ច្បាប់លេវី ២:១-១៦

  • គ្រឿង​បូជា​ពី​ស្រូវ (​១​-​១៦)

 «​‹បើ​អ្នក​ណា​ម្នាក់​ជូន​គ្រឿង​បូជា​ពី​ស្រូវ+ដល់​ព្រះ​យេហូវ៉ា គាត់​ត្រូវ​ជូន​ម្សៅ​យ៉ាង​ម៉ដ្ឋ រួច​ចាក់​ប្រេង​លើ​ម្សៅ​នោះ ហើយ​ដាក់​ម្សៅ​ក្រអូប​ពី​លើ។+ ២  បន្ទាប់​មក ត្រូវ​យក​ទៅ​ប្រគល់​ឲ្យ​កូន​ប្រុស​ៗ​របស់​អេរ៉ុន​ជា​សង្ឃ ហើយ​សង្ឃ​នឹង​យក​ម្សៅ​ម៉ដ្ឋ​នោះ​មួយ​ក្ដាប់​ដែល​មាន​ប្រេង​និង​ម្សៅ​ក្រអូប​ទាំង​អស់ ទៅ​ដុត​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​សម្រាប់​ជា​តំណាង​គ្រឿង​បូជា​នោះ​ទាំង​មូល។+ នេះ​ជា​គ្រឿង​បូជា​ដែល​ត្រូវ​ដុត​ជូន​ព្រះ​យេហូវ៉ា គឺ​ជា​គ្រឿង​បូជា​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ជូន​លោក។* ៣  រីឯ​ម្សៅ​ដែល​នៅ​សល់ ត្រូវ​បាន​ជា​របស់​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់។+ ចំណែក​នោះ​ជា​អ្វី​ដែល​បរិសុទ្ធ​បំផុត+ពី​គ្រឿង​បូជា​ដែល​ដុត​ជូន​ព្រះ​យេហូវ៉ា។ ៤  ​«​‹បើ​អ្នក​រាល់​គ្នា​ជូន​គ្រឿង​បូជា​ពី​ស្រូវ ដែល​ចម្អិន​ក្នុង​ឡ អ្នក​ត្រូវ​ប្រើ​ម្សៅ​យ៉ាង​ម៉ដ្ឋ​លាយ​ជា​មួយ​នឹង​ប្រេង​ធ្វើ​ជា​នំ​កង ឬ​ធ្វើ​ជា​នំ​ស្រួយ​លាប​ប្រេង​ពី​លើ តែ​មិន​ត្រូវ​ដាក់​ដំបែ​ទេ។+ ៥  ​«​‹បើ​អ្នក​រាល់​គ្នា​ជូន​គ្រឿង​បូជា​ពី​ស្រូវ ដែល​ចម្អិន​នៅ​ក្នុង​ខ្ទះ+ អ្នក​ត្រូវ​ប្រើ​ម្សៅ​យ៉ាង​ម៉ដ្ឋ​លាយ​ជា​មួយ​នឹង​ប្រេង​ធ្វើ​ជា​នំ តែ​មិន​ត្រូវ​ដាក់​ដំបែ​ទេ។ ៦  រួច​បំបែក​នំ​នោះ​ជា​ដុំ​ៗ ហើយ​ចាក់​ប្រេង​ពី​លើ។+ នោះ​ហើយ​ជា​គ្រឿង​បូជា​ពី​ស្រូវ។ ៧  ​«​‹បើ​អ្នក​រាល់​គ្នា​ជូន​គ្រឿង​បូជា​ពី​ស្រូវ ដែល​ចម្អិន​ក្នុង​ចាន​ពុម្ព អ្នក​ត្រូវ​ធ្វើ​នំ​ដោយ​ប្រើ​ម្សៅ​យ៉ាង​ម៉ដ្ឋ​លាយ​ជា​មួយ​នឹង​ប្រេង។ ៨  អ្នក​រាល់​គ្នា​ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ​ដែល​ចម្អិន​តាម​របៀប​ទាំង​នេះ​ដល់​ព្រះ​យេហូវ៉ា ហើយ​ត្រូវ​ប្រគល់​ឲ្យ​សង្ឃ រួច​គាត់​នឹង​យក​ទៅ​ឯ​ទី​បូជា។ ៩  បន្ទាប់​មក សង្ឃ​នឹង​យក​ចំណែក​ខ្លះ​ពី​គ្រឿង​បូជា​នេះ ទៅ​ដុត​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​សម្រាប់​ជា​តំណាង​គ្រឿង​បូជា​នោះ​ទាំង​មូល។+ នេះ​ជា​គ្រឿង​បូជា​ដុត​ជូន​ព្រះ​យេហូវ៉ា គឺ​ជា​គ្រឿង​បូជា​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ជូន​លោក។*+ ១០  រីឯ​ចំណែក​ដែល​នៅ​សល់ ត្រូវ​បាន​ជា​របស់​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់។ ចំណែក​នោះ​ជា​អ្វី​ដែល​បរិសុទ្ធ​បំផុត​ពី​គ្រឿង​បូជា​ដែល​ដុត​ជូន​ព្រះ​យេហូវ៉ា។+ ១១  ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ+ដែល​មាន​ដំបែ​ដល់​ព្រះ​យេហូវ៉ា​ទេ ហើយ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ដុត​ដំបែ​ឬ​ទឹក​ឃ្មុំ​ជា​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​ដល់​ព្រះ​យេហូវ៉ា​ឡើយ។ ១២  ​«​‹អ្នក​រាល់​គ្នា​អាច​ជូន​របស់​ទាំង​ពីរ​នេះ​ដល់​ព្រះ​យេហូវ៉ា ជា​គ្រឿង​បូជា​នៃ​ផល​ដំបូង​បាន+ តែ​មិន​ត្រូវ​ដុត​នៅ​លើ​ទី​បូជា​សម្រាប់​ជា​ក្លិន​ឈ្ងុយ*នោះ​ទេ។ ១៣  ​«​‹រាល់​គ្រឿង​បូជា​ពី​ស្រូវ ត្រូវ​ដាក់​អំបិល។ អ្នក​មិន​ត្រូវ​ភ្លេច​ដាក់​អំបិល​ឡើយ ព្រោះ​អំបិល​នោះ នឹង​រំលឹក​អ្នក​រាល់​គ្នា​អំពី​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ។ ម្ល៉ោះ​ហើយ គ្រឿង​បូជា​ទាំង​អស់​របស់​អ្នក​រាល់​គ្នា ត្រូវ​ដាក់​អំបិល។+ ១៤  ​«​‹បើ​អ្នក​រាល់​គ្នា​យក​ផល​ដំបូង​ពី​ស្រូវ​មក​ជូន​ព្រះ​យេហូវ៉ា​ជា​គ្រឿង​បូជា អ្នក​ត្រូវ​យក​គ្រាប់​ស្រូវ​ថ្មី​ទៅ​លីង​ហើយ​បុក។ នោះ​ហើយ​ជា​គ្រឿង​បូជា​ពី​ស្រូវ​នៃ​ផល​ដំបូង។+ ១៥  អ្នក​រាល់​គ្នា​ត្រូវ​ចាក់​ប្រេង​លើ​គ្រឿង​បូជា​ពី​ស្រូវ​នោះ ហើយ​ដាក់​ម្សៅ​ក្រអូប​ពី​លើ។ ១៦  ឯ​ចំណែក​ខ្លះ​ពី​គ្រឿង​បូជា​នោះ គឺ​ស្រូវ​បុក​ដែល​លាយ​ប្រេង​និង​ម្សៅ​ក្រអូប សង្ឃ​នឹង​យក​ទៅ​ដុត​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​សម្រាប់​ជា​តំណាង​គ្រឿង​បូជា​នោះ​ទាំង​មូល។+ នោះ​ហើយ​ជា​គ្រឿង​បូជា​ដែល​ដុត​ជូន​ព្រះ​យេហូវ៉ា។

កំណត់សម្គាល់

ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​»​
ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​»​
ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​»​