ច្បាប់លេវី ១៤:១-៥៧

  • ការ​ជម្រះ​ឲ្យ​ស្អាត​បរិសុទ្ធ​ពី​ជំងឺ​ឃ្លង់ (​១​-​៣២)

  • ការ​ធ្វើ​ឲ្យ​ផ្ទះ​ដែល​មាន​រោគ​ឃ្លង់​ស្អាត​បរិសុទ្ធ (​៣៣​-​៥៧)

១៤  ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ២  ​«​នេះ​ជា​ច្បាប់​សម្រាប់​ពិធី​ជម្រះ​អ្នក​កើត​ជំងឺ​ឃ្លង់​ឲ្យ​បាន​ស្អាត​បរិសុទ្ធ។ នៅ​ថ្ងៃ​ធ្វើ​ពិធី​ជម្រះ​នោះ ត្រូវ​នាំ​គាត់​ទៅ​ជួប​សង្ឃ។+ ៣  សង្ឃ​ត្រូវ​ចេញ​ទៅ​ខាង​ក្រៅ​ជំរំ​ដើម្បី​ពិនិត្យ​មើល​គាត់។ បើ​សង្ឃ​ឃើញ​ថា​ជំងឺ​ឃ្លង់​នោះ​បាន​ជា​សះ​ស្បើយ​ហើយ ៤  សង្ឃ​ត្រូវ​បង្គាប់​គាត់​ឲ្យ​យក​សត្វ​ស្លាប​ពីរ​ដែល​ស្អាត​បរិសុទ្ធ និង​ឈើ​ស៊ី​ដារ ក្រណាត់​ពណ៌​ក្រហម ព្រម​ទាំង​មែក​ហ៊ីសុប មក​ជម្រះ​គាត់។+ ៥  សង្ឃ​ត្រូវ​បង្គាប់​ឲ្យ​គេ​សម្លាប់​សត្វ​ស្លាប​មួយ​ក្នុង​ភាជនៈ​ដី​ដែល​មាន​ទឹក​ស្អាត។ ៦  រួច​សង្ឃ​ត្រូវ​យក​សត្វ​ស្លាប​មួយ​ទៀត​ដែល​នៅ​រស់ ព្រម​ទាំង​ឈើ​ស៊ី​ដារ ក្រណាត់​ពណ៌​ក្រហម និង​មែក​ហ៊ីសុប ទៅ​ជ្រលក់​ក្នុង​ឈាម​របស់​សត្វ​ស្លាប​ទី​១។ ៧  បន្ទាប់​មក សង្ឃ​ត្រូវ​ប្រោះ​ឈាម​នោះ​៧​ដង​ទៅ​លើ​អ្នក​ដែល​កំពុង​ជម្រះ​នោះ រួច​ប្រកាស​ថា​អ្នក​នោះ​ស្អាត​បរិសុទ្ធ។ រួច​សង្ឃ​ត្រូវ​លែង​សត្វ​ស្លាប​រស់​នោះ នៅ​ឯ​ទី​វាល។+ ៨  ​«​អ្នក​ដែល​ទទួល​ការ​ជម្រះ​ត្រូវ​បោក​សម្លៀក​បំពាក់​ខ្លួន កោរ​សក់​និង​រោម​ទាំង​អស់ រួច​ងូត​ទឹក នោះ​ទើប​គាត់​បាន​ស្អាត​បរិសុទ្ធ។ ក្រោយ​មក គាត់​អាច​ចូល​ក្នុង​ជំរំ​បាន តែ​ត្រូវ​ស្នាក់​នៅ​ខាង​ក្រៅ​ត្រសាល​ខ្លួន​អស់​រយៈ​ពេល​៧​ថ្ងៃ។ ៩  ដល់​ថ្ងៃ​ទី​៧ គាត់​ត្រូវ​កោរ​សក់ ពុក​ចង្កា ចិញ្ចើម និង​រោម​ទាំង​អស់​ម្ដង​ទៀត។ ក្រោយ​ពី​នោះ គាត់​ត្រូវ​បោក​សម្លៀក​បំពាក់​ខ្លួន រួច​ងូត​ទឹក។ យ៉ាង​នេះ គាត់​នឹង​បាន​ស្អាត​បរិសុទ្ធ។ ១០  ​«​លុះ​ដល់​ថ្ងៃ​ទី​៨ អ្នក​ដែល​ទទួល​ការ​ជម្រះ​ត្រូវ​យក​ចៀម​ស្ទាវ​ល្អ​ឥត​ខ្ចោះ​ពីរ​ក្បាល កូន​ចៀម​ញី​ល្អ​ឥត​ខ្ចោះ​មួយ​ក្បាល+អាយុ​ក្រោម​មួយ​ឆ្នាំ និង​ម្សៅ​ម៉ដ្ឋ​៣​ភាគ​១០​អេហ្វា*លាយ​ជា​មួយ​ប្រេង សម្រាប់​ជូន​ជា​គ្រឿង​បូជា​ពី​ស្រូវ+ ព្រម​ទាំង​ប្រេង​មួយ​រង្វាល់។*+ ១១  ឯ​សង្ឃ​ដែល​ប្រកាស​ថា​អ្នក​នោះ​ស្អាត​បរិសុទ្ធ ត្រូវ​នាំ​គាត់ ព្រម​ទាំង​គ្រឿង​បូជា​ទាំង​នោះ​ទៅ​ឯ​ព្រះ​យេហូវ៉ា​នៅ​ច្រក​ចូល​ត្រសាល​ជំនុំ។ ១២  សង្ឃ​ត្រូវ​យក​ចៀម​ស្ទាវ​មួយ​ក្បាល​និង​ប្រេង​មួយ​រង្វាល់* មក​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង។+ បន្ទាប់​មក គាត់​លើក​រេ​ចុះ​រេ​ឡើង​ជូន​ជា​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។+ ១៣  រួច​សង្ឃ​ត្រូវ​សម្លាប់​ចៀម​ស្ទាវ​នោះ​នៅ​កន្លែង​ដែល​គេ​សម្លាប់​សត្វ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​និង​សត្វ​ជា​គ្រឿង​បូជា​ដុត+ គឺ​នៅ​កន្លែង​បរិសុទ្ធ។ រីឯ​ចំណែក​ពី​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង​នឹង​បាន​ទៅ​ជា​របស់​សង្ឃ ដូច​ចំណែក​ពី​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​ដែរ+ ព្រោះ​នោះ​ជា​អ្វី​ដែល​បរិសុទ្ធ​បំផុត។+ ១៤  ​«​បន្ទាប់​មក សង្ឃ​ត្រូវ​យក​ឈាម​ខ្លះ​ពី​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង​របស់​អ្នក​ដែល​ទទួល​ការ​ជម្រះ​នោះ ទៅ​លាប​នៅ​លើ​ទង​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​អ្នក​នោះ។ ១៥  រួច​សង្ឃ​ត្រូវ​ចាក់​ប្រេង​ខ្លះ​ពី​គ្រឿង​បូជា​នោះ+ ទៅ​លើ​បាត​ដៃ​ឆ្វេង​របស់​ខ្លួន។ ១៦  បន្ទាប់​មក សង្ឃ​ត្រូវ​ជ្រលក់​ចុង​ម្រាម​ដៃ​ស្ដាំ​ទៅ​ក្នុង​ប្រេង​នោះ រួច​ប្រោះ​៧​ដង​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ ១៧  ក្រោយ​នោះ សង្ឃ​ត្រូវ​យក​ប្រេង​ខ្លះ​ដែល​នៅ​សល់ ទៅ​លាប​លើ​ទង​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​អ្នក​ដែល​ទទួល​ការ​ជម្រះ គឺ​ពី​លើ​ឈាម​នៃ​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង។ ១៨  ឯ​ប្រេង​ដែល​នៅ​សល់​ក្នុង​ដៃ សង្ឃ​យក​ទៅ​លាប​លើ​ក្បាល​អ្នក​នោះ ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​គាត់​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។+ ១៩  ​«​បន្ទាប់​មក សង្ឃ​ត្រូវ​ជូន​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង+ ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​អ្នក​ដែល​កំពុង​សម្អាត​ខ្លួន​ឲ្យ​បាន​ស្អាត​បរិសុទ្ធ។ ក្រោយ​នោះ សង្ឃ​ត្រូវ​សម្លាប់​សត្វ​នៃ​គ្រឿង​បូជា​ដុត។ ២០  រួច​មក សង្ឃ​ត្រូវ​ជូន​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​ពី​ស្រូវ+នៅ​លើ​ទី​បូជា ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​អ្នក​នោះ+ ហើយ​អ្នក​នោះ​នឹង​បាន​ស្អាត​បរិសុទ្ធ។+ ២១  ​«​ប៉ុន្តែ បើ​អ្នក​នោះ​ក្រី​ក្រ​មិន​មាន​លទ្ធភាព​គ្រប់​គ្រាន់​ទេ គាត់​អាច​ជម្រះ​ភាព​ខុស​ឆ្គង​ដោយ​ជូន​ចៀម​ស្ទាវ​មួយ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង​និង​ជា​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង ព្រម​ទាំង​ជូន​ម្សៅ​ម៉ដ្ឋ​១​ភាគ​១០​អេហ្វា*លាយ​ជា​មួយ​ប្រេង​ជា​គ្រឿង​បូជា​ពី​ស្រូវ និង​ប្រេង​មួយ​រង្វាល់* ២២  រួម​ទាំង​លលក​ពីរ​ឬ​ព្រាប​ជំទើរ​ពីរ តាម​លទ្ធភាព​របស់​គាត់ គឺ​មួយ​ក្បាល​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង មួយ​ក្បាល​ជា​គ្រឿង​បូជា​ដុត។+ ២៣  នៅ​ថ្ងៃ​ទី​៨+ គាត់​ត្រូវ​យក​គ្រឿង​បូជា​ទាំង​នោះ​ទៅ​ជូន​សង្ឃ​នៅ​ច្រក​ចូល​ត្រសាល​ជំនុំ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ដើម្បី​ជម្រះ​ឲ្យ​ស្អាត​បរិសុទ្ធ។+ ២៤  ​«​សង្ឃ​ត្រូវ​យក​ចៀម​ស្ទាវ​និង​ប្រេង​មួយ​រង្វាល់* មក​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង។+ បន្ទាប់​មក គាត់​លើក​គ្រឿង​បូជា​នោះ​ចុះ​ឡើង​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។+ ២៥  បន្ទាប់​មក សង្ឃ​ត្រូវ​សម្លាប់​ចៀម​នោះ រួច​យក​ឈាម​ខ្លះ​ពី​ចៀម​នោះ ទៅ​លាប​នៅ​លើ​ទង​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​អ្នក​ដែល​ទទួល​ការ​ជម្រះ។+ ២៦  រួច​សង្ឃ​ត្រូវ​ចាក់​ប្រេង​ខ្លះ​ពី​គ្រឿង​បូជា​នោះ ទៅ​លើ​បាត​ដៃ​ឆ្វេង​របស់​ខ្លួន។+ ២៧  បន្ទាប់​មក សង្ឃ​ត្រូវ​ជ្រលក់​ចុង​ម្រាម​ដៃ​ស្ដាំ​ទៅ​ក្នុង​ប្រេង​នោះ រួច​ប្រោះ​៧​ដង​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ ២៨  ក្រោយ​នោះ សង្ឃ​ត្រូវ​យក​ប្រេង​ខ្លះ​ដែល​នៅ​សល់ ទៅ​លាប​លើ​ទង​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​អ្នក​ដែល​ទទួល​ការ​ជម្រះ គឺ​ពី​លើ​ឈាម​សត្វ​នៃ​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង។ ២៩  ឯ​ប្រេង​ដែល​នៅ​សល់ សង្ឃ​យក​ទៅ​លាប​លើ​ក្បាល​អ្នក​នោះ ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​គាត់​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ ៣០  ​«​សង្ឃ​ត្រូវ​ជូន​លលក​ឬ​ព្រាប​ជំទើរ តាម​លទ្ធភាព​របស់​អ្នក​ដែល​ទទួល​ការ​ជម្រះ+ ៣១  គឺ​សត្វ​ស្លាប​ណា​មួយ​ក៏​បាន មួយ​ក្បាល​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង មួយ​ក្បាល​ទៀត​ជា​គ្រឿង​បូជា​ដុត+ ជា​មួយ​គ្រឿង​បូជា​ពី​ស្រូវ។ រួច​សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​អ្នក​នោះ នៅ​ចំពោះ​ព្រះ​យេហូវ៉ា។+ ៣២  ​«​នេះ​ជា​ច្បាប់​សម្រាប់​អ្នក​កើត​ជំងឺ​ឃ្លង់​ដែល​មាន​ជីវភាព​ខ្វះ​ខាត ស្ដី​អំពី​ការ​ជម្រះ​កាយ​ឲ្យ​បាន​ស្អាត​បរិសុទ្ធ​»។ ៣៣  បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​និង​អេរ៉ុន​ថា​៖ ៣៤  ​«​ក្រោយ​ពី​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​កាណាន+ជា​ស្រុក​ដែល​ខ្ញុំ​នឹង​ប្រគល់​ឲ្យ+ បើ​ខ្ញុំ​អនុញ្ញាត​ឲ្យ​មាន​ជំងឺ​ឃ្លង់​កើត​មាន​ទៅ​លើ​ផ្ទះ​ណា​មួយ+ ៣៥  នោះ​ម្ចាស់​ផ្ទះ​ត្រូវ​ទៅ​ប្រាប់​សង្ឃ​ថា​៖ ‹មាន​ស្នាម​នៅ​លើ​ជញ្ជាំង​ផ្ទះ​ខ្ញុំ ហើយ​មើល​ទៅ​ដូច​ជា​រោគ​ឃ្លង់›។* ៣៦  សង្ឃ​ត្រូវ​បង្គាប់​ឲ្យ​រើ​អីវ៉ាន់​ចេញ​ពី​ផ្ទះ​នោះ មុន​នឹង​គាត់​ទៅ​ពិនិត្យ​មើល។ បើ​មិន​ដូច្នោះ​ទេ គាត់​ត្រូវ​ប្រកាស​ថា​អ្វី​ៗ​ដែល​នៅ​ក្នុង​ផ្ទះ​នោះ​មិន​ស្អាត​បរិសុទ្ធ។ ក្រោយ​នោះ សង្ឃ​ចូល​ក្នុង​ផ្ទះ ហើយ​ពិនិត្យ​មើល​ស្នាម​លើ​ជញ្ជាំង។ ៣៧  បើ​គាត់​ឃើញ​ថា​ស្នាម​លើ​ជញ្ជាំង​មាន​ពណ៌​ត្រួយ​ចេក​ឬ​ពណ៌​ក្រហម ហើយ​មើល​ទៅ​មាន​សភាព​ផត​ទ្រុឌ​ចូល​ក្នុង ៣៨  នោះ​សង្ឃ​ត្រូវ​ចេញ​ទៅ​ឯ​មាត់​ទ្វារ​ផ្ទះ ហើយ​បិទ​ទ្វារ​ផ្ទះ​នោះ​កុំ​ឲ្យ​គេ​ចូល​អស់​រយៈ​ពេល​៧​ថ្ងៃ។+ ៣៩  ​«​លុះ​ដល់​ថ្ងៃ​ទី​៧ សង្ឃ​ត្រូវ​ត្រឡប់​ទៅ​ពិនិត្យ​មើល​ផ្ទះ​នោះ​ម្ដង​ទៀត។ បើ​គាត់​ឃើញ​ស្នាម​នោះ​រាល​ដាល​លើ​ជញ្ជាំង​ផ្ទះ ៤០  នោះ​សង្ឃ​ត្រូវ​បង្គាប់​ឲ្យ​គេ​ដាប់​យក​ថ្ម​ណា​ដែល​មាន​ស្នាម​នោះ​ចេញ រួច​យក​ទៅ​បោះ​ចោល​ត្រង់​កន្លែង​មិន​ស្អាត​បរិសុទ្ធ​នៅ​ខាង​ក្រៅ​ក្រុង។ ៤១  បន្ទាប់​មក សង្ឃ​ត្រូវ​បង្គាប់​ឲ្យ​គេ​កោស​កំបោរ​និង​បាយអ​ពី​លើ​ជញ្ជាំង​ខាង​ក្នុង​ទាំង​អស់ រួច​ប្រមូល​ទៅ​បោះ​ចោល​ត្រង់​កន្លែង​មិន​ស្អាត​បរិសុទ្ធ​នៅ​ខាង​ក្រៅ​ក្រុង។ ៤២  ក្រោយ​នោះ ពួក​គេ​ត្រូវ​យក​ថ្ម​ផ្សេង​ទៀត​ទៅ​បិទ​នៅ​ត្រង់​កន្លែង​ដាប់​នោះ ហើយ​ត្រូវ​យក​បាយអ​ទៅ​បូក​លើ​ជញ្ជាំង រួច​លាប​កំបោរ​ពី​លើ។ ៤៣  ​«​ប៉ុន្តែ ក្រោយ​ពី​ធ្វើ​ដូច្នោះ​ហើយ បើ​ស្នាម​នោះ​កើត​មាន​ម្ដង​ទៀត​និង​រាល​ដាល ៤៤  នោះ​ត្រូវ​ឲ្យ​សង្ឃ​ចូល​ទៅ​ពិនិត្យ​មើល​ម្ដង​ទៀត។ បើ​ឃើញ​ស្នាម​នោះ​រាល​ដាល​ក្នុង​ផ្ទះ នោះ​ជា​ឃ្លង់​ស៊ី​បង្ខូច+ផ្ទះ​ហើយ។ ផ្ទះ​នោះ​មិន​ស្អាត​បរិសុទ្ធ​ទេ។ ៤៥  សង្ឃ​ត្រូវ​ឲ្យ​គេ​រុះ​ផ្ទះ​នោះ ពោល​គឺ​ប្រមូល​ថ្ម ធ្នឹម បាយអ និង​កំបោរ យក​ទៅ​បោះ​ចោល​ត្រង់​កន្លែង​មិន​ស្អាត​បរិសុទ្ធ​នៅ​ខាង​ក្រៅ​ក្រុង។+ ៤៦  ប៉ុន្តែ ក្នុង​អំឡុង​ដែល​គេ​ទុក​ផ្ទះ​នោះ​ចោល បើ​អ្នក​ណា​ម្នាក់​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ+ អ្នក​នោះ​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។+ ៤៧  បើ​អ្នក​ណា​ចូល​ទៅ​ដេក​ឬ​បរិភោគ​នៅ​ក្នុង​ផ្ទះ​នោះ អ្នក​នោះ​ត្រូវ​បោក​សម្លៀក​បំពាក់​ខ្លួន​ចេញ។ ៤៨  ​«​ប៉ុន្តែ ក្រោយ​ពី​ជួស​ជុល​ហើយ បើ​សង្ឃ​ចូល​ទៅ​ពិនិត្យ​មើល​មិន​ឃើញ​ស្នាម​នោះ​លេច​ចេញ​មក​ទេ នោះ​សង្ឃ​ត្រូវ​ប្រកាស​ថា​ផ្ទះ​នោះ​ស្អាត​បរិសុទ្ធ ព្រោះ​រោគ​នោះ​លែង​មាន​ទៀត​ហើយ។ ៤៩  គាត់​ត្រូវ​យក​សត្វ​ស្លាប​ពីរ ឈើ​ស៊ី​ដារ ក្រណាត់​ពណ៌​ក្រហម និង​មែក​ហ៊ីសុប​មក ដើម្បី​ធ្វើ​ពិធី​ជម្រះ​ផ្ទះ​នោះ​ឲ្យ​ស្អាត​បរិសុទ្ធ​ឡើង​វិញ។+ ៥០  រួច​គាត់​ត្រូវ​សម្លាប់​សត្វ​ស្លាប​មួយ​ក្នុង​ភាជនៈ​ដី​ដែល​មាន​ទឹក​ស្អាត។ ៥១  បន្ទាប់​មក គាត់​ត្រូវ​យក​សត្វ​ស្លាប​មួយ​ទៀត​ដែល​នៅ​រស់ ព្រម​ទាំង​ឈើ​ស៊ី​ដារ ក្រណាត់​ពណ៌​ក្រហម និង​មែក​ហ៊ីសុប ជ្រលក់​ក្នុង​ឈាម​របស់​សត្វ​ស្លាប​ទី​១។ រួច​ប្រោះ​ឈាម​នោះ​៧​ដង​ទៅ​លើ​ផ្ទះ​នោះ។+ ៥២  គាត់​នឹង​ធ្វើ​ឲ្យ​ផ្ទះ​នោះ​បាន​ស្អាត​បរិសុទ្ធ តាម​រយៈ​ឈាម​សត្វ​ស្លាប ទឹក​ស្អាត សត្វ​ស្លាប​ដែល​នៅ​រស់ ព្រម​ទាំង​ឈើ​ស៊ី​ដារ ក្រណាត់​ពណ៌​ក្រហម និង​មែក​ហ៊ីសុប។ ៥៣  ក្រោយ​មក គាត់​ត្រូវ​លែង​សត្វ​ស្លាប​រស់ នៅ​ឯ​ទី​វាល​ខាង​ក្រៅ​ក្រុង។ យ៉ាង​នោះ ផ្ទះ​នោះ​នឹង​បាន​ស្អាត​បរិសុទ្ធ។ ៥៤  ​«​នេះ​ជា​ច្បាប់​អំពី​រោគ​ឃ្លង់​គ្រប់​យ៉ាង និង​ដំបៅ​លើ​ក្បាល​ឬ​ពុក​ចង្កា+ ៥៥  រោគ​ឃ្លង់​លើ​សម្លៀក​បំពាក់+ ឬ​ក្នុង​ផ្ទះ+ ៥៦  ព្រម​ទាំង​អំពី​ដុំ​ពក​នៅ​លើ​ស្បែក ស្បែក​ឡើង​ក្រមរ និង​កើត​ភ្លឺ+ ៥៧  ច្បាប់​នេះ​ជួយ​ឲ្យ​សន្មត​ថា អ្វី​ស្អាត​បរិសុទ្ធ​និង​អ្វី​មិន​ស្អាត​បរិសុទ្ធ។+ នេះ​ជា​ច្បាប់​អំពី​រោគ​ឃ្លង់​»។+

កំណត់សម្គាល់

គឺ​៣​ភាគ​១០​អេហ្វា​ស្មើ​នឹង​៦,៦​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ន័យ​ត្រង់​«​ឡូក​»។ មួយ​ឡូក​ស្មើ​នឹង​០,៣១​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ន័យ​ត្រង់​«​ឡូក​»។ មួយ​ឡូក​ស្មើ​នឹង​០,៣១​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
គឺ​១​ភាគ​១០​អេហ្វា​ស្មើ​នឹង​២,២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ន័យ​ត្រង់​«​ឡូក​»។ មួយ​ឡូក​ស្មើ​នឹង​០,៣១​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ន័យ​ត្រង់​«​ឡូក​»។ មួយ​ឡូក​ស្មើ​នឹង​០,៣១​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
មើល​កំណត់​សម្គាល់​នៅ​ច្បាប់​លេវី ១៣:២