ច្បាប់លេវី ២២:១-៣៣

  • សង្ឃ​ត្រូវ​ញែក​ជា​បរិសុទ្ធ​និង​បរិភោគ​អ្វី​ដែល​បរិសុទ្ធ (​១​-​១៦)

  • មាន​តែ​គ្រឿង​បូជា​ដែល​ល្អ​ឥត​ខ្ចោះ​ប៉ុណ្ណោះ​ដែល​ព្រះ​ពេញ​ចិត្ត (​១៧​-​៣៣)

២២  ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថែម​ទៀត​ទៅ​កាន់​ម៉ូសេ​ថា​៖ ២  ​«​ចូរ​ប្រាប់​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់​ឲ្យ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ជូន​គ្រឿង​បូជា​បរិសុទ្ធ​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​បាន​យក​មក​ឲ្យ​ខ្ញុំ+ ដើម្បី​មិន​ធ្វើ​ឲ្យ​នាម​បរិសុទ្ធ​របស់​ខ្ញុំ​អាប់​ឱន​ឡើយ។+ ខ្ញុំ​គឺ​យេហូវ៉ា។ ៣  ចូរ​ប្រាប់​ពួក​គាត់​ថា​៖ ‹នៅ​គ្រប់​ជំនាន់​ត​ទៅ កុំ​ឲ្យ​កូន​ចៅ​ណា​ម្នាក់​របស់​អ្នក​រាល់​គ្នា​ដែល​មិន​ស្អាត​បរិសុទ្ធ ចូល​ទៅ​ជិត​គ្រឿង​បូជា​បរិសុទ្ធ​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​បាន​ញែក​ទុក​ជូន​ព្រះ​យេហូវ៉ា​នោះ​ឡើយ។ បើ​អ្នក​ណា​ចូល​ទៅ​ជិត អ្នក​នោះ​ត្រូវ​ស្លាប់​ជា​មិន​ខាន។+ ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ ៤  បើ​កូន​ចៅ​អេរ៉ុន​ណា​ម្នាក់ កើត​ជំងឺ​ឃ្លង់+ ឬ​ហូរ​ខ្ទុះ+ អ្នក​នោះ​មិន​អាច​បរិភោគ​អ្វី​ដែល​បរិសុទ្ធ​បាន​ឡើយ ទាល់​តែ​គាត់​បាន​ស្អាត​បរិសុទ្ធ​សិន។+ បើ​គាត់​ចេញ​ទឹក​កាម+ ឬ​ប៉ះ​អ្នក​ណា​ម្នាក់​ដែល​មិន​ស្អាត​បរិសុទ្ធ​ដោយ​សារ​អ្នក​នោះ​ប៉ះ​សាក​សព+ នោះ​គាត់​ក៏​មិន​អាច​បរិភោគ​បាន​ដែរ។ ៥  បើ​គាត់​ប៉ះ​សត្វ​ល្អិត​ដែល​មិន​ស្អាត​បរិសុទ្ធ+ ឬ​ប៉ះ​បុគ្គល​ណា​ម្នាក់​ដែល​មិន​ស្អាត​បរិសុទ្ធ​ដោយ​មូលហេតុ​ណា​មួយ ដែល​អាច​ធ្វើ​ឲ្យ​គាត់​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ+ ៦  នោះ​គាត់​នឹង​នៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ គាត់​មិន​អាច​បរិភោគ​អ្វី​ដែល​បរិសុទ្ធ​បាន​ទេ ហើយ​គាត់​ត្រូវ​ងូត​ទឹក​សម្អាត​ខ្លួន។+ ៧  ក្រោយ​ថ្ងៃ​លិច គាត់​នឹង​បាន​ស្អាត​បរិសុទ្ធ ហើយ​អាច​បរិភោគ​ចំណែក​ខ្លះ​ពី​អ្វី​ដែល​បរិសុទ្ធ​បាន ព្រោះ​នោះ​ជា​អាហារ​របស់​គាត់។+ ៨  បន្ថែម​ទៀត គាត់​មិន​ត្រូវ​បរិភោគ​សត្វ​ដែល​ងាប់​ឯង ឬ​សត្វ​ដែល​ត្រូវ​សត្វ​សាហាវ​ហែក​ស៊ី​នោះ​ឡើយ ព្រោះ​នោះ​នឹង​នាំ​ឲ្យ​គាត់​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ។+ ខ្ញុំ​គឺ​យេហូវ៉ា។ ៩  ​«​‹ពួក​គេ​ត្រូវ​ធ្វើ​តាម​បង្គាប់​របស់​ខ្ញុំ ដើម្បី​កុំ​ឲ្យ​ពួក​គេ​ធ្វើ​ខុស​ឆ្គង ហើយ​ត្រូវ​ស្លាប់​ព្រោះ​តែ​ពួក​គេ​ធ្វើ​ឲ្យ​អ្វី​ដែល​បរិសុទ្ធ​ទៅ​ជា​អាប់​ឱន។ ខ្ញុំ​គឺ​យេហូវ៉ា​ជា​អ្នក​ដែល​ញែក​ពួក​គេ​ជា​បរិសុទ្ធ។ ១០  ​«​‹ឯ​អ្នក​ផ្សេង​ដែល​គ្មាន​សិទ្ធិ* ឬ​ជន​បរទេស​ដែល​ជា​ភ្ញៀវ​របស់​សង្ឃ ឬ​កម្មករ​ដែល​គេ​ជួល អ្នក​ទាំង​នោះ​មិន​អាច​បរិភោគ​អ្វី​ដែល​បរិសុទ្ធ​បាន​ឡើយ។+ ១១  ប៉ុន្តែ អ្នក​ដែល​សង្ឃ​បាន​ទិញ​ដោយ​ប្រាក់ និង​ពួក​អ្នក​បម្រើ​ដែល​កើត​ក្នុង​ផ្ទះ​របស់​គាត់​អាច​បរិភោគ​អាហារ​ទាំង​នោះ​បាន។+ ១២  បើ​កូន​ស្រី​របស់​សង្ឃ​រៀប​ការ​ជា​មួយ​នឹង​អ្នក​ណា​ម្នាក់​ដែល​មិន​មែន​ជា​សង្ឃ នាង​មិន​អាច​បរិភោគ​ចំណែក​ពី​អ្វី​ដែល​បរិសុទ្ធ​នោះ​បាន​ទេ។ ១៣  ប៉ុន្តែ បើ​កូន​ស្រី​នោះ​លែង​លះ​គ្នា​ឬ​ទៅ​ជា​មេ​ម៉ាយ​ទាំង​គ្មាន​កូន ហើយ​ត្រឡប់​មក​ផ្ទះ​របស់​ឪពុក​នាង​វិញ​ដូច​កាល​ដែល​នាង​នៅ​ក្មេង នោះ​នាង​អាច​បរិភោគ​ចំណែក​ពី​អាហារ​របស់​ឪពុក​បាន។+ ប៉ុន្តែ អ្នក​ផ្សេង​ដែល​គ្មាន​សិទ្ធិ មិន​អាច​បរិភោគ​បាន​ឡើយ។ ១៤  ​«​‹បើ​អ្នក​ណា​ម្នាក់​ច្រឡំ​បរិភោគ​អ្វី​ដែល​បរិសុទ្ធ អ្នក​នោះ​ត្រូវ​ថែម​១​ភាគ​៥​ពី​លើ​តម្លៃ​អ្វី​នោះ ហើយ​ជូន​គ្រឿង​បូជា​បរិសុទ្ធ​ដល់​សង្ឃ។+ ១៥  ពួក​សង្ឃ​មិន​ត្រូវ​ធ្វើ​ឲ្យ​គ្រឿង​បូជា​បរិសុទ្ធ​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​ជូន​ព្រះ​យេហូវ៉ា​ទៅ​ជា​អាប់​ឱន​ឡើយ។+ ១៦  ពួក​គេ​មិន​ត្រូវ​ធ្វើ​ឲ្យ​បណ្ដា​ជន​មាន​ទោស​ដោយ​សារ​តែ​ការ​បរិភោគ​គ្រឿង​បូជា​បរិសុទ្ធ​ឡើយ។ ព្រោះ​ខ្ញុំ​គឺ​យេហូវ៉ា​ជា​អ្នក​ដែល​ញែក​ពួក​គេ​ជា​បរិសុទ្ធ›​»។ ១៧  ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ១៨  ​«​ចូរ​ប្រាប់​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់ ព្រម​ទាំង​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹បើ​ជន​ជាតិ​អ៊ីស្រាអែល​ឬ​ជន​បរទេស​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា យក​គ្រឿង​បូជា​ដុត+ទៅ​ជូន​ព្រះ​យេហូវ៉ា​ដើម្បី​លា​សម្បថ​ឬ​ជូន​ជា​គ្រឿង​បូជា​ស្ម័គ្រ​ពី​ចិត្ត+ ១៩  នោះ​គាត់​ត្រូវ​ជូន​សត្វ​ឈ្មោល​ដែល​ល្អ​ឥត​ខ្ចោះ+ពី​ហ្វូង​គោ ហ្វូង​ចៀម ឬ​ហ្វូង​ពពែ ដើម្បី​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ។ ២០  អ្នក​រាល់​គ្នា​មិន​ត្រូវ​ជូន​សត្វ​ណា​ដែល​មាន​កាយ​សម្បទា​មិន​ពេញ​លក្ខណៈ​ឡើយ+ ព្រោះ​ព្រះ​មិន​ពេញ​ចិត្ត​នឹង​គ្រឿង​បូជា​បែប​នោះ​ទេ។ ២១  ​«​‹បើ​អ្នក​ណា​ម្នាក់​ជូន​គ្រឿង​បូជា​នៃ​មេត្រី​ភាព+ដល់​ព្រះ​យេហូវ៉ា​ដើម្បី​លា​សម្បថ ឬ​ដើម្បី​ជូន​ជា​គ្រឿង​បូជា​ស្ម័គ្រ​ពី​ចិត្ត អ្នក​នោះ​ត្រូវ​ជូន​សត្វ​ដែល​ល្អ​ឥត​ខ្ចោះ​ពី​ហ្វូង​គោ ហ្វូង​ចៀម ឬ​ហ្វូង​ពពែ ដើម្បី​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ។ ប៉ុន្តែ មិន​ត្រូវ​ជូន​សត្វ​ណា​ដែល​មាន​កាយ​សម្បទា​មិន​ពេញ​លក្ខណៈ​ឡើយ ២២  ដូច​ជា​សត្វ​ដែល​ខ្វាក់​ភ្នែក បាក់​ឆ្អឹង មាន​របួស ឬ​ជំងឺ​សើ​ស្បែក កើត​ឫស ឬ​កើត​ស្រែង​ជា​ដើម។ អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​សត្វ​បែប​នោះ​មក​ជូន​ព្រះ​យេហូវ៉ា ឬ​ដុត​ជា​គ្រឿង​បូជា​នៅ​លើ​ទី​បូជា​របស់​ព្រះ​យេហូវ៉ា​ជា​ដាច់​ខាត។ ២៣  ឯ​គោ​ឈ្មោល​ឬ​ចៀម​ដែល​មាន​ជើង​ម្ខាង​វែង​ពេក​ឬ​ខ្លី​ពេក អ្នក​រាល់​គ្នា​អាច​ជូន​ជា​គ្រឿង​បូជា​ស្ម័គ្រ​ពី​ចិត្ត​បាន តែ​មិន​អាច​ជូន​ជា​គ្រឿង​បូជា​លា​សម្បថ​ទេ ព្រោះ​ព្រះ​មិន​ពេញ​ចិត្ត​គ្រឿង​បូជា​បែប​នោះ​ឡើយ។ ២៤  អ្នក​រាល់​គ្នា​មិន​ត្រូវ​ជូន​ព្រះ​យេហូវ៉ា​នូវ​សត្វ​ដែល​មាន​ពង​ខូច ឬ​បែក ឬ​គ្រៀវ​ឡើយ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ជូន​សត្វ​បែប​នេះ​នៅ​ក្នុង​ស្រុក​អ្នក​រាល់​គ្នា​ជា​ដាច់​ខាត។ ២៥  អ្នក​រាល់​គ្នា​មិន​ត្រូវ​ទទួល​សត្វ​ទាំង​នោះ​ពី​ជន​បរទេស មក​ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​របស់​អ្នក​រាល់​គ្នា​ឡើយ ព្រោះ​សត្វ​ទាំង​នោះ​មិន​ល្អ​ឥត​ខ្ចោះ ហើយ​មិន​ពេញ​លក្ខណៈ។ ព្រះ​នឹង​មិន​ទទួល​សត្វ​ទាំង​នោះ​ពី​អ្នក​រាល់​គ្នា​ទេ›​»។ ២៦  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ២៧  ​«​ពេល​គោ​ឈ្មោល​ឬ​ចៀម​ឈ្មោល​ឬ​កូន​ពពែ​កើត​មក ត្រូវ​ឲ្យ​វា​នៅ​ជា​មួយ​នឹង​មេ​វា​អស់​រយៈ​ពេល​៧​ថ្ងៃ+ តែ​ចាប់​ពី​ថ្ងៃ​ទី​៨​ឡើង​ទៅ អ្នក​រាល់​គ្នា​អាច​យក​វា​ទៅ​ដុត​ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា​បាន។ លោក​នឹង​ពេញ​ចិត្ត​គ្រឿង​បូជា​នោះ។ ២៨  អ្នក​រាល់​គ្នា​មិន​ត្រូវ​សម្លាប់​គោ​ឬ​ចៀម​ទាំង​មេ​ទាំង​កូន នៅ​ថ្ងៃ​តែ​មួយ​ឡើយ។+ ២៩  ​«​បើ​អ្នក​រាល់​គ្នា​ជូន​គ្រឿង​បូជា​សម្រាប់​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​យេហូវ៉ា+ អ្នក​រាល់​គ្នា​ត្រូវ​ជូន​តាម​របៀប​ដែល​ព្រះ​ពេញ​ចិត្ត។ ៣០  អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​គ្រឿង​បូជា​នៅ​ថ្ងៃ​នោះ​តែ​ម្ដង មិន​ត្រូវ​ទុក​ដល់​ព្រឹក​ស្អែក​ឡើយ។+ ខ្ញុំ​គឺ​យេហូវ៉ា។ ៣១  ​«​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​អស់​ទាំង​បញ្ញត្តិ​របស់​ខ្ញុំ។+ ខ្ញុំ​គឺ​យេហូវ៉ា។ ៣២  អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ឲ្យ​នាម​បរិសុទ្ធ​របស់​ខ្ញុំ​អាប់​ឱន​ឡើយ។+ បណ្ដា​ជន​អ៊ីស្រាអែល​ត្រូវ​គោរព​ខ្ញុំ។*+ ខ្ញុំ​គឺ​យេហូវ៉ា​ជា​អ្នក​ដែល​ញែក​អ្នក​រាល់​គ្នា​ជា​បរិសុទ្ធ+ ៣៣  ហើយ​ជា​អ្នក​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប​ដើម្បី​បង្ហាញ​ថា​ខ្ញុំ​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា។+ ខ្ញុំ​គឺ​យេហូវ៉ា​»។

កំណត់សម្គាល់

ន័យ​ត្រង់​«​អ្នក​ដទៃ​»។ នេះ​សំដៅ​លើ​អ្នក​ដែល​មិន​មែន​មក​ពី​ក្រុម​គ្រួសារ​អេរ៉ុន
ន័យ​ត្រង់​«​ត្រូវ​ញែក​ខ្ញុំ​ជា​បរិសុទ្ធ​»​