ជំរឿនបណ្ដាជន ១០:១-៣៦

  • ត្រែ​ធ្វើ​ពី​ប្រាក់ (​១​-​១០)

  • ការ​ចាក​ចេញ​ពី​ស៊ីណាយ (​១១​-​១៣)

  • ការ​ដើរ​ជា​ក្បួន​ដោយ​មាន​របៀប​រៀប​រយ (​១៤​-​២៨)

  • ហូបាប់​បាន​ត្រូវ​សុំ​ឲ្យ​នាំ​ផ្លូវ​ជន​ជាតិ​អ៊ីស្រាអែល (​២៩​-​៣៤)

  • ការ​អធិដ្ឋាន​របស់​ម៉ូសេ​ពេល​ដែល​រើ​ជំរំ (​៣៥, ៣៦)

១០  បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថា​៖ ២  ​«​ចូរ​យក​ប្រាក់​មក​ដំ​ធ្វើ​ជា​ត្រែ​ពីរ+ ដើម្បី​ផ្លុំ​ហៅ​បណ្ដា​ជន​ឲ្យ​មក​ជួប​ជុំ​គ្នា និង​ដើម្បី​ផ្លុំ​ជា​សញ្ញា​រើ​ជំរំ។ ៣  ពេល​ឮ​សំឡេង​ត្រែ​ទាំង​ពីរ​នោះ ពួក​ជំនុំ​ត្រូវ​មូល​គ្នា​មក​ឯ​អ្នក នៅ​ត្រង់​ច្រក​ចូល​ត្រសាល​ជំនុំ។+ ៤  ប៉ុន្តែ បើ​ឮ​សំឡេង​ត្រែ​តែ​មួយ មាន​តែ​ពួក​មេ​ដឹក​នាំ​ដែល​ជា​មេ​លើ​១.០០០​នាក់​ប៉ុណ្ណោះ ត្រូវ​មូល​មក​ឯ​អ្នក។+ ៥  ​«​ពេល​ដែល​គេ​ផ្លុំ​ត្រែ​ឲ្យ​ឮ​សំឡេង​ញាប់​រន្ថាន់ នោះ​ជា​សញ្ញា​ឲ្យ​ពួក​អ្នក​ដែល​បោះ​ជំរំ​នៅ​ប៉ែក​ខាង​កើត+ចេញ​ដំណើរ។ ៦  ពេល​ដែល​គេ​ផ្លុំ​ត្រែ​ឲ្យ​ឮ​សំឡេង​ញាប់​រន្ថាន់​ជា​លើក​ទី​២ នោះ​ជា​សញ្ញា​ឲ្យ​ពួក​អ្នក​ដែល​បោះ​ជំរំ​នៅ​ប៉ែក​ខាង​ត្បូង+ចេញ​ដំណើរ។ គេ​ត្រូវ​ផ្លុំ​ត្រែ​តាម​របៀប​នេះ​រាល់​ដង មុន​នឹង​ចេញ​ដំណើរ។ ៧  ​«​ប៉ុន្តែ ពេល​ដែល​ផ្លុំ​ត្រែ​ហៅ​ពួក​ជំនុំ​មក​ជួប​ជុំ​គ្នា+ មិន​ចាំ​បាច់​ផ្លុំ​ឲ្យ​ឮ​សំឡេង​ញាប់​រន្ថាន់​ទេ។ ៨  កូន​ប្រុស​ៗ​របស់​អេរ៉ុន​ដែល​ជា​សង្ឃ​ត្រូវ​ផ្លុំ​ត្រែ​ទាំង​នេះ។+ នេះ​នឹង​ទៅ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​តាម​នៅ​គ្រប់​ជំនាន់​ត​រៀង​ទៅ។ ៩  ​«​បើ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ពួក​អ្នក​សង្កត់​សង្កិន​ដែល​តែង​មក​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ស្រុក នោះ​ត្រូវ​ផ្លុំ​ត្រែ​ជា​សញ្ញា​សង្គ្រាម+ ហើយ​ព្រះ​យេហូវ៉ា​នឹង​នឹក​ឃើញ​អ្នក​រាល់​គ្នា រួច​លោក​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​យក​ឈ្នះ​ពួក​សត្រូវ។ ១០  ​«​អ្នក​រាល់​គ្នា​ក៏​ត្រូវ​ផ្លុំ​ត្រែ​ក្នុង​ឱកាស​សប្បាយ​រីក​រាយ​ដែរ+ គឺ​នៅ​ថ្ងៃ​បុណ្យ​ផ្សេង​ៗ​+ និង​នៅ​រៀង​រាល់​ដើម​ខែ ពេល​ជូន​គ្រឿង​បូជា​ដុត+ និង​គ្រឿង​បូជា​នៃ​មេត្រី​ភាព។+ សំឡេង​ត្រែ​នោះ​នឹង​ធ្វើ​ឲ្យ​ព្រះ​នឹក​ឃើញ​អ្នក​រាល់​គ្នា។ ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​»។+ ១១  នៅ​ថ្ងៃ​ទី​២០ ខែ​ទី​២ ក្នុង​ឆ្នាំ​ទី​២+ បង្គោល​ពពក​បាន​ឡើង​ផុត​ពី​ត្រសាល​ជំនុំ+ដែល​មាន​ហឹប​នៃ​សេចក្ដី​រំលឹក។ ១២  ដូច្នេះ បណ្ដា​ជន​អ៊ីស្រាអែល​បាន​ធ្វើ​ដំណើរ​ចេញ​ពី​តំបន់​ស្ងាត់​ជ្រងំ​ស៊ីណាយ​តាម​លំដាប់​លំដោយ។+ ពេល​ទៅ​ដល់​តំបន់​ស្ងាត់​ជ្រងំ​ប៉ារ៉ាន បង្គោល​ពពក​ក៏​ឈប់​នៅ​ទី​នោះ។+ ១៣  នេះ​ជា​លើក​ទី​១​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ចេញ​ទៅ តាម​បង្គាប់​ព្រះ​យេហូវ៉ា​តាម​រយៈ​ម៉ូសេ។+ ១៤  ដូច្នេះ ក្រុម​កុលសម្ព័ន្ធ​បី​ដែល​មាន​កុលសម្ព័ន្ធ​យូដា​ជា​អ្នក​នាំ​មុខ បាន​ធ្វើ​ដំណើរ​ចេញ​ទៅ​មុន​គេ​បង្អស់ ដោយ​មាន​ណាសូន+ជា​កូន​អាមីណាដាប​ជា​មេ​ដឹក​នាំ។ ១៥  ក្នុង​ក្រុម​នោះ​មាន​កុលសម្ព័ន្ធ​អ៊ីសាខារ មេ​ដឹក​នាំ​ពួក​គេ​គឺ​នេថានេល+ជា​កូនសួអា។ ១៦  ក្នុង​ក្រុម​នោះ​ក៏​មាន​កុលសម្ព័ន្ធ​សេប៊ូឡូន​ដែរ ហើយ​មេ​ដឹក​នាំ​ពួក​គេ​គឺ​អេលាប+ជា​កូន​ហេឡន។ ១៧  ពេល​ដែល​រុះ​ត្រសាល​ជំនុំ​រួច​រាល់​ហើយ+ កូន​ចៅ​គើសុន+និង​កូន​ចៅ​មេរេរ៉ាយ+ ក៏​សែង​ប្រដាប់​ប្រដា​ទាំង​នោះ ហើយ​ធ្វើ​ដំណើរ​ចេញ​ទៅ។ ១៨  បន្ទាប់​មក ក្រុម​កុលសម្ព័ន្ធ​បី​ដែល​មាន​កុលសម្ព័ន្ធ​រូបេន​ជា​អ្នក​នាំ​មុខ បាន​ធ្វើ​ដំណើរ​ចេញ​ទៅ ដោយ​មាន​អេលីសឺ+ជា​កូន​សេដេអឺ​ជា​មេ​ដឹក​នាំ។ ១៩  ក្នុង​ក្រុម​នោះ​មាន​កុលសម្ព័ន្ធ​ស៊ីម្មាន មេ​ដឹក​នាំ​ពួក​គេ​គឺ​សេឡូមៀល+ជា​កូន​ស៊ូរីសាដាយ។ ២០  ក្នុង​ក្រុម​នោះ​ក៏​មាន​កុលសម្ព័ន្ធ​កាដ​ដែរ ហើយ​មេ​ដឹក​នាំ​ពួក​គេ​គឺ​អេឡាយអាសាប+ជា​កូន​ឌូអែល។ ២១  បន្ទាប់​មក កូន​ចៅ​កូហាត​បាន​សែង​ប្រដាប់​ប្រដា​សម្រាប់​កន្លែង​បរិសុទ្ធ+ រួច​ធ្វើ​ដំណើរ​ចេញ​ទៅ។ មុន​ពួក​គេ​ទៅ​ដល់ ត្រូវ​ដំឡើង​ត្រសាល​ជំនុំ​ឲ្យ​រួច​រាល់​សិន។ ២២  បន្ទាប់​មក ក្រុម​កុលសម្ព័ន្ធ​បី​ដែល​មាន​កុលសម្ព័ន្ធ​អេប្រាអ៊ីម​ជា​អ្នក​នាំ​មុខ បាន​ធ្វើ​ដំណើរ​ចេញ​ទៅ ដោយ​មាន​អេលីសាម៉ា+ជា​កូន​អាំម៉ាយហ៊ូត​ជា​មេ​ដឹក​នាំ។ ២៣  ក្នុង​ក្រុម​នោះ​មាន​កុលសម្ព័ន្ធ​ម៉ាណាសេ មេ​ដឹក​នាំ​ពួក​គេ​គឺ​កាម៉េលាល+ជា​កូន​ភេដាសឺ។ ២៤  ក្នុង​ក្រុម​នោះ​ក៏​មាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដែរ ហើយ​មេ​ដឹក​នាំ​ពួក​គេ​គឺ​អាប៊ីដាន+ជា​កូន​គីឌីអូណាយ។ ២៥  ក្រោយ​បង្អស់ ក្រុម​កុលសម្ព័ន្ធ​បី​ដែល​មាន​កុលសម្ព័ន្ធ​ដាន់​ជា​អ្នក​នាំ​មុខ បាន​ធ្វើ​ដំណើរ​ចេញ​ទៅ ដោយ​មាន​អាហាយអ៊ីសឺ+ជា​កូន​អាំមីសាដាយ​ជា​មេ​ដឹក​នាំ។ ពួក​គេ​មាន​ភារកិច្ច​ការ​ពារ​ពី​ខាង​ក្រោយ។ ២៦  ក្នុង​ក្រុម​នោះ​មាន​កុលសម្ព័ន្ធ​អេស៊ើរ មេ​ដឹក​នាំ​ពួក​គេ​គឺ​ផាគាល+ជា​កូន​អូក្រាន។ ២៧  ក្នុង​ក្រុម​នោះ​ក៏​មាន​កុលសម្ព័ន្ធ​ណែបថាលី​ដែរ ហើយ​មេ​ដឹក​នាំ​ពួក​គេ​គឺ​អាហាយរ៉ា+ជា​កូន​អេណាន់។ ២៨  ដូច្នេះ ពេល​បណ្ដា​ជន​អ៊ីស្រាអែល​ចាក​ចេញ​ទៅ ពួក​គេ​ធ្វើ​ដំណើរ​តាម​លំដាប់​លំដោយ តាម​ក្រុម​ពួក​គេ​នីមួយ​ៗ។+ ២៩  បន្ទាប់​មក ម៉ូសេ​បាន​និយាយ​ទៅ​កាន់​ហូបាប់​ជា​កូន​រូអាល់។*+ រូអាល់​ជា​ជន​ជាតិ​ម៉ាឌាន ត្រូវ​ជា​ឪពុក​ក្មេក​របស់​ម៉ូសេ។ ម៉ូសេ​បាន​ប្រាប់​ហូបាប់​ថា​៖ ​«​ពួក​យើង​កំពុង​ចេញ​ដំណើរ​ទៅ​កន្លែង​ដែល​ព្រះ​យេហូវ៉ា​សន្យា​ប្រគល់​ឲ្យ​ពួក​យើង។+ សូម​អញ្ជើញ​ទៅ​ជា​មួយ​នឹង​ពួក​យើង+ ពួក​យើង​នឹង​ប្រព្រឹត្ត​ល្អ​ចំពោះ​អ្នក។ ព្រោះ​ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​នឹង​ប្រគល់​អ្វី​ល្អ​ៗ​ដល់​បណ្ដា​ជន​អ៊ីស្រាអែល​»។+ ៣០  ប៉ុន្តែ ហូបាប់​បាន​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​មិន​ទៅ​ទេ។ ខ្ញុំ​នឹង​ត្រឡប់​ទៅ​ស្រុក​កំណើត​ខ្ញុំ​និង​ញាតិ​សន្ដាន​របស់​ខ្ញុំ​វិញ​»។ ៣១  ប៉ុន្តែ ម៉ូសេ​អង្វរ​ថា​៖ ​«​សូម​កុំ​ត្រឡប់​ទៅ​វិញ​ឡើយ សូម​ធ្វើ​ជា​អ្នក​ណែនាំ​ពួក​យើង ព្រោះ​អ្នក​ដឹង​ថា​គួរ​បោះ​ជំរំ​នៅ​ទី​ណា​ក្នុង​តំបន់​ស្ងាត់​ជ្រងំ។ ៣២  បើ​អ្នក​ព្រម​ទៅ​ជា​មួយ​យើង+ ពរ​ណា​ដែល​យើង​ទទួល​ពី​ព្រះ​យេហូវ៉ា អ្នក​ក៏​នឹង​ទទួល​ដែរ​»។ ៣៣  ដូច្នេះ ពួក​គេ​ក៏​ចេញ​ពី​ភ្នំ​នៃ​ព្រះ​យេហូវ៉ា+ ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បី​ថ្ងៃ​ដើម្បី​រក​កន្លែង​សម្រាក ហើយ​ហឹប+នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា​នាំ​មុខ​ពួក​គេ។+ ៣៤  នៅ​ពេល​ថ្ងៃ ពេល​ដែល​ពួក​គេ​ចេញ​ទៅ បង្គោល​ពពក​របស់​ព្រះ​យេហូវ៉ា+នៅ​ពី​លើ​ពួក​គេ។ ៣៥  ពេល​ដែល​គេ​សែង​ហឹប​នោះ ម៉ូសេ​តែង​និយាយ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​លោក​អញ្ជើញ​ក្រោក​ឡើង+ សូម​លោក​ធ្វើ​ឲ្យ​សត្រូវ​របស់​លោក​ខ្ចាត់​ខ្ចាយ ហើយ​សូម​ឲ្យ​ពួក​អ្នក​ដែល​ស្អប់​លោក រត់​ចេញ​ពី​លោក​ទៅ​»។ ៣៦  ពេល​ដែល​គេ​ដាក់​ហឹប​នោះ​ចុះ ម៉ូសេ​តែង​និយាយ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​លោក​អញ្ជើញ​ត្រឡប់​មក​រក​ពួក​អ៊ីស្រាអែល​ដ៏​ច្រើន​ឥត​គណនា​នេះ​វិញ​ផង​»។+

កំណត់សម្គាល់

នេះ​សំដៅ​លើ​យេតរ៉ូ