សំបុត្រទី២ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស ៣:១-១៨

  • សំបុត្រ​បញ្ជាក់ (​១​-​៣)

  • អ្នក​បម្រើ​នៃ​កិច្ច​ព្រម​ព្រៀង​ថ្មី (​៤​-​៦)

  • សិរី​រុង​រឿង​ដ៏​វិសេស​នៃ​កិច្ច​ព្រម​ព្រៀង​ថ្មី (​៧​-​១៨)

 តើ​យើង​ត្រូវ​ណែនាំ​ខ្លួន​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ម្ដង​ទៀត​ឬ? ហើយ​តើ​យើង​ត្រូវ​ការ​សំបុត្រ​បញ្ជាក់​ពី​អ្នក​រាល់​គ្នា ឬ​ត្រូវ​ឲ្យ​សំបុត្រ​បញ្ជាក់​អំពី​យើង​ដល់​អ្នក​រាល់​គ្នា​ដូច​មនុស្ស​ឯ​ទៀត​ទេ? ២  អ្នក​រាល់​គ្នា​ជា​សំបុត្រ​របស់​យើង+ដែលបានត្រូវចារ​ទុក​ក្នុង​ចិត្ត និង​ជា​សំបុត្រ​ដែល​មនុស្សជាតិ​ទាំង​ឡាយ​កំពុង​អាន​និង​ស្គាល់។ ៣  ព្រោះ​គឺ​ជាក់​ស្ដែង​ថា​អ្នក​រាល់​គ្នា​ជា​សំបុត្រ​របស់​គ្រិស្ត ដែល​យើង​បាន​សរសេរ​ក្នុង​នាម​ជា​អ្នក​បម្រើ+ មិន​មែន​សរសេរ​ដោយ​ប្រើ​ទឹក​ខ្មៅ​ទេ តែ​ដោយ​ឫទ្ធានុភាព​របស់​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ ហើយ​មិន​មែន​លើ​បន្ទះ​ថ្ម​ទេ+ តែ​លើ​ចិត្ត​វិញ។+ ៤  តាម​រយៈ​គ្រិស្ត យើង​មាន​ទំនុក​ចិត្ត​បែប​នេះ​ចំពោះ​ព្រះ។ ៥  យើង​មិន​មែន​ចាត់​ទុក​ថា​យើង​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដោយ​សារ​ការ​ខំ​ព្យាយាម​របស់​យើង​ទេ តែ​ព្រះ​ធ្វើ​ឲ្យ​យើង​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​វិញ។+ ៦  លោក​បាន​ធ្វើ​ឲ្យ​យើង​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់ ដើម្បី​ធ្វើ​ជា​អ្នក​បម្រើ​នៃ​កិច្ច​ព្រម​ព្រៀង​ថ្មី+ មិន​មែន​នៃ​ក្បួន​ច្បាប់​ជា​លាយ​លក្ខណ៍​អក្សរ​ទេ+ តែ​ជា​អ្នក​បម្រើ​នៃ​ឫទ្ធានុភាព​របស់​ព្រះ ព្រោះ​ក្បួន​ច្បាប់​ជា​លាយ​លក្ខណ៍​អក្សរ​ផ្ដន្ទា​ទោស​ឲ្យ​ស្លាប់+ តែ​ឫទ្ធានុភាព​របស់​ព្រះ​ធ្វើ​ឲ្យ​មាន​ជីវិត​រស់​នៅ។+ ៧  ម្យ៉ាង​ទៀត ក្បួន​ច្បាប់​ដែល​នាំ​ទៅ​ដល់​សេចក្ដី​ស្លាប់ ហើយ​ដែល​បាន​ត្រូវ​ចារឹក​លើ​ថ្ម+ បាន​កើត​ឡើង​ប្រកប​ដោយ​ភាព​រុង​រឿង។ ហេតុ​នោះ​ហើយ​បាន​ជា​ពួក​កូន*អ៊ីស្រាអែល​មិន​អាច​សម្លឹង​មើល​មុខ​របស់​ម៉ូសេ ដោយ​សារ​រស្មី​រុង​រឿង​ដ៏​ភ្លឺ​ចេញ​ពី​មុខ​របស់​គាត់+ តែ​ភាព​រុង​រឿង​នោះ​បាន​ត្រូវ​ធ្វើ​ឲ្យ​បាត់​សូន្យ​ទៅ។ ៨  ដូច្នេះ ការ​ចែក​ចាយ​ឫទ្ធានុភាព​របស់​ព្រះ+គួរ​តែ​ប្រកប​ដោយ​ភាព​រុង​រឿង​ខ្លាំង​ជាង​នោះ​ទៅ​ទៀត មែន​ទេ?+ ៩  ព្រោះ​ប្រសិន​បើ​ក្បួន​ច្បាប់​ដែល​ផ្ដន្ទា​ទោស+គឺ​ប្រកប​ដោយ​ភាព​រុង​រឿង+ នោះ​ការ​ចែក​ចាយ​ភាព​សុចរិត​ច្បាស់​ជា​ប្រកប​ដោយ​ភាព​រុង​រឿង​ខ្លាំង​ជាង​នោះ​ទៅ​ទៀត!+ ១០  តាម​ការ​ពិត សូម្បី​តែ​អ្វី​ដែល​បាន​ត្រូវ​ធ្វើ​ឲ្យ​មាន​ភាព​រុង​រឿង​ពី​មុន អ្វី​នោះ​បាន​ត្រូវ​ដក​ហូត​ភាព​រុង​រឿង​នោះ​ចេញ​វិញ ព្រោះ​តែ​ភាព​រុង​រឿង​ដែល​វិសេស​ជាង​នោះ​ទៅ​ទៀត។+ ១១  ព្រោះ​ប្រសិន​បើ​អ្វី​ដែល​ត្រូវ​ធ្វើ​ឲ្យ​បាត់​សូន្យ​ទៅ បាន​ត្រូវ​ធ្វើ​ឡើង​ប្រកប​ដោយ​ភាព​រុង​រឿង+ នោះ​អ្វី​ដែល​នៅ​គង់​វង្ស​ត្រូវ​ប្រកប​ដោយ​ភាព​រុង​រឿង​ខ្លាំង​ជាង​នោះ​ទៅ​ទៀត!+ ១២  ដោយ​សារ​យើង​មាន​សេចក្ដី​សង្ឃឹម​នេះ+ យើង​និយាយ​ដោយ​មាន​ចិត្ត​ក្លាហាន​ក្រៃ​លែង ១៣  ហើយ​យើង​មិន​ធ្វើ​ដូច​ពេល​ដែល​ម៉ូសេ​យក​ស្បៃ​មក​គ្របមុខ​គាត់+ ដើម្បី​កុំ​ឲ្យ​ពួក​កូន​អ៊ីស្រាអែល​សម្លឹង​មើល​ចុង​បញ្ចប់​នៃ​អ្វី​ដែល​ត្រូវ​ធ្វើ​ឲ្យ​បាត់​សូន្យ​ទៅ។ ១៤  ប៉ុន្តែ សមត្ថភាព​រិះ​គិត​របស់​ពួក​គេ​បាន​ទៅ​ជា​ស្ពឹក។+ ព្រោះ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ពេល​ដែល​ពួក​គេ​អាន​កិច្ច​ព្រម​ព្រៀង​ចាស់+ នោះ​នៅ​តែ​មាន​ស្បៃ​លើ​គំនិត​របស់​ពួក​គេ​ដដែល ពី​ព្រោះ​ស្បៃ​នោះ​អាច​ត្រូវ​ដក​ចេញ​បាន លុះ​ត្រា​តែ​ពួក​គេ​មាន​ជំនឿ​លើ​គ្រិស្ត។+ ១៥  តាម​ពិត រហូត​ដល់​សព្វ​ថ្ងៃ​នេះ ពេល​ណា​ពួក​គេ​អាន​អ្វី​ដែល​ម៉ូសេ​បាន​សរសេរ+ ស្បៃ​នោះ​គឺ​នៅ​លើ​ចិត្ត​របស់​ពួក​គេ។+ ១៦  ប៉ុន្តែ ពេល​ដែល​ពួក​គេ​បែរ​មក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា* ស្បៃ​នោះ​ក៏​ត្រូវ​ដក​ចេញ។+ ១៧  ឯ​ព្រះ​យេហូវ៉ា*ជា​វិញ្ញាណ+ ហើយ​កន្លែង​ណា​ដែល​មាន​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា* កន្លែង​នោះ​មាន​សេរី​ភាព។+ ១៨  ឯ​យើង​ទាំង​អស់​គ្នា​លែង​មាន​ស្បៃ​គ្រប​មុខ​ទៀត ហើយ​យើង​ប្រៀប​ដូច​ជា​កញ្ចក់​ឆ្លុះ​ដែល​ជះ​សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា។* ក្នុង​ពេល​ដែល​យើង​ធ្វើ​ដូច្នេះ យើង​បាន​ត្រូវ​ធ្វើ​ឲ្យ​ផ្លាស់​ប្រែ​ឲ្យ​កាន់​តែ​មាន​លក្ខណៈ​ដូច​ព្រះ ដើម្បី​យើង​អាច​ជះ​សិរី​រុង​រឿង​របស់​លោក​កាន់​តែ​ខ្លាំង​ឡើង​ៗ ដូច​ដែល​ព្រះ​យេហូវ៉ា*ជា​វិញ្ញាណ​ធ្វើ​ឲ្យ​យើង​ផ្លាស់​ប្រែ។+

កំណត់សម្គាល់

ក្នុង​គម្ពីរ​ពាក្យ​«​កូន​»​ឬ​«​បុត្រ​»​អាច​សំដៅ​លើ​អ្នក​ណា​ក៏​ដោយ​ដែល​កើត​ក្នុង​វង្ស​ត្រកូល
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥