ចម្រៀងសរសើរព្រះ ៧៨:១-៧២

  • ការ​ថែ​រក្សា​របស់​ព្រះ និង​ជន​ជាតិ​អ៊ីស្រាអែល​ខ្វះ​ជំនឿ

    • ប្រាប់​កូន​ចៅ​ជំនាន់​ក្រោយ (​២​-​៨)

    • «​ពួក​គេ​គ្មាន​ជំនឿ​លើ​ព្រះ​»​ (​២២)

    • «​អាហារ​ពី​លើ​មេឃ​»​ (​២៤)

    • «​ពួក​គេ​បាន​ធ្វើ​ឲ្យ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល​ពិបាក​ចិត្ត​»​ (​៤១)

    • ពី​ស្រុក​អេហ្ស៊ីប​ដល់​ស្រុក​ដែល​ព្រះ​បាន​សន្យា (​៤៣​-​៥៥)

    • «​ពួក​គេ​នៅ​តែ​ល្បង​ល​ព្រះ​»​ (​៥៦)

ម៉ាស់គាល។* ទំនុក​របស់​អេសាភ។+ ៧៨  ឱ​រាស្ត្រ​ខ្ញុំ​អើយ ចូរ​ស្ដាប់​ការ​ណែនាំ*របស់​ខ្ញុំចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​ដែល​ចេញ​ពី​មាត់​ខ្ញុំ។  ២  ខ្ញុំ​នឹង​បើក​មាត់​និយាយ​ជា​សុភាសិតខ្ញុំ​នឹង​ពោល​ជា​ប្រស្នា​ដែល​មាន​តាំង​ពី​បុរាណ​មក។+  ៣  នោះ​ជា​អ្វី​ៗ​ដែល​យើង​បាន​ដឹង​បាន​ឮពី​ឪពុក​របស់​យើង​ដែល​ធ្លាប់​តំណាល​ឲ្យ​យើង​ស្ដាប់។+  ៤  យើង​នឹង​មិន​លាក់​បាំង​រឿង​ទាំង​នេះ​ពី​កូន​ចៅ​របស់​ពួក​គេ​ទេយើង​នឹង​ថ្លែង​ប្រាប់​កូន​ចៅ​ជំនាន់​ក្រោយ​ឲ្យ​បាន​ដឹង+អំពី​ការ​ដ៏​គួរ​ឲ្យ​ស្ងើច​សរសើរ​របស់​ព្រះ​យេហូវ៉ា និង​អំពី​ឫទ្ធានុភាព​របស់​លោក+ព្រម​ទាំង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ធ្វើ​ផង។+  ៥  លោក​បាន​ឲ្យ​សេចក្ដី​រំលឹក​ដល់​យ៉ាកុបហើយ​កំណត់​ច្បាប់​ក្នុង​ពួក​អ៊ីស្រាអែលលោក​បាន​បង្គាប់​បុព្វ​បុរស​របស់​យើង​ឲ្យ​រៀប​រាប់​ប្រាប់​កូន​ចៅ​​របស់​ពួក​គេ​អំពី​អ្វី​ៗ​ទាំង​នេះ+  ៦  ដើម្បី​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​បាន​ដឹងគឺ​កូន​ចៅ​ដែល​មិន​ទាន់​កើត​មក។+ ក្រោយ​មក ពួក​គេ​អាច​ប្រាប់​កូន​ចៅ​របស់​ពួក​គេ​ត​ៗ​គ្នា។+  ៧  យ៉ាង​នេះ ពួក​គេ​នឹង​ទុក​ចិត្ត​ព្រះហើយ​គ្មាន​ថ្ងៃ​ភ្លេច​អំពី​កិច្ច​ការ​​របស់​លោក​ឡើយ+តែ​ពួក​គេ​នឹង​ធ្វើ​តាម​បញ្ញត្តិ​របស់​លោក​វិញ។+  ៨  ដូច្នេះ ពួក​គេ​នឹង​មិន​ប្រព្រឹត្ត​ដូច​បុព្វ​បុរស​របស់​ពួក​គេដែល​ជា​ជំនាន់​មនុស្ស​រឹង​ចចេស​និង​បះ​បោរ​ប្រឆាំង+ហើយ​ជា​ជំនាន់​មនុស្ស​ដែល​មាន​ចិត្ត​ងាក​រេ+និង​ដែល​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ទេ។  ៩  ចំណែក​ឯ​ពួក​អេប្រាអ៊ីម​វិញ ពួក​គេ​ប្រដាប់​ដោយ​ធ្នូប៉ុន្តែ ពួក​គេ​បែរ​ជា​ដក​ថយ​នៅ​ថ្ងៃ​ធ្វើ​សង្គ្រាម។ ១០  ពួក​គេ​មិន​បាន​កាន់​តាម​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​ទេ+ហើយ​ក៏​មិន​ព្រម​ធ្វើ​តាម​ច្បាប់​របស់​លោក​ដែរ។+ ១១  ពួក​គេ​បាន​ភ្លេច​អ្វី​ៗ​ដែល​លោក​បាន​ធ្វើ+និង​ភ្លេច​កិច្ច​ការ​អស្ចារ្យ​ដែល​លោក​បាន​បង្ហាញ​ឲ្យ​ពួក​គេ​ឃើញ។+ ១២  លោក​បាន​ធ្វើ​ការ​អស្ចារ្យ​ផ្សេង​ៗ​នៅ​ចំពោះ​មុខ​បុព្វ​បុរស​របស់​ពួក​គេ+ក្នុង​តំបន់​ក្រុង​សូអាន​នៅ​ស្រុក​អេហ្ស៊ីប។+ ១៣  លោក​ញែក​សមុទ្រ​ដើម្បី​ឲ្យ​ពួក​គេ​ដើរ​ឆ្លង​កាត់ហើយ​លោក​បាន​ធ្វើ​ឲ្យ​ទឹក​នៅ​នឹង​ថ្កល់​ប្រៀប​ដូច​ជា​ជញ្ជាំង។+ ១៤  នៅ​ពេល​ថ្ងៃ លោក​ដឹក​នាំ​ពួក​គេ​ដោយ​បង្គោល​ពពកហើយ​នៅ​ពេល​យប់ លោក​ដឹក​នាំ​ដោយ​បង្គោល​ភ្លើង។+ ១៥  លោក​បំបែក​ថ្ម​នៅ​តំបន់​ស្ងាត់​ជ្រងំ​ឲ្យ​ចេញ​ទឹករួច​លោក​ឲ្យ​ពួក​គេ​ផឹក​ទាល់​តែ​ឆ្អែត ដូច​ជា​បាន​ផឹក​ពី​ទឹក​ជ្រៅ។+ ១៦  លោក​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្មហើយ​ឲ្យ​ទឹក​ហូរ​ធ្លាក់​មក​ដូច​ជា​ទន្លេ។+ ១៧  ប៉ុន្តែ ពួក​គេ​នៅ​តែ​ធ្វើ​ខុស​ចំពោះ​លោក​ម្ដង​ហើយ​ម្ដង​ទៀតដោយ​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​នៅ​តំបន់​វាល​ខ្សាច់។+ ១៨  ចិត្ត​របស់​ពួក​គេ​បាន​ល្បង​ល​ព្រះ+ដោយ​ទាម​ទារ​អាហារ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន។ ១៩  ម្ល៉ោះ​ហើយ ពួក​គេ​ប្រឆាំង​នឹង​ព្រះដោយ​និយាយ​ថា​៖ ​«​តើ​ព្រះ​អាច​ឲ្យ​អាហារ​ដល់​យើង​ក្នុង​តំបន់​ស្ងាត់​ជ្រងំ​នេះ​បាន​ឬ?​»។+ ២០  មើល! លោក​បាន​វាយ​ថ្ម ហើយ​ក៏​មាន​ទឹក​ហូរ​ជន់​ជោរ​ចេញ​មក។+ ប៉ុន្តែ ពួក​គេ​នៅ​តែ​និយាយ​ថា​៖«​តើ​លោក​អាច​ផ្ដល់​អាហារ​ឲ្យ​យើងឬ​ផ្ដល់​សាច់​សម្រាប់​រាស្ត្រ​របស់​លោក​បាន​ទេ?​»។+ ២១  ពេល​ព្រះ​យេហូវ៉ា​ឮ​ពួក​គេ​និយាយ​ដូច្នោះ លោក​ខឹង​យ៉ាង​ខ្លាំង+រួច​មាន​ភ្លើង+មក​ឆាប​ឆេះ​យ៉ាកុបហើយ​កំហឹង​របស់​លោក​ក៏​ផ្ទុះ​ឡើង​ទាស់​នឹង​ពួក​អ៊ីស្រាអែល+ ២២  ពី​ព្រោះ​ពួក​គេ​គ្មាន​ជំនឿ​លើ​ព្រះ+ពួក​គេ​មិន​ទុក​ចិត្ត​ថា​ព្រះ​មាន​សមត្ថភាព​ជួយ​សង្គ្រោះ​ពួក​គេ​ទេ។ ២៣  ដូច្នេះ លោក​បាន​បង្គាប់​ដល់​ពពកហើយ​បើក​ចំហ​ទ្វារ​មេឃ។ ២៤  លោក​បង្អុរ​ម៉ាណា​ឲ្យ​ពួក​គេ​បរិភោគលោក​ផ្ដល់​អាហារ*ពី​លើ​មេឃ​សម្រាប់​ពួក​គេ។+ ២៥  មនុស្ស​បាន​បរិភោគ​អាហារ​របស់​ពួក​អ្នក​ខ្លាំង​ពូកែ*+លោក​បាន​ឲ្យ​ពួក​គេ​បរិភោគ​ឆ្អែត​ស្កប់​ស្កល់។+ ២៦  លោក​បាន​ធ្វើ​ឲ្យ​មាន​ខ្យល់​បក់​ពី​ទិស​ខាង​កើត​នៅ​លើ​មេឃហើយ​ក៏​ធ្វើ​ឲ្យ​មាន​ខ្យល់​បក់​ពី​ទិស​ខាង​ត្បូង​ដោយ​ឫទ្ធានុភាព​របស់​លោក​ដែរ។+ ២៧  លោក​ទម្លាក់​សាច់​ឲ្យ​ពួក​គេ​យ៉ាង​ច្រើន​ដូច​លម្អង​ធូលីគឺ​ទម្លាក់​សត្វ​ស្លាប​ដល់​ពួក​គេ​ច្រើន​សន្ធឹក​ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។ ២៨  លោក​បាន​ធ្វើ​ឲ្យ​សត្វ​ទាំង​នោះ​ធ្លាក់​ត្រង់​ជំរំ​របស់​លោកគឺ​នៅ​ជុំវិញ​ត្រសាល​ទាំង​ប៉ុន្មាន​របស់​លោក។ ២៩  ពួក​គេ​បរិភោគ​ទាល់​តែ​ចាក់​ច្រាសលោក​បាន​បំពេញ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ពួក​គេ។+ ៣០  ប៉ុន្តែ មុន​ដែល​ពួក​គេ​ឆ្អែត​ឆ្អន់​តាម​ចំណង់​របស់​ខ្លួនក្នុង​កាល​ដែល​អាហារ​នៅ​ក្នុង​មាត់​ពួក​គេ​នៅ​ឡើយ ៣១  ស្រាប់​តែ​កំហឹង​របស់​ព្រះ​ផ្ទុះ​ឡើង​ប្រឆាំង​នឹង​ពួក​គេ+លោក​សម្លាប់​មនុស្ស​ខ្លាំង​ពូកែ​បំផុត​របស់​ពួក​គេ+លោក​ប្រហារ​ជីវិត​ពួក​យុវជន​អ៊ីស្រាអែល។ ៣២  ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​គេ​ធ្វើ​ខុស​កាន់​តែ​ខ្លាំង​ឡើង។+ ពួក​គេ​មិន​បាន​ជឿ​លោក​ទេ ក្រោយ​បាន​ឃើញ​ការ​អស្ចារ្យ​របស់​លោក។+ ៣៣  ហេតុ​នេះ លោក​បាន​ធ្វើ​ឲ្យ​ចំនួន​ថ្ងៃ​របស់​ពួក​គេ​បញ្ចប់​ទៅ​ហាក់​ដូច​ជា​ដង្ហើម​ខ្លី​មួយ​ប៉ុណ្ណោះ+ហើយ​លោក​ធ្វើ​ឲ្យ​ចំនួន​ឆ្នាំ​របស់​ពួក​គេ​ផុត​ទៅ​ដោយ​ឲ្យ​កើត​មាន​អន្តរាយ​ក្នុង​មួយ​រំពេច។ ៣៤  ប៉ុន្តែ រាល់​លើក​ដែល​ព្រះ​សម្លាប់​ពួក​គេ នោះ​ពួក​គេ​ក៏​តាំង​ស្វែង​រក​លោក+គឺ​ពួក​គេ​តែង​តែ​ត្រឡប់​មក​រក​លោក​វិញ។ ៣៥  ពួក​គេ​នឹក​ឃើញ​ថា​ព្រះ​ជា​ថ្ម​ដា​របស់​ពួក​គេ+ហើយ​ថា​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ជា​អ្នក​លោះ*ពួក​គេ។+ ៣៦  ប៉ុន្តែ ពួក​គេ​ព្យាយាម​ពោល​ពាក្យ​បោក​បញ្ឆោត​លោកហើយ​និយាយ​កុហក​លោក។ ៣៧  ពួក​គេ​មាន​ចិត្ត​ងាក​រេ​ពី​ព្រះ+ពួក​គេ​មិន​ស្មោះ​ត្រង់​នឹង​កិច្ច​ព្រម​ព្រៀង​របស់​លោក​ទេ។+ ៣៨  ប៉ុន្តែ លោក​មាន​សេចក្ដី​មេត្តា​ករុណា+លោក​តែង​អភ័យ​ទោស​ចំពោះ​កំហុស​ឆ្គង​របស់​ពួក​គេ​ហើយ​មិន​បំផ្លាញ​ពួក​គេ​ទេ។+ លោក​ច្រើន​តែ​ទប់​កំហឹង​របស់​លោក+លោក​មិន​បណ្ដោយ​ឲ្យ​កំហឹង​ចេញ​មក​ទាំង​អស់​ឡើយ។ ៣៩  ព្រោះ​លោក​នឹក​ចាំ​ថា​ពួក​គេ​គ្រាន់​តែ​ជា​មនុស្ស​ប៉ុណ្ណោះ+ហើយ​ប្រៀប​ដូច​ជា​ខ្យល់​ដែល​បក់​ផាត់​ទៅ មិន​ត្រឡប់​មក​វិញ​ឡើយ។* ៤០  អស់​ជា​ច្រើន​លើក​ច្រើន​សា ពួក​គេ​បះ​បោរ​ប្រឆាំង​លោក​នៅ​តំបន់​ស្ងាត់​ជ្រងំ+ហើយ​បាន​ធ្វើ​ឲ្យ​លោក​ឈឺ​ចិត្ត​នៅ​ទី​នោះ!+ ៤១  ពួក​គេ​ល្បង​ល​ព្រះ​ម្ដង​ហើយ​ម្ដង​ទៀត+ពួក​គេ​បាន​ធ្វើ​ឲ្យ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល​ពិបាក​ចិត្ត។* ៤២  ពួក​គេ​មិន​បាន​ចង​ចាំ​អំពី​ឫទ្ធានុភាព​របស់​លោក​ទេគឺ​នៅ​ថ្ងៃ​ដែល​លោក​បាន​សង្គ្រោះ​ពួក​គេ​ពី​កណ្ដាប់​ដៃ​សត្រូវ។+ ៤៣  ពួក​គេ​បាន​ភ្លេច​ការ​អស្ចារ្យ​របស់​លោក​នៅ​ស្រុក​អេហ្ស៊ីប+និង​ភ្លេច​អព្ភូតហេតុ​ផ្សេង​ៗ​ដែល​លោក​បាន​ធ្វើ​នៅ​តំបន់​ក្រុង​សូអាន ៤៤  ហើយ​ក៏​បាន​ភ្លេច​ថា ព្រះ​បាន​ធ្វើ​ឲ្យ​ព្រែក​នៃ​ទន្លេ​នីល​ប្រែ​ទៅ​ជា​ឈាម+ជា​ហេតុ​នាំ​ឲ្យ​ពួក​គេ​មិន​អាច​ផឹក​ទឹក​ពី​ព្រែក​នោះ​បាន​ឡើយ។ ៤៥  លោក​បាន​ចាត់​សត្វ​របោម*ឲ្យ​ធ្វើ​ទុក្ខ​ពួក​គេ+ហើយ​ឲ្យ​កង្កែប​មក​បំផ្លាញ​ពួក​គេ។+ ៤៦  លោក​បាន​ឲ្យ​ហ្វូង​កណ្ដូប​ទៅ​ស៊ី​បង្ហិន​បង្ហោច​ដំណាំ​របស់​ពួក​គេហើយ​ភោគ​ផល​ដែល​ពួក​គេ​បាន​មក​ពី​ការ​ប្រឹង​ប្រែង​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​បាន​ក្លាយ​ជា​ចំណី​របស់​ហ្វូង​កណ្ដូប។+ ៤៧  លោក​បាន​ទម្លាក់​ដុំ​ទឹក​កក​បំផ្លាញ​វល្លិ​ទំពាំង​បាយ​ជូរ+និង​ដើម​ល្វា​តូច​របស់​ពួក​គេ។ ៤៨  លោក​ឲ្យ​ដុំ​ទឹក​កក​ធ្លាក់​មក​សម្លាប់​សត្វ​ដែល​ពួក​គេ​ប្រើ​ធ្វើ​ការ+ហើយ​បំផ្លាញ​ហ្វូង​សត្វ​របស់​ពួក​គេ​ដោយ​រន្ទះ​បាញ់។* ៤៩  លោក​ខឹង​ពួក​គេ​ខ្លាំង​ណាស់លោក​ខឹង​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​លោក​ធ្វើ​ឲ្យ​ពួក​គេ​រង​ទុក្ខ​វេទនាលោក​បាន​ចាត់​កង​ទ័ព​ទេវតា​ឲ្យ​នាំ​អន្តរាយ​មក​លើ​ពួក​គេ។ ៥០  លោក​បាន​ធ្វើ​តាម​កំហឹង​របស់​លោកលោក​មិន​បាន​ប្រណី​ជីវិត*ពួក​គេ​ទេលោក​បាន​ឲ្យ​ពួក​គេ​កើត​រោគ​រាត​ត្បាត។ ៥១  នៅ​ទី​បំផុត លោក​សម្លាប់​កូន​ច្បង​ទាំង​អស់​របស់​ពួក​អេហ្ស៊ីប+គឺ​កូន​ដំបូង​ដែល​បាន​កើត​ក្នុង​ត្រសាល​របស់​ហាំ។ ៥២  រួច​មក លោក​បាន​នាំ​រាស្ត្រ​របស់​លោក​ចេញ​ទៅ​ដូច​នាំ​ហ្វូង​ចៀម+ហើយ​ដឹក​នាំ​ពួក​គេ​នៅ​តំបន់​ស្ងាត់​ជ្រងំ​ដូច​ដឹក​នាំ​ហ្វូង​សត្វ។ ៥៣  លោក​ដឹក​នាំ​ពួក​គេ​ដោយ​សុវត្ថិភាពហើយ​ពួក​គេ​គ្មាន​ការ​ភ័យ​ខ្លាច​ឡើយ+សមុទ្រ​បាន​គ្រប​សង្កត់​ខ្មាំង​សត្រូវ​របស់​ពួក​គេ។+ ៥៤  លោក​បាន​នាំ​ពួក​គេ​មក​ដល់​ទឹក​ដី​បរិសុទ្ធ​របស់​លោក+គឺ​តំបន់​ភ្នំ​ដែល​លោក​បាន​ច្បាំង​យក​ដោយ​ឫទ្ធានុភាព*របស់​លោក។+ ៥៥  លោក​បណ្ដេញ​ជន​ជាតិ​ផ្សេង​ៗ​ចេញ​ពី​មុខ​ពួក​គេ+លោក​បាន​ចែក​មត៌ក​ឲ្យ​ពួក​គេ ដោយ​វាស់​ទឹក​ដី+លោក​ឲ្យ​កុល​សម្ព័ន្ធ​ទាំង​ឡាយ​នៃ​អ៊ីស្រាអែល​រស់​នៅ​​ក្នុង​លំនៅ​របស់​ពួក​គេ​រៀង​ៗ​ខ្លួន។+ ៥៦  ប៉ុន្តែ ពួក​គេ​នៅ​តែ​ល្បង​ល​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ហើយ​បះ​បោរ​ប្រឆាំង​លោក​ឥត​ឈប់​ឈរ+ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម​សេចក្ដី​រំលឹក​របស់​លោក​ទាល់​តែ​សោះ។+ ៥៧  ម្យ៉ាង​ទៀត ពួក​គេ​បាន​បែរ​ចេញ​ពី​លោក ហើយ​ក្បត់​លោក​ដូច​បុព្វ​បុរស​របស់​ពួក​គេ​ដែរ+ពួក​គេ​ទុក​ចិត្ត​មិន​បាន​ដូច​ជា​ព្រួញ​ដែល​វៀច។+ ៥៨  ពួក​គេ​ចេះ​តែ​ធ្វើ​ឲ្យ​លោក​ទាស់​ចិត្ត ដោយ​សារ​ទី​ខ្ពស់​ៗ​ដែល​ពួក​គេ​គោរព​បូជា+ហើយ​ពួក​គេ​ធ្វើ​ឲ្យ​លោក​ខឹង* ព្រោះ​តែ​រូប​ឆ្លាក់​របស់​ពួក​គេ។+ ៥៩  ព្រះ​បាន​ឮ ហើយ​ក៏​មាន​កំហឹង​យ៉ាង​ខ្លាំង+ដូច្នេះ លោក​លែង​ទទួល​ស្គាល់​អ៊ីស្រាអែល​ត​ទៅ​ទៀត។ ៦០  នៅ​ទី​បំផុត លោក​បាន​បោះ​បង់​ចោល​ត្រសាល​នៅ​ក្រុង​ស៊ីឡូរ+ជា​ត្រសាល​ដែល​លោក​ធ្លាប់​អាស្រ័យ​នៅ​ក្នុង​ចំណោម​មនុស្ស។+ ៦១  លោក​អនុញ្ញាត​ឲ្យ​គេ​ចាប់​យក​និមិត្តរូប​នៃ​ឫទ្ធានុភាព​របស់​លោក​ទៅ​ជា​ឈ្លើយហើយ​ឲ្យ​សិរី​រុង​រឿង​របស់​លោក​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ។+ ៦២  លោក​បាន​ឲ្យ​រាស្ត្រ​របស់​លោក​ស្លាប់​ដោយ​មុខ​ដាវ+ហើយ​លោក​ក្រេវ​ក្រោធ​នឹង​មត៌ក​របស់​លោក​យ៉ាង​ខ្លាំង។ ៦៣  ពួក​យុវជន​របស់​លោក​ត្រូវ​ភ្លើង​ឆេះ​សុសហើយ​គ្មាន​អ្នក​ណា​ច្រៀង​ចម្រៀង​ភ្លេង​ការ​សម្រាប់​ក្រមុំ​បរិសុទ្ធ​របស់​លោក​ឡើយ។ ៦៤  រីឯ​ពួក​សង្ឃ​របស់​លោក​ដួល​ស្លាប់​ដោយ​ដាវ+ហើយ​ប្រពន្ធ​របស់​ពួក​គេ​មិន​យំ​សោក​ទេ។+ ៦៥  រួច​ព្រះ​យេហូវ៉ា​បាន​ក្រោក​ឡើង ដូច​ជា​ភ្ញាក់​ពី​ដំណេក+ដូច​បុរស​ខ្លាំង​ពូកែ+ដែល​ស្វាង​ស្រា។ ៦៦  លោក​ក៏​បណ្ដេញ​ពួក​សត្រូវ​របស់​លោក​ចេញ+លោក​ធ្វើ​ឲ្យ​ពួក​គេ​អាប់​ឱន​ជា​រៀង​រហូត។ ៦៧  លោក​លែង​ទទួល​ស្គាល់​ត្រសាល​របស់​យ៉ូសែបលោក​មិន​បាន​ជ្រើស​រើស​កុល​សម្ព័ន្ធ​អេប្រាអ៊ីម​ទេ។ ៦៨  ប៉ុន្តែ លោក​ជ្រើស​រើស​កុល​សម្ព័ន្ធ​យូដា+និង​ភ្នំ​ស៊ីយ៉ូន​ដែល​ជា​ទី​ស្រឡាញ់​របស់​លោក។+ ៦៩  លោក​បាន​សាង​ទី​បរិសុទ្ធ​របស់​លោក​ឲ្យ​នៅ​គង់​វង្ស​ដូច​មេឃ+និង​ឲ្យ​នៅ​ស្ថិត​ស្ថេរ​ជា​រៀង​រហូត ដូច​ផែនដី​ដែល​លោក​បាន​បង្កើត។+ ៧០  លោក​បាន​ជ្រើស​រើស​ដាវីឌ+ជា​អ្នក​បម្រើ​លោកហើយ​នាំ​គាត់​ចេញ​ពី​ក្រោល​ចៀម+ ៧១  និង​ចេញ​ពី​ការ​មើល​ថែ​មេ​ចៀម​ដែល​នៅ​បំបៅ​កូន។ លោក​តែង​តាំង​គាត់​ឲ្យ​ធ្វើ​ជា​គង្វាល​លើ​យ៉ាកុប​ជា​រាស្ត្រ​របស់​លោក+និង​លើ​អ៊ីស្រាអែល​ជា​មត៌ក​របស់​លោក។+ ៧២  គាត់​ឃ្វាល​ពួក​គេ​ដោយ​ចិត្ត​ស្មោះ​ឥត​ងាក​រេ+ហើយ​គាត់​ដឹក​នាំ​ពួក​គេ​យ៉ាង​ជំនាញ។+

កំណត់សម្គាល់

មើល​និយម​ន័យ​ពាក្យ​«​ម៉ាស់គាល​»​
ឬ​«​ច្បាប់​»​
ន័យ​ត្រង់​«​ស្រូវ​»​
ឬ​«​ពួក​ទេវតា​»​
ឬ​«​អ្នក​សង​សឹក​ឲ្យ​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ក្រោយ​ពី​ជីវិត​បាន​ចេញ​ទៅ នោះ​មិន​ត្រឡប់​មក​វិញ​ទេ​»​
ឬ​«​ឈឺ​ចិត្ត​»​
ប្រភេទ​រុយ​ម្យ៉ាង​ដែល​ចេះ​ខាំ
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ដោយ​គ្រុន​ក្ដៅ​ខ្លាំង​»​
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​
ន័យ​ត្រង់​«​ដោយ​ដៃ​ស្ដាំ​»​
ឬ​«​ប្រច័ណ្ឌ​»​