ច្បាប់លេវី ២០:១-២៧

  • ការ​គោរព​បូជា​ម៉ូឡេក និង​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​កំណាច (​១​-​៦)

  • ត្រូវ​បរិសុទ្ធ​និង​គោរព​ឪពុក​ម្ដាយ (​៧​-​៩)

  • អ្នក​ដែល​រួម​ភេទ​ខុស​ច្បាប់​នឹង​ត្រូវ​ស្លាប់ (​១០​-​២១)

  • ត្រូវ​បរិសុទ្ធ​ដើម្បី​ស្នាក់​នៅ​ក្នុង​ស្រុក (​២២​-​២៦)

  • អ្នក​ដែល​ប្រព្រឹត្ត​អំពើ​វេទមន្ត​នឹង​ត្រូវ​ប្រហារ​ជីវិត (​២៧)

២០  ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថែម​ទៀត​ថា​៖ ២  ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹បើ​អ្នក​រាល់​គ្នា​ឬ​ជន​បរទេស​ណា​ម្នាក់​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា យក​កូន​ចៅ​របស់​ខ្លួន​ទៅ​ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​ម៉ូឡេក អ្នក​នោះ​ត្រូវ​ស្លាប់​ជា​មិន​ខាន។+ បណ្ដា​ជន​ត្រូវ​គប់​ដុំ​ថ្ម​សម្លាប់​អ្នក​នោះ។ ៣  ខ្ញុំ​នឹង​ប្រឆាំង​នឹង​អ្នក​នោះ ហើយ​សម្លាប់​គាត់* ព្រោះ​គាត់​បាន​ជូន​កូន​ចៅ​ខ្លួន​ដល់​ព្រះ​ម៉ូឡេក ព្រម​ទាំង​បង្អាប់​កន្លែង​បរិសុទ្ធ​របស់​ខ្ញុំ+ ហើយ​ធ្វើ​ឲ្យ​នាម​ដ៏​បរិសុទ្ធ​របស់​ខ្ញុំ​អាប់​ឱន។ ៤  បើ​បណ្ដា​ជន​ឃើញ​បុរស​ម្នាក់​ជូន​កូន​ចៅ​ខ្លួន​ដល់​ព្រះ​ម៉ូឡេក ហើយ​ធ្វើ​មិន​ដឹង​មិន​ឮ ថែម​ទាំង​មិន​បាន​សម្លាប់​បុរស​នោះ​ទេ+ ៥  នោះ​ខ្ញុំ​ផ្ទាល់​នឹង​ប្រឆាំង​នឹង​បុរស​នោះ​និង​ក្រុម​គ្រួសារ​គាត់+ ហើយ​សម្លាប់​បុរស​នោះ​និង​អស់​អ្នក​ដែល​រួម​ចំណែក​ជា​មួយ​នឹង​គាត់ ព្រោះ​ពួក​គេ​បាន​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​នឹង​ព្រះ​ពិត* ដោយ​គោរព​បូជា​ដល់​ព្រះ​ម៉ូឡេក។ ៦  ​«​‹បើ​អ្នក​ណា​ទៅ​រក​គ្រូ​ខាប+ឬ​គ្រូ​ទាយ+ អ្នក​នោះ​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​នឹង​ព្រះ​ពិត*ហើយ។ ខ្ញុំ​នឹង​ប្រឆាំង​នឹង​អ្នក​នោះ ហើយ​ខ្ញុំ​នឹង​សម្លាប់​គាត់។+ ៧  ​«​‹អ្នក​រាល់​គ្នា​ត្រូវ​ស្អាត​ស្អំ​និង​ញែក​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ+ ព្រោះ​ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ ៨  អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ+ ព្រោះ​ខ្ញុំ​គឺ​យេហូវ៉ា​ជា​អ្នក​ដែល​ញែក​អ្នក​រាល់​គ្នា​ជា​បរិសុទ្ធ។+ ៩  ​«​‹បើ​អ្នក​ណា​ជេរ​ប្រមាថ​ឪពុក​ឬ​ម្ដាយ​ខ្លួន អ្នក​នោះ​ត្រូវ​ស្លាប់​ជា​មិន​ខាន+ ហើយ​អ្នក​នោះ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​សេចក្ដី​ស្លាប់​របស់​ខ្លួន។ ១០  ​«​‹ស្ដី​អំពី​អំពើ​ផិត​ក្បត់ មាន​ច្បាប់​ដូច​ត​ទៅ​៖ បើ​បុរស​ម្នាក់​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​ប្រពន្ធ​របស់​អ្នក​ឯ​ទៀត បុរស​និង​ស្ត្រី​នោះ​ត្រូវ​ស្លាប់​ជា​មិន​ខាន។+ ១១  បើ​បុរស​ណា​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​របស់​ឪពុក​ខ្លួន បុរស​នោះ​ធ្វើ​ឲ្យ​ឪពុក​ខ្លួន​រង​សេចក្ដី​អាម៉ាស់​ហើយ។+ បុរស​និង​ស្ត្រី​នោះ​ត្រូវ​ស្លាប់​ជា​មិន​ខាន ហើយ​ពួក​គេ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​សេចក្ដី​ស្លាប់​របស់​ខ្លួន។ ១២  បើ​បុរស​ណា​រួម​ដំណេក​ជា​មួយ​នឹង​កូន​ប្រសា​ស្រី​របស់​ខ្លួន បុរស​និង​ស្ត្រី​នោះ​ត្រូវ​ស្លាប់ ព្រោះ​នេះ​ជា​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម។ ពួក​គេ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​សេចក្ដី​ស្លាប់​របស់​ខ្លួន។+ ១៣  ​«​‹បើ​បុរស​ណា​រួម​ដំណេក​ជា​មួយ​នឹង​បុរស ដូច​រួម​ដំណេក​ជា​មួយ​នឹង​ស្ត្រី បុរស​ទាំង​ពីរ​នោះ​ត្រូវ​ស្លាប់ ព្រោះ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​ណាស់។+ ពួក​គេ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​សេចក្ដី​ស្លាប់​របស់​ខ្លួន។ ១៤  ​«​‹បើ​បុរស​ណា​ម្នាក់​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ម្នាក់ ហើយ​ថែម​ទាំង​រួម​ដំណេក​ជា​មួយ​នឹង​ម្ដាយ​របស់​នាង នោះ​ជា​ទង្វើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​ណាស់។+ អ្នក​រាល់​គ្នា​ត្រូវ​ដុត​ពួក​គេ​ចោល+ ដើម្បី​កុំ​ឲ្យ​ទង្វើ​នេះ​មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ ១៥  ​«​‹បើ​បុរស​ណា​រួម​សង្វាស​នឹង​សត្វ គាត់​ត្រូវ​ស្លាប់។ អ្នក​រាល់​គ្នា​ក៏​ត្រូវ​សម្លាប់​សត្វ​នោះ​ដែរ។+ ១៦  បើ​ស្ត្រី​ណា​រួម​សង្វាស​នឹង​សត្វ+ ត្រូវ​សម្លាប់​ទាំង​ស្ត្រី​ទាំង​សត្វ​នោះ​ចោល។ អស់​អ្នក​ដែល​ធ្វើ​ដូច្នោះ ត្រូវ​ស្លាប់​ជា​មិន​ខាន ហើយ​ពួក​គេ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​សេចក្ដី​ស្លាប់​របស់​ខ្លួន។ ១៧  ​«​‹បើ​បុរស​ណា​រួម​ដំណេក​ជា​មួយ​នឹង​បង​ស្រី​ឬ​ប្អូន​ស្រី​ខ្លួន ទោះ​ជា​នាង​ជា​បង​ប្អូន​រួម​ឪពុក​ឬ​រួម​ម្ដាយ​ក្ដី បុរស​និង​ស្ត្រី​នោះ​នឹង​ត្រូវ​សម្លាប់​នៅ​មុខ​បណ្ដា​ជន ព្រោះ​នេះ​ជា​ទង្វើ​ដ៏​អាម៉ាស់​ក្រៃ​លែង។+ បុរស​នោះ​បាន​បង្ខូច​កិត្តិយស​បង​ស្រី​ឬ​ប្អូន​ស្រី​ខ្លួន​ហើយ។ ដូច្នេះ គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន។ ១៨  ​«​‹បើ​បុរស​ណា​រួម​ដំណេក​ជា​មួយ​នឹង​ស្ត្រី​ដែល​កំពុង​មាន​រដូវ ពួក​គេ​ទាំង​ពីរ​នាក់​ត្រូវ​ស្លាប់ ព្រោះ​ពួក​គេ​មិន​បង្ហាញ​ការ​គោរព​ចំពោះ​ឈាម​ទេ។+ ១៩  ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​រួម​ដំណេក​ជា​មួយ​នឹង​មីង​ឬ​អ៊ំ​ស្រី​ខ្លួន​ឡើយ ទោះ​ជា​ខាង​ឪពុក​ឬ​ខាង​ម្ដាយ​ក្ដី ព្រោះ​នេះ​ធ្វើ​ឲ្យ​សាច់​ញាតិ​ខ្លួន​រង​សេចក្ដី​អាម៉ាស់​ហើយ។+ ដូច្នេះ ទាំង​បុរស​ទាំង​ស្ត្រី​ត្រូវ​ទទួល​ទោស​ចំពោះ​ទង្វើ​របស់​ខ្លួន។ ២០  បើ​បុរស​ណា​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​របស់​ពូ​ឬ​អ៊ំ​ខ្លួន បុរស​នោះ​នាំ​ឲ្យ​ពូ​ឬ​អ៊ំ​រង​សេចក្ដី​អាម៉ាស់​ហើយ។+ បុរស​និង​ស្ត្រី​នោះ​ត្រូវ​ទទួល​ទោស​ចំពោះ​ទង្វើ​របស់​ខ្លួន គឺ​ពួក​គេ​ត្រូវ​ស្លាប់។ ពួក​គេ​នឹង​គ្មាន​កូន​ទេ។ ២១  បើ​បុរស​ណា​យក​ប្រពន្ធ​របស់​បង​ប្រុស​ឬ​ប្អូន​ប្រុស​ខ្លួន បុរស​នោះ​នាំ​ឲ្យ​បង​ឬ​ប្អូន​ខ្លួន​រង​សេចក្ដី​អាម៉ាស់​ហើយ។ នេះ​ជា​ទង្វើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​ណាស់។+ ដូច្នេះ បុរស​និង​ស្ត្រី​នោះ​ត្រូវ​ស្លាប់។ ពួក​គេ​នឹង​គ្មាន​កូន​ទេ។ ២២  ​«​‹អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​បញ្ញត្តិ​និង​ក្រឹត្យ​ក្រម​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ+ ដើម្បី​កុំ​ឲ្យ​ស្រុក​ដែល​ខ្ញុំ​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​រស់​នៅ​នោះ ខ្ជាក់​អ្នក​រាល់​គ្នា​ចេញ។+ ២៣  អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​តាម​ការ​ប្រព្រឹត្ត​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​របស់​ប្រជា​ជាតិ​ដែល​ខ្ញុំ​នឹង​បណ្ដេញ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ឡើយ+ ព្រោះ​ខ្ញុំ​ខ្ពើម​ឆ្អើម​ការ​ប្រព្រឹត្ត​ទាំង​នោះ​ណាស់។+ ២៤  ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា​៖ ​«​ខ្ញុំ​នឹង​ឲ្យ​ទឹក​ដី​របស់​ពួក​គេ​ដល់​អ្នក​រាល់​គ្នា​ជា​មត៌ក ជា​ទឹក​ដី​ដែល​មាន​ទឹក​ដោះ​និង​ទឹក​ឃ្មុំ​សម្បូរ​ហូរហៀរ។+ ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ជា​អ្នក​ដែល​បាន​ញែក​អ្នក​រាល់​គ្នា​ចេញ​ពី​ប្រជា​ជាតិ​ទាំង​នោះ​»។+ ២៥  អ្នក​រាល់​គ្នា​ត្រូវ​ចេះ​សម្គាល់​ថា​សត្វ​ណា​ជា​សត្វ​ស្អាត​បរិសុទ្ធ និង​សត្វ​ណា​ជា​សត្វ​មិន​ស្អាត​បរិសុទ្ធ ទោះ​ជា​សត្វ​ជើង​បួន សត្វ​ស្លាប ឬ​សត្វ​លូន​វារ​ក្ដី។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ ដោយ​សារ​សត្វ​ណា​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​ឲ្យ​ចាត់​ទុក​ថា​មិន​ស្អាត​បរិសុទ្ធ​ឡើយ។+ ២៦  អ្នក​រាល់​គ្នា​ត្រូវ​តែ​បរិសុទ្ធ ព្រោះ​ខ្ញុំ​បរិសុទ្ធ។ ខ្ញុំ​គឺ​យេហូវ៉ា+ ខ្ញុំ​ញែក​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​ប្រជា​ជាតិ​នា​នា ដើម្បី​ធ្វើ​ជា​រាស្ត្រ​របស់​ខ្ញុំ។+ ២៧  ​«​‹បើ​អ្នក​ណា​ម្នាក់​ធ្វើ​ជា​គ្រូ​ខាប​ឬ​ជា​គ្រូ​ទាយ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន។+ បណ្ដា​ជន​ត្រូវ​គប់​ដុំ​ថ្ម​សម្លាប់​អ្នក​នោះ ហើយ​អ្នក​នោះ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​សេចក្ដី​ស្លាប់​របស់​ខ្លួន›​»។

កំណត់សម្គាល់

ឬ​«​ត្រូវ​កាត់​ចេញ​ពី​ចំណោម​បណ្ដា​ជន​»​
ឬ​«​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»។ មើល​និយម​ន័យ​ពាក្យ​«​ស្រី​ពេស្យា​»​
ឬ​«​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»។ មើល​និយម​ន័យ​ពាក្យ​«​ស្រី​ពេស្យា​»​