំណឹងល្អដល់ស្រុកនានាហួសពីកន្លែងរបស់អ្នករាល់គ្នា ដើម្បីកុំឲ្យយើងអួតអំពីការដែលអ្នកផ្សេងទៀតបានធ្វើរួចជាស្រេចក្នុងដែនកំណត់របស់ពួកគេ។
១៧ «អ្នកណាដែលអួត ចូរឲ្យអ្នកនោះអួតអំពីព្រះយេហូវ៉ា»។*+
១៨ ព្រោះព្រះយេហូវ៉ា*មិនពេញចិត្តអ្នកដែលលើកតម្កើងខ្លួនទេ+ តែលោកពេញចិត្តអ្នកដែលលោកលើកតម្កើងវិញ។+
កំណត់សម្គាល់
^ ឬ«និយាយដោយក្លាហាន»
^ ន័យត្រង់«បង្ក្រាបគ្រប់គំនិតដូចបង្ក្រាបឈ្លើយសឹក»