ច្បាប់លេវី ១១:១-៤៧

  • សត្វ​ដែល​ស្អាត​បរិសុទ្ធ​និង​មិន​ស្អាត​បរិសុទ្ធ (​១​-​៤៧)

១១  បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​និង​អេរ៉ុន​ថា​៖ ២  ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹ក្នុង​ចំណោម​សត្វ​ដែល​រស់​នៅ​លើ​ដី​គោក សត្វ​ដែល​អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន​មាន​ដូច​ត​ទៅ​៖+ ៣  សត្វ​ណា​ដែល​មាន​ក្រចក​ឆែក ហើយ​ទំពា​អៀង អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន។ ៤  ​«​‹ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​សត្វ​ណា​ដែល​គ្រាន់​តែ​មាន​ក្រចក​ឆែក ឬ​គ្រាន់​តែ​ទំពា​អៀង​ប៉ុណ្ណោះ។ សត្វ​ទាំង​នោះ​មាន​ដូច​ត​ទៅ​៖ សត្វ​អូដ្ឋ វា​ទំពា​អៀង តែ​គ្មាន​ក្រចក​ឆែក​ទេ។ ដូច្នេះ ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​ស្អាត​បរិសុទ្ធ។+ ៥  ទន្សាយ​ថ្ម+ វា​ទំពា​អៀង តែ​គ្មាន​ក្រចក​ឆែក​ទេ។ ដូច្នេះ ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​ស្អាត​បរិសុទ្ធ។ ៦  ទន្សាយ​ព្រៃ វា​ទំពា​អៀង តែ​គ្មាន​ក្រចក​ឆែក​ទេ។ ដូច្នេះ ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​ស្អាត​បរិសុទ្ធ។ ៧  សត្វ​ជ្រូក+ វា​មាន​ក្រចក​ឆែក តែ​មិន​ទំពា​អៀង​ទេ។ ដូច្នេះ ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​ស្អាត​បរិសុទ្ធ។ ៨  អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ទាំង​នោះ ឬ​ប៉ះ​សព​ពួក​វា​ឡើយ ព្រោះ​ពួក​វា​ជា​សត្វ​មិន​ស្អាត​បរិសុទ្ធ។+ ៩  ​«​‹សត្វ​នៅ​ក្នុង​ទឹក​ដែល​អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន​មាន​ដូច​ត​ទៅ​៖ សត្វ​ណា​ដែល​មាន​ព្រុយ​និង​ស្រកា ទោះ​ជា​រស់​នៅ​ក្នុង​សមុទ្រ​ឬ​ទន្លេ​ក្ដី អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន។+ ១០  ប៉ុន្តែ បើ​សត្វ​ណា​ដែល​គ្មាន​ព្រុយ​និង​ស្រកា ទោះ​ជា​នៅ​ក្នុង​សមុទ្រ​ឬ​ទន្លេ​ក្ដី រួម​ទាំង​ពពួក​សត្វ​ល្អិត* និង​សត្វ​ឯ​ទៀត​ដែល​រស់​នៅ​ក្នុង​ទឹក អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ពួក​វា​ជា​សត្វ​ដែល​គួរ​ឲ្យ​ខ្ពើម។ ១១  ដោយ​ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ពួក​វា​ឡើយ+ ហើយ​ក៏​ត្រូវ​ខ្ពើម​ឆ្អើម​សព​របស់​ពួក​វា​ដែរ។ ១២  សត្វ​នៅ​ក្នុង​ទឹក​ដែល​គ្មាន​ព្រុយ​និង​ស្រកា អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ពួក​វា​ជា​សត្វ​គួរ​ឲ្យ​ខ្ពើម។ ១៣  ​«​‹សត្វ​ស្លាប​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ខ្ពើម​ឆ្អើម​និង​មិន​ត្រូវ​បរិភោគ មាន​ដូច​ត​ទៅ​៖ ឥន្ទ្រី+ ស្ទាំង ត្មាត​ខ្មៅ+ ១៤  ខ្លែង​ក្រហម និង​ខ្លែង​ខ្មៅ​គ្រប់​ប្រភេទ ១៥  ក្អែក​គ្រប់​ប្រភេទ ១៦  អូទ្រីស ទីទុយ រំពេ និង​អក​គ្រប់​ប្រភេទ ១៧  មៀម ក្អែក​ទឹក ទីទុយ​ត្រចៀក​វែង ១៨  ក្ងាន ទុង និង​ត្មាត ១៩  កុក ក្រសារ​គ្រប់​ប្រភេទ សត្វ​ស្លាប​ហ៊ូផូ* និង​ប្រចៀវ ២០  ពពួក​សត្វ​ល្អិត*ដែល​មាន​ស្លាប និង​ដើរ​ដោយ​ជើង​បួន អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ពួក​វា​ជា​សត្វ​គួរ​ឲ្យ​ខ្ពើម។ ២១  ​«​‹ឯ​ពពួក​សត្វ​ល្អិត*ដែល​មាន​ស្លាប និង​ដើរ​ដោយ​ជើង​បួន តែ​មាន​ជើង​វែង​ពីរ​សម្រាប់​លោត​លើ​ដី អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន។ ២២  សត្វ​ទាំង​នោះ​មាន​ដូច​ត​ទៅ​៖ កណ្ដូប​គ្រប់​ប្រភេទ+ និង​ចង្រិត។ ២៣  ពពួក​សត្វ​ល្អិត*ឯ​ទៀត​ដែល​មាន​ស្លាប​និង​មាន​ជើង​បួន ជា​សត្វ​ដែល​គួរ​ឲ្យ​ខ្ពើម​រអើម​ដល់​អ្នក​រាល់​គ្នា។ ២៤  សត្វ​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មិន​ស្អាត​បរិសុទ្ធ។ អ្នក​ណា​ក៏​ដោយ​ដែល​ប៉ះ​សព​សត្វ​ទាំង​នេះ នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។+ ២៥  អ្នក​ណា​ដែល​កាន់​សព​សត្វ​ទាំង​នោះ ត្រូវ​បោក​សម្លៀក​បំពាក់​ខ្លួន+ ហើយ​គាត់​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ ២៦  ​«​‹សត្វ​ណា​ដែល​មាន​ក្រចក​ឆែក តែ​មិន​ឆែក​ទាំង​ស្រុង និង​មិន​ទំពា​អៀង អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ជា​មិន​ស្អាត​បរិសុទ្ធ។ អ្នក​ណា​ដែល​ប៉ះ​សត្វ​ទាំង​នោះ​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ។+ ២៧  ក្នុង​ចំណោម​សត្វ​ជើង​បួន សត្វ​ណា​ដែល​មាន​បាត​ជើង​ទន់* នឹង​ត្រូវ​ចាត់​ទុក​ជា​មិន​ស្អាត​បរិសុទ្ធ។ អ្នក​ណា​ក៏​ដោយ​ដែល​ប៉ះ​សព​សត្វ​ទាំង​នោះ នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ ២៨  អ្នក​ណា​ដែល​កាន់​សព​សត្វ​ទាំង​នោះ ត្រូវ​បោក​សម្លៀក​បំពាក់​ខ្លួន​ចេញ+ ហើយ​គាត់​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។+ សត្វ​ទាំង​នោះ​ជា​សត្វ​មិន​ស្អាត​បរិសុទ្ធ​ដល់​អ្នក​រាល់​គ្នា។ ២៩  ​«​‹សត្វ​តូច​ៗ​ដែល​រស់​នៅ​ផ្ដុំ​គ្នា​ដែល​មិន​ស្អាត​បរិសុទ្ធ មាន​ដូច​ត​ទៅ​៖ កណ្ដុរ​ប្រមេះ កណ្ដុរ​ប្រែង+ និង​ថ្លែន​គ្រប់​ប្រភេទ ៣០  តុកកែ ទន្សង ជីងចក់ ជាស និង​បង្កួយ ៣១  សត្វ​ទាំង​នេះ​ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​ស្អាត​បរិសុទ្ធ​ដល់​អ្នក​រាល់​គ្នា។+ អ្នក​ណា​ដែល​ប៉ះ​សព​សត្វ​ទាំង​នោះ នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។+ ៣២  ​«​‹បើ​សត្វ​ទាំង​នោះ​ងាប់ ហើយ​ធ្លាក់​លើ​របស់​ណា​មួយ របស់​ទាំង​នោះ​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ ទោះ​ជា​បាវ ស្បែក សម្លៀក​បំពាក់ ឬ​ប្រដាប់​ប្រដា​ធ្វើ​ពី​ឈើ​ក្ដី។ របស់​ទាំង​នោះ​ត្រូវ​សម្អាត​ក្នុង​ទឹក ហើយ​នៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ ក្រោយ​នោះ នឹង​បាន​ស្អាត​បរិសុទ្ធ​វិញ។ ៣៣  បើ​សត្វ​ទាំង​នោះ​ធ្លាក់​ទៅ​ក្នុង​ភាជនៈ​ធ្វើ​ពី​ដី អ្នក​រាល់​គ្នា​ត្រូវ​វាយ​បំបែក​ចោល ហើយ​អ្វី​ដែល​នៅ​ក្នុង​នោះ​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ។+ ៣៤  អាហារ​ណា​ដែល​ទឹក​នោះ​ខ្ទាត​លើ នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ ហើយ​គ្រឿង​ផឹក​ដែល​នៅ​ក្នុង​ភាជនៈ​នោះ ក៏​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ដែរ។ ៣៥  អ្វី​ណា​ក៏​ដោយ​ដែល​សព​សត្វ​ទាំង​នោះ​ធ្លាក់​លើ នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ ទោះ​ជា​ឡ​ឬ​ជើង​ក្រាន​ក្ដី ត្រូវ​វាយ​បំបែក​ចោល។ អ្វី​ទាំង​នោះ​គឺ​មិន​ស្អាត​បរិសុទ្ធ ហើយ​នឹង​នៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ដល់​អ្នក​រាល់​គ្នា។ ៣៦  បើ​សព​សត្វ​ទាំង​នោះ​ធ្លាក់​ទៅ​ក្នុង​ប្រភព​ទឹក​ឬ​អណ្ដូង ទឹក​ក្នុង​នោះ​នឹង​នៅ​ស្អាត​បរិសុទ្ធ តែ​មនុស្ស​ដែល​ប៉ះ​សព​របស់​ពួក​វា​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​វិញ។ ៣៧  បើ​សព​សត្វ​ទាំង​នោះ​ធ្លាក់​លើ​គ្រាប់​ពូជ​ណា​មួយ​ដែល​ទុក​សម្រាប់​សាប​ព្រោះ គ្រាប់​ពូជ​នោះ​នៅ​ស្អាត​បរិសុទ្ធ​ដដែល។ ៣៨  បើ​គ្រាប់​ពូជ​នោះ​សើម ហើយ​មាន​ផ្នែក​ណា​មួយ​ពី​សព​សត្វ​ធ្លាក់​លើ គ្រាប់​ពូជ​នោះ​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ដល់​អ្នក​រាល់​គ្នា។ ៣៩  ​«​‹ឯ​សត្វ​ដែល​អ្នក​រាល់​គ្នា​ប្រើ​សម្រាប់​ជា​អាហារ​វិញ បើ​វា​ងាប់ អ្នក​ណា​ដែល​ប៉ះ​សព​វា​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។+ ៤០  បើ​អ្នក​ណា​បរិភោគ​សាច់​វា​ឬ​កាន់​សព​វា អ្នក​នោះ​ត្រូវ​បោក​សម្លៀក​បំពាក់​ខ្លួន ហើយ​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។+ ៤១  ពពួក​សត្វ​ល្អិត*ទាំង​អស់​នៅ​ផែនដី គឺ​ជា​សត្វ​គួរ​ឲ្យ​ខ្ពើម​ឆ្អើម+ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ឡើយ។ ៤២  ពពួក​សត្វ​ល្អិត*ដែល​លូន​វារ ដើរ​ដោយ​ជើង​បួន ឬ​ជើង​ច្រើន អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ឡើយ ព្រោះ​សត្វ​ទាំង​នោះ​ជា​សត្វ​ដែល​គួរ​ឲ្យ​ខ្ពើម​ឆ្អើម។+ ៤៣  អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​ស្មោក​គ្រោក គួរ​ឲ្យ​ខ្ពើម​ឆ្អើម ឬ​មិន​ស្អាត​បរិសុទ្ធ ដោយ​សារ​សត្វ​ទាំង​នោះ​ឡើយ។+ ៤៤  ព្រោះ​ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា+ ខ្ញុំ​បរិសុទ្ធ+ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ញែក​ខ្លួន​ជា​បរិសុទ្ធ។+ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ ដោយ​សារ​តែ​ពពួក​សត្វ​ល្អិត*ដែល​រស់​នៅ​លើ​ផែន​ដី​ឡើយ។ ៤៥  ព្រោះ​ខ្ញុំ​ជា​យេហូវ៉ា ជា​អ្នក​ដែល​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប ដើម្បី​បង្ហាញ​ថា​ខ្លួន​ខ្ញុំ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។+ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​តែ​បរិសុទ្ធ+ ព្រោះ​ខ្ញុំ​បរិសុទ្ធ។+ ៤៦  ​«​‹នេះ​ហើយ​ជា​ច្បាប់​ស្ដី​អំពី​សត្វ​នា​នា គឺ​សត្វ​ជើង​បួន សត្វ​ស្លាប សត្វ​គ្រប់​ប្រភេទ​ដែល​រស់​នៅ​ក្នុង​ទឹក និង​ពពួក​សត្វ​ល្អិត*ដែល​រស់​នៅ​ផែនដី ៤៧  ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ចេះ​សម្គាល់​សត្វ​ណា​ដែល​ស្អាត​បរិសុទ្ធ និង​សត្វ​ណា​ដែល​មិន​ស្អាត​បរិសុទ្ធ ព្រម​ទាំង​សត្វ​ណា​ដែល​អាច​បរិភោគ​បាន និង​សត្វ​ណា​ដែល​មិន​អាច​បរិភោគ​បាន›​»។+

កំណត់សម្គាល់

នេះ​អាច​សំដៅ​លើ​សត្វ​តូច​ៗ​ណា​ដែល​រស់​នៅ​ផ្ដុំ​គ្នា
គឺ​ជា​សត្វ​ស្លាប​ដែល​មាន​កំប៉ោយ​និង​ចំពុះ​វែង ហើយ​មើល​ទៅ​ស្រដៀង​នឹង​សត្វ​ត្រសេះ
នេះ​អាច​សំដៅ​លើ​សត្វ​តូច​ៗ​ណា​ដែល​រស់​នៅ​ផ្ដុំ​គ្នា
នេះ​អាច​សំដៅ​លើ​សត្វ​តូច​ៗ​ណា​ដែល​រស់​នៅ​ផ្ដុំ​គ្នា
នេះ​អាច​សំដៅ​លើ​សត្វ​តូច​ៗ​ណា​ដែល​រស់​នៅ​ផ្ដុំ​គ្នា
នេះ​សំដៅ​លើ​សត្វ​ដូច​ជា តោ ខ្លា​ឃ្មុំ និង​ចចក
នេះ​អាច​សំដៅ​លើ​សត្វ​តូច​ៗ​ណា​ដែល​រស់​នៅ​ផ្ដុំ​គ្នា
នេះ​អាច​សំដៅ​លើ​សត្វ​តូច​ៗ​ណា​ដែល​រស់​នៅ​ផ្ដុំ​គ្នា
នេះ​អាច​សំដៅ​លើ​សត្វ​តូច​ៗ​ណា​ដែល​រស់​នៅ​ផ្ដុំ​គ្នា
នេះ​អាច​សំដៅ​លើ​សត្វ​តូច​ៗ​ណា​ដែល​រស់​នៅ​ផ្ដុំ​គ្នា