ច្បាប់លេវី ១៣:១-៥៩

  • ច្បាប់​អំពី​ជំងឺ​ឃ្លង់ (​១​-​៤៦)

  • រោគ​ឃ្លង់​នៅ​លើ​សម្លៀក​បំពាក់ (​៤៧​-​៥៩)

១៣  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​និង​អេរ៉ុន​បន្ត​ទៀត​ថា​៖ ២  ​«​បើ​អ្នក​ណា​ម្នាក់​មាន​ដុំ​ពក​នៅ​លើ​ស្បែក ស្បែក​ឡើង​ក្រមរ ឬ​កើត​ភ្លឺ ដែល​អាច​ទៅ​ជា​ជំងឺ​ឃ្លង់*+ នោះ​ត្រូវ​នាំ​គាត់​ទៅ​ជួប​អេរ៉ុន​ជា​សង្ឃ ឬ​កូន​ប្រុស​ណា​ម្នាក់​របស់​គាត់​ដែល​ជា​សង្ឃ។+ ៣  រួច​សង្ឃ​ត្រូវ​ពិនិត្យ​មើល​រោគ​សើ​ស្បែក​នោះ។ បើ​នៅ​ត្រង់​កន្លែង​នោះ​មាន​រោម​ពណ៌​ស​និង​ខូង នោះ​ជា​ជំងឺ​ឃ្លង់​ហើយ។ សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ។ ៤  ប៉ុន្តែ បើ​នៅ​ត្រង់​កន្លែង​នោះ​មាន​ពណ៌​ស មិន​ខូង ហើយ​គ្មាន​រោម​ពណ៌​ស​ទេ នោះ​សង្ឃ​ត្រូវ​ទុក​គាត់​ឲ្យ​នៅ​ដោយ​ឡែក​ពី​គេ​អស់​រយៈ​ពេល​៧​ថ្ងៃ។+ ៥  នៅ​ថ្ងៃ​ទី​៧ សង្ឃ​ត្រូវ​ពិនិត្យ​មើល​ស្បែក​គាត់​ម្ដង​ទៀត។ បើ​រោគ​សញ្ញា​លើ​នោះ​នៅ​ដដែល​មិន​រាល​ដាល សង្ឃ​ត្រូវ​ទុក​គាត់​ឲ្យ​នៅ​ដោយ​ឡែក​ពី​គេ​ថែម​៧​ថ្ងៃ​ទៀត។ ៦  ​«​បន្ទាប់​ពី​នោះ នៅ​ថ្ងៃ​ទី​៧ សង្ឃ​ត្រូវ​ពិនិត្យ​មើល​ស្បែក​គាត់​ម្ដង​ទៀត។ បើ​ស្បែក​ត្រង់​កន្លែង​នោះ​មាន​ពណ៌​ស្រអាប់ ហើយ​មិន​រាល​ដាល​ទេ សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​ស្អាត​បរិសុទ្ធ+ ព្រោះ​នោះ​គ្រាន់​តែ​ជា​ក្រមរ​ធម្មតា​ប៉ុណ្ណោះ។ អ្នក​នោះ​ត្រូវ​បោក​សម្លៀក​បំពាក់​ខ្លួន ហើយ​គាត់​នឹង​បាន​ស្អាត​បរិសុទ្ធ។ ៧  បើ​សង្ឃប្រកាស​ថា​គាត់​ស្អាត​បរិសុទ្ធ​ហើយ តែ​ក្រោយ​មក​រោគ​នោះ​រាល​ដាល​លើ​ស្បែក នោះ​គាត់​ត្រូវ​ទៅ​ជួប​សង្ឃ​ម្ដង​ទៀត។ ៨  បើ​សង្ឃ​ពិនិត្យ​ឃើញ​ថា​រោគ​នោះ​រាល​ដាល​នៅ​លើ​ស្បែក សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ ព្រោះ​គាត់​កើត​ជំងឺ​ឃ្លង់​ហើយ។+ ៩  ​«​បើ​អ្នក​ណា​ម្នាក់​កើត​ជំងឺ​ឃ្លង់ ត្រូវ​នាំ​គាត់​ទៅ​ជួប​សង្ឃ​ដើម្បី​ឲ្យ​សង្ឃ​ពិនិត្យ​មើល។ ១០  បើ​សង្ឃ​ពិនិត្យ​ឃើញ+ថា​ស្បែក​គាត់​ឡើង​ហើម​ពណ៌​ស និង​មាន​រោម​ស​លើ​នោះ ហើយ​ជា​ដំបៅ​ធ្លាយ​មុខ+ ១១  នោះ​ជា​ជំងឺ​ឃ្លង់​កម្រិត​ធ្ងន់​ហើយ។ ដូច្នេះ សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ ហើយ​សង្ឃ​មិន​ត្រូវ​បង្ខាំង​គាត់​ទុក​ទេ+ ព្រោះ​គាត់​មិន​ស្អាត​បរិសុទ្ធ។ ១២  បើ​សង្ឃ​ឃើញ​ថា​អ្នក​ណា​ម្នាក់​កើត​ជំងឺ​ឃ្លង់​ពេញ​ខ្លួន ពី​ក្បាល​ដល់​បាត​ជើង ១៣  ហើយ​សង្ឃ​ពិនិត្យ​មើល​ឃើញ​ថា​ជំងឺ​ឃ្លង់​នោះ​មាន​ពណ៌​ស នោះ​គាត់​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​ស្អាត​បរិសុទ្ធ រោគ​ឃ្លង់​របស់​គាត់​មិន​ឆ្លង​ដល់​អ្នក​ឯ​ទៀត​ទេ។ ១៤  ប៉ុន្តែ បើ​គាត់​មាន​ដំបៅ​ធ្លាយ​មុខ នោះ​គាត់​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ។ ១៥  ក្រោយ​ពី​សង្ឃ​ពិនិត្យ​មើល​ដំបៅ​នោះ គាត់​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ។+ ដំបៅ​ធ្លាយ​នោះ​មិន​ស្អាត​បរិសុទ្ធ ព្រោះ​នោះ​ជា​ជំងឺ​ឃ្លង់​ហើយ។+ ១៦  ប៉ុន្តែ បើ​មុខ​ដំបៅ​ដែល​ធ្លាយ​នោះ​ប្រែ​ទៅ​ជា​ពណ៌​ស​វិញ គាត់​ត្រូវ​ទៅ​ជួប​សង្ឃ។ ១៧  បើ​សង្ឃ​ពិនិត្យ​មើល​មុខ​ដំបៅ​នោះ+ឃើញ​ថា​ជា​ពណ៌​ស នោះ​សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​ស្អាត​បរិសុទ្ធ។ ១៨  ​«​បើ​អ្នក​ណា​ម្នាក់​កើត​បូស​នៅ​លើ​ស្បែក រួច​បាន​ជា​សះ​ស្បើយ ១៩  តែ​ក្រោយ​មក​កន្លែង​នោះ​ឡើង​ហើម​ស ឬ​មាន​ស្នាម​ក្រហម​ប្រឿង​ៗ អ្នក​នោះ​ត្រូវ​ទៅ​ជួប​សង្ឃ។ ២០  បើ​សង្ឃ​ពិនិត្យ​មើល+ឃើញ​ថា​ត្រង់​កន្លែង​នោះ​មាន​រោម​ស​ហើយ​ខូង នោះ​ជា​ជំងឺ​ឃ្លង់​ហើយ។ សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ។ ២១  ប៉ុន្តែ បើ​សង្ឃ​ពិនិត្យ​ឃើញ​ថា​ត្រង់​កន្លែង​នោះ​មាន​ពណ៌​ស្រអាប់ ហើយ​គ្មាន​ឃើញ​រោម​ស​និង​ខូង​នៅ​ត្រង់​កន្លែង​នោះ​ទេ នោះ​សង្ឃ​ត្រូវ​ទុក​គាត់​ឲ្យ​នៅ​ដោយ​ឡែក​ពី​គេ​អស់​រយៈ​ពេល​៧​ថ្ងៃ។+ ២២  បើ​រោគ​នោះ​រាល​ដាល​លើ​ស្បែក សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ ព្រោះ​គាត់​កើត​ជំងឺ​ឃ្លង់​ហើយ។ ២៣  ប៉ុន្តែ បើ​រោគ​សញ្ញា​នោះ​នៅ​ដដែល ហើយ​មិន​រាល​ដាល នោះ​គ្រាន់​តែ​ជា​ស្នាម​ក្រហម​ពី​បូស​ប៉ុណ្ណោះ។ ដូច្នេះ សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​ស្អាត​បរិសុទ្ធ។+ ២៤  ​«​បើ​អ្នក​ណា​ម្នាក់​រលាក​ភ្លើង ហើយ​ស្នាម​រលាក​នោះ​ទៅ​ជា​ពណ៌​ស ឬ​ក្រហម​ប្រឿង​ៗ​ ២៥  នោះ​ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​ស្នាម​រលាក​នោះ។ បើ​សង្ឃ​ឃើញ​ថា​ស្នាម​នោះ​ខូង​និង​មាន​រោម​ស នោះ​ជា​ជំងឺ​ឃ្លង់​ហើយ។ សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ។ ២៦  ប៉ុន្តែ បើ​សង្ឃ​ពិនិត្យ​ឃើញ​ថា​ស្នាម​នោះ​ជា​សះ ហើយ​គ្មាន​ឃើញ​រោម​ស​និង​ខូង​ទេ នោះ​សង្ឃ​ត្រូវ​ទុក​គាត់​ឲ្យ​នៅ​ដោយ​ឡែក​ពី​គេ​អស់​រយៈ​ពេល​៧​ថ្ងៃ។+ ២៧  នៅ​ថ្ងៃ​ទី​៧ សង្ឃ​ត្រូវ​ពិនិត្យ​មើល​ម្ដង​ទៀត។ បើ​ឃើញ​ថា​ស្នាម​នោះ​រាល​ដាល សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ ព្រោះ​គាត់​កើត​ជំងឺ​ឃ្លង់​ហើយ។ ២៨  ប៉ុន្តែ បើ​ស្នាម​នោះ​មិន​រាល​ដាល ហើយ​ជា​ឡើង​វិញ នោះ​គ្រាន់​តែ​ជា​ការ​ហើម​ស្នាម​រលាក​ប៉ុណ្ណោះ។ ដូច្នេះ សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​ស្អាត​បរិសុទ្ធ។ ២៩  ​«​បើ​បុរស​ឬ​ស្ត្រី​ណា​មាន​រោគ​សើ​ស្បែក​នៅ​លើ​ក្បាល​ឬ​ចង្កា ៣០  ត្រូវ​ឲ្យ​គាត់​ទៅ​ជួប​សង្ឃ។ បើ​សង្ឃ​ពិនិត្យ​មើល+ឃើញ​ថា​ស្បែក​នោះ​ខូង ហើយ​មាន​សរសៃ​សក់​ឆ្មារ​ៗ​ដុះ​រង្វើល​ពណ៌​លឿង​ប្រឿង​ៗ​នៅ​លើ​ក្បាល ឬ​មាន​ពុក​ចង្កា​ឆ្មារ​ៗ​ដុះ​រង្វើល​ពណ៌​លឿង​ប្រឿង​ៗ សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ ព្រោះ​គាត់​កើត​ជំងឺ​ឃ្លង់​នៅ​លើ​ក្បាល​ឬ​ចង្កា​ហើយ។ ៣១  ប៉ុន្តែ បើ​សង្ឃ​ឃើញ​ថា​រោគ​ស្បែក​នោះ​មិន​ខូង និង​គ្មាន​រោម​ពណ៌​ខ្មៅ​ទេ នោះ​សង្ឃ​ត្រូវ​ទុក​គាត់​ឲ្យ​នៅ​ដោយ​ឡែក​ពី​គេ​អស់​រយៈ​ពេល​៧​ថ្ងៃ។+ ៣២  នៅ​ថ្ងៃ​ទី​៧ សង្ឃ​ត្រូវ​ពិនិត្យ​មើល​ម្ដង​ទៀត។ បើ​ឃើញ​ថា​រោគ​សើ​ស្បែក​នោះ​មិន​ខូង មិន​រាល​ដាល ហើយ​គ្មាន​រោម​ពណ៌​លឿង​ប្រឿង​ៗ​ទេ ៣៣  នោះ​ត្រូវ​កោរ​សក់​ឬ​ពុក​ចង្កា​ឲ្យ​គាត់ តែ​មិន​ត្រូវ​កោរ​ត្រង់​កន្លែង​ដែល​មាន​រោគ​នោះ​ទេ។ រួច​សង្ឃ​ត្រូវ​ទុក​គាត់​ឲ្យ​នៅ​ដោយ​ឡែក​ពី​គេ ថែម​៧​ថ្ងៃ​ទៀត។ ៣៤  ​«​នៅ​ថ្ងៃ​ទី​៧ សង្ឃ​ត្រូវ​ពិនិត្យ​មើល​ម្ដង​ទៀត។ បើ​សង្ឃ​ឃើញ​ថា​រោគ​សើ​ស្បែក​នៅ​លើ​ក្បាល​ឬ​ចង្កា​នោះ​មិន​ខូង​និង​មិន​រាល​ដាល​ទេ នោះ​សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​ស្អាត​បរិសុទ្ធ។ អ្នក​នោះ​ត្រូវ​បោក​សម្លៀក​បំពាក់​ខ្លួន ហើយ​គាត់​នឹង​បាន​ស្អាត​បរិសុទ្ធ។ ៣៥  បើ​សង្ឃប្រកាស​ថា​គាត់​ស្អាត​បរិសុទ្ធ​ហើយ តែ​ក្រោយ​មក​រោគ​នោះ​រាល​ដាល​លើ​ស្បែក ៣៦  នោះ​សង្ឃ​ត្រូវ​ពិនិត្យ​មើល​គាត់​ម្ដង​ទៀត។ បើ​សង្ឃ​ឃើញ​ថា​រោគ​បាន​រាល​ដាល​លើ​ស្បែក​មែន នោះ​គាត់​មិន​ចាំ​បាច់​រក​រោម​ពណ៌​លឿង​ប្រឿង​ៗ​ទេ ព្រោះ​បុគ្គល​នោះ​មិន​ស្អាត​បរិសុទ្ធ​ហើយ។ ៣៧  ប៉ុន្តែ បើ​សង្ឃ​ឃើញ​ថា​រោគ​មិន​បាន​រាល​ដាល​ទេ ហើយ​ឃើញ​មាន​រោម​ខ្មៅ​ដុះ​នៅ​លើ​នោះ បាន​សេចក្ដី​ថា​រោគ​សើ​ស្បែក​នោះ​ជា​សះ​ស្បើយ​ហើយ។ ដូច្នេះ បុគ្គល​នោះ​ជា​ស្អាត​វិញ ហើយ​សង្ឃ​ត្រូវ​ប្រកាស​ថា​គាត់​ស្អាត​បរិសុទ្ធ។+ ៣៨  ​«​បើ​បុរស​ឬ​ស្ត្រី​ណា​មាន​រោគ​សើ​ស្បែក ហើយ​ត្រង់​កន្លែង​ស្បែក​នោះ​មាន​ពណ៌​ស ៣៩  នោះ​ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល។+ បើ​សង្ឃ​ឃើញ​ថា​ត្រង់​កន្លែង​ស្បែក​នោះ​ពណ៌​ស្រអាប់ នោះ​គ្រាន់​តែ​ជា​ជំងឺ​សើ​ស្បែក​ធម្មតា​ប៉ុណ្ណោះ។ ដូច្នេះ បុគ្គល​នោះ​ស្អាត​បរិសុទ្ធ។ ៤០  ​«​បើ​បុរស​ណា​ម្នាក់​ជ្រុះ​សក់ ហើយ​ទៅ​ជា​ទំ​ពែ​ក នោះ​គាត់​ស្អាត​បរិសុទ្ធ​ទេ។ ៤១  បើ​គាត់​ជ្រុះ​សក់​នៅ​ខាង​មុខ ហើយ​ទៅ​ជា​ឆក នោះ​គាត់​ក៏​ស្អាត​បរិសុទ្ធ​ដែរ។ ៤២  ប៉ុន្តែ បើ​មាន​ដំបៅ​ពណ៌​ក្រហម​ប្រឿង​ៗ​នៅ​ត្រង់​កន្លែង​ទំ​ពែ​ក​ឬ​ឆក នោះ​ជា​ជំងឺ​ឃ្លង់​ហើយ។ ៤៣  ពេល​សង្ឃ​ពិនិត្យ​មើល​ឃើញ​មាន​ដុំ​ពក​ពណ៌​ក្រហម​ប្រឿង​ៗ​នៅ​លើ​ក្បាល​ឬ​ថ្ងាស និង​មើល​ទៅ​ដូច​ជា​រោគ​ឃ្លង់​លើ​ស្បែក ៤៤  នោះ​បាន​សេចក្ដី​ថា​អ្នក​នោះ​កើត​ជំងឺ​ឃ្លង់​ហើយ។ អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ​ទេ ហើយ​សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ ព្រោះ​មាន​រោគ​ឃ្លង់​នៅ​លើ​ក្បាល។ ៤៥  អ្នក​ដែល​កើត​ជំងឺ​ឃ្លង់​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​រហែក ទុក​ក្បាល​ឲ្យ​នៅ​ទទេ ហើយ​បាំង​មាត់* ព្រម​ទាំង​ស្រែក​ថា​៖ ‹ខ្ញុំ​មិន​ស្អាត​បរិសុទ្ធ! ខ្ញុំ​មិន​ស្អាត​បរិសុទ្ធ!›។ ៤៦  ដរាប​ណា​គាត់​នៅ​មាន​ជំងឺ​នោះ ដរាប​នោះ​គាត់​នៅ​មិន​ស្អាត​បរិសុទ្ធ ហើយ​គាត់​ត្រូវ​រស់​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​នៅ​ខាង​ក្រៅ​ជំរំ។+ ៤៧  ​«​បើ​ឃ្លង់​រាល​ដាល​លើ​សម្លៀក​បំពាក់​ដែល​ធ្វើ​ពី​រោម​ចៀម ឬ​ពី​ក្រណាត់​សាច់​ល្អ ៤៨  ឬ​រាល​ដាល​លើ​សរសៃ​អំបោះ​ក្នុង​ក្រណាត់​ត្បាញ​នោះ លើ​ផ្ទាំង​ស្បែក ឬ​លើ​របស់​ដែល​ធ្វើ​ពី​ស្បែក​សត្វ ៤៩  ព្រម​ទាំង​មាន​ស្នាម​ពណ៌​ត្រួយ​ចេក​ឬ​ពណ៌​ក្រហម​លើ​សម្លៀក​បំពាក់ លើ​សរសៃ​អំបោះ​ក្នុង​ក្រណាត់​ត្បាញ លើ​ផ្ទាំង​ស្បែក ឬ​លើ​របស់​ដែល​ធ្វើ​ពី​ស្បែក​សត្វ នោះ​ជា​រោគ​ឃ្លង់​ហើយ។ ដូច្នេះ ត្រូវ​យក​របស់​ទាំង​នោះ​ទៅ​ឲ្យ​សង្ឃ​ពិនិត្យ​មើល។ ៥០  បើ​សង្ឃ​ឃើញ​ស្នាម​ទាំង​នោះ​មែន នោះ​គាត់​ត្រូវ​យក​របស់​ទាំង​នោះ​ទៅ​ទុក​ដោយ​ឡែក​អស់​រយៈ​ពេល​៧​ថ្ងៃ។+ ៥១  នៅ​ថ្ងៃ​ទី​៧ បើ​សង្ឃ​ឃើញ​ថា​ឃ្លង់​រាល​ដាល​លើ​សម្លៀក​បំពាក់ លើ​សរសៃ​អំបោះ​ក្នុង​ក្រណាត់​ត្បាញ លើ​ផ្ទាំង​ស្បែក(​ទោះ​ជា​ប្រើ​ផ្ទាំង​ស្បែក​នោះ​ក្នុង​គោល​បំណង​អ្វី​ក៏​ដោយ​) នោះ​ជា​រោគ​ឃ្លង់​ដែល​ឆ្លង​រាល​ដាល​ហើយ។ របស់​ទាំង​នោះ​គឺ​មិន​ស្អាត​បរិសុទ្ធ​ទេ។+ ៥២  ដូច្នេះ គាត់​ត្រូវ​ដុត​ចោល​សម្លៀក​បំពាក់​ដែល​ធ្វើ​ពី​រោម​ចៀម និង​ពី​ក្រណាត់​សាច់​ល្អ ស្បែក​សត្វ​ឬ​ដុត​សរសៃ​អំបោះ​ក្រណាត់​ត្បាញ​ដែល​មាន​ជាប់​រោគ​នោះ។ ព្រោះ​នោះ​ជា​រោគ​ឃ្លង់​ដែល​ឆ្លង​រាល​ដាល​ហើយ។ ហេតុ​នេះ ត្រូវ​ដុត​ចោល​ទាំង​អស់។ ៥៣  ​«​ប៉ុន្តែ បើ​សង្ឃ​ឃើញ​ថា​រោគ​ឃ្លង់​មិន​បាន​រាល​ដាល​លើ​សម្លៀក​បំពាក់ លើ​សរសៃ​អំបោះ​ក្នុង​ក្រណាត់​ត្បាញ ឬ​លើ​របស់​ដែល​ធ្វើ​ពី​ស្បែក​សត្វ​ទេ ៥៤  នោះ​សង្ឃ​ត្រូវ​បង្គាប់​គេ​ឲ្យ​លាង​សម្អាត​របស់​ទាំង​នោះ ហើយ​យក​ទៅ​ទុក​អស់​រយៈ​ពេល​៧​ថ្ងៃ​ទៀត។ ៥៥  ក្រោយ​ពី​នោះ សង្ឃ​នឹង​ពិនិត្យ​មើល​ម្ដង​ទៀត។ បើ​គាត់​ឃើញ​ថា​ឃ្លង់​មិន​បាន​រាល​ដាល តែ​ស្នាម​លើ​នោះ​មិន​បាន​ជ្រះ​ស្អាត​ទេ នោះ​មាន​ន័យ​ថា​របស់​ទាំង​នោះ​គឺ​មិន​ស្អាត​បរិសុទ្ធ។ អ្នក​រាល់​គ្នា​ត្រូវ​ដុត​របស់​ទាំង​នោះ​ចោល ព្រោះ​ឃ្លង់​នោះ​បាន​ស៊ី​ពី​ខាង​ក្នុង​ឬ​ពី​ខាង​ក្រៅ​ហើយ។ ៥៦  ​«​ប៉ុន្តែ បើ​សង្ឃ​ឃើញ​ថា​ស្នាម​លើ​នោះ បាន​រលាប​ចេញ​ពី​សម្លៀក​បំពាក់ ផ្ទាំង​ស្បែក ឬ​ពី​សរសៃ​អំបោះ​ក្នុង​ក្រណាត់​ត្បាញ នោះ​ត្រូវ​ហែក​កន្លែង​ស្នាម​នោះ​ចេញ។ ៥៧  ប៉ុន្តែ បើ​ឃើញ​ស្នាម​លេច​ឡើង​នៅ​កន្លែង​ផ្សេង​ទៀត​លើ​របស់​ទាំង​នោះ ហើយ​ចាប់​ផ្ដើម​រាល​ដាល នោះ​ត្រូវ​ដុត​របស់​ទាំង​នោះ​ចោល​តែ​ម្ដង។+ ៥៨  ប៉ុន្តែ បើ​ស្នាម​នោះ​រលុប​បាត់​ពី​សម្លៀក​បំពាក់ ពី​សរសៃ​អំបោះ​ក្នុង​ក្រណាត់​ត្បាញ ឬ​ពី​របស់​ដែល​ធ្វើ​ពី​ស្បែក​សត្វ នោះ​ត្រូវ​លាង​សម្អាត​ម្ដង​ទៀត ទើប​អាច​ចាត់​ទុក​របស់​ទាំង​នោះ​ថា​ស្អាត​បរិសុទ្ធ។ ៥៩  ​«​នេះ​ជា​ច្បាប់​អំពី​រោគ​ឃ្លង់​នៅ​លើ​សម្លៀក​បំពាក់​ដែល​ធ្វើ​ពី​រោម​ចៀម ពី​ក្រណាត់​សាច់​ល្អ ឬ​នៅ​លើ​សរសៃ​អំបោះ​ក្នុង​ក្រណាត់​ត្បាញ ឬ​នៅ​លើ​របស់​ដែល​ធ្វើ​ពី​ស្បែក​សត្វ។ ច្បាប់​នេះ​ជួយ​ឲ្យ​សន្មត​ថា អ្វី​ទាំង​នោះ​ស្អាត​បរិសុទ្ធ​ឬ​មិន​ស្អាត​បរិសុទ្ធ​»។

កំណត់សម្គាល់

ពាក្យ​ភាសា​ហេប្រឺ​ដែល​បក​ប្រែ​ថា​«​ជំងឺ​ឃ្លង់​»​មាន​ន័យ​ទូលាយ អាច​រួម​បញ្ចូល​ជំងឺ​សើ​ស្បែក​ផ្សេង​ៗ ហើយ​ក៏​ប្រហែល​ជា​សំដៅ​លើ​មេ​រោគ​មួយ​ចំនួន​ដែល​មាន​លើ​សម្លៀក​បំពាក់ និង​ផ្ទះ​សម្បែង​ផង​ដែរ
ឬ​«​ពុក​មាត់​»​