ច្បាប់លេវី ៤:១-៣៥

  • គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង (​១​-​៣៥)

 ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​បន្ថែម​ទៀត​ថា​៖ ២  ​«​ចូរ​ទៅ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹បើ​អ្នក​ណា​ម្នាក់​ធ្វើ​អំពើ​ខុស​ឆ្គង​ដោយ​អចេតនា+ គឺ​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ហាមឃាត់ អ្នក​នោះ​ត្រូវ​ធ្វើ​ដូច​ត​ទៅ​៖ ៣  ​«​‹បើ​សង្ឃ​ដែល​បាន​ត្រូវ​ជ្រើស​រើស*+ ធ្វើ​អំពើ​ខុស​ឆ្គង+ ហើយ​នាំ​ឲ្យ​បណ្ដា​ជន​មាន​ទោស នោះ​គាត់​ត្រូវ​យក​គោ​ស្ទាវ​ដែល​ល្អ​ឥត​ខ្ចោះ​ទៅ​ជូន​ព្រះ​យេហូវ៉ា ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​ដែល​គាត់​បាន​ធ្វើ។+ ៤  គាត់​ត្រូវ​នាំ​គោ​នោះ​ទៅ​ខាង​មុខ​ត្រសាល​ជំនុំ+នៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ដាក់​ដៃ​លើ​ក្បាល​វា រួច​សម្លាប់​វា​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។+ ៥  បន្ទាប់​មក សង្ឃ​ដែល​បាន​ត្រូវ​ជ្រើស​រើស*នោះ+ ត្រូវ​យក​ឈាម​ខ្លះ​របស់​គោ​នោះ ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ៦  រួច​ត្រូវ​ជ្រលក់​ចុង​ម្រាម​ដៃ​ក្នុង​ឈាម​នោះ+ ហើយ​ប្រោះ​ឈាម​នោះ​អស់​៧​ដង+ នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ខាង​មុខ​វាំងនន​នៃ​ទី​បរិសុទ្ធ។ ៧  បន្ថែម​ទៅ​ទៀត គាត់​ត្រូវ​យក​ឈាម​ខ្លះ​ទៅ​លាប​លើ​ស្នែង​ទី​បូជា​សម្រាប់​ដុត​គ្រឿង​ក្រអូប+ដែល​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ក្នុង​ត្រសាល​ជំនុំ។ ឯ​ឈាម​ដែល​នៅ​សល់ គាត់​ត្រូវ​យក​ទៅ​ចាក់​នៅ​ជើង​នៃ​ទី​បូជា​សម្រាប់​គ្រឿង​បូជា​ដុត+ដែល​នៅ​ខាង​មុខ​ច្រក​ចូល​ត្រសាល​ជំនុំ។ ៨  ​«​‹បន្ទាប់​មក គាត់​ត្រូវ​ចៀរ​ខ្លាញ់​ទាំង​អស់​របស់​សត្វ​គោ​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង គឺ​ស្បៃ​ខ្លាញ់​ស្រោប​ពោះ​វៀន និង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​ពោះ​វៀន ៩  ព្រម​ទាំង​តម្រង​នោម​ទាំង​ពីរ​និង​ខ្លាញ់​រុំ​ជុំ​វិញ ដែល​នៅ​ក្បែរ​ចំឡក។ គាត់​ក៏​ចៀរ​ខ្លាញ់​ដែល​ស្រោប​ថ្លើម រួច​យក​ចេញ​ជា​មួយ​នឹង​តម្រង​នោម​ដែរ។+ ១០  គាត់​ត្រូវ​ចៀរ​ខ្លាញ់​ចេញ​ពី​គោ​នោះ ដូច​គោ​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដែរ។+ បន្ទាប់​មក សង្ឃ​ត្រូវ​យក​ចំណែក​ទាំង​នោះ​ទៅ​ដុត​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។ ១១  ​«​‹ឯ​ស្បែក និង​សាច់​គោ​នោះ ព្រម​ទាំង​ក្បាល ជើង ពោះ​វៀន និង​លាមក​វា+ ១២  ពោល​គឺ​ផ្នែក​ដែល​នៅ​សល់ គាត់​ត្រូវ​យក​ទៅ​ខាង​ក្រៅ​ជំរំ រួច​ដុត​វា​នៅ​លើ​គំនរ​អុស+ ត្រង់​កន្លែង​ស្អាត​បរិសុទ្ធ​ដែល​ទុក​សម្រាប់​ចាក់​ផេះ។ ១៣  ​«​‹ប្រសិន​បើ​ពួក​ជំនុំ​អ៊ីស្រាអែល​ទាំង​មូល​មាន​ទោស ព្រោះ​ធ្វើ​ខុស​ដោយ​អចេតនា+ ហើយ​ពួក​គេ*មិន​បាន​ដឹង​ថា​បណ្ដា​ជន​បាន​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ហាមឃាត់​ទេ+ ១៤  តែ​ក្រោយ​មក បើ​គេ​បាន​ដឹង​ពី​អំពើ​ខុស​ឆ្គង​នោះ ពួក​ជំនុំ*ត្រូវ​យក​គោ​ស្ទាវ​ទៅ​ខាង​មុខ​ត្រសាល​ជំនុំ ដើម្បី​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង។ ១៥  ពួក​បុរស​ចាស់​ទុំ​ក្នុង​ពួក​ជំនុំ​នឹង​ដាក់​ដៃ​លើ​ក្បាល​គោ​នោះ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា រួច​សម្លាប់​វា​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ ១៦  ​«​‹បន្ទាប់​មក សង្ឃ​ដែល​បាន​ត្រូវ​ជ្រើស​រើស​នោះ នឹង​យក​ឈាម​ខ្លះ​របស់​គោ​នោះ ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ១៧  រួច​ត្រូវ​ជ្រលក់​ចុង​ម្រាម​ដៃ​ក្នុង​ឈាម​នោះ ហើយ​ប្រោះ​ឈាម​នោះ​អស់​៧​ដង នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ខាង​មុខ​វាំងនន។+ ១៨  បន្ទាប់​ពី​នោះ គាត់​ត្រូវ​យក​ឈាម​ខ្លះ​ទៅ​លាប​លើ​ស្នែង​ទី​បូជា+ដែល​នៅ​ខាង​មុខ​ព្រះ​យេហូវ៉ា​ក្នុង​ត្រសាល​ជំនុំ ហើយ​គាត់​យក​ឈាម​ដែល​នៅ​សល់ ទៅ​ចាក់​នៅ​ជើង​នៃ​ទី​បូជា​សម្រាប់​គ្រឿង​បូជា​ដុត​ដែល​នៅ​ខាង​មុខ​ច្រក​ចូល​ត្រសាល​ជំនុំ។+ ១៩  គាត់​ត្រូវ​ចៀរ​ខ្លាញ់​ទាំង​អស់​ចេញ​ពី​គោ​នោះ ហើយ​ដុត​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។+ ២០  គាត់​ត្រូវ​ធ្វើ​ដូច្នោះ​ចំពោះ​គោ​នោះ ដូច​គោ​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​ដែរ។ យ៉ាង​នេះ សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​របស់​បណ្ដា​ជន+ ហើយ​ព្រះ​នឹង​អភ័យ​ទោស​ឲ្យ​ពួក​គេ។ ២១  សង្ឃ​ត្រូវ​យក​គោ​នោះ​ទៅ​ខាង​ក្រៅ​ជំរំ រួច​ដុត​វា​ដូច​គោ​ទី​១​ដែរ។+ នោះ​ហើយ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​របស់​ពួក​ជំនុំ។+ ២២  ​«​‹បើ​មេ​ដឹក​នាំ​ម្នាក់+មាន​ទោស​ព្រោះ​ធ្វើ​ខុស​ដោយ​អចេតនា គឺ​ធ្វើ​អ្វី​មួយ​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់​បាន​ហាមឃាត់ ២៣  ឬ​ប្រសិន​បើ​ក្រោយ​មក​គាត់​ដឹង​ថា​ខ្លួន​ធ្វើ​អំពើ​ខុស​ឆ្គង​ណា​មួយ​ដែល​បំពាន​លើ​បញ្ញត្តិ​របស់​លោក នោះ​គាត់​ត្រូវ​យក​ពពែ​ស្ទាវ​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ​ទៅ​ជូន​ជា​គ្រឿង​បូជា។ ២៤  គាត់​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​ពពែ​នោះ រួច​សម្លាប់​វា​នៅ​កន្លែង​ដែល​គេ​សម្លាប់​សត្វ​ជា​គ្រឿង​បូជា​ដុត​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។+ នោះ​ហើយ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង។ ២៥  សង្ឃ​ត្រូវ​យក​ចុង​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​នៃ​គ្រឿង​បូជា​នោះ ហើយ​លាប​លើ​ស្នែង+ទី​បូជា​សម្រាប់​គ្រឿង​បូជា​ដុត។ រួច​គាត់​យក​ឈាម​ដែល​នៅ​សល់ ទៅ​ចាក់​នៅ​ជើង​ទី​បូជា​នោះ។+ ២៦  គាត់​ត្រូវ​ដុត​ខ្លាញ់​ទាំង​អស់​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង ដូច​គាត់​ដុត​ខ្លាញ់​នៃ​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដែរ។+ យ៉ាង​នេះ សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​របស់​បុគ្គល​នោះ ហើយ​ព្រះ​នឹង​អភ័យ​ទោស​ឲ្យ​គាត់។ ២៧  ​«​‹បើ​បណ្ដា​ជន​ធម្មតា​ណា​ម្នាក់​ធ្វើ​អំពើ​ខុស​ឆ្គង​ដោយ​អចេតនា ហើយ​មាន​ទោស​ដោយ​សារ​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ហាមឃាត់+ ២៨  ឬ​ប្រសិន​បើ​ក្រោយ​មក​គាត់​ដឹង​ថា​ខ្លួន​ធ្វើ​អំពើ​ខុស​ឆ្គង​ណា​មួយ នោះ​គាត់​ត្រូវ​យក​ពពែ​ញី​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ​ទៅ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​កំហុស​ឆ្គង​ដែល​គាត់​បាន​ធ្វើ​នោះ។ ២៩  គាត់​នឹង​ដាក់​ដៃ​លើ​ក្បាល​សត្វ​នៃ​គ្រឿង​បូជា​នោះ រួច​សម្លាប់​វា​នៅ​កន្លែង​ដែល​គេ​សម្លាប់​សត្វ​ជា​គ្រឿង​បូជា​ដុត។+ ៣០  សង្ឃ​ត្រូវ​ជ្រលក់​ចុង​ម្រាម​ដៃ​ក្នុង​ឈាម​នៃ​គ្រឿង​បូជា​នោះ ហើយ​លាប​លើ​ស្នែង​នៃ​ទី​បូជា​សម្រាប់​គ្រឿង​បូជា​ដុត។ រួច​គាត់​យក​ឈាម​ដែល​នៅ​សល់ ទៅ​ចាក់​នៅ​ជើង​ទី​បូជា។+ ៣១  គាត់​ត្រូវ​ចៀរ​ខ្លាញ់​ទាំង​អស់​ពី​សត្វ​នោះ+ ដូច​គាត់​ចៀរ​ខ្លាញ់​នៃ​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដែរ។+ រួច​មក គាត់​ត្រូវ​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង ដើម្បី​ជា​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា។* យ៉ាង​នេះ សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​របស់​បុគ្គល​នោះ ហើយ​ព្រះ​នឹង​អភ័យ​ទោស​ឲ្យ​គាត់។ ៣២  ​«​‹ប៉ុន្តែ បើ​គាត់​ជូន​កូន​ចៀម​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង គាត់​ត្រូវជូន​កូន​ចៀម​ញី​ដែល​ល្អ​ឥត​ខ្ចោះ។ ៣៣  គាត់​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​សត្វ​ជា​គ្រឿង​បូជា​នោះ រួច​សម្លាប់​វា​នៅ​កន្លែង​ដែល​គេ​សម្លាប់​សត្វ​ជា​គ្រឿង​បូជា​ដុត។+ ៣៤  សង្ឃ​ត្រូវ​ជ្រលក់​ចុង​ម្រាម​ដៃ​ក្នុង​ឈាម​នៃ​គ្រឿង​បូជា​នោះ ហើយ​លាប​លើ​ស្នែង​ទី​បូជា​សម្រាប់​គ្រឿង​បូជា​ដុត+ រួច​យក​ឈាម​ដែល​នៅ​សល់ ទៅ​ចាក់​នៅ​ជើង​ទី​បូជា។ ៣៥  គាត់​ត្រូវ​ចៀរ​ខ្លាញ់​ទាំង​អស់​ពី​សត្វ​នោះ ដូច​ចៀរ​ខ្លាញ់​ចៀម​ស្ទាវ​ជា​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដែរ។ រួច​មក គាត់​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង គឺ​នៅ​លើ​គ្រឿង​បូជា​ដែល​ដុត​ជូន​ព្រះ​យេហូវ៉ា។+ យ៉ាង​នេះ សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​របស់​បុគ្គល​នោះ ហើយ​ព្រះ​នឹង​អភ័យ​ទោស​ឲ្យ​គាត់។+

កំណត់សម្គាល់

ន័យ​ត្រង់​«​សង្ឃ​ដែល​បាន​ត្រូវ​ចាក់​ប្រេង​តែង​តាំង​»។ នេះ​សំដៅ​លើ​សម្ដេច​សង្ឃ
ន័យ​ត្រង់​«​សង្ឃ​ដែល​បាន​ត្រូវ​ចាក់​ប្រេង​តែង​តាំង​»។ នេះ​សំដៅ​លើ​សម្ដេច​សង្ឃ
ប្រហែល​ជា​សំដៅ​លើ​ពួក​បុរស​ចាស់​ទុំ​ជា​តំណាង​ពួក​ជំនុំ
ប្រហែល​ជា​សំដៅ​លើ​ពួក​បុរស​ចាស់​ទុំ​ជា​តំណាង​ពួក​ជំនុំ
ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​»​