ច្បាប់លេវី ៩:១-២៤

  • អេរ៉ុន​បាន​ជូន​គ្រឿង​បូជា (​១​-​២៤)

 លុះ​ដល់​ថ្ងៃ​ទី​៨+ ម៉ូសេ​បាន​ហៅ​អេរ៉ុន កូន​ប្រុស​ៗ​របស់​គាត់ និង​ពួក​បុរស​ចាស់​ទុំ​នៃ​អ៊ីស្រាអែល ឲ្យ​មក​ជួប។ ២  រួច​ម៉ូសេ​ប្រាប់​អេរ៉ុន​ថា​៖ ​«​ចូរ​យក​គោ​ស្ទាវ​ល្អ​ឥត​ខ្ចោះ​មួយ​ក្បាល​ដើម្បី​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង+ ហើយ​យក​ចៀម​ឈ្មោល​ល្អ​ឥត​ខ្ចោះ​មួយ​ក្បាល​ដើម្បី​ជូន​ជា​គ្រឿង​បូជា​ដុត។ ចូរ​ជូន​សត្វ​ទាំង​នោះ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ ៣  ប៉ុន្តែ អ្នក​ត្រូវ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹ចូរ​យក​ពពែ​ឈ្មោល​មួយ​ក្បាល​ដើម្បី​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង ហើយ​យក​គោ​អាយុ​មួយ​ខួប​ដែល​ល្អ​ឥត​ខ្ចោះ ព្រម​ទាំង​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ដែល​ល្អ​ឥត​ខ្ចោះ ដើម្បី​ជូន​ជា​គ្រឿង​បូជា​ដុត។ ៤  បន្ថែម​ទៅ​ទៀត ចូរ​យក​គោ​ឈ្មោល​មួយ​ក្បាល និង​ចៀម​ឈ្មោល​មួយ​ក្បាល ដើម្បី​ជូន​ជា​គ្រឿង​បូជា​នៃ​មេត្រី​ភាព។+ អ្នក​រាល់​គ្នា​ត្រូវ​យក​សត្វ​ទាំង​នេះ​មក​ជូន​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ អ្នក​រាល់​គ្នា​ក៏​ត្រូវ​យក​គ្រឿង​បូជា​ពី​ស្រូវ+ដែល​លាយ​ជា​មួយ​នឹង​ប្រេង​មក​ជូន​ដែរ ព្រោះ​នៅ​ថ្ងៃ​នេះ​ព្រះ​យេហូវ៉ា​នឹង​លេច​មក​ជួប​អ្នក​រាល់​គ្នា›​»។+ ៥  ឮ​ដូច្នេះ បណ្ដា​ជន​បាន​នាំ​យក​របស់​ទាំង​នោះ​មក​ជូន​នៅ​មុខ​ត្រសាល​ជំនុំ ដូច​ម៉ូសេ​បាន​បង្គាប់។ រួច​ពួក​គេ​ទាំង​អស់​បាន​នាំ​គ្នា​មក​ឈរ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ ៦  ម៉ូសេ​ប្រាប់​ពួក​គេ​ថា​៖ ​«​នេះ​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ ហើយ​ព្រះ​យេហូវ៉ា​នឹង​បង្ហាញ​សិរី​រុង​រឿង​របស់​លោក​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​»។+ ៧  បន្ទាប់​មក ម៉ូសេ​ប្រាប់​អេរ៉ុន​ថា​៖ ​«​ចូរ​ទៅ​ជិត​ទី​បូជា ហើយ​ជូន​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង+ និង​គ្រឿង​បូជា​ដុត រួច​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​ខ្លួន​អ្នក+ ព្រម​ទាំង​ក្រុម​គ្រួសារ*របស់​អ្នក។ អ្នក​ក៏​ត្រូវ​ជូន​គ្រឿង​បូជា​ឲ្យ​បណ្ដា​ជន+ ហើយ​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​ពួក​គេ​ដែរ+ ដូច​ព្រះ​យេហូវ៉ា​បាន​បង្គាប់​»។ ៨  ភ្លាម​នោះ អេរ៉ុន​បាន​ចូល​ទៅ​ជិត​ទី​បូជា ហើយ​សម្លាប់​គោ​ស្ទាវ ដើម្បី​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​របស់​គាត់។+ ៩  បន្ទាប់​មក កូន​ប្រុស​ៗ​របស់​អេរ៉ុន​យក​ឈាម​គោ​នោះ+មក​ឲ្យ​គាត់ ហើយ​គាត់​ក៏​ជ្រលក់​ចុង​ម្រាម​ដៃ​ក្នុង​ឈាម​នោះ រួច​យក​ទៅ​លាប​លើ​ស្នែង​ទី​បូជា។ ឯ​ឈាម​ដែល​នៅ​សល់ គាត់​យក​ទៅ​ចាក់​នៅ​ជើង​ទី​បូជា។+ ១០  រួច​គាត់​យក​ខ្លាញ់​សត្វ​នៃ​គ្រឿង​បូជា​នោះ ព្រម​ទាំង​តម្រង​នោម និង​ខ្លាញ់​ជាប់​ថ្លើម ទៅ​ដុត​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង ដូច​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ។+ ១១  ក្រោយ​នោះ គាត់​ក៏​យក​សាច់​និង​ស្បែក​វា​ទៅ​ដុត​នៅ​ខាង​ក្រៅ​ជំរំ។+ ១២  រួច​មក គាត់​សម្លាប់​ចៀម​ឈ្មោល​ដើម្បី​ជូន​ជា​គ្រឿង​បូជា​ដុត ហើយ​កូន​ប្រុស​ៗ​គាត់​យក​ឈាម​វា​ឲ្យ​គាត់ រួច​គាត់​យក​ឈាម​នោះ​ទៅ​ប្រោះ​លើ​ជញ្ជាំង​ទាំង​បួន​នៃ​ទី​បូជា។+ ១៣  បន្ទាប់​មក កូន​ប្រុស​ៗ​គាត់​យក​ដុំ​សាច់​ចៀម​នោះ​និង​ក្បាល​វា មក​ឲ្យ​គាត់ ហើយ​គាត់​ដុត​របស់​ទាំង​នោះ​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។ ១៤  បន្ថែម​ទៅ​ទៀត គាត់​លាង​ពោះ​វៀន និង​ជើង​របស់​វា ហើយ​យក​ទៅ​ដុត​ជា​មួយ​នឹង​ដុំ​សាច់​និង​ក្បាល​សត្វ​នោះ​ដែល​ជូន​ជា​គ្រឿង​បូជា​ដុត នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។ ១៥  បន្ទាប់​មក គាត់​ជូន​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​របស់​បណ្ដា​ជន។ គាត់​សម្លាប់​ពពែ​ដែល​ពួក​គេ​យក​មក ហើយ​ជូន​ពពែ​នោះ​ជា​គ្រឿង​បូជា​ដូច​ដែល​គាត់​ជូន​គោ​ស្ទាវ​ជា​គ្រឿង​បូជា​ដែរ។ ១៦  គាត់​បាន​ជូន​គ្រឿង​បូជា​ដុត​ស្រប​តាម​ការ​ណែនាំ​សម្រាប់​ការ​ជូន​គ្រឿង​បូជា​នោះ។+ ១៧  ក្រោយ​នោះ អេរ៉ុន​ជូន​គ្រឿង​បូជា​ពី​ស្រូវ+ ដោយ​យក​គ្រឿង​បូជា​នោះ​មួយ​ក្ដាប់​ទៅ​ដុត​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។ គ្រឿង​បូជា​នោះ​គឺ​បន្ថែម​ពី​លើ​គ្រឿង​បូជា​ដុត​ដែល​ជូន​នៅ​ពេល​ព្រឹក។+ ១៨  រួច​មក អេរ៉ុន​សម្លាប់​គោ​ឈ្មោល​និង​ចៀម​ឈ្មោល ដើម្បី​ជូន​ជា​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ឲ្យ​បណ្ដា​ជន។ បន្ទាប់​មក កូន​ប្រុស​ៗ​គាត់​យក​ឈាម​វា​មក​ឲ្យ​គាត់ រួច​គាត់​យក​ឈាម​នោះ​ទៅ​ប្រោះ​លើ​ជញ្ជាំង​ទាំង​បួន​នៃ​ទី​បូជា។+ ១៩  ពួក​គាត់​ក៏​យក​ខ្លាញ់​គោ+ ព្រម​ទាំង​កន្ទុយ​ចៀម​ជាប់​ខ្លាញ់ ខ្លាញ់​ស្រោប​គ្រឿង​ក្នុង ខ្លាញ់​ជាប់​ថ្លើម និង​តម្រង​នោម+ ២០  ទៅ​ដាក់​លើ​សាច់​ទ្រូង ហើយ​អេរ៉ុន​យក​ខ្លាញ់​ទាំង​នោះ​ទៅ​ដុត​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។+ ២១  ចំណែក​សាច់​ទ្រូង​និង​ជើង​ស្ដាំ អេរ៉ុន​លើក​រេ​ចុះ​រេ​ឡើង​ជូន​ជា​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ដូច​ម៉ូសេ​បាន​បង្គាប់។+ ២២  ក្រោយ​ពី​បាន​ជូន​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង គ្រឿង​បូជា​ដុត និង​គ្រឿង​បូជា​នៃ​មេត្រី​ភាព អេរ៉ុន​ក៏​លើក​ដៃ​តម្រង់​ទៅ​ឯ​បណ្ដា​ជន ហើយ​ឲ្យ​ពរ​ពួក​គេ+ រួច​ចុះ​ពី​ទី​បូជា​មក​វិញ។ ២៣  ក្រោយ​មក ម៉ូសេ​និង​អេរ៉ុន​បាន​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ហើយ​ពេល​ពួក​គាត់​ចេញ​មក​វិញ ពួក​គាត់​បាន​ឲ្យ​ពរ​បណ្ដា​ជន។+ ពេល​នោះ សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​ក៏​លេច​មក​ឲ្យ​បណ្ដា​ជន​ទាំង​អស់​ឃើញ+ ២៤  ហើយ​ភ្លើង​ពី​ព្រះ​យេហូវ៉ា​បាន​ធ្លាក់​មក+បញ្ឆេះ​គ្រឿង​បូជា​ដុត និង​ខ្លាញ់​ដែល​នៅ​លើ​ទី​បូជា។ ពេល​បណ្ដា​ជន​ឃើញ​ដូច្នេះ ពួក​គេ​ក៏​ស្រែក​ឡើង ហើយ​ឱន​ខ្លួន​ក្រាប​ក្បាល​ដល់​ដី។+

កំណត់សម្គាល់

ឬ​«​កុល​សម្ព័ន្ធ​»​