ច្បាប់លេវី ៦:១-៣០

  • ការ​ណែនាំ​ថែម​ទៀត​អំពី​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង (​១​-​៧)

  • ការ​ណែនាំ​អំពី​គ្រឿង​បូជា​ផ្សេង​ៗ​ (​៨​-​៣០)

    • គ្រឿង​បូជា​ដុត (​៨​-​១៣)

    • គ្រឿង​បូជា​ពី​ស្រូវ (​១៤​-​២៣)

    • គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង (​២៤​-​៣០)

 ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​បន្ត​ទៅ​កាន់​ម៉ូសេ​ថា​៖ ២  ​«​បើ​អ្នក​ណា​ម្នាក់​ធ្វើ​អំពើ​ខុស​ឆ្គង​និង​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា+ ដោយ​លួច ឬ​បោក​ប្រាស់ ឬ​កុហក​អ្នក​ជិត​ខាង​អំពី​អ្វី​ដែល​អ្នក​នោះ​បាន​ផ្ញើ+ ឬ​បញ្ចាំ ៣  ឬ​បើ​គាត់​រើស​បាន​របស់​ណា​មួយ តែ​កុហក​ថា​មិន​បាន​ឃើញ ឬ​ក៏​ស្បថ​មិន​ពិត​ក្នុង​រឿង​ណា​មួយ​ដែល​គាត់​បាន​ធ្វើ​ខុស+ គាត់​ត្រូវ​ធ្វើ​ដូច​ត​ទៅ​៖ ៤  អ្នក​ដែល​ធ្វើ​ខុស ហើយ​មាន​ទោស​នោះ ត្រូវ​សង​អ្វី​ដែល​គាត់​លួច អ្វី​ដែល​គាត់​កេង​ប្រវ័ញ្ច អ្វី​ដែល​គាត់​បោក​ប្រាស់ អ្វី​ដែល​គេ​ផ្ញើ ឬ​អ្វី​ដែល​គាត់​រើស​បាន ៥  ឬ​អ្វី​ដែល​គាត់​បាន​ស្បថ​មិន​ពិត គឺ​គាត់​ត្រូវ​សង​ទាំង​អស់​ដល់​ម្ចាស់​វិញ។+ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​ត្រូវ​ថែម​១​ភាគ​៥​ពី​លើ​តម្លៃ​នៃ​របស់​នោះ ហើយ​ត្រូវ​សង​នៅ​ថ្ងៃ​ដែល​គេ​រក​ឃើញ​ថា​គាត់​មាន​ទោស​តែ​ម្ដង។ ៦  គាត់​ត្រូវ​យក​ចៀម​ឈ្មោល​ដែល​ល្អ​ឥត​ខ្ចោះ​ទៅ​ប្រគល់​ឲ្យ​សង្ឃ ដើម្បី​ជូន​ព្រះ​យេហូវ៉ា​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង​របស់​គាត់ ស្រប​តាម​តម្លៃ​ដែល​បាន​ត្រូវ​កំណត់​ចំពោះ​គ្រឿង​បូជា​នោះ។+ ៧  បន្ទាប់​មក សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​បុគ្គល​នោះ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ ទោះ​បើ​គាត់​ធ្វើ​ខុស​ក្នុង​ករណី​ណា​មួយ​ក៏​ដោយ គាត់​នឹង​ទទួល​ការ​អភ័យ​ទោស​»។+ ៨  ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ៩  ​«​ចូរ​បង្គាប់​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់​ថា​៖ ‹ច្បាប់​សម្រាប់​ការ​ជូន​គ្រឿង​បូជា​ដុត​មាន​ដូច​ត​ទៅ​៖+ ត្រូវ​ទុក​គ្រឿង​បូជា​ដុត​នៅ​លើ​រាន​ទី​បូជា​ពេញ​មួយ​យប់​រហូត​ដល់​ព្រឹក ហើយ​ត្រូវ​មើល​ភ្លើង​ឲ្យ​នៅ​ឆេះ​ជា​និច្ច។ ១០  ឯ​សង្ឃ​វិញ គាត់​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​សង្ឃ​ដែល​ធ្វើ​ពី​ក្រណាត់​សាច់​ល្អ+ ហើយ​ត្រូវ​ស្លៀក​ខោ​ខ្លី​ពី​ក្រណាត់​សាច់​ល្អ+ដើម្បី​បិទ​បាំង​កេរ្តិ៍​ខ្មាស។ បន្ទាប់​មក គាត់​ត្រូវ​កើប​ផេះ+ពី​គ្រឿង​បូជា​ដុត ហើយ​ដាក់​ក្បែរ​ទី​បូជា។ ១១  រួច​គាត់​ត្រូវ​ផ្លាស់​សម្លៀក​បំពាក់+ ហើយ​យក​ផេះ​ទៅ​ចាក់​នៅ​កន្លែង​ស្អាត​បរិសុទ្ធ​ខាង​ក្រៅ​ជំរំ។+ ១២  ឯ​ភ្លើង​នៅ​លើ​ទី​បូជា ត្រូវ​ឆេះ​ជា​និច្ច មិន​ត្រូវ​ឲ្យ​រលត់​ឡើយ។ រៀង​រាល់​ព្រឹក សង្ឃ​ត្រូវ​ថែម​អុស+នៅ​លើ​ទី​បូជា ហើយ​ដាក់​គ្រឿង​បូជា​ដុត​នៅ​លើ​នោះ រួច​ដុត​ខ្លាញ់​នៃ​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ឲ្យ​ផ្សែង​ហុយ​ឡើង។+ ១៣  ត្រូវ​មើល​ភ្លើង​នៅ​លើ​ទី​បូជា​ឲ្យ​នៅ​ឆេះ​ជា​និច្ច មិន​ត្រូវ​ឲ្យ​រលត់​ឡើយ។ ១៤  ​«​‹ច្បាប់​សម្រាប់​ការ​ជូន​គ្រឿង​បូជា​ពី​ស្រូវ​មាន​ដូច​ត​ទៅ​៖+ កូន​ប្រុស​ៗ​របស់​អេរ៉ុន​ត្រូវ​ជូន​គ្រឿង​បូជា​នេះ​ចំពោះ​ព្រះ​យេហូវ៉ា នៅ​ខាង​មុខ​ទី​បូជា។ ១៥  ពួក​គាត់​ម្នាក់​ត្រូវ​យក​ម្សៅ​ម៉ដ្ឋ​មួយ​ក្ដាប់​ពី​គ្រឿង​បូជា​នោះ ដែល​មាន​ប្រេង​និង​ម្សៅ​ក្រអូប ទៅ​ដុត​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​ជា​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា។* ម្សៅ​នោះ​សម្រាប់​ជា​តំណាង​គ្រឿង​បូជា​នោះ​ទាំង​មូល។+ ១៦  ឯ​ចំណែក​ដែល​នៅ​សល់ អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់​នឹង​យក​ទៅ​ធ្វើ​ជា​នំ​ប៉័ង​ឥត​ដំបែ រួច​បរិភោគ​នៅ​កន្លែង​បរិសុទ្ធ គឺ​នៅ​ទី​ធ្លា​ត្រសាល​ជំនុំ។+ ១៧  ពួក​គាត់​មិន​ត្រូវ​លាយ​ចំណែក​នោះ​ជា​មួយ​ដំបែ​ឡើយ។+ ខ្ញុំ​បាន​ឲ្យ​ចំណែក​នោះ​ដល់​ពួក​គាត់​ពី​គ្រឿង​បូជា​ដុត​របស់​ខ្ញុំ។+ ចំណែក​នោះ​ជា​អ្វី​ដែល​បរិសុទ្ធ​បំផុត+ ដូច​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង និង​ដូច​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង​ដែរ។ ១៨  កូន​ប្រុស​ៗ​ទាំង​អស់​របស់​អេរ៉ុន​នឹង​បរិភោគ​ចំណែក​នោះ+ ជា​ចំណែក​ដែល​ដុត​ជូន​ព្រះ​យេហូវ៉ា ហើយ​ចំណែក​ពី​គ្រឿង​បូជា​នោះ​នឹង​បាន​ទៅ​ជា​របស់​ពួក​គាត់​គ្រប់​ជំនាន់​ត​ទៅ។+ អ្វី​ក៏​ដោយ​ដែល​ប៉ះ​នឹង​គ្រឿង​បូជា​ទាំង​នោះ​នឹង​បាន​ទៅ​ជា​បរិសុទ្ធ›​»។ ១៩  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ម្ដង​ទៀត​ទៅ​កាន់​ម៉ូសេ​ថា​៖ ២០  ​«​នេះ​ជា​គ្រឿង​បូជា​ដែល​អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់ ត្រូវ​ជូន​ព្រះ​យេហូវ៉ា​នៅ​ថ្ងៃ​ដែល​គាត់​បាន​ត្រូវ​ចាក់​ប្រេង​តែង​តាំង+ គឺ​ត្រូវ​ជូន​ម្សៅ​ម៉ដ្ឋ​១​ភាគ​១០​អេហ្វា*+ជា​គ្រឿង​បូជា​ពី​ស្រូវ ហើយ​ពួក​គាត់​ត្រូវ​ធ្វើ​ដូច្នេះ​ជា​និច្ច។+ គាត់​ត្រូវ​ជូន​ម្សៅ​នោះ​ពាក់​កណ្ដាល​នៅ​ពេល​ព្រឹក ពាក់​កណ្ដាល​នៅ​ពេល​ល្ងាច។ ២១  គាត់​ត្រូវ​ចម្អិន​ម្សៅ​នោះ​នឹង​ប្រេង​នៅ​ក្នុង​ខ្ទះ។+ បន្ទាប់​មក ត្រូវ​កាច់​ជា​ដុំ​ៗ ហើយ​ចាក់​ប្រេង​ពី​លើ រួច​ជូន​ជា​គ្រឿង​បូជា​ពី​ស្រូវ​ដែល​មាន​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា។* ២២  សង្ឃ​ដែល​នឹង​ត្រូវ​តែង​តាំង​ពី​ចំណោម​កូន​ប្រុស​របស់​គាត់​ឲ្យ​ធ្វើ​ជា​សង្ឃ​បន្ទាប់+ ត្រូវ​ជូន​គ្រឿង​បូជា​ដែល​ដុត​ទាំង​មូល ឲ្យ​ផ្សែង​ហុយ​ឡើង​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ នេះ​ជា​ច្បាប់​ដែល​នៅ​ស្ថិតស្ថេរ​ជា​រៀង​រហូត។ ២៣  គ្រប់​គ្រឿង​បូជា​ពី​ស្រូវ​ដែល​សង្ឃ​ត្រូវ​ជូន​នោះ គឺ​ត្រូវ​ដុត​ទាំង​អស់ មិន​ត្រូវ​បរិភោគ​ឡើយ​»។ ២៤  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​បន្ត​ទៀត​ថា​៖ ២៥  ​«​ចូរ​ប្រាប់​អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់​ថា​៖ ‹ច្បាប់​នៃ​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​មាន​ដូច​ត​ទៅ​៖+ សត្វ​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង ត្រូវ​សម្លាប់​នៅ​ចំពោះ​ព្រះ​យេហូវ៉ា នៅ​កន្លែង​ដែល​គេ​សម្លាប់​សត្វ​ជា​គ្រឿង​បូជា​ដុត។+ គ្រឿង​បូជា​នោះ​គឺ​បរិសុទ្ធ​បំផុត។ ២៦  សង្ឃ​ដែល​ជូន​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង នឹង​បរិភោគ​សាច់​សត្វ​នោះ+ ហើយ​ត្រូវ​បរិភោគ​នៅ​កន្លែង​បរិសុទ្ធ គឺ​នៅ​ទី​ធ្លា​ត្រសាល​ជំនុំ។+ ២៧  ​«​‹អ្វី​ក៏​ដោយ​ដែល​ប៉ះ​សាច់​សត្វ​នោះ នឹង​ទៅ​ជា​បរិសុទ្ធ។ បើ​ឈាម​សត្វ​នៃ​គ្រឿង​បូជា​ខ្ទាត​ទៅ​លើ​អាវ​អ្នក​ណា​ម្នាក់ នោះ​ត្រូវ​បោក​អាវ​ដែល​ប្រឡាក់​ឈាម​នោះ​នៅ​កន្លែង​បរិសុទ្ធ។ ២៨  បើ​ស្ងោរ​សាច់​នៅ​ក្នុង​ឆ្នាំង​ដី ក្រោយ​ស្ងោរ​រួច​ត្រូវ​បំបែក​ឆ្នាំង​នោះ​ចោល។ ប៉ុន្តែ បើ​ស្ងោរ​នៅ​ក្នុង​ឆ្នាំង​ស្ពាន់​វិញ ក្រោយ​ស្ងោរ​រួច​ត្រូវ​ដុស​លាង​សម្អាត​វា​នឹង​ទឹក។ ២៩  ​«​‹កូន​ប្រុស​ៗ​ទាំង​អស់​របស់​សង្ឃ​នឹង​បរិភោគ​សាច់​នោះ។+ គ្រឿង​បូជា​នោះ​ជា​អ្វី​ដែល​បរិសុទ្ធ​បំផុត។+ ៣០  ប៉ុន្តែ បើ​សង្ឃ​យក​ឈាម​ខ្លះ​ពី​សត្វ​នៃ​គ្រឿង​បូជា​នោះ ចូល​ក្នុង​ត្រសាល​ជំនុំ​សម្រាប់​ជម្រះ​ភាព​ខុស​ឆ្គង​ក្នុង​កន្លែង​បរិសុទ្ធ នោះ​មិន​ត្រូវ​បរិភោគ​សាច់​សត្វ​នោះ​ទេ+ តែ​ត្រូវ​ដុត​ទាំង​អស់​វិញ។

កំណត់សម្គាល់

ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​»​
គឺ​១​ភាគ​១០​អេហ្វា​ស្មើ​នឹង​២,២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​»​