ច្បាប់លេវី ៥:១-១៩

  • អំពើ​ខុស​ឆ្គង​ជាក់​លាក់​មួយ​ចំនួន និង​គ្រឿង​បូជា​ដែល​តម្រូវ​ឲ្យ​ជូន (​១​-​៦)

    • ការ​រាយ​ការណ៍​អំពី​អំពើ​ខុស​ឆ្គង​របស់​អ្នក​ឯ​ទៀត (​)

  • គ្រឿង​បូជា​ផ្សេង​ទៀត​ដែល​ជន​ក្រី​ក្រ​អាច​ជូន (​៧​-​១៣)

  • គ្រឿង​បូជា​សម្រាប់​អំពើ​រំលង​ដោយ​អចេតនា (​១៤​-​១៩)

 «​‹បើ​បុគ្គល​ម្នាក់​បាន​ឃើញ​ឬ​ដឹង​នូវ​អំពើ​ខុស​ឆ្គង​ណា​មួយ តែ​មិន​បាន​រាយ​ការណ៍​ប្រាប់​ពេល​ដែល​មាន​ការ​ប្រកាស​ស្វែង​រក​សាក្សី​មក​បញ្ជាក់*+ការ​ពិត នោះ​គាត់​នឹង​មាន​ទោស​ជា​មិន​ខាន។ ២  ​«​‹បើ​អ្នក​ណា​ម្នាក់​ពាល់​អ្វី​មួយ​ដែល​មិន​ស្អាត​បរិសុទ្ធ ទោះ​ជា​សព​សត្វ​ព្រៃ សព​សត្វ​ស្រុក ឬ​សត្វ​ល្អិត*ក្ដី+ នោះ​គាត់​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ ហើយ​មាន​ទោស ទោះ​ជា​គាត់​មិន​ដឹង​ខ្លួន​ក៏​ដោយ។ ៣  បើ​អ្នក​ណា​ម្នាក់​ពាល់​មនុស្ស​មិន​ស្អាត​បរិសុទ្ធ+ ឬ​អ្វី​មួយ​ដែល​មិន​ស្អាត​បរិសុទ្ធ​ដោយ​អចេតនា នោះ​គាត់​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ ហើយ​មាន​ទោស ទោះ​បី​ជា​មួយ​រយៈ​ពេល​ក្រោយ​មក ទើប​គាត់​ដឹង​ក៏​ដោយ។ ៤  ​«​‹បើ​អ្នក​ណា​ម្នាក់​រហ័ស​ស្បថ​ថា​នឹង​ធ្វើ​អ្វី​មួយ មិន​ថា​ធ្វើ​ល្អ​ឬ​ធ្វើ​អាក្រក់​ក្ដី នោះ​គាត់​នឹង​មាន​ទោស​មិន​ខាន* ទោះ​ជា​មួយ​រយៈ​ក្រោយ​មក ទើប​គាត់​ដឹង​ថា​ខ្លួន​បាន​ស្បថ​រហ័ស​ពេក​ក៏​ដោយ។+ ៥  ​«​‹បើ​គាត់​ធ្វើ​ខុស​ក្នុង​ករណី​ណា​មួយ​ខាង​លើ​នេះ គាត់​ត្រូវ​សារភាព+កំហុស​ខ្លួន។ ៦  មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​ត្រូវ​យក​កូន​ចៀម​ញី​ឬ​កូន​ពពែ​ញី ជូន​ព្រះ​យេហូវ៉ា​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង​និង​អំពើ​ខុស​ឆ្គង​របស់​គាត់។+ បន្ទាប់​មក សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​គាត់។ ៧  ​«​‹ប៉ុន្តែ បើ​គាត់​គ្មាន​លទ្ធភាព​ជូន​សត្វ​ចៀម​ទេ គាត់​ត្រូវ​យក​លលក​ពីរ​ឬ​ព្រាប​ជំទើរ​ពីរ+ ទៅ​ជូន​ព្រះ​យេហូវ៉ា​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង​និង​អំពើ​ខុស​ឆ្គង​របស់​គាត់ គឺ​សត្វ​មួយ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង និង​សត្វ​មួយ​ទៀត​ជា​គ្រឿង​បូជា​ដុត។+ ៨  គាត់​ត្រូវ​យក​សត្វ​ទាំង​ពីរ​នោះ​ទៅ​ប្រគល់​ឲ្យ​សង្ឃ។ ដំបូង សង្ឃ​ត្រូវ​ជូន​សត្វ​មួយ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង រួច​គាត់​ក្ដិច​បណ្ដាច់​ផ្នែក​ខាង​មុខ​ក​វា​តែ​មិន​ឲ្យ​ដាច់​ក្បាល​ទេ។ ៩  សង្ឃ​ត្រូវ​យក​ឈាម​ខ្លះ​របស់​វា ទៅ​ប្រោះ​នៅ​ជញ្ជាំង​នៃ​ទី​បូជា។ រួច​ឈាម​ដែល​នៅ​សល់ គាត់​ត្រូវ​ចាក់​នៅ​ជើង​ទី​បូជា។+ នេះ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង។ ១០  ឯ​សត្វ​មួយ​ទៀត គាត់​ត្រូវ​ជូន​ជា​គ្រឿង​បូជា​ដុត​ស្រប​តាម​ការ​ណែនាំ​នៃ​ការ​ជូន​គ្រឿង​បូជា​ដុត។+ បន្ទាប់​មក សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​បុគ្គល​ដែល​បាន​ធ្វើ​ខុស​នោះ ហើយ​ព្រះ​នឹង​អភ័យ​ទោស​ឲ្យ​គាត់។+ ១១  ​«​‹បើ​គាត់​គ្មាន​លទ្ធភាព​ជូន​លលក​ពីរ​ឬ​ព្រាប​ជំទើរ​ពីរ​ទេ គាត់​ត្រូវ​យក​ម្សៅ​ម៉ដ្ឋ​១​ភាគ​១០​អេហ្វា*+ ទៅ​ជូន​ព្រះ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​របស់​គាត់។ គាត់​មិន​ត្រូវ​ដាក់​ប្រេង​ឬ​ម្សៅ​ក្រអូប​ពី​លើ​ឡើយ ព្រោះ​នេះ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង។ ១២  បន្ទាប់​មក គាត់​ត្រូវ​យក​ទៅ​ប្រគល់​ឲ្យ​សង្ឃ ហើយ​សង្ឃ​នឹង​យក​ម្សៅ​ម៉ដ្ឋ​នោះ​មួយ​ក្ដាប់​ទៅ​ដុត​លើ​គ្រឿង​បូជា​ដុត​នៅ​លើ​ទី​បូជា ឲ្យ​ផ្សែង​ហុយ​ឡើង​ជូន​ព្រះ​យេហូវ៉ា សម្រាប់​ជា​តំណាង​គ្រឿង​បូជា​នោះ​ទាំង​មូល។ នេះ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង។ ១៣  បន្ទាប់​មក សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​បុគ្គល​ដែល​បាន​ធ្វើ​ខុស​នោះ។ ទោះ​បើ​គាត់​ធ្វើ​ខុស​ក្នុង​ករណី​ណា​ក៏​ដោយ គាត់​នឹង​ទទួល​ការ​អភ័យ​ទោស។+ ចំណែក​ឯ​ម្សៅ​ដែល​នៅ​សល់​នឹង​បាន​ជា​របស់​សង្ឃ+ ដូច​គ្រឿង​បូជា​ពី​ស្រូវ​ដែរ›​»។+ ១៤  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​បន្ត​ទៀត​ថា​៖ ១៥  ​«​បើ​អ្នក​ណា​ម្នាក់​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ដោយ​មិន​ដឹង​ខ្លួន ចំពោះ​អ្វី​ដែល​បាន​ត្រូវ​ញែក​ជា​បរិសុទ្ធ​ទុក​ជូន​ព្រះ​យេហូវ៉ា នោះ​គាត់​បាន​ធ្វើ​ខុស​ហើយ។+ ដូច្នេះ គាត់​ត្រូវ​យក​ចៀម​ឈ្មោល​ដ៏​ល្អ​ឥត​ខ្ចោះ ជូន​ព្រះ​យេហូវ៉ា​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង​របស់​គាត់។+ សត្វ​នោះ​ត្រូវ​មាន​តម្លៃ​កំណត់ ជា​ប្រាក់​ហ្សេគិល* ដែល​គិត​តាម​ទម្ងន់​ហ្សេគិល​ប្រើ​នៅ​កន្លែង​បរិសុទ្ធ។+ ១៦  មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​ត្រូវ​បង់​ថ្លៃ​ដល់​សង្ឃ​ចំពោះ​អំពើ​ខុស​ឆ្គង​ដែល​គាត់​បាន​ធ្វើ​ទាស់​នឹង​កន្លែង​បរិសុទ្ធ ហើយ​ថែម​១​ភាគ​៥​ពី​លើ​តម្លៃ​នៃ​របស់​នោះ+ ដើម្បី​ឲ្យ​សង្ឃ​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​គាត់+ ដោយ​ដុត​ចៀម​ឈ្មោល​នោះ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង ហើយ​គាត់​នឹង​ទទួល​ការ​អភ័យ​ទោស។+ ១៧  ​«​បើ​អ្នក​ណា​ម្នាក់​ធ្វើ​អំពើ​ណា​មួយ​ដែល​ព្រះ​យេហូវ៉ា​បាន​ហាមឃាត់ ទោះ​ជា​គាត់​មិន​ដឹង​ខ្លួន​ក្ដី គាត់​នៅ​តែ​មាន​ទោស ហើយ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​នោះ។+ ១៨  ដូច្នេះ គាត់​ត្រូវ​យក​ចៀម​ឈ្មោល​ដ៏​ល្អ​ឥត​ខ្ចោះ​ទៅ​ប្រគល់​ឲ្យ​សង្ឃ ស្រប​តាម​តម្លៃ​ដែល​បាន​ត្រូវ​កំណត់​ចំពោះ​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង។+ បន្ទាប់​មក សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​គាត់ ចំពោះ​កំហុស​ដែល​គាត់​បាន​ធ្វើ​ដោយ​អចេតនា ហើយ​គាត់​នឹង​ទទួល​ការ​អភ័យ​ទោស។ ១៩  នេះ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង។ គាត់​ពិត​ជា​មាន​ទោស ព្រោះ​បាន​ធ្វើ​ខុស​នឹង​ព្រះ​យេហូវ៉ា​ហើយ​»។

កំណត់សម្គាល់

ន័យ​ត្រង់​«​សំឡេង​ដាក់​បណ្ដាសា​»។ ប្រហែល​ជា​មាន​ន័យ​ថា​សេចក្ដី​ប្រកាស​អំពី​អំពើ​ខុស​ឆ្គង​មួយ​ដែល​រួម​បញ្ចូល​បណ្ដាសា​ទាស់​នឹង​អ្នក​ដែល​ធ្វើ​ខុស ឬ​ទាស់​នឹង​សាក្សី​ដែល​មិន​បាន​រាយ​ការណ៍​ប្រាប់
នេះ​អាច​សំដៅ​លើ​សត្វ​តូច​ៗ​ណា​ដែល​រស់​នៅ​ផ្ដុំ​គ្នា
តាម​មើល​ទៅ​គាត់​មាន​ទោស​ដោយ​សារ​គាត់​មិន​បាន​ធ្វើ​តាម​ពាក្យ​សម្បថ
គឺ​១​ភាគ​១០​អេហ្វា​ស្មើ​នឹង​២,២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
មួយ​ហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤