ច្បាប់លេវី ២៣:១-៤៤
-
ថ្ងៃបរិសុទ្ធនិងបុណ្យផ្សេងៗ (១-៤៤)
២៣ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេបន្តទៀតថា៖
២ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹មានពិធីបុណ្យផ្សេងៗ+ដែលព្រះយេហូវ៉ាបង្គាប់ឲ្យអ្នករាល់គ្នាប្រកាស។+ នៅពេលនោះ អ្នករាល់គ្នាត្រូវជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍លោក។ ពិធីបុណ្យទាំងនោះមានដូចតទៅ៖
៣ «‹អ្នករាល់គ្នាអាចធ្វើការ៦ថ្ងៃបាន តែនៅថ្ងៃទី៧ជាថ្ងៃឈប់សម្រាកទាំងស្រុង។+ អ្នករាល់គ្នាត្រូវជួបជុំគ្នាគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ នៅកន្លែងណាក៏ដោយដែលអ្នករាល់គ្នារស់នៅ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ ព្រោះថ្ងៃនោះជាថ្ងៃឈប់សម្រាកសម្រាប់ជូនលោក។+
៤ «‹នេះជាពិធីបុណ្យផ្សេងៗរបស់ព្រះយេហូវ៉ា គឺកិច្ចប្រជុំបរិសុទ្ធដែលអ្នករាល់គ្នាត្រូវប្រកាសនៅពេលកំណត់។ បុណ្យទាំងនោះគឺ
៥ នាល្ងាច*ថ្ងៃទី១៤ ក្នុងខែទី១+ គឺជាបុណ្យរំលង+ជូនព្រះយេហូវ៉ា។
៦ «‹នៅថ្ងៃទី១៥ ក្នុងខែទី១ គឺជាបុណ្យនំប៉័ងឥតដំបែជូនព្រះយេហូវ៉ា។+ ក្នុងអំឡុងបុណ្យនោះ អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតដំបែអស់រយៈពេល៧ថ្ងៃ។+
៧ នៅថ្ងៃទី១នៃបុណ្យនោះ អ្នករាល់គ្នាត្រូវជួបជុំគ្នាគោរពប្រណិប័តន៍ព្រះ+ ហើយមិនត្រូវធ្វើការនឿយហត់អ្វីឡើយ។
៨ ក្នុងអំឡុង៧ថ្ងៃនោះ អ្នករាល់គ្នាត្រូវជូនគ្រឿងបូជាដុតដល់ព្រះយេហូវ៉ា។ នៅថ្ងៃទី៧ អ្នករាល់គ្នាក៏ត្រូវជួបជុំគ្នាគោរពប្រណិប័តន៍ព្រះដែរ ហើយមិនត្រូវធ្វើការនឿយហត់អ្វីឡើយ›»។
៩ ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ម៉ូសេបន្តទៀតថា៖
១០ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹ក្រោយពីចូលទៅក្នុងស្រុកដែលខ្ញុំនឹងប្រគល់ដល់អ្នករាល់គ្នា ពេលដល់រដូវប្រមូលផល អ្នករាល់គ្នាត្រូវយកកណ្ដាប់ស្រូវពីផលដំបូង+ទៅជូនសង្ឃ។+
១១ រួចគាត់នឹងយកកណ្ដាប់ស្រូវនោះលើករេចុះរេឡើងនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យអ្នករាល់គ្នាទទួលការពេញចិត្តពីលោក។ សង្ឃត្រូវធ្វើដូច្នោះនៅថ្ងៃបន្ទាប់ពីថ្ងៃឈប់សម្រាក។
១២ នៅថ្ងៃដែលអ្នករាល់គ្នាជូនកណ្ដាប់ស្រូវនោះ អ្នករាល់គ្នាត្រូវជូនកូនចៀមឈ្មោលល្អឥតខ្ចោះអាយុក្រោមមួយឆ្នាំ ជាគ្រឿងបូជាដុតជូនព្រះយេហូវ៉ា។
១៣ អ្នករាល់គ្នាក៏ត្រូវជូនគ្រឿងបូជាពីស្រូវផងដែរ គឺម្សៅម៉ដ្ឋ២ភាគ១០អេហ្វា* លាយជាមួយនឹងប្រេង រួចត្រូវដុតគ្រឿងបូជានេះជូនព្រះយេហូវ៉ាជាក្លិនឈ្ងុយដល់លោក។* បន្ថែមទៀត ក៏ត្រូវជូនគ្រឿងបូជាពីស្រា១ភាគ៤ហ៊ីន*ដែរ។
១៤ អ្នករាល់គ្នាមិនត្រូវបរិភោគនំប៉័ង ស្រូវលីង ឬស្រូវថ្មីទេ ទាល់តែដល់ថ្ងៃបុណ្យនោះ គឺបន្ទាប់ពីអ្នករាល់គ្នាជូនគ្រឿងបូជាដល់ព្រះរួច។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវកាន់តាមនៅគ្រប់ជំនាន់តរៀងទៅ ទោះជាអ្នករាល់គ្នារស់នៅកន្លែងណាក៏ដោយ។
១៥ «‹បន្ទាប់ពីថ្ងៃឈប់សម្រាក អ្នករាល់គ្នាត្រូវរាប់ឲ្យគ្រប់៧អាទិត្យ* គឺចាប់ពីថ្ងៃដែលអ្នករាល់គ្នាយកកណ្ដាប់ស្រូវទៅជូនជាគ្រឿងបូជាសម្រាប់លើកចុះឡើង។+
១៦ លុះដល់ថ្ងៃបន្ទាប់ពីអាទិត្យទី៧ ជាថ្ងៃទី៥០+ អ្នករាល់គ្នាត្រូវជូនគ្រឿងបូជាពីស្រូវថ្មីដល់ព្រះយេហូវ៉ា។+
១៧ អ្នករាល់គ្នាត្រូវយកនំដុតពីរដុំដែលមានដំបែ+ គឺយកពីលំនៅរបស់អ្នករាល់គ្នា មកជូនជាគ្រឿងបូជាសម្រាប់លើកចុះឡើង។ ត្រូវធ្វើនំទាំងនោះពីម្សៅម៉ដ្ឋ២ភាគ១០អេហ្វា ដើម្បីទុកជាផលដំបូងជូនព្រះយេហូវ៉ា។+
១៨ អ្នករាល់គ្នាត្រូវជូននំទាំងនោះ ជាមួយនឹងកូនចៀមឈ្មោលអាយុមួយឆ្នាំចំនួន៧ក្បាល គោស្ទាវមួយក្បាល និងចៀមឈ្មោល២ក្បាល។+ សត្វទាំងនោះនឹងត្រូវជូនជាគ្រឿងបូជាដុតដល់ព្រះយេហូវ៉ា ជាមួយនឹងគ្រឿងបូជាពីស្រូវ និងគ្រឿងបូជាពីស្រា។ នោះជាគ្រឿងបូជាដែលមានក្លិនឈ្ងុយជូនព្រះយេហូវ៉ា។
១៩ អ្នករាល់គ្នាត្រូវជូនពពែស្ទាវមួយក្បាល ជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង+ ព្រមទាំងកូនចៀមឈ្មោលពីរក្បាលអាយុមួយឆ្នាំ ជាគ្រឿងបូជានៃមេត្រីភាព។+
២០ សង្ឃត្រូវយកសាច់កូនចៀមឈ្មោលនិងនំទាំងនោះពីផលដំបូង លើកចុះឡើងទុកជាគ្រឿងបូជានៅចំពោះព្រះយេហូវ៉ា។ គ្រឿងបូជាទាំងនោះនឹងបានជាចំណែកដល់សង្ឃ ព្រោះនោះជាអ្វីដែលបរិសុទ្ធដល់ព្រះយេហូវ៉ា។+
២១ នៅថ្ងៃនោះ អ្នករាល់គ្នាត្រូវប្រកាស+ឲ្យបណ្ដាជនមកជួបជុំគ្នាគោរពប្រណិប័តន៍ព្រះ។ អ្នករាល់គ្នាមិនត្រូវធ្វើការនឿយហត់អ្វីឡើយ។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវកាន់តាមនៅគ្រប់ជំនាន់តរៀងទៅ ទោះជាអ្នករាល់គ្នារស់នៅកន្លែងណាក៏ដោយ។
២២ «‹កាលណាអ្នករាល់គ្នាប្រមូលផលដំណាំពីស្រែចម្ការរបស់ខ្លួន នោះមិនត្រូវប្រមូលដល់ជាយដីទេ ហើយក៏មិនត្រូវរើសអ្វីដែលជ្រុះដែរ។+ អ្នករាល់គ្នាត្រូវទុកឲ្យពួកអ្នកក្រីក្រ+និងជនបរទេសវិញ។+ ខ្ញុំគឺយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា›»។
២៣ ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ម៉ូសេបន្តទៀតថា៖
២៤ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹នៅថ្ងៃទី១ ក្នុងខែទី៧ មានការផ្លុំត្រែដើម្បីរំលឹកអ្នករាល់គ្នា+ឲ្យមកជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះ ហើយអ្នករាល់គ្នាត្រូវឈប់សម្រាក។
២៥ អ្នករាល់គ្នាមិនត្រូវធ្វើការនឿយហត់អ្វីឡើយ ហើយត្រូវជូនគ្រឿងបូជាដុតដល់ព្រះយេហូវ៉ា›»។
២៦ ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ម៉ូសេបន្តទៀតថា៖
២៧ «នៅថ្ងៃទី១០ ក្នុងខែទី៧ ជាថ្ងៃជម្រះភាពខុសឆ្គង+ អ្នករាល់គ្នាត្រូវមកជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ា ហើយបង្ហាញការសោកស្ដាយចំពោះអំពើខុសឆ្គងរបស់ខ្លួន*+ ព្រមទាំងជូនគ្រឿងបូជាដុតដល់លោក។
២៨ នៅថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ ព្រោះជាថ្ងៃជម្រះភាពខុសឆ្គង+របស់អ្នករាល់គ្នានៅចំពោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា។
២៩ បើអ្នកណាម្នាក់មិនបង្ហាញការសោកស្ដាយចំពោះអំពើខុសឆ្គងរបស់ខ្លួន*នៅថ្ងៃនោះទេ អ្នកនោះត្រូវស្លាប់ជាមិនខាន។+
៣០ បើអ្នកណាម្នាក់ធ្វើការនៅថ្ងៃនោះ ខ្ញុំនឹងបំផ្លាញអ្នកនោះពីចំណោមជនរួមជាតិរបស់ខ្លួន។
៣១ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវកាន់តាមនៅគ្រប់ជំនាន់តរៀងទៅ ទោះជាអ្នករាល់គ្នារស់នៅកន្លែងណាក៏ដោយ។
៣២ អ្នករាល់គ្នាត្រូវឈប់សម្រាក។ នៅល្ងាចថ្ងៃទី៩ ក្នុងខែនោះ អ្នករាល់គ្នាត្រូវបង្ហាញការសោកស្ដាយចំពោះអំពើខុសឆ្គងរបស់ខ្លួន+ ហើយឈប់សម្រាកចាប់ពីល្ងាចថ្ងៃនោះរហូតដល់ល្ងាចថ្ងៃបន្ទាប់»។
៣៣ ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ម៉ូសេបន្តទៀតថា៖
៣៤ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹នៅថ្ងៃទី១៥ ក្នុងខែទី៧ គឺជាបុណ្យខ្ទម*ជូនព្រះយេហូវ៉ា ដែលមានរយៈពេល៧ថ្ងៃ។+
៣៥ នៅថ្ងៃដំបូងត្រូវជួបជុំគ្នាគោរពប្រណិប័តន៍ព្រះ ហើយមិនត្រូវធ្វើការនឿយហត់អ្វីឡើយ។
៣៦ អស់៧ថ្ងៃ អ្នករាល់គ្នាត្រូវជូនគ្រឿងបូជាដុតដល់ព្រះយេហូវ៉ា។ លុះដល់ថ្ងៃទី៨ អ្នករាល់គ្នាត្រូវជួបជុំគ្នាគោរពប្រណិប័តន៍ព្រះយេហូវ៉ា+ ហើយត្រូវជូនគ្រឿងបូជាដុតដល់លោក។ ថ្ងៃនោះជាថ្ងៃបុណ្យដ៏ឱឡារិក អ្នករាល់គ្នាមិនត្រូវធ្វើការនឿយហត់អ្វីឡើយ។
៣៧ «‹នេះជាពិធីបុណ្យផ្សេងៗរបស់ព្រះយេហូវ៉ា+ គឺកិច្ចប្រជុំបរិសុទ្ធដែលអ្នករាល់គ្នាត្រូវប្រកាស។+ នៅពេលនោះ អ្នករាល់គ្នាត្រូវដុតគ្រឿងបូជាជូនព្រះយេហូវ៉ាដូចតទៅ៖ គ្រឿងបូជាដុត+ គ្រឿងបូជាពីស្រូវ+ និងគ្រឿងបូជាពីស្រា។+ អ្នករាល់គ្នាត្រូវជូនគ្រឿងបូជាស្របតាមតម្រូវការសម្រាប់ថ្ងៃនីមួយៗនៃបុណ្យនោះ។
៣៨ គ្រឿងបូជាទាំងនោះគឺបន្ថែមពីលើគ្រឿងបូជាដែលត្រូវជូនព្រះយេហូវ៉ានៅថ្ងៃឈប់សម្រាក+ ព្រមទាំងពីលើការជូនអំណោយ+ ពីលើគ្រឿងបូជាលាសម្បថ+ និងគ្រឿងបូជាស្ម័គ្រពីចិត្ត+ដល់ព្រះយេហូវ៉ា។
៣៩ ប៉ុន្តែ នៅថ្ងៃទី១៥ ក្នុងខែទី៧ ពេលអ្នករាល់គ្នាប្រមូលផលនៅក្នុងស្រុក អ្នករាល់គ្នាត្រូវធ្វើពិធីបុណ្យនោះជូនព្រះយេហូវ៉ារយៈពេល៧ថ្ងៃ។+ នៅថ្ងៃដំបូងនិងនៅថ្ងៃទី៨ ត្រូវឈប់សម្រាកទាំងស្រុង។+
៤០ នៅថ្ងៃដំបូងនោះ អ្នករាល់គ្នាត្រូវយកផ្លែពីដើមឈើប្រណីតៗ យកធាងពីដើមលម៉ើ+ និងមែកពីដើមឈើត្រសុំត្រសាយ ព្រមទាំងមែកពីដើមដែលដុះនៅជ្រលងភ្នំ ហើយអ្នករាល់គ្នាត្រូវអរសប្បាយ+នៅចំពោះព្រះយេហូវ៉ារយៈពេល៧ថ្ងៃ។+
៤១ ជារៀងរាល់ឆ្នាំនៅខែទី៧ អ្នករាល់គ្នាត្រូវធ្វើបុណ្យនេះជូនព្រះយេហូវ៉ារយៈពេល៧ថ្ងៃ។+ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវកាន់តាមនៅគ្រប់ជំនាន់តរៀងទៅ។
៤២ អ្នករាល់គ្នាត្រូវស្នាក់នៅក្នុងខ្ទមអស់រយៈពេល៧ថ្ងៃ។+ ពួកអ៊ីស្រាអែលទាំងអស់ត្រូវស្នាក់នៅក្នុងខ្ទម
៤៣ ដើម្បីឲ្យកូនចៅជំនាន់ក្រោយៗដឹងថា+ ខ្ញុំបានឲ្យបណ្ដាជនអ៊ីស្រាអែលស្នាក់នៅក្នុងខ្ទម ពេលដែលខ្ញុំនាំពួកគេចេញពីស្រុកអេហ្ស៊ីប។+ ខ្ញុំគឺយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា›»។
៤៤ ដូច្នេះ ម៉ូសេបានប្រាប់បណ្ដាជនអ៊ីស្រាអែលអំពីពិធីបុណ្យផ្សេងៗរបស់ព្រះយេហូវ៉ា។
កំណត់សម្គាល់
^ តាមមើលទៅនេះសំដៅលើពេលវេលាមួយដែលនៅក្រោយថ្ងៃលិច ហើយមុនពេលព្រលប់
^ មួយហ៊ីនស្មើនឹង៣,៦៧លីត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
^ ឬ«ក្លិនដែលធ្វើឲ្យលោកពេញចិត្ត»
^ គឺ២ភាគ១០អេហ្វាស្មើនឹង៤,៤លីត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
^ ន័យត្រង់«រាប់ថ្ងៃឈប់សម្រាកគ្រប់៧»
^ នេះប្រហែលជាសំដៅលើការតមអាហារ ឬកាន់ត្រណមផ្សេងទៀត
^ ឬប្រហែលជាមានន័យថា«មិនតមអាហារ»
^ ឬ«ជម្រកបណ្ដោះអាសន្ន»