សំបុត្រទី២ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស ១១:១-៣៣
១១ សូមអ្នករាល់គ្នាទ្រាំនឹងខ្ញុំបន្តិច ទោះជាខ្ញុំនិយាយដូចជាមនុស្សឥតវិចារណញ្ញាណក៏ដោយ។ ប៉ុន្តែតាមពិត អ្នករាល់គ្នាកំពុងទ្រាំហើយ!
២ ព្រោះខ្ញុំចង់ហួងហែងអ្នករាល់គ្នា ដូចព្រះចង់ហួងហែងអ្នករាល់គ្នាដែរ ដោយសារខ្ញុំបានទុកដាក់អ្នករាល់គ្នាឲ្យមានប្ដីតែមួយ គឺគ្រិស្ត ហើយខ្ញុំចង់ប្រគល់អ្នករាល់គ្នាក្នុងភាពជាក្រមុំបរិសុទ្ធទៅលោក។+
៣ ប៉ុន្តែ ដូចសត្វពស់បានល្បួងលួងលោមអេវ៉ាដោយកលល្បិចរបស់វា+ នោះខ្ញុំខ្លាចថា ចិត្តគំនិតរបស់អ្នករាល់គ្នាក៏នឹងត្រូវបង្ខូចតាមរបៀបណាមួយដែរ ហើយអ្នករាល់គ្នានឹងបាត់បង់ចិត្តស្មោះនិងភាពបរិសុទ្ធដែលគ្រិស្តគួរទទួល។+
៤ ព្រោះថា ប្រសិនបើមានអ្នកណាម្នាក់មកផ្សព្វផ្សាយអំពីលោកយេស៊ូផ្សេងទៀត ក្រៅពីលោកយេស៊ូដែលយើងបានផ្សព្វផ្សាយ ឬបើអ្នករាល់គ្នាទទួលចិត្តគំនិតមួយផ្សេងទៀត ក្រៅពីចិត្តគំនិតដែលអ្នករាល់គ្នាបានទទួលហើយ ឬបើអ្នករាល់គ្នាទទួលដំណឹងល្អផ្សេងទៀត ក្រៅពីដំណឹងល្អដែលអ្នករាល់គ្នាបានជឿហើយ+ អ្នករាល់គ្នាចេះតែទ្រាំ*នឹងអ្នកនោះ។
៥ ព្រោះខ្ញុំមិនចាត់ទុកថាខ្លួនខ្ញុំអន់ជាងពួកមហាសាវ័ករបស់អ្នករាល់គ្នាក្នុងរឿងណាមួយសោះឡើយ។+
៦ ប៉ុន្តែ ទោះជាខ្ញុំខ្សោយខាងវោហារក៏ដោយ+ ខ្ញុំមិនខ្សោយខាងចំណេះទេ តែយើងបានបង្ហាញឲ្យអ្នករាល់គ្នាឃើញច្បាស់អំពីចំណេះរបស់យើងក្នុងគ្រប់ការទាំងអស់។
៧ តើខ្ញុំបានធ្វើខុសឬ ដែលខ្ញុំស្ម័គ្រចិត្តប្រកាសដំណឹងល្អរបស់ព្រះដល់អ្នករាល់គ្នាដោយមិនយកថ្លៃ ហើយបានបន្ទាបខ្លួនដើម្បីឲ្យអ្នករាល់គ្នាទទួលការលើកតម្កើង?+
៨ ខ្ញុំបានបេះពីមាត់ពីករបស់ក្រុមជំនុំឯទៀត ដោយទទួលការឧបត្ថម្ភពីពួកគាត់ ដើម្បីយកមកបម្រើអ្នករាល់គ្នា។+
៩ ក៏ប៉ុន្តែ ពេលដែលខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា ហើយចាប់ផ្ដើមខ្វះខាត ខ្ញុំមិនបានធ្វើជាបន្ទុកដល់អ្នកណាម្នាក់ឡើយ ព្រោះបងប្អូនដែលមកពីតំបន់ម៉ាសេដូនបានផ្គត់ផ្គង់ជាបរិបូរនូវអ្វីៗដែលខ្ញុំត្រូវការ។+ ក្នុងគ្រប់ការទាំងអស់ ខ្ញុំបានរក្សាខ្លួនកុំឲ្យធ្វើជាបន្ទុកដល់អ្នករាល់គ្នា ក៏នឹងបន្តរក្សាខ្លួនតទៅទៀត។+
១០ ដរាបណាខ្ញុំជាអ្នកកាន់តាមគ្រិស្ត ដរាបនោះខ្ញុំនឹងមិនឈប់អួត+អំពីតំបន់អាខេយ៉ាទេ។
១១ ហេតុអ្វីខ្ញុំធ្វើដូច្នេះ? តើដោយសារខ្ញុំមិនស្រឡាញ់អ្នករាល់គ្នាឬ? ព្រះជ្រាបថាខ្ញុំស្រឡាញ់អ្នករាល់គ្នា។
១២ ប៉ុន្តែ អ្វីដែលខ្ញុំកំពុងធ្វើ ខ្ញុំនឹងធ្វើតទៅទៀត+ដើម្បីបំបាត់ទីសំអាងរបស់ពួកអ្នកដែលខំតាំងខ្លួនឲ្យស្មើនឹងយើង ដោយអួតអំពីតំណែងរបស់ខ្លួន។
១៣ ព្រោះបុរសបែបនោះជាសាវ័កក្លែងក្លាយ និងជាមនុស្សឆបោកដែលក្លែងខ្លួនជាសាវ័ករបស់គ្រិស្ត+
១៤ ហើយគ្មានអ្វីចម្លែកទេ ព្រោះសាថាន*ចេះតែក្លែងខ្លួនជាទេវតានៃពន្លឺ។+
១៥ ដូច្នេះ មិនមែនជាការអស្ចារ្យទេ ដែលអ្នកបម្រើរបស់វាក៏ចេះតែក្លែងខ្លួនជាអ្នកបម្រើនៃសេចក្ដីសុចរិតដែរ។ ប៉ុន្តែ នៅទីបញ្ចប់ ពួកគេនឹងទទួលផលស្របតាមការដែលពួកគេបានធ្វើ។+
១៦ ខ្ញុំសូមនិយាយម្ដងទៀត៖ កុំឲ្យអ្នកណាគិតថាខ្ញុំឥតវិចារណញ្ញាណឡើយ។ ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាគិតដូច្នោះមែន ចូរទ្រាំនឹងខ្ញុំ ដើម្បីឲ្យខ្ញុំអាចអួតបានបន្តិចបន្តួច ទោះជាអ្នករាល់គ្នាមើលមកខ្ញុំដូចជាមនុស្សឥតវិចារណញ្ញាណក៏ដោយ។
១៧ អ្វីដែលខ្ញុំនិយាយ ខ្ញុំមិនមែននិយាយតាមគំរូរបស់លោកម្ចាស់ទេ តែខ្ញុំនិយាយដូចជាមនុស្សឥតវិចារណញ្ញាណ ដែលមានអំណួតហើយជឿជាក់លើខ្លួនឯង។
១៨ ដោយសារមានច្រើននាក់កំពុងអួតអំពីអ្វីៗខាងពិភពលោកនេះ ខ្ញុំក៏នឹងអួតដែរ។
១៩ ដោយសារអ្នករាល់គ្នាថាខ្លួន«មានវិចារណញ្ញាណ» ហេតុអ្វីអ្នករាល់គ្នាសប្បាយចិត្តទ្រាំ*នឹងអ្នកដែលគ្មានវិចារណញ្ញាណ?
២០ តាមការពិត អ្នករាល់គ្នាទ្រាំ*នឹងអ្នកណាដែលយកអ្នករាល់គ្នាធ្វើជាខ្ញុំបម្រើ អ្នកណាដែលលេបត្របាក់អ្វីៗដែលអ្នករាល់គ្នាមាន អ្នកណាដែលកញ្ឆក់យកអ្វីៗដែលអ្នករាល់គ្នាមាន អ្នកណាដែលតម្កើងខ្លួនលើអ្នករាល់គ្នា និងអ្នកណាដែលវាយមុខអ្នករាល់គ្នា។
២១ ខ្ញុំនិយាយដូច្នេះ ធ្វើឲ្យយើងអាប់ឱនកិត្តិយស ពីព្រោះអ្នកខ្លះគិតថាយើងគ្មានសមត្ថភាពប្រើអំណាចរបស់យើងឲ្យបានត្រឹមត្រូវទេ។
ប៉ុន្តែ ប្រសិនបើអ្នកណាហ៊ានធ្វើអ្វីមួយ ខ្ញុំក៏ហ៊ានដែរ។ ខ្ញុំកំពុងនិយាយដូចជាមនុស្សឥតវិចារណញ្ញាណ។
២២ តើដើមកំណើតរបស់ពួកគេជាហេប្រឺឬ? ខ្ញុំក៏ដូច្នោះដែរ។+ តើពួកគេជាជនជាតិអ៊ីស្រាអែលឬ? ខ្ញុំក៏ដូច្នោះដែរ។ តើពួកគេជាកូនចៅ*របស់អាប្រាហាំឬ? ខ្ញុំក៏ដូច្នោះដែរ។+
២៣ តើពួកគេជាអ្នកបម្រើរបស់គ្រិស្តឬ? ខ្ញុំសូមតបឆ្លើយដូចជាមនុស្សឆ្កួតថា ខ្ញុំជាអ្នកបម្រើប្រសើរជាងពួកគេ ព្រោះខ្ញុំធ្វើការច្រើនជាងពួកគេ+ ជាប់គុកច្រើនជាងពួកគេ+ ត្រូវគេវាយច្រើនហួសប្រមាណ និងជិតស្លាប់ជាច្រើនដង។+
២៤ មានប្រាំដងដែលជនជាតិយូដាបានវាយខ្ញុំ រាល់ដងពួកគេវាយខ្ញុំ៤០រំពាត់ខ្វះមួយ។+
២៥ ខ្ញុំត្រូវគេវាយនឹងដំបងបីដង+ ត្រូវគេគប់នឹងដុំថ្មមួយដង+ ធ្លាប់លិចសំពៅបីដង+ ធ្លាប់ជាប់នៅសមុទ្រមួយយប់មួយថ្ងៃ។
២៦ ខ្ញុំធ្វើដំណើរជាញឹកញយ ក៏បានប្រឈមមុខនឹងគ្រោះថ្នាក់នៅទន្លេ គ្រោះថ្នាក់ពីចោរចាំស្ទាក់ប្លន់ គ្រោះថ្នាក់ពីជនរួមជាតិ+ គ្រោះថ្នាក់ពីជនជាតិដទៃ+ គ្រោះថ្នាក់នៅក្នុងក្រុង+ គ្រោះថ្នាក់នៅតំបន់ស្ងាត់ជ្រងំ គ្រោះថ្នាក់នៅសមុទ្រ គ្រោះថ្នាក់ក្នុងចំណោមបងប្អូនក្លែងក្លាយ
២៧ ដោយនឿយលំបាក ដោយអត់ងងុយជាញឹកញយ+ ដោយស្រេកឃ្លាន+ ដោយគ្មានអាហារបរិភោគជាច្រើនដង+ ដោយរងានិងគ្មានសម្លៀកបំពាក់។*
២៨ ក្រៅពីអ្វីៗទាំងនោះ ក៏មានអ្វីដែលអន្ទោលតាមខ្ញុំរៀងរាល់ថ្ងៃ* ពោលគឺកង្វល់អំពីក្រុមជំនុំទាំងឡាយ។+
២៩ តើអ្នកណាខ្សោយ ហើយខ្ញុំមិនខ្សោយដែរ? តើអ្នកណាជំពប់ដួល ហើយខ្ញុំមិនខឹងឆួល?
៣០ ប្រសិនបើត្រូវអួតខ្លួន ខ្ញុំនឹងអួតអំពីអ្វីដែលបង្ហាញភាពទន់ខ្សោយរបស់ខ្ញុំ។
៣១ ព្រះដែលជាបិតារបស់លោកម្ចាស់យេស៊ូ និងជាព្រះដែលត្រូវទទួលការសរសើរជារៀងរហូត ជ្រាបថាខ្ញុំមិននិយាយកុហកទេ។
៣២ នៅក្រុងដាម៉ាស់ អភិបាលក្រោមអំណាចស្ដេចអារេតាស បានឲ្យគេចាំយាមក្រុងដាម៉ាស់ដើម្បីចាប់ខ្ញុំ។
៣៣ ប៉ុន្តែ មានគេដាក់ខ្ញុំក្នុងកញ្ឆេផ្ដៅ រួចសម្រូតចុះតាមបង្អួចកំពែង។+ ដូច្នេះ ខ្ញុំបានរួចពីកណ្ដាប់ដៃរបស់គាត់។
កំណត់សម្គាល់
^ ឬ«ប្រណី»
^ ភាសាក្រិច«សាថាណាស»មានន័យថា«អ្នកប្រឆាំង»ឬ«សត្រូវ»
^ ឬ«ប្រណី»
^ ឬ«ប្រណី»
^ ន័យត្រង់«ពូជ»
^ ន័យត្រង់«នៅអាក្រាត»
^ ឬ«ខ្ញុំក៏មានសម្ពាធរៀងរាល់ថ្ងៃដែរ»