ច្បាប់លេវី ១៦:១-៣៤

  • ថ្ងៃ​ជម្រះ​ភាព​ខុស​ឆ្គង (​១​-​៣៤)

១៦  ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ ក្រោយ​គ្រា​ដែល​កូន​ប្រុស​ពីរ​នាក់​របស់​អេរ៉ុន​បាន​ស្លាប់​ពេល​ចូល​ទៅ​ចំពោះ​ព្រះ​យេហូវ៉ា។+ ២  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ប្រាប់​អេរ៉ុន​បង​របស់​អ្នក​កុំ​ឲ្យ​ចូល​ទៅ​ក្នុង​កន្លែង​បរិសុទ្ធ​តាម​អំពើ​ចិត្ត​ឡើយ+ គឺ​នៅ​ខាង​ក្រោយ​វាំងនន+មុខ​គម្រប​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង។ បើ​មិន​ដូច្នោះ​ទេ គាត់​នឹង​ត្រូវ​ស្លាប់+ ព្រោះ​ខ្ញុំ​នឹង​លេច​មក​ក្នុង​ពពក​នៅ​លើ​គម្រប​ហឹប​នោះ។+ ៣  ​«​ពេល​គាត់​ចូល​ក្នុង​កន្លែង​បរិសុទ្ធ គាត់​ត្រូវ​ធ្វើ​ដូច​ត​ទៅ​៖ គាត់​ត្រូវ​យក​គោ​ស្ទាវ​មួយ​ក្បាល​ដើម្បី​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង+ និង​ចៀម​ឈ្មោល​មួយ​ក្បាល​ជា​គ្រឿង​បូជា​ដុត។+ ៤  គាត់​ត្រូវ​ងូត​ទឹក​សម្អាត​ខ្លួន+ រួច​ស្លៀក​ខោ​ខ្លី+សម្រាប់​បិទ​បាំង​កេរ្តិ៍​ខ្មាស ពាក់​អាវ​វែង+ ចង​ខ្សែ​ក្រវាត់+ និង​ពាក់​ឈ្នួត​នៅ​លើ​ក្បាល។+ អ្វី​ទាំង​នោះ​ជា​សម្លៀក​បំពាក់​បរិសុទ្ធ+ ហើយ​សុទ្ធតែ​ធ្វើ​ពី​ក្រណាត់​សាច់​ល្អ។ ៥  ​«​គាត់​ត្រូវ​ទទួល​ពពែ​ស្ទាវ​ពីរ​ក្បាល​និង​ចៀម​ឈ្មោល​មួយ​ក្បាល​ពី​បណ្ដា​ជន​អ៊ីស្រាអែល។+ ពពែ​ទាំង​នោះ​គឺ​ដើម្បី​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង និង​ចៀម​សម្រាប់​ជា​គ្រឿង​បូជា​ដុត។ ៦  ​«​បន្ទាប់​មក អេរ៉ុន​ត្រូវ​ជូន​គោ​ស្ទាវ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​របស់​គាត់ ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​ខ្លួន​គាត់+ និង​ក្រុម​គ្រួសារ​របស់​គាត់។* ៧  ​«​បន្ទាប់​ពី​នោះ គាត់​ត្រូវ​នាំ​យក​ពពែ​ពីរ​ក្បាល​នោះ​ទៅ​ឈរ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​នៅ​ត្រង់​ច្រក​ចូល​ត្រសាល​ជំនុំ។ ៨  អេរ៉ុន​ត្រូវ​ចាប់​ឆ្នោត​ដើម្បី​ដឹង​ថា​ពពែ​មួយ​ណា​ទុក​ជូន​ព្រះ​យេហូវ៉ា ហើយ​ពពែ​មួយ​ណា​ទុក​ជា​ពពែ​អា​សេសែល។* ៩  ចំពោះ​ពពែ​ដែល​បាន​ត្រូវ​ចាប់​ឆ្នោត+ទុក​ជូន​ព្រះ​យេហូវ៉ា គាត់​ត្រូវ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង។ ១០  ប៉ុន្តែ ចំពោះ​ពពែ​អា​សេសែល​វិញ គាត់​មិន​គួរ​សម្លាប់​វា​ទេ តែ​ត្រូវ​នាំ​យក​ទៅ​ឈរ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ប្រើ​វា​ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង រួច​លែង​វា​ឲ្យ​ទៅ​តំបន់​ស្ងាត់​ជ្រងំ។+ ១១  ​«​អេរ៉ុន​ត្រូវ​នាំ​យក​គោ​ស្ទាវ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​របស់​គាត់ ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​សម្រាប់​ខ្លួន​គាត់​និង​ក្រុម​គ្រួសារ​គាត់។* ក្រោយ​នោះ គាត់​ត្រូវ​សម្លាប់​គោ​នោះ​ជូន​ជា​គ្រឿង​បូជា។+ ១២  ​«​បន្ទាប់​មក គាត់​ត្រូវ​កាន់​ប្រដាប់​ដាក់​រងើក​ភ្លើង+ ហើយ​យក​រងើក​ភ្លើង​ពី​ទី​បូជា+របស់​ព្រះ​យេហូវ៉ា និង​ម្សៅ​ក្រអូប​ម៉ដ្ឋ​ពីរ​ក្ដាប់+ រួច​ចូល​ទៅ​ក្នុង​បន្ទប់​បរិសុទ្ធ​បំផុត​ក្រោយ​វាំងនន។+ ១៣  គាត់​ត្រូវ​រោយ​ម្សៅ​ក្រអូប​នោះ​នៅ​លើ​រងើក​ភ្លើង នៅ​ចំពោះ​ព្រះ​យេហូវ៉ា+ ហើយ​ផ្សែង​ពី​ម្សៅ​ក្រអូប​នោះ​នឹង​ហុយ​ទៅ​លើ​គម្រប​ហឹប+នៃ​កិច្ច​ព្រម​ព្រៀង។+ យ៉ាង​នោះ គាត់​នឹង​មិន​ត្រូវ​ស្លាប់​ទេ។ ១៤  ​«​គាត់​ត្រូវ​យក​ឈាម​ខ្លះ​របស់​គោ​ស្ទាវ​នោះ​ចូល+ ហើយ​ជ្រលក់​ចុង​ម្រាម​ដៃ​ទៅ​ក្នុង​ឈាម​នោះ រួច​សម្រក់​៧​ដង​នៅ​មុខ​គម្រប​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង គឺ​នៅ​ខាង​កើត​ហឹប​នោះ។+ ១៥  ​«​បន្ទាប់​មក គាត់​ត្រូវ​សម្លាប់​ពពែ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​របស់​បណ្ដា​ជន+ ហើយ​យក​ឈាម​វា​ចូល​ទៅ​ក្នុង​បន្ទប់​បរិសុទ្ធ​បំផុត+ រួច​សម្រក់​នៅ​មុខ​គម្រប​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង ដូច​គាត់​សម្រក់​ឈាម​គោ​ស្ទាវ​ដែរ។+ ១៦  ​«​គាត់​ត្រូវ​ជម្រះ​កន្លែង​បរិសុទ្ធ​ឲ្យ​ស្អាត​ពី​អំពើ​រំលង ពី​អំពើ​ខុស​ឆ្គង និង​ពី​ភាព​មិន​ស្អាត​បរិសុទ្ធ​របស់​បណ្ដា​ជន​អ៊ីស្រាអែល។+ គាត់​ត្រូវ​ធ្វើ​ដូច្នេះ ព្រោះ​ត្រសាល​ជំនុំ​នៅ​កណ្ដាល​បណ្ដា​ជន​អ៊ីស្រាអែល ដែល​ជា​អ្នក​ប្រព្រឹត្ត​មិន​ស្អាត​បរិសុទ្ធ។ ១៧  ​«​ក្នុង​ពេល​ដែល​គាត់​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ​ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង នោះ​មិន​ត្រូវ​ឲ្យ​អ្នក​ណា​ម្នាក់​ចូល​ទៅ​ក្នុង​នោះ​ជា​ដាច់​ខាត ទាល់​តែ​គាត់​ចេញ​មក​វិញ​សិន។ គាត់​ត្រូវ​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​ខ្លួន​គាត់ ក្រុម​គ្រួសារ​គាត់+ និង​ពួក​ជំនុំ​អ៊ីស្រាអែល​ទាំង​មូល។+ ១៨  ​«​បន្ទាប់​មក គាត់​ត្រូវ​ចេញ​ទៅ​ឯ​ទី​បូជា+ដែល​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​ឲ្យ​ទី​បូជា​នោះ​បាន​ស្អាត​បរិសុទ្ធ។ រួច​គាត់​ត្រូវ​យក​ឈាម​ខ្លះ​របស់​គោ​ស្ទាវ និង​ឈាម​ខ្លះ​របស់​ពពែ ទៅ​លាប​លើ​ស្នែង​ទាំង​បួន​នៃ​ទី​បូជា។ ១៩  បន្ទាប់​ពី​នោះ គាត់​ត្រូវ​ជ្រលក់​ចុង​ម្រាម​ដៃ​ទៅ​ក្នុង​ឈាម​នោះ រួច​ប្រោះ​៧​ដង​ទៅ​លើ​ទី​បូជា ដើម្បី​ញែក​ទី​បូជា​ឲ្យ​បាន​បរិសុទ្ធ ពី​ការ​ប្រព្រឹត្ត​មិន​ស្អាត​បរិសុទ្ធ​របស់​បណ្ដា​ជន​អ៊ីស្រាអែល។ ២០  ​«​ក្រោយ​ពី​គាត់​បាន​ញែក​កន្លែង​បរិសុទ្ធ ត្រសាល​ជំនុំ និង​ទី​បូជា​ឲ្យ​ស្អាត​បរិសុទ្ធ​ហើយ+ គាត់​ក៏​ត្រូវ​នាំ​យក​ពពែ​មួយ​ទៀត​ដែល​នៅ​រស់ ចូល​មក​ដែរ។+ ២១  អេរ៉ុន​ត្រូវ​ដាក់​ដៃ​ទាំង​ពីរ​លើ​ក្បាល​ពពែ​នោះ ហើយ​សារភាព​ទោស​កំហុស អំពើ​រំលង និង​អំពើ​ខុស​ឆ្គង​របស់​បណ្ដា​ជន។ នេះ​ប្រៀប​ដូច​ជា​ទោស​កំហុស​ទាំង​នោះ​ធ្លាក់​ទៅ​លើ​ពពែ​វិញ។+ រួច​គាត់​ចាត់​បុរស​ម្នាក់​ដែល​បាន​ត្រូវ​ជ្រើស​រើស ឲ្យ​ដឹក​វា​ទៅ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ។ ២២  បន្ទាប់​មក បុរស​នោះ​លែង​ពពែ​នៅ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ ហើយ​វា​នឹង​នាំ​យក​ទោស​កំហុស​ទាំង​អស់​របស់​បណ្ដា​ជន​ទៅ​ជា​មួយ​ដែរ។+ ២៣  ​«​ក្រោយ​មក អេរ៉ុន​ត្រូវ​ចូល​ក្នុង​ត្រសាល​ជំនុំ រួច​ដោះ​សម្លៀក​បំពាក់​ក្រណាត់​សាច់​ល្អ​ទុក​នៅ​ទី​នោះ គឺ​សម្លៀក​បំពាក់​ដែល​គាត់​បាន​ពាក់​ចូល​ក្នុង​បន្ទប់​បរិសុទ្ធ​បំផុត។ ២៤  បន្ទាប់​មក គាត់​ត្រូវ​ងូត​ទឹក​សម្អាត​ខ្លួន+នៅ​កន្លែង​បរិសុទ្ធ ហើយ​ស្លៀក​សម្លៀក​បំពាក់​សម្ដេច​សង្ឃ​វិញ+ រួច​គាត់​ត្រូវ​ទៅ​ជូន​គ្រឿង​បូជា​ដុត​របស់​គាត់+ និង​គ្រឿង​បូជា​ដុត​របស់​បណ្ដា​ជន។+ បន្ទាប់​ពី​នោះ គាត់​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​ខ្លួន​គាត់​និង​បណ្ដា​ជន។+ ២៥  ពេល​នោះ គាត់​ត្រូវ​ដុត​ខ្លាញ់​នៃ​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។ ២៦  ​«​ឯ​បុរស​ដែល​ដឹក​ពពែ​អា​សេសែល​វិញ+ គាត់​ត្រូវ​បោក​សម្លៀក​បំពាក់ ហើយ​ងូត​ទឹក​សម្អាត​ខ្លួន។ រួច​គាត់​អាច​ចូល​ក្នុង​ជំរំវិញ​បាន។ ២៧  ​«​រីឯ​គោ​និង​ពពែ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង នោះ​ត្រូវ​យក​វា​ចេញ​ទៅ​ខាង​ក្រៅ​ជំរំ ដុត​ចោល​ទាំង​សាច់ ទាំង​ស្បែក ទាំង​លាមក។ ត្រូវ​ធ្វើ​ដូច្នេះ ក្រោយ​ពី​សង្ឃ​យក​ឈាម​វា​ទៅ​សម្រក់​ក្នុង​បន្ទប់​បរិសុទ្ធ​បំផុត​ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង។+ ២៨  ចំពោះ​អ្នក​ដុត​វិញ គាត់​ត្រូវ​បោក​សម្លៀក​បំពាក់ ហើយ​ងូត​ទឹក​សម្អាត​ខ្លួន។ រួច​គាត់​អាច​ចូល​ក្នុង​ជំរំវិញ​បាន។ ២៩  ​«​នេះ​នឹង​ទៅ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ជា​ដរាប​ត​ទៅ គឺ​នៅ​ថ្ងៃ​ទី១០ ក្នុង​ខែ​ទី​៧ អ្នក​រាល់​គ្នា​ត្រូវ​បង្ហាញ​ការ​សោក​ស្ដាយ* ហើយ​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ+ ទោះ​ជា​អ្នក​ស្រុក ឬ​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ក៏​ដោយ។ ៣០  នៅ​ថ្ងៃ​នោះ សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​អ្នក​រាល់​គ្នា+ ហើយ​គាត់​នឹង​ប្រកាស​ថា​អ្នក​រាល់​គ្នា​ស្អាត​បរិសុទ្ធ។ យ៉ាង​នោះ អ្នក​រាល់​គ្នា​នឹង​បាន​ស្អាត​បរិសុទ្ធ​ពី​អំពើ​ខុស​ឆ្គង​របស់​ខ្លួន​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។+ ៣១  ពេល​នោះ ជា​ពេល​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ឈប់​សម្រាក ហើយ​ត្រូវ​បង្ហាញ​ការ​សោក​ស្ដាយ។+ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ជា​ដរាប​ត​ទៅ។ ៣២  ​«​ឯ​សង្ឃ​ណា​ដែល​បាន​ទទួល​ការ​ចាក់​ប្រេង​តែង​តាំង​ឲ្យ​បំពេញ​មុខ​ងារ+ស្នង​ពី​ឪពុក​គាត់+ សង្ឃ​នោះ​ត្រូវ​ធ្វើ​ពិធី​ជម្រះ​ភាព​ខុស​ឆ្គង។ គាត់​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​បរិសុទ្ធ​ដែល​ធ្វើ​ពី​ក្រណាត់​សាច់​ល្អ។+ ៣៣  គាត់​ត្រូវ​ធ្វើ​ពិធី​ញែក​កន្លែង​បរិសុទ្ធ ត្រសាល​ជំនុំ និង​ទី​បូជា​ឲ្យ​ស្អាត​បរិសុទ្ធ+ ហើយ​គាត់​ត្រូវ​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​សង្ឃ​ឯ​ទៀត និង​ឲ្យ​បណ្ដា​ជន​ទាំង​អស់។+ ៣៤  នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ជា​ដរាប​ត​ទៅ+ ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ជា​រៀង​រាល់​ឆ្នាំ​»។+ ដូច្នេះ អេរ៉ុន​បាន​ធ្វើ​តាម​ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ។

កំណត់សម្គាល់

ឬ​«​កុល​សម្ព័ន្ធ​គាត់​»​
ប្រហែល​ជា​មាន​ន័យ​ថា​«​ពពែ​ដែល​បាត់​ទៅ​»​
ឬ​«​កុល​សម្ព័ន្ធ​គាត់​»​
នេះ​ប្រហែល​ជា​សំដៅ​លើ​ការ​តម​អាហារ ឬ​កាន់​ត្រណម​ផ្សេង​ទៀត