ច្បាប់លេវី ២៥:១-៥៥

  • ឆ្នាំ​ឈប់​សម្រាក (​១​-​៧)

  • ឆ្នាំ​សោមនស្ស (​៨​-​២២)

  • ការ​ទទួល​ដី​ធ្លី​មក​វិញ (​២៣​-​៣៤)

  • របៀប​ប្រព្រឹត្ត​ទៅ​លើ​ជន​ក្រី​ក្រ (​៣៥​-​៣៨)

  • ច្បាប់​ស្ដី​អំពី​ខ្ញុំ​បម្រើ (​៣៩​-​៥៥)

២៥  ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថែម​ទៀត​ទៅ​កាន់​ម៉ូសេ​នៅ​ភ្នំ​ស៊ីណាយ​ថា​៖ ២  ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹ពេល​ដែល​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​នឹង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា+ ចូរ​កាន់​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា​ស្ដី​អំពី​ឆ្នាំ​ឈប់​សម្រាក ហើយ​ទុក​ដី​ឲ្យ​នៅ​ទំនេរ។+ ៣  ក្នុង​រយៈ​ពេល​៦​ឆ្នាំ​អ្នក​រាល់​គ្នា​អាច​សាប​ព្រោះ​នៅ​លើ​ដី​ស្រែ និង​ថែ​ទាំ​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ខ្លួន ព្រម​ទាំង​ប្រមូល​ផល​ពី​ដី​នោះ​បាន។+ ៤  ប៉ុន្តែ នៅ​ឆ្នាំ​ទី​៧​អ្នក​រាល់​គ្នា​ត្រូវ​ទុក​ដី​ឲ្យ​នៅ​ទំនេរ ព្រោះ​ជា​ឆ្នាំ​ឈប់​សម្រាក​ជូន​ព្រះ​យេហូវ៉ា។ អ្នក​រាល់​គ្នា​មិន​ត្រូវ​សាប​ព្រោះ​ឬ​ថែ​ទាំ​ចម្ការ​ទំពាំង​បាយ​ជូរ​ឡើយ។ ៥  អ្នក​រាល់​គ្នា​មិន​ត្រូវ​ច្រូត​ស្រូវ​ដែល​ដុះ​ឯង​ក្រោយ​ពី​រដូវ​ចម្រូត​ទេ ហើយ​ក៏​មិន​ត្រូវ​ប្រមូល​ផល​ទំពាំង​បាយ​ជូរ​ដែល​មិន​បាន​ថែ​ទាំ​ដែរ។ អ្នក​រាល់​គ្នា​ត្រូវ​ទុក​ដី​នោះ​ឲ្យ​នៅ​ទំនេរ។ ៦  ប៉ុន្តែ អ្នក​រាល់​គ្នា​អាច​បរិភោគ​ផល​ដែល​ដុះ​ឯង​ក្នុង​អំឡុង​ឆ្នាំ​ឈប់​សម្រាក​នោះ​បាន គឺ​ទាំង​អ្នក​រាល់​គ្នា ទាំង​ខ្ញុំ​បម្រើ​ប្រុស​ស្រី ពួក​កម្មករ ជន​បរទេស​ដែល​ស្នាក់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ៧  ថែម​ទាំង​សត្វ​ស្រុក​និង​សត្វ​ព្រៃ​ផង​ដែរ។ ផល​ទាំង​អស់​ពី​ដី​អាច​បរិភោគ​បាន។ ៨  ​«​‹អ្នក​រាល់​គ្នា​ត្រូវ​រាប់​ឆ្នាំ​ឈប់​សម្រាក​ឲ្យ​គ្រប់​៧​ដង គឺ​៧​ឆ្នាំ​៧​ដង ស្មើ​នឹង​៤៩​ឆ្នាំ។ ៩  បន្ទាប់​មក នៅ​ថ្ងៃ​ទី​១០ ក្នុង​ខែ​ទី​៧ ជា​ថ្ងៃ​ជម្រះ​ភាព​ខុស​ឆ្គង+ អ្នក​រាល់​គ្នា​ត្រូវ​ផ្លុំ​ស្នែង​ឲ្យ​លាន់​ឮ​រំពង​ពេញ​ក្នុង​ស្រុក។ ១០  អ្នក​រាល់​គ្នា​ត្រូវ​ញែក​ឆ្នាំ​ទី​៥០​ទុក​ជា​ឆ្នាំ​បរិសុទ្ធ ហើយ​ប្រកាស​ឲ្យ​បណ្ដា​ជន​មាន​សេរី​ភាព​នៅ​ទូ​ទាំង​ស្រុក ព្រោះ​ឆ្នាំ​នោះ​ជា​ឆ្នាំ​សោមនស្ស។+ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ដី​ធ្លី​មក​វិញ ហើយ​អាច​ត្រឡប់​ទៅ​រស់​នៅ​ជា​មួយ​ក្រុម​គ្រួសារ​របស់​ខ្លួន​វិញ​បាន។+ ១១  នៅ​ក្នុង​ឆ្នាំ​សោមនស្ស​ជា​ឆ្នាំ​ទី​៥០​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​សាប​ព្រោះ​ឬ​ច្រូត​ស្រូវ​ដែល​ដុះ​ឯង​ក្រោយ​ពី​រដូវ​ចម្រូត​ទេ ហើយ​ក៏​មិន​ត្រូវ​ប្រមូល​ផល​ទំពាំង​បាយ​ជូរ​ដែល​មិន​បាន​ថែ​ទាំ​ដែរ។+ ១២  ព្រោះ​ឆ្នាំ​សោមនស្ស​ជា​ឆ្នាំ​បរិសុទ្ធ​ចំពោះ​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​អាច​បរិភោគ​តែ​ផល​ដែល​ដុះ​ឯង​ក្នុង​អំឡុង​ឆ្នាំ​នោះ​បាន។+ ១៣  ​«​‹នៅ​ឆ្នាំ​សោមនស្ស អ្នក​រាល់​គ្នា​ត្រូវ​ទទួល​ដី​ធ្លី​របស់​ខ្លួន​មក​វិញ។+ ១៤  បើ​អ្នក​រាល់​គ្នា​លក់​អ្វី​ដល់​អ្នក​ណា​ម្នាក់​ឬ​ទិញ​អ្វី​ពី​អ្នក​ណា​ម្នាក់ អ្នក​រាល់​គ្នា​មិន​ត្រូវ​កេង​ប្រវ័ញ្ច​គេ​ឡើយ។+ ១៥  ពេល​អ្នក​រាល់​គ្នា​ទិញ​ដី​ពី​អ្នក​ណា​ម្នាក់ ត្រូវ​គិត​តម្លៃ​ដោយ​រាប់​ចំនួន​ឆ្នាំ ចាប់​ពី​ឆ្នាំ​ដែល​ទិញ​រហូត​ដល់​ឆ្នាំ​សោមនស្ស ហើយ​ម្ចាស់​ដី​ត្រូវ​លក់​ដោយ​គិត​តម្លៃ​តាម​ចំនួន​ឆ្នាំ​នៅ​សល់​ដែល​អាច​ប្រមូល​ផល​បាន។+ ១៦  បើនៅ​សល់​ច្រើន​ឆ្នាំ ម្ចាស់​ដី​អាច​ដំឡើង​ថ្លៃ តែ​បើ​នៅ​សល់​តិច​ឆ្នាំ គាត់​អាច​បញ្ចុះ​តម្លៃ​វិញ ព្រោះ​គាត់​លក់​ដោយ​គិត​តម្លៃ​តាម​ចំនួន​ឆ្នាំ​ដែល​អាច​ប្រមូល​ផល​បាន។ ១៧  ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​មាន​អ្នក​ណា​ម្នាក់​កេង​ប្រវ័ញ្ច​អ្នក​ឯ​ទៀត​ឡើយ។+ អ្នក​រាល់​គ្នា​ត្រូវ​កោត​ខ្លាច​ព្រះ​របស់​ខ្លួន+ ព្រោះ​ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។+ ១៨  បើ​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្តិ​និង​ក្រឹត្យ​ក្រម​របស់​ខ្ញុំ អ្នក​រាល់​គ្នា​នឹង​រស់​នៅ​ក្នុង​ស្រុក​ដោយ​សុខ​សាន្ត។+ ១៩  អ្នក​រាល់​គ្នា​នឹង​មាន​អាហារ​ជា​បរិបូរ ព្រោះ​ដី​នឹង​បង្កើត​ផល​យ៉ាង​ច្រើន​ឲ្យ​អ្នក​រាល់​គ្នា+ ហើយ​អ្នក​រាល់​គ្នា​នឹង​រស់​នៅ​ក្នុង​ស្រុក​នោះ​ដោយ​សាន្ត​ត្រាណ។+ ២០  ​«​‹ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​និយាយ​ថា​៖ ​«​បើ​យើង​មិន​សាប​ព្រោះ​ឬ​ប្រមូល​ផល​នៅ​ឆ្នាំ​ទី​៧​ទេ ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​មាន​អាហារ​បរិភោគ​ទៅ?​»។+ ២១  នៅ​ឆ្នាំ​ទី​៦ ខ្ញុំ​នឹង​ឲ្យ​ពរ​ដល់​អ្នក​រាល់​គ្នា ដោយ​ឲ្យ​ដី​បង្កើត​ផល​យ៉ាង​បរិបូរ ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​អាហារ​គ្រប់​គ្រាន់​ដល់​ទៅ​៣​ឆ្នាំ។+ ២២  នៅ​ឆ្នាំ​ទី​៨ អ្នក​រាល់​គ្នា​អាច​សាប​ព្រោះ​សា​ជា​ថ្មី​បាន តែ​ទម្រាំ​ដល់​រដូវ​ប្រមូល​ផល​នៅ​ឆ្នាំ​ទី​៩ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​ផល​ដែល​នៅ​សល់​តាំង​ពី​ឆ្នាំ​ទី​៦។ ២៣  ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​លក់​ដី​ឲ្យ​គេ​ដាច់​រហូត​នោះ​ទេ+ ព្រោះ​ស្រុក​នោះ​ជា​របស់​ខ្ញុំ។+ តាម​ទស្សនៈ​ខ្ញុំ អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ជន​បរទេស​រស់​នៅ​ក្នុង​ស្រុក​នោះ។+ ២៤  នៅ​ក្នុង​ស្រុក​ទាំង​មូល អ្នក​រាល់​គ្នា​ត្រូវ​ផ្ដល់​សិទ្ធិ​ដល់​ម្ចាស់​ដី​ឲ្យ​ពួក​គេ​ទិញ​ដី​មត៌ក​របស់​ខ្លួន​មក​វិញ។ ២៥  ​«​‹បើ​ជន​រួម​ជាតិ​របស់​អ្នក​រាល់​គ្នា​ធ្លាក់​ខ្លួន​ក្រ ហើយ​ត្រូវ​លក់​ដី​ធ្លី​ខ្លះ នោះ​សាច់​ញាតិ​ជិត*របស់​គាត់​អាច​ទិញ​ដី​នោះ​មក​វិញ​បាន។+ ២៦  ប៉ុន្តែ បើ​គាត់​គ្មាន​សាច់​ញាតិ​ទិញ​ទេ ហើយ​ក្រោយ​មក​គាត់​មាន​ជីវភាព​ធូរ​ធារ​និង​មាន​លទ្ធភាព​ទិញ​ដី​មក​វិញ ២៧  នោះ​គាត់​អាច​ទិញ​បាន។ គាត់​ត្រូវ​គិត​តម្លៃ​តាម​ភោគ​ផល​ពី​ដី​នោះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ដែល​គាត់​បាន​លក់ រួច​បង់​ឲ្យ​គេ​តាម​តម្លៃ​ចំនួន​ឆ្នាំ​ដែល​នៅ​សល់។ ក្រោយ​មក គាត់​អាច​ទទួល​ដី​ធ្លី​របស់​ខ្លួន​មក​វិញ។+ ២៨  ​«​‹ប៉ុន្តែ បើ​គាត់​គ្មាន​លទ្ធភាព​ទិញ​ដី​មក​វិញ​ទេ ដី​នោះ​នឹង​នៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​ទិញ​រហូត​ដល់​ឆ្នាំ​សោមនស្ស។+ នៅ​ឆ្នាំ​នោះ គាត់​នឹង​ទទួល​ដី​ខ្លួន​មក​វិញ។+ ២៩  ​«​‹បើ​អ្នក​ណា​លក់​ផ្ទះ​នៅ​ក្នុង​ក្រុង​ដែល​មាន​កំពែង គាត់​មាន​សិទ្ធិ​ទិញ​ផ្ទះ​មក​វិញ​រហូត​ដល់​ចុង​ឆ្នាំ ក្រោយ​ពី​គាត់​លក់។ សិទ្ធិ​ទិញ​មក​វិញ+នោះ​មាន​សុពលភាព​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ។ ៣០  ប៉ុន្តែ បើ​ក្នុង​មួយ​ឆ្នាំ​នោះ​គាត់​មិន​បាន​ទិញ​វិញ​ទេ ផ្ទះ​នោះ​នឹង​បាន​ទៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​ទិញ​និង​កូន​ចៅ​គេ​រហូត​ត​ទៅ។ ទោះ​ជា​ដល់​ឆ្នាំ​សោមនស្ស​ក្ដី ក៏​គាត់​មិន​អាច​ទទួល​ផ្ទះ​នោះ​មក​វិញ​ដែរ។ ៣១  ឯ​ផ្ទះ​នៅ​តាម​ភូមិ​ដែល​មិន​មាន​កំពែង​ជុំ​វិញ ត្រូវ​ចាត់​ទុក​ជា​ផ្នែក​នៃ​ដី​ស្រែ​ចម្ការ។ ដូច្នេះ សិទ្ធិ​ក្នុង​ការ​ទិញ​មក​វិញ​នៅ​តែ​មាន​សុពលភាព ហើយ​ម្ចាស់​អាច​ទទួល​មក​វិញ​នៅ​ឆ្នាំ​សោមនស្ស​បាន។ ៣២  ​«​‹ចំណែក​ផ្ទះ​នៅ​ក្នុង​ក្រុង​របស់​ពួក​លេវីវិញ+ ពួក​លេវី​មាន​សិទ្ធិ​ទិញ​មក​វិញ​នៅ​ពេល​ណា​ក៏​បាន។ ៣៣  ទោះ​ជា​ពួក​លេវី​មិន​បាន​ទិញ​ផ្ទះ​នោះ​មក​វិញ​ក្ដី ក៏​ផ្ទះ​ដែល​លក់​នោះ​នឹង​ត្រូវ​ប្រគល់​ដល់​ពួក​គេ​វិញ​នៅ​ឆ្នាំ​សោមនស្ស+ ព្រោះ​ផ្ទះ​នៅ​ក្នុង​ក្រុង​របស់​ពួក​លេវី ជា​មត៌ក​របស់​ពួក​គេ​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល។+ ៣៤  ប៉ុន្តែ ពួក​គេ​មិន​ត្រូវ​លក់​វាល​ស្មៅ​ជុំ​វិញ+ក្រុង​ទាំង​នោះ​ឡើយ ព្រោះ​នោះ​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​របស់​ពួក​គេ។ ៣៥  ​«​‹បើ​អ្នក​ជិត​ខាង​ដែល​ជា​ជន​រួម​ជាតិ​របស់​អ្នក​រាល់​គ្នា ធ្លាក់​ខ្លួន​ក្រ​មិន​អាច​ផ្គត់ផ្គង់​ខ្លួន​បាន អ្នក​រាល់​គ្នា​ត្រូវ​ជួយ​ទំនុក​បម្រុង​គាត់+ ដើម្បី​គាត់​អាច​រស់​នៅ​ត​ទៅ​ទៀត ដូច​ដែល​អ្នក​ជួយ​ជន​បរទេស​និង​អ្នក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ដែរ។+ ៣៦  អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​ការ​ប្រាក់​ឬ​កេង​ចំណេញ​ពី​គាត់​ឡើយ+ ដើម្បី​គាត់​អាច​រស់​នៅ​ត​ទៅ​ទៀត។ អ្នក​រាល់​គ្នា​ត្រូវ​កោត​ខ្លាច​ព្រះ​របស់​ខ្លួន។+ ៣៧  បើ​អ្នក​រាល់​គ្នា​ឲ្យ​ពួក​គេ​ខ្ចី​ប្រាក់​ឬ​ស្បៀងអាហារ អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​ការ​ឬ​យក​ចំណេញ​ពី​ពួក​គេ​ឡើយ។+ ៣៨  ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប+ ហើយ​ប្រគល់​ស្រុក​កាណាន​ដល់​អ្នក​រាល់​គ្នា ដើម្បី​បង្ហាញ​ថា​ខ្ញុំ​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា។+ ៣៩  ​«​‹បើ​អ្នក​ជិត​ខាង​ដែល​ជា​ជន​រួម​ជាតិ​របស់​អ្នក​រាល់​គ្នា ធ្លាក់​ខ្លួន​ក្រ ហើយ​លក់​ខ្លួន​បម្រើ​អ្នក​រាល់​គ្នា+ នោះ​មិន​ត្រូវ​បង្ខំ​គាត់​ឲ្យ​ធ្វើ​ការ​ដូច​ទាសករ​ឡើយ។+ ៤០  អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​ចំពោះ​គាត់​ដូច​កម្មករ​ដែល​គេ​ជួល+ ឬ​ដូច​អ្នក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ដែរ។ គាត់​នឹង​បម្រើ​អ្នក​រាល់​គ្នា​រហូត​ដល់​ឆ្នាំ​សោមនស្ស។ ៤១  រួច​គាត់​និង​កូន​ចៅ​គាត់​នឹង​ចាក​ចេញ​ពី​អ្នក​រាល់​គ្នា ត្រឡប់​ទៅ​រស់​នៅ​ជា​មួយ​នឹង​ញាតិ​សន្ដាន​លើ​ទឹក​ដី​របស់​បុព្វ​បុរស​គាត់​វិញ។+ ៤២  ព្រោះ​ពួក​គេ​ជា​អ្នក​បម្រើ​របស់​ខ្ញុំ​ដែល​ខ្ញុំ​បាន​នាំ​ចេញ​ពី​ស្រុក​អេហ្ស៊ីប។+ ពួក​គេ​មិន​ត្រូវ​លក់​ខ្លួន​ធ្វើ​ជា​ទាសករ​ឡើយ។ ៤៣  អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រព្រឹត្ត​យ៉ាង​ឃោរ​ឃៅ​ទៅ​លើ​ពួក​គេ​ទេ។+ អ្នក​រាល់​គ្នា​ត្រូវ​កោត​ខ្លាច​ព្រះ​របស់​ខ្លួន។+ ៤៤  បើ​អ្នក​រាល់​គ្នា​ត្រូវ​ការ​ខ្ញុំ​បម្រើ​ប្រុស​ស្រី អ្នក​រាល់​គ្នា​អាច​ទិញ​ពី​ចំណោម​ជន​ជាតិ​ដទៃ​បាន។ ៤៥  អ្នក​រាល់​គ្នា​ក៏​អាច​ទិញ​កូន​ចៅ​របស់​ជន​បរទេស​ដែល​ស្នាក់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា+ ឬ​ពី​ក្រុម​គ្រួសារ​របស់​ពួក​គេ​ដែល​កើត​ក្នុង​ស្រុក​នេះ​បាន​ដែរ ដើម្បី​យក​ពួក​គេ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​រាល់​គ្នា ហើយ​ពួក​គេ​នឹង​ទៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា។ ៤៦  អ្នក​រាល់​គ្នា​អាច​ឲ្យ​ពួក​គេ​បន្ត​បម្រើ​ដល់​កូន​ចៅ​ជំនាន់​ក្រោយ​របស់​អ្នក​រាល់​គ្នា​បាន ព្រោះ​ពួក​គេ​ជា​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា​ហើយ។ អ្នក​រាល់​គ្នា​អាច​ប្រើ​ពួក​គេ​ដូច​ជា​កម្មករ​បាន។ ឯ​បណ្ដា​ជន​អ៊ីស្រាអែល​ជា​ជន​រួម​ជាតិ អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​យ៉ាង​ឃោរ​ឃៅ​ឡើយ។+ ៤៧  ​«​‹ប្រសិន​បើ​ជន​បរទេស​ដែល​ស្នាក់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ក្លាយ​ជា​អ្នក​មាន តែ​ជន​រួម​ជាតិ​អ្នក​រាល់​គ្នា​ធ្លាក់​ខ្លួន​ក្រ ហើយ​លក់​ខ្លួន​បម្រើ​ជន​ប​ទេស​នោះ ឬ​សមាជិក​គ្រួសារ​របស់​ជន​ប​ទេស​នោះ ៤៨  ជន​រួម​ជាតិ​នោះ​មាន​សិទ្ធិ​លោះ​ខ្លួន​វិញ​នៅ​ពេល​ណា​ក៏​បាន។ បន្ថែម​ទៅ​ទៀត បង​ប្អូន​របស់​គាត់​អាច​ទិញ​គាត់​មក​វិញ​បាន+ ៤៩  ហើយ​សូម្បី​តែ​សាច់​ញាតិ​ជិត​ណា​ម្នាក់​របស់​គាត់ ដូច​ជា​ពូ អ៊ំ បង​ប្អូន​ជីដូន​មួយ ក៏​អាច​ទិញ​គាត់​មក​វិញ​បាន​ដែរ។ ​«​‹ឬ​បើ​ក្រោយ​មក​គាត់​មាន​ជីវភាព​ធូរ​ធារ​ឡើង​វិញ គាត់​ក៏​អាច​លោះ​ខ្លួន​គាត់​បាន​ដែរ។+ ៥០  គាត់​ត្រូវ​គិត​ចំនួន​ឆ្នាំ​ជា​មួយ​នឹង​ម្ចាស់​ដែល​ទិញ​គាត់ ដោយ​រាប់​ចាប់​ពី​ឆ្នាំ​ដែល​គាត់​បាន​លក់​ខ្លួន​រហូត​ដល់​ឆ្នាំ​សោមនស្ស+ ហើយ​ត្រូវ​បង់​ប្រាក់​ឲ្យ​ម្ចាស់​តាម​ចំនួន​ឆ្នាំ​ទាំង​នោះ។+ ក្នុង​អំឡុង​ពេល​ដែល​គាត់​ធ្វើ​ការ​នោះ គាត់​ត្រូវ​ទទួល​ប្រាក់​ឈ្នួល​ដូច​កម្មករ​ទូ​ទៅ។+ ៥១  បើ​នៅ​សល់​ច្រើន​ឆ្នាំ គាត់​ត្រូវ​បង់​តម្លៃ​លោះ​ខ្លួន​តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់​នោះ ៥២  តែ​បើ​នៅ​សល់​តិច​ឆ្នាំ គាត់​ត្រូវ​បង់​តម្លៃ​លោះ​ខ្លួន​តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់​តិច​នោះ។ ៥៣  គាត់​ត្រូវ​បន្ត​បម្រើ​ម្ចាស់​នោះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដូច​កម្មករ​ទូ​ទៅ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ប្រាកដ​ថា​ម្ចាស់​នោះ​មិន​ប្រព្រឹត្ត​ទៅ​លើ​គាត់​ដោយ​ឃោរ​ឃៅ​ទេ។+ ៥៤  ប៉ុន្តែ​បើ​គាត់​មិន​អាច​លោះ​ខ្លួន​បាន​ទេ គាត់​នឹង​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព​នៅ​ឆ្នាំ​សោមនស្ស+ ព្រម​ជា​មួយ​នឹង​កូន​ចៅ​គាត់​ដែរ។ ៥៥  ​«​‹ព្រោះ​បណ្ដា​ជន​អ៊ីស្រាអែល​ជា​ខ្ញុំ​បម្រើ​របស់​ខ្ញុំ ជា​អ្នក​ដែល​ខ្ញុំ​បាន​នាំ​ចេញ​ពី​ស្រុក​អេហ្ស៊ីប​មក។+ ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

កំណត់សម្គាល់

ឬ​«​អ្នក​លោះ​»​