ចម្រៀងសរសើរព្រះ ៧១:១-២៤
៧១ ឱព្រះយេហូវ៉ា ខ្ញុំពឹងជ្រកលោកសូមកុំឲ្យខ្ញុំត្រូវអាម៉ាស់មុខឡើយ។+
២ សូមលោកជួយសង្គ្រោះខ្ញុំ ដោយសារលោកសុចរិតសូមលោកផ្ទៀងស្ដាប់*ខ្ញុំ ហើយការពារខ្ញុំផង។+
៣ សូមលោកធ្វើជាបន្ទាយថ្មសម្រាប់ខ្ញុំជាកន្លែងដែលខ្ញុំអាចចូលទៅជ្រកកោនបានជានិច្ច។
សូមលោកចាត់អ្នកណាម្នាក់ឲ្យមកសង្គ្រោះខ្ញុំព្រោះលោកជាថ្មដាយ៉ាងធំ និងជាទីមាំមួនរបស់ខ្ញុំ។+
៤ ឱព្រះរបស់ខ្ញុំអើយ សូមជួយខ្ញុំឲ្យរួចពីកណ្ដាប់ដៃរបស់ជនទុច្ចរិត+និងការពារខ្ញុំឲ្យរួចពីក្រញាំដៃរបស់មនុស្សដែលសង្កត់សង្កិនគេដោយអយុត្តិធម៌។
៥ ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត លោកជាសេចក្ដីសង្ឃឹមរបស់ខ្ញុំតាំងពីខ្ញុំនៅក្មេង ខ្ញុំបានទុកចិត្តលោក។+
៦ ខ្ញុំបានពឹងផ្អែកលោកតាំងពីខ្ញុំកើតមកគឺលោកជាអ្នកដែលយកខ្ញុំចេញពីក្នុងផ្ទៃម្ដាយ+ខ្ញុំសរសើរលោកគ្រប់ពេលវេលា។
៧ មនុស្សជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលពួកគេឃើញអ្វីដែលកើតឡើងចំពោះខ្ញុំតែលោកជាទីពឹងជ្រកដ៏រឹងមាំរបស់ខ្ញុំ។
៨ មាត់របស់ខ្ញុំពោលតែពាក្យសរសើរលោក+ជារៀងរាល់ថ្ងៃ ខ្ញុំប្រកាសអំពីសិរីរុងរឿងរបស់លោក។
៩ ក្នុងពេលខ្ញុំមានវ័យចាស់ សូមមេត្តាកុំបោះបង់ចោលខ្ញុំ+ពេលខ្ញុំលែងមានកម្លាំង សូមកុំទុកខ្ញុំចោលឡើយ។+
១០ ពួកសត្រូវរបស់ខ្ញុំនាំគ្នានិយាយប្រឆាំងខ្ញុំហើយអស់អ្នកដែលរកសម្លាប់ខ្ញុំ ពួកគេជំនុំគ្នា។+
១១ ពួកគេប្រឹក្សាគ្នាថា៖ «ព្រះបានបោះបង់ចោលគាត់ហើយ។
ចូរយើងដេញចាប់គាត់ឲ្យបាន ព្រោះគ្មានអ្នកណាមកជួយគាត់ទេ»។+
១២ ឱព្រះអើយ សូមកុំនៅឆ្ងាយពីខ្ញុំឱព្រះរបស់ខ្ញុំអើយ សូមប្រញាប់មកជួយខ្ញុំផង។+
១៣ សូមឲ្យអស់អ្នកដែលប្រឆាំងខ្ញុំត្រូវអាប់មុខហើយវិនាសទៅ។+
សូមឲ្យអស់អ្នកដែលព្យាយាមធ្វើឲ្យខ្ញុំអន្តរាយត្រូវអាម៉ាស់មុខនិងអាប់ឱន។+
១៤ រីឯខ្ញុំវិញ ខ្ញុំនឹងបន្តរង់ចាំលោកខ្ញុំនឹងលើកតម្កើងលោកថែមទៀត។
១៥ ជារៀងរាល់ថ្ងៃ មាត់ខ្ញុំនឹងរៀបរាប់អំពីសេចក្ដីសុចរិតរបស់លោក+និងអំពីសេចក្ដីសង្គ្រោះរបស់លោកទោះជាខ្ញុំរៀបរាប់យ៉ាងណា ក៏រៀបរាប់មិនអស់ដែរ។+
១៦ ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតខ្ញុំនឹងមកប្រាប់អំពីកិច្ចការដ៏អស្ចារ្យរបស់លោកខ្ញុំនឹងលើកឡើងតែអំពីសេចក្ដីសុចរិតរបស់លោកប៉ុណ្ណោះ។
១៧ ឱព្រះ លោកបានបង្រៀនខ្ញុំតាំងពីខ្ញុំនៅក្មេង+ហើយរហូតដល់ឥឡូវ ខ្ញុំនៅតែប្រកាសអំពីកិច្ចការដ៏អស្ចារ្យរបស់លោក។+
១៨ ឱព្រះ ពេលខ្ញុំចាស់សក់ស្កូវ សូមលោកកុំបោះបង់ចោលខ្ញុំ+សូមឲ្យខ្ញុំប្រាប់មនុស្សតំណក្រោយអំពីឫទ្ធានុភាពរបស់លោកនិងតំណាលប្រាប់កូនចៅជំនាន់ក្រោយអំពីកម្លាំងដ៏ខ្លាំងក្លារបស់លោក។+
១៩ ឱព្រះ សេចក្ដីសុចរិតរបស់លោកគឺអស្ចារ្យខ្លាំងណាស់+លោកបានធ្វើកិច្ចការអស្ចារ្យជាច្រើន។
ឱព្រះ តើមានអ្នកណាអាចប្រៀបផ្ទឹមនឹងលោកបាន?+
២០ ទោះជាលោកធ្វើឲ្យខ្ញុំជួបទុក្ខវេទនានិងអន្តរាយជាច្រើនក៏ដោយ+តែសូមលោកជួយខ្ញុំឲ្យមានកម្លាំងចិត្តឡើងវិញ។
សូមលោកលើកខ្ញុំចេញពីជម្រៅផែនដី*ផង។+
២១ សូមលោកធ្វើឲ្យខ្ញុំមានកិត្តិយសឡើងវិញសូមលោកនៅចាំការពារខ្ញុំ ហើយសម្រាលទុក្ខខ្ញុំ។
២២ រួចខ្ញុំនឹងលេងភ្លេង*សរសើរព្រះរបស់ខ្ញុំដោយសារលោកស្មោះត្រង់។+
ឱព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែលខ្ញុំនឹងដេញពិណច្រៀងលើកតម្កើងលោក។
២៣ កាលដែលខ្ញុំច្រៀងសរសើរលោក មាត់ខ្ញុំនឹងស្រែកដោយអំណរ+ព្រោះលោកបានជួយសង្គ្រោះជីវិត*ខ្ញុំ។+
២៤ រាល់ថ្ងៃ ខ្ញុំនឹងនិយាយ*អំពីសេចក្ដីសុចរិតរបស់លោក+ព្រោះអស់អ្នកដែលព្យាយាមបំផ្លាញខ្ញុំ នឹងត្រូវអាម៉ាស់មុខនិងអាប់ឱន។+
កំណត់សម្គាល់
^ ឬ«ឱនស្ដាប់»
^ ឬ«ពីទឹកជ្រៅនៃផែនដី»
^ ឬ«លេងឧបករណ៍ភ្លេងមានខ្សែ»
^ មើលនិយមន័យពាក្យ«ជីវិត»
^ ឬ«រំពឹងគិត»