ច្បាប់លេវី ១:១-១៧

 ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ពី​ត្រសាល​ជំនុំ+ថា​៖ ២  ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹បើ​អ្នក​ណា​ម្នាក់​យក​សត្វ​មក​ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា អ្នក​នោះ​ត្រូវ​យក​ចៀម ឬ​ពពែ ឬ​គោ​ពី​ហ្វូង​សត្វ​មក​ជូន។+ ៣  ​«​‹បើ​គាត់​ជូន​គោ​ជា​គ្រឿង​បូជា​ដុត គាត់​ត្រូវ​ជូន​គោ​ស្ទាវ​ដ៏​ល្អ​ឥត​ខ្ចោះ+ ហើយ​ត្រូវ​ជូន​ព្រះ​យេហូវ៉ា​ដោយ​ស្ម័គ្រ​ពី​ចិត្ត+ នៅ​ឯ​មាត់​ទ្វារ​ចូល​ត្រសាល​ជំនុំ។ ៤  គាត់​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​នោះ រួច​ព្រះ​នឹង​ទទួល​គ្រឿង​បូជា​ដុត​របស់​គាត់ ហើយ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​គាត់។ ៥  ​«​‹បន្ទាប់​មក ត្រូវ​សម្លាប់​គោ​ស្ទាវ​នោះ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ រួច​កូន​ប្រុស​ៗ​របស់​អេរ៉ុន​ជា​សង្ឃ+ នឹង​យក​ឈាម​គោ​នោះ​ទៅ​ជូន​ព្រះ ហើយ​ប្រោះ​នៅ​លើ​ជញ្ជាំង​ទាំង​បួន​នៃ​ទី​បូជា+ ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ។ ៦  បន្ទាប់​ពី​នោះ ត្រូវ​ពន្លាត់​ស្បែក​សត្វ​នៃ​គ្រឿង​បូជា​ដុត​នោះ ហើយ​កាប់​ជា​ដុំ​ៗ​+ ៧  រួច​កូន​ប្រុស​ៗ​របស់​អេរ៉ុន​ជា​សង្ឃ ត្រូវ​បង្កាត់​ភ្លើង​នៅ​ទី​បូជា+ ហើយ​យក​អុស​ទៅ​តម្រៀប​ពី​លើ។ ៨  រួច​យក​ដុំ​សាច់​ទាំង​នោះ ព្រម​ទាំង​ក្បាល​និង​ខ្លាញ់* ទៅ​តម្រៀប+នៅ​លើ​អុស​ដែល​កំពុង​ឆេះ​នៅ​លើ​ទី​បូជា។ ៩  បន្ទាប់​មក ត្រូវ​លាង​ពោះ​វៀន​និង​ជើង​សត្វ​នោះ រួច​ពួក​សង្ឃ​នឹង​យក​អ្វី​ទាំង​នោះ​ទៅ​ដុត​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។ នេះ​ជា​គ្រឿង​បូជា​ដុត​ជូន​ព្រះ​យេហូវ៉ា គឺ​ជា​គ្រឿង​បូជា​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ជូន​លោក។*+ ១០  ​«​‹បើ​គាត់​យក​ចៀម​ឬ​ពពែ​មក​ជូន​ជា​គ្រឿង​បូជា​ដុត គាត់​ត្រូវ​ជូន​ចៀម​ឬ​ពពែ​ស្ទាវ​ដ៏​ល្អ​ឥត​ខ្ចោះ។+ ១១  បន្ទាប់​មក ត្រូវ​សម្លាប់​សត្វ​នោះ​នៅ​ប៉ែក​ខាង​ជើង​ទី​បូជា​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ រួច​កូន​ប្រុស​ៗ​របស់​អេរ៉ុន​ជា​សង្ឃ នឹង​យក​ឈាម​សត្វ​នោះ​ទៅ​ប្រោះ​នៅ​លើ​ជញ្ជាំង​ទាំង​បួន​នៃ​ទី​បូជា។+ ១២  រួច​ត្រូវ​កាប់​ចៀម​នោះ​ជា​ដុំ​ៗ ហើយ​សង្ឃ​នឹង​យក​ដុំ​សាច់ ក្បាល និង​ខ្លាញ់* ទៅ​តម្រៀប​នៅ​លើ​អុស​ដែល​កំពុង​ឆេះ​នៅ​លើ​ទី​បូជា។ ១៣  បន្ទាប់​មក ត្រូវ​លាង​ពោះ​វៀន​និង​ជើង​សត្វ​នោះ រួច​សង្ឃ​នឹង​យក​អ្វី​ទាំង​នោះ​ទៅ​ដុត​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។ នេះ​ជា​គ្រឿង​បូជា​ដុត​ជូន​ព្រះ​យេហូវ៉ា គឺ​ជា​គ្រឿង​បូជា​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ជូន​លោក។* ១៤  ​«​‹ប៉ុន្តែ បើ​គាត់​យក​សត្វ​ស្លាប​មក​ជូន​ជា​គ្រឿង​បូជា​ដុត​ដល់​ព្រះ​យេហូវ៉ា គាត់​ត្រូវ​ជូន​សត្វ​ព្រាប​ឬ​លលក​ជំទើរ។+ ១៥  សង្ឃ​ត្រូវ​យក​សត្វ​នោះ​ទៅ​ទី​បូជា រួច​កាត់​ក្បាល​វា ហើយ​ដុត​សត្វ​នោះ​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។ ប៉ុន្តែ ត្រូវ​សម្រក់​ឈាម​សត្វ​នោះ​នៅ​ជញ្ជាំង​ទី​បូជា។ ១៦  រួច​ត្រូវ​យក​គែ និង​រោម​វា​ទៅ​បោះ​ចោល​នៅ​ខាង​កើត​ក្បែរ​ទី​បូជា ត្រង់​កន្លែង​ដាក់​ផេះ។+ ១៧  បន្ទាប់​មក ត្រូវ​ពុះ​វា​ត្រង់​ចន្លោះ​ស្លាប តែ​មិន​ឲ្យ​ដាច់​ជា​ពីរ​ទេ។ រួច​សង្ឃ​នឹង​យក​វា​ទៅ​ដុត​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។ នេះ​ជា​គ្រឿង​បូជា​ដុត​ជូន​ព្រះ​យេហូវ៉ា គឺ​ជា​គ្រឿង​បូជា​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ជូន​លោក។*

កំណត់សម្គាល់

ឬ​«​ខ្លាញ់​ជុំវិញ​តម្រង​នោម​»​
ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​»​
ឬ​«​ខ្លាញ់​ជុំវិញ​តម្រង​នោម​»​
ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​»​
ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​»​