ច្បាប់លេវី ២៧:១-៣៤

  • ការ​លោះ​នៃ​អ្វី​ដែល​បាន​ស្បថ (​១​-​២៧)

  • អ្វី​ៗ​ដែល​ត្រូវ​ប្រគល់​ជូន​ព្រះ​យេហូវ៉ា​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ (​២៨, ២៩)

  • ការ​លោះ​នៃ​ភោគ​ផល​១​ភាគ​១០ (​៣០​-​៣៤)

២៧  ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ២  ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹បើ​អ្នក​ណា​ម្នាក់​ធ្វើ​សម្បថពិសេស+ថា​ជូន​ប្រាក់​ស្មើ​នឹង​តម្លៃ​បុគ្គល​ម្នាក់​ដល់​ព្រះ​យេហូវ៉ា តម្លៃ​នោះ​មាន​ដូច​ត​ទៅ​៖ ៣  បុរស​ចាប់​ពី​អាយុ​២០​ឆ្នាំ​ដល់​៦០​ឆ្នាំ មាន​តម្លៃ​ជា​ប្រាក់​៥០​ហ្សេគិល* តាម​ទម្ងន់​ហ្សេគិល​ដែល​ប្រើ​ក្នុង​កន្លែង​បរិសុទ្ធ។ ៤  ប៉ុន្តែ បើ​ជា​ស្ត្រីវិញ តម្លៃ​នោះ​គឺ​៣០​ហ្សេគិល។ ៥  បើ​មាន​អាយុ​ចាប់​ពី​៥​ឆ្នាំ​ដល់​២០​ឆ្នាំ សម្រាប់​ប្រុស​តម្លៃ​២០​ហ្សេគិល សម្រាប់​ស្រី​១០​ហ្សេគិល។ ៦  បើ​មាន​អាយុ​ចាប់​ពី​មួយ​ខែ​ដល់​ប្រាំ​ឆ្នាំ សម្រាប់​ប្រុស​តម្លៃ​ប្រាំ​ហ្សេគិល សម្រាប់​ស្រី​បី​ហ្សេគិល។ ៧  ​«​‹បើ​មាន​អាយុ​ចាប់​ពី​៦០​ឆ្នាំ​ឡើង​ទៅ សម្រាប់​ប្រុស​តម្លៃ​១៥​ហ្សេគិល សម្រាប់​ស្រី​១០​ហ្សេគិល។ ៨  ប៉ុន្តែ បើ​អ្នក​ស្បថ​នោះ​ក្រី​ក្រ​មិន​អាច​បង់​តាម​តម្លៃ​ដែល​កំណត់​ទេ+ អ្នក​នោះ​ត្រូវ​ទៅ​ឈរ​នៅ​មុខ​សង្ឃ ហើយ​សង្ឃ​ត្រូវ​កំណត់​តម្លៃ​លើ​អ្នក​នោះ​ស្រប​តាម​លទ្ធភាព​ដែល​អ្នក​នោះ​អាច​ជូន​បាន។+ ៩  ​«​‹បើ​សម្បថ​នោះ​ទាក់​ទង​នឹង​សត្វ​សម្រាប់​ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា សត្វ​ដែល​ជូន​ព្រះ​យេហូវ៉ា នឹង​ទៅ​ជា​ស្អាត​បរិសុទ្ធ។ ១០  អ្នក​ស្បថ​មិន​អាច​ប្ដូរ​សត្វ​មិន​ល្អ​ជំនួស​សត្វ​ល្អ ឬ​សត្វ​ល្អ​ជំនួស​សត្វ​មិន​ល្អ​នោះ​ទេ។ ប៉ុន្តែ បើ​គាត់​ត្រូវ​ប្ដូរ​សត្វ​មួយ​ទៀត នោះ​សត្វ​ដំបូង​និង​សត្វ​ដែល​ត្រូវ​ប្ដូរ គឺ​ទាំង​ពីរ​នឹង​ទៅ​ជា​បរិសុទ្ធ។ ១១  ឯ​សត្វ​មិន​ស្អាត​បរិសុទ្ធ+ដែល​មិន​អាច​ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា​វិញ នោះ​គាត់​ត្រូវ​នាំ​វា​ទៅ​ឈរ​នៅ​មុខ​សង្ឃ។ ១២  បន្ទាប់​មក សង្ឃ​នឹង​កំណត់​តម្លៃ អាស្រ័យ​ទៅ​លើ​សត្វ​នោះ​ល្អ​ឬ​មិន​ល្អ។ តម្លៃ​ណា​ដែល​សង្ឃ​កំណត់ ត្រូវ​យក​តាម​តម្លៃ​នោះ។ ១៣  ប៉ុន្តែ បើ​គាត់​ចង់​ទិញ​សត្វ​នោះ​មក​វិញ គាត់​ត្រូវ​ថែម​១​ភាគ​៥​ពី​លើ​តម្លៃ​ដែល​បាន​កំណត់។+ ១៤  ​«​‹បើ​អ្នក​ណា​ញែក​ផ្ទះ​គាត់​ជា​បរិសុទ្ធ​ជូន​ដល់​ព្រះ​យេហូវ៉ា សង្ឃ​ត្រូវ​កំណត់​តម្លៃ អាស្រ័យ​ទៅ​លើ​គុណ​ភាព​ផ្ទះ។ តម្លៃ​ណា​ដែល​សង្ឃ​កំណត់ ត្រូវ​យក​តាម​តម្លៃ​នោះ។+ ១៥  ប៉ុន្តែ បើ​អ្នក​នោះ​ចង់​ទិញ​ផ្ទះ​មក​វិញ គាត់​ត្រូវ​ថែម​១​ភាគ​៥​ពី​លើ​តម្លៃ​ដែល​បាន​កំណត់ រួច​ផ្ទះ​នោះ​នឹង​បាន​ជា​របស់​គាត់។ ១៦  ​«​‹បើ​អ្នក​ណា​ញែក​ដី​ស្រែ​ចម្ការ​ខ្លះ​របស់​គាត់​ទុក​ជា​បរិសុទ្ធ​ជូន​ដល់​ព្រះ​យេហូវ៉ា តម្លៃ​ដី​នោះ​បាន​ត្រូវ​កំណត់​ស្រប​ទៅ​តាម​ពូជ​ដែល​សាប​ព្រោះ គឺ​ស្រូវ​បាលី​មួយ​ហូម៉ើរ* មាន​តម្លៃ​ជា​ប្រាក់​៥០​ហ្សេគិល។ ១៧  បើ​គាត់​ញែក​ដី​ស្រែ​ចម្ការ​គាត់​ទុក​ជា​បរិសុទ្ធ​ជូន​ដល់​ព្រះ ចាប់​ពី​ឆ្នាំ​សោមនស្ស+ តម្លៃ​នោះ​នឹង​នៅ​ដដែល។ ១៨  បើ​គាត់​ជូន​ដី​នោះ​ក្រោយ​ពី​ឆ្នាំ​សោមនស្ស សង្ឃ​ត្រូវ​គិត​តម្លៃ​តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់​រហូត​ដល់​ឆ្នាំ​សោមនស្ស​បន្ទាប់ ហើយ​ត្រូវ​បញ្ចុះ​តម្លៃ​ដែល​បាន​កំណត់។+ ១៩  ប៉ុន្តែ បើ​គាត់​ចង់​ទិញ​ដី​ស្រែ​ចម្ការ​មក​វិញ គាត់​ត្រូវ​ថែម​១​ភាគ​៥​ពី​លើ​តម្លៃ​ដែល​បាន​កំណត់ រួច​ដី​នោះ​នឹង​នៅ​ជា​របស់​គាត់​ដូច​មុន។ ២០  ប៉ុន្តែ បើ​គាត់​មិន​បាន​ទិញ​ទេ ហើយ​ក្រោយ​មក​ដី​នោះ​បាន​ត្រូវ​លក់​ទៅ​ឲ្យ​អ្នក​ផ្សេង នោះ​គាត់​មិន​អាច​ទិញ​មក​វិញ​បាន​ទេ។ ២១  លុះ​ដល់​ឆ្នាំ​សោមនស្ស​ជា​ពេល​ដែល​ត្រូវ​ប្រគល់​ដី​មក​វិញ ដី​នោះ​នឹង​ទៅ​ជា​ដី​បរិសុទ្ធ​ជូន​ព្រះ​យេហូវ៉ា។ ដី​នោះ​នឹង​ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​របស់​ពួក​សង្ឃ។+ ២២  ​«​‹បើ​អ្នក​ណា​ញែក​ដី​ស្រែ​ចម្ការ​ដែល​ខ្លួន​បាន​ទិញ​ទុក​ជា​បរិសុទ្ធ​ជូន​ព្រះ​យេហូវ៉ា ជា​ដី​ដែល​មិន​មែន​ជា​ដី​កេរ​មត៌ក​របស់​ខ្លួន+ ២៣  សង្ឃ​ត្រូវ​គិត​តម្លៃ​តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់​រហូត​ដល់​ឆ្នាំ​សោមនស្ស ហើយ​គាត់​ត្រូវ​កំណត់​តម្លៃ​នៅ​ថ្ងៃ​នោះ​តែ​ម្ដង។+ ដី​នោះ​ជា​ដី​បរិសុទ្ធ​ជូន​ព្រះ​យេហូវ៉ា។ ២៤  ដល់​ឆ្នាំ​សោមនស្ស ដី​នោះ​នឹង​ត្រូវ​ប្រគល់​ដល់​ម្ចាស់​ដើម​វិញ ព្រោះ​ជា​ដី​កេរ​របស់​គាត់។+ ២៥  ​«​‹តម្លៃ​នីមួយ​ៗ​ត្រូវ​គិត​តាម​ទម្ងន់​ហ្សេគិល​ដែល​ប្រើ​នៅ​កន្លែង​បរិសុទ្ធ គឺ​មួយ​ហ្សេគិល​ស្មើ​នឹង​២០​កេរ៉ា។* ២៦  ​«​‹ប៉ុន្តែ ចំពោះ​កូន​ដំបូង​របស់​សត្វ មិន​ត្រូវ​ញែក​ជា​បរិសុទ្ធ​ទុក​ជូន​ព្រះ​យេហូវ៉ា​ទេ ព្រោះ​កូន​ដំបូង​របស់​សត្វ​ទាំង​អស់​ជា​របស់​ព្រះ​យេហូវ៉ា​ស្រាប់​ហើយ ទោះ​ជា​គោ​ឈ្មោល​ឬ​ចៀម​ក្ដី។+ ២៧  បើ​ក្នុង​ចំណោម​កូន​សត្វ​ដែល​មិន​ស្អាត​បរិសុទ្ធ គាត់​អាច​លោះ​បាន​តាម​តម្លៃ​ដែល​បាន​កំណត់ ដោយ​ថែម​១​ភាគ​៥​ពី​លើ​តម្លៃ​វា។+ ប៉ុន្តែ បើ​គាត់​មិន​ទិញ​មក​វិញ​ទេ គេ​នឹង​លក់​វា​តាម​តម្លៃ​ដែល​បាន​កំណត់។ ២៨  ​«​‹រីឯ​អ្វី​ដែល​បុគ្គល​ម្នាក់​ប្រគល់​ជូន​ព្រះ​យេហូវ៉ា​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ គាត់​មិន​អាច​លក់​ឬ​ទិញ​មក​វិញ​បាន​ទេ ទោះ​ជា​មនុស្ស សត្វ ឬ​ដី​ស្រែ​ចម្ការ​ក្ដី។ អ្វី​ទាំង​អស់​ដែល​បាន​ប្រគល់​ជូន​ព្រះ​យេហូវ៉ា ជា​អ្វី​ដែល​បរិសុទ្ធ​បំផុត។+ ២៩  ឯ​អ្នក​ដែល​បាន​ត្រូវ​ទុក​សម្រាប់​ការ​បំផ្លាញ គេ​មិន​អាច​លោះ​គាត់​បាន​ទេ។+ អ្នក​នោះ​ត្រូវ​ស្លាប់​ជា​មិន​ខាន។+ ៣០  ​«​‹ភោគ​ផល​១​ភាគ​១០+ជា​របស់​ព្រះ​យេហូវ៉ា ទោះ​ជា​ផល​ពី​ដី​ស្រែ​ចម្ការ ឬ​ផល​ផ្លែ​ពី​ដើម​ឈើ​ក្ដី។ នោះ​ជា​អ្វី​បរិសុទ្ធ​ជូន​ព្រះ​យេហូវ៉ា។ ៣១  បើ​អ្នក​ណា​ចង់​ទិញ​ផល​១​ភាគ​១០​របស់​គាត់​មក​វិញ គាត់​ត្រូវ​ថែម​១​ភាគ​៥​ពី​លើ​ផល​នោះ។ ៣២  ចំណែក​១​ភាគ​១០​ពី​ហ្វូង​គោ​ហ្វូង​ចៀម​និង​ហ្វូង​ពពែ​វិញ រាល់​សត្វ​ទី​១០​ដែល​ដើរ​កាត់​ក្រោម​ដំបង​របស់​គង្វាល នឹង​ទៅ​ជា​អ្វី​ដែល​បរិសុទ្ធ​ជូន​ព្រះ​យេហូវ៉ា។ ៣៣  គាត់​មិន​ត្រូវ​ពិនិត្យ​មើល​ថា​សត្វ​នោះ​ជា​សត្វ​ល្អ​ឬ​មិន​ល្អ​ទេ ហើយ​ក៏​មិន​អាច​ប្ដូរ​បាន​ដែរ។ ប៉ុន្តែ បើ​គាត់​ព្យាយាម​ប្ដូរ​សត្វ នោះ​ទាំង​សត្វ​ដំបូង​ទាំង​សត្វ​ដែល​ត្រូវ​ប្ដូរ នឹង​ទៅ​ជា​អ្វី​បរិសុទ្ធ​ជូន​ព្រះ។+ គាត់​មិន​អាច​លោះ​សត្វ​នោះ​មក​វិញ​បាន​ទេ›​»។ ៣៤  នេះ​ហើយ​ជា​ច្បាប់​ទាំង​ប៉ុន្មាន​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​ដល់​បណ្ដា​ជន​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ នៅ​លើ​ភ្នំ​ស៊ីណាយ។+

កំណត់សម្គាល់

មួយ​ហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
មួយ​ហូម៉ើរ​ស្មើ​នឹង​២២០​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
មួយ​កេរ៉ា​ស្មើ​នឹង​០,៥៧​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤