ច្បាប់លេវី ១២:១-៨

  • ការ​ជម្រះ​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ​ក្រោយ​ពី​សម្រាល​កូន (​១​-​៨)

១២  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ២  ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹បើ​ស្ត្រី​ណា​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស នាង​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​អស់​រយៈ​ពេល​៧​ថ្ងៃ ដូច​ពេល​ដែល​នាង​មាន​រដូវ​ដែរ។+ ៣  លុះ​ដល់​ថ្ងៃ​ទី​៨ ត្រូវ​កាត់​ចុង​ស្បែក​កូន​ប្រុស​នោះ+ ៤  ហើយ​នាង​នឹង​បន្ត​សម្អាត​ខ្លួន​ពី​ឈាម​អស់​រយៈ​ពេល​៣៣​ថ្ងៃ​ទៀត។ ក្នុង​អំឡុង​ពេល​នោះ នាង​មិន​ត្រូវ​ប៉ះ​អ្វី​ដែល​បរិសុទ្ធ​ទេ ហើយ​ក៏​មិន​ត្រូវ​ចូល​ទៅ​កន្លែង​បរិសុទ្ធ​ដែរ រហូត​ដល់​ផុត​ថ្ងៃ​ដែល​នាង​បាន​ជម្រះ​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ​សិន។ ៥  ​«​‹បើ​នាង​សម្រាល​បាន​កូន​ស្រី នាង​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​អស់​រយៈ​ពេល​១៤​ថ្ងៃ ដូច​ពេល​ដែល​នាង​មាន​រដូវ​ដែរ។ នាង​នឹង​បន្ត​សម្អាត​ខ្លួន​ពី​ឈាម​អស់​៦៦​ថ្ងៃ​ទៀត។ ៦  លុះ​ផុត​ពេល​កំណត់​នៃ​ការ​ជម្រះ​ខ្លួន​ឲ្យ​បាន​ស្អាត​បរិសុទ្ធ​ពី​ការ​សម្រាល​កូន​ប្រុស​ឬ​កូន​ស្រី​ហើយ នាង​ត្រូវ​ទៅ​ជួប​សង្ឃ​ដោយ​យក​ចៀម​ឈ្មោល​អាយុ​មួយ​ឆ្នាំ​ជូន​ជា​គ្រឿង​បូជា​ដុត+ ព្រម​ទាំង​ជូន​លលក​ឬ​ព្រាប​ជំទើរ​មួយ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង នៅ​មុខ​ច្រក​ចូល​ត្រសាល​ជំនុំ។ ៧  សង្ឃ​នឹង​ជូន​សត្វ​ទាំង​នោះ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​នាង រួច​នាង​នឹង​បាន​ស្អាត​បរិសុទ្ធ​ពី​ការ​ធ្លាក់​ឈាម។ នេះ​ហើយ​ជា​ច្បាប់​ស្ដី​អំពី​ស្ត្រី​ដែល​សម្រាល​កូន​ប្រុស​ឬ​កូន​ស្រី។ ៨  ប៉ុន្តែ បើ​នាង​គ្មាន​លទ្ធភាព​ជូន​ចៀម​ទេ នាង​ត្រូវ​យក​លលក​ពីរ​ឬ​ព្រាប​ជំទើរ​ពីរ+ មួយ​ជូន​ជា​គ្រឿង​បូជា​ដុត មួយ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង ហើយ​សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​នាង រួច​នាង​នឹង​បាន​ស្អាត​បរិសុទ្ធ›​»។

កំណត់សម្គាល់