ជំរឿនបណ្ដាជន ១១:១-៣៥

  • ការ​ត្អូញត្អែរ​នាំ​ឲ្យ​មាន​ភ្លើង​ពី​ព្រះ (​១​-​៣)

  • បណ្ដា​ជន​យំ​សុំ​សាច់ (​៤​-​៩)

  • ម៉ូសេ​មាន​អារម្មណ៍​ថា​ខ្វះ​សមត្ថភាព (​១០​-​១៥)

  • ព្រះ​យេហូវ៉ា​ឲ្យ​ឫទ្ធានុភាព​ដល់​អ្នក​ចាស់​ទុំ​៧០​នាក់ (​១៦​-​២៥)

  • អែលដាត​និង​មេដាត។ យ៉ូស្វេ​មាន​ចិត្ត​ច្រណែន​ជំនួស​ម៉ូសេ (​២៦​-​៣០)

  • ព្រះ​បាន​ធ្វើ​ឲ្យ​ហ្វូង​សត្វ​ក្រួច​មក ហើយ​បណ្ដា​ជន​បាន​ត្រូវ​ដាក់​ទោស​ដោយ​សារ​ចិត្ត​លោភ​លន់ (​៣១​-​៣៥)

១១  គ្រា​នោះ បណ្ដា​ជន​ចាប់​ផ្ដើម​ត្អូញត្អែរ​ឥត​ឈប់​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ ពេល​ព្រះ​យេហូវ៉ា​ឮ​ពាក្យ​ត្អូញត្អែរ​ទាំង​នោះ លោក​ខឹង​នឹង​ពួក​គេ​យ៉ាង​ខ្លាំង។ ដូច្នេះ ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​មាន​ភ្លើង​ធ្លាក់​មក​ឆាប​ឆេះ​ពួក​គេ​ខ្លះ​ដែល​រស់​នៅ​ជាយ​ជំរំ។ ២  ពេល​នោះ បណ្ដា​ជន​បាន​ស្រែក​សុំ​ឲ្យ​ម៉ូសេ​ជួយ។ ដូច្នេះ ម៉ូសេ​ក៏​អង្វរ​ព្រះ​យេហូវ៉ា+ ហើយ​ភ្លើង​បាន​រលត់​ទៅ។ ៣  ហេតុ​នេះ គេ​បាន​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា ថាបេរ៉ា* ព្រោះ​ភ្លើង​ពី​ព្រះ​យេហូវ៉ា​បាន​ធ្លាក់​មក​បំផ្លាញ​ពួក​គេ​នៅ​ទី​នោះ។+ ៤  ក្រោយ​មក ជន​បរទេស+ដែល​រួម​ដំណើរ​ជា​មួយ​នឹង​បណ្ដា​ជន​អ៊ីស្រាអែល ចាប់​ផ្ដើម​មាន​ចិត្ត​លោភ​លន់។+ ម្ល៉ោះ​ហើយ បណ្ដា​ជន​អ៊ីស្រាអែល​ក៏​ចាប់​ផ្ដើម​យំ​ម្ដង​ទៀត ហើយ​និយាយ​ថា​៖ ​«​តើ​អ្នក​ណា​នឹង​ឲ្យ​សាច់​យើង​បរិភោគ​ទៅ?+ ៥  កាល​ដែល​យើង​នៅ​ស្រុក​អេហ្ស៊ីប យើង​ធ្លាប់​បរិភោគ​ត្រី ត្រសក់ ឪឡឹក ខ្ទឹម​ខ្យល់ ខ្ទឹម​បារាំង និង​ខ្ទឹម​ស។ យើង​បរិភោគ​ទាំង​អស់​ដោយ​មិន​ចាំ​បាច់​ទិញ​ទេ!+ ៦  ប៉ុន្តែ ឥឡូវ​យើង​គ្មាន​កម្លាំង​ទេ ព្រោះ​គ្មាន​អ្វី​បរិភោគ មាន​តែ​ម៉ាណា​ប៉ុណ្ណោះ​»។+ ៧  ឯ​ម៉ាណា+មាន​សណ្ឋាន​ដូច​ជា​គ្រាប់​ជីរ​វ៉ាន់ស៊ុយ+ និង​មើល​ទៅ​ដូច​ជា​ជ័រ​ក្រអូប​ដេលាម។ ៨  បណ្ដា​ជន​តែង​តែ​ចេញ​ទៅ​រើស​ម៉ាណា ហើយ​យក​ទៅ​កិន​ឬ​បុក។ បន្ទាប់​មក យក​ទៅ​ស្ងោរ​ក្នុង​ឆ្នាំង​ឬ​ធ្វើ​ជា​នំ​មូល​ៗ។+ នំ​ទាំង​នោះ​មាន​រស​ជាតិ​ដូច​ជា​នំ​ផ្អែម​លាយ​ប្រេង។ ៩  នា​ពេល​យប់ ពេល​ដែល​ទឹក​សន្សើម​ធ្លាក់​មក​លើ​ជំរំ ម៉ាណា​ក៏​ធ្លាក់​មក​ដែរ។+ ១០  គ្រួសារ​នីមួយ​ៗ​ចាប់​ផ្ដើម​ស្រែក​យំ ហើយ​ពួក​គេ​ម្នាក់​ៗ​នៅ​មាត់​ទ្វារ​ត្រសាល​របស់​ខ្លួន។ ពេល​ឮ​សម្រែក​យំ​នោះ ព្រះ​យេហូវ៉ា​ខឹង​នឹង​ពួក​គេ​ខ្លាំង​ណាស់+ ហើយ​ម៉ូសេ​មិន​ពេញ​ចិត្ត​ទាល់​តែ​សោះ។ ១១  ដូច្នេះ ម៉ូសេ​សួរ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ហេតុ​អ្វី​ក៏​លោក​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ដូច្នេះ? តើ​លោក​មិន​ពេញ​ចិត្ត​នឹង​ខ្ញុំ​ទេ​ឬ បាន​ជា​លោក​ឲ្យ​បណ្ដា​ជន​ទាំង​នេះ​ជា​បន្ទុក​ដល់​ខ្ញុំ​យ៉ាង​នេះ?+ ១២  តើ​ខ្ញុំ​ជា​ម្ដាយ​ពួក​គេ​ឬ? តើ​ខ្ញុំ​បាន​បង្កើត​ពួក​គេ​ឬ បាន​ជា​លោក​ប្រាប់​ខ្ញុំ​ឲ្យ​‹បី​ពួក​គេ​ដូច​ជា​អ្នក​មើល​ថែ​កូន› ហើយ​នាំ​ពួក​គេ​ទៅ​ស្រុក​ដែល​លោក​បាន​សន្យា​ឲ្យ​បុព្វ​បុរស​របស់​ពួក​គេ​ដូច្នេះ?+ ១៣  តើ​ខ្ញុំ​ត្រូវ​យក​សាច់​ពី​ណា​មក​ឲ្យ​បណ្ដា​ជន​ទាំង​នេះ? ព្រោះ​ពួក​គេ​ចេះ​តែ​ស្រែក​យំ​ថា​៖ ‹ឲ្យ​សាច់​មក​យើង​បរិភោគ​ផង!›។ ១៤  ខ្ញុំ​មិន​អាច​ទ្រាំ​ទ្រ​នឹង​បណ្ដា​ជន​ទាំង​នេះ​តែ​ម្នាក់​ឯង​បាន​ទេ។ វា​ហួស​ពី​កម្លាំង​ខ្ញុំ​ហើយ។+ ១៥  បើ​លោក​ធ្វើ​ដូច្នេះ​ចំពោះ​ខ្ញុំ សូម​សម្លាប់​ខ្ញុំ​តែ​ម្ដង​ទៅ។+ បើ​លោក​ពេញ​ចិត្ត​នឹង​ខ្ញុំ​មែន សូម​កុំ​ឲ្យ​ខ្ញុំ​ជួប​ទុក្ខ​លំបាក​ត​ទៅ​ទៀត​»។ ១៦  ព្រះ​យេហូវ៉ា​បាន​ឆ្លើយ​ទៅ​ម៉ូសេ​ថា​៖ ​«​ចូរ​ប្រមូល​បុរស​ចាស់​ទុំ​នៃ​អ៊ីស្រាអែល​៧០​នាក់​មក​ឯ​ខ្ញុំ ជា​ពួក​បុរស​ដែល​អ្នក​ស្គាល់​ច្បាស់​ថា​ជា​បុរស​ចាស់​ទុំ និង​ជា​អ្នក​ដឹក​នាំ​បណ្ដា​ជន។+ ចូរ​នាំ​ពួក​គេ​ទៅ​ឈរ​នៅ​ត្រសាល​ជំនុំ​ជា​មួយ​នឹង​អ្នក។ ១៧  ខ្ញុំ​នឹង​ចុះ​ទៅ+និយាយ​ជា​មួយ​នឹង​អ្នក​នៅ​ទី​នោះ+ ហើយ​ខ្ញុំ​នឹង​ដក​យក​ឫទ្ធានុភាព+ខ្លះ​របស់​ខ្ញុំ​ចេញ​ពី​អ្នក យក​ទៅ​ដាក់​លើ​ពួក​គេ។ ពួក​គេ​នឹង​ជួយ​សម្រាល​បន្ទុក​អ្នក​ក្នុង​ការ​មើល​ខុស​ត្រូវ​បណ្ដា​ជន ដើម្បី​កុំ​ឲ្យ​អ្នក​ទទួល​បន្ទុក​តែ​ម្នាក់​ឯង​ទៀត។+ ១៨  អ្នក​ត្រូវ​ប្រាប់​បណ្ដា​ជន​ថា​៖ ‹ចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ជា​បរិសុទ្ធ​សម្រាប់​ថ្ងៃ​ស្អែក។+ អ្នក​រាល់​គ្នា​នឹង​បាន​សាច់​បរិភោគ​ជា​ប្រាកដ ព្រោះ​ព្រះ​យេហូវ៉ា​បាន​ឮ​សម្រែក​យំ​របស់​អ្នក​រាល់​គ្នា​ហើយ+ ដែល​ថា​៖ ​«​តើ​អ្នក​ណា​នឹង​ឲ្យ​សាច់​យើង​បរិភោគ​ទៅ? ស៊ូ​ឲ្យ​យើង​រស់​នៅ​ស្រុក​អេហ្ស៊ីប​វិញ​ប្រសើរ​ជាង​»។+ ព្រះ​យេហូវ៉ា​នឹង​ឲ្យ​សាច់​ដល់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​បរិភោគ​ជា​មិន​ខាន។+ ១៩  អ្នក​រាល់​គ្នា​មិន​គ្រាន់​តែ​បរិភោគ​មួយ​ថ្ងៃ ២​ថ្ងៃ ៥​ថ្ងៃ ១០​ថ្ងៃ ឬ​២០​ថ្ងៃ​ប៉ុណ្ណោះ​ទេ ២០  តែ​នឹង​បរិភោគ​ពេញ​មួយ​ខែ​វិញ រហូត​ដល់​សាច់​ចេញ​តាម​រន្ធ​ច្រមុះ ហើយ​អ្នក​រាល់​គ្នា​នឹង​ខ្ពើម​រអើម​សាច់​ទាំង​នោះ។+ ព្រោះ​អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ស្រែក​យំ​នៅ​ចំពោះ​លោក​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​យើង​ចេញ​ពី​ស្រុក​អេហ្ស៊ីប​ដូច្នេះ?​»​›​»។+ ២១  បន្ទាប់​មក ម៉ូសេ​បាន​និយាយ​ថា​៖ ​«​ក្នុង​ចំណោម​ពួក​ខ្ញុំ​មាន​ពួក​បុរស​ខ្លាំង​ពូកែ​ចំនួន​៦០០.០០០​នាក់+ តែ​លោក​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​នឹង​ឲ្យ​សាច់​ពួក​គេ​បរិភោគ​ពេញ​មួយ​ខែ›។ ២២  ទោះ​បើ​សម្លាប់​ហ្វូង​ចៀម ហ្វូង​ពពែ និង​ហ្វូង​គោ​ឲ្យ​ពួកគេ​បរិភោគ​ក៏​ដោយ តើ​នឹង​ល្មម​គ្រប់​គ្រាន់​ទេ? ទោះ​បី​ចាប់​ត្រី​ទាំង​អស់​ពី​សមុទ្រ​ក្ដី តើ​នឹង​ល្មម​ឲ្យ​ពួក​គេ​បរិភោគ​ដែរ​ឬ?​»។ ២៣  បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​៖ ​«​តើ​រឿង​នេះ​ពិបាក​ពេក​សម្រាប់​ខ្ញុំ​ជា​យេហូវ៉ា​ឬ?+ អ្នក​នឹង​ឃើញ​ថា​អ្វី​ដែល​ខ្ញុំ​បាន​ប្រាប់​នឹង​កើត​ឡើង​មែន​ឬ​មិន​មែន​»។ ២៤  ដូច្នេះ ម៉ូសេ​បាន​ចេញ​ទៅ​ប្រាប់​បណ្ដា​ជន​អំពី​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា ហើយ​ប្រមូល​ពួក​បុរស​ចាស់​ទុំ​នៃ​អ៊ីស្រាអែល​៧០​នាក់ រួច​ឲ្យ​ពួក​គេ​មក​ឈរ​ជុំ​វិញ​ត្រសាល​ជំនុំ។+ ២៥  បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​ចុះ​មក​ក្នុង​ពពក+ ហើយ​និយាយ​ជា​មួយ​នឹង​ម៉ូសេ។+ រួច​លោក​ដក​យក​ឫទ្ធានុភាព+ខ្លះ​ពី​ម៉ូសេ ទៅ​ដាក់​លើ​ពួក​បុរស​ចាស់​ទុំ​ទាំង​៧០​នាក់​នោះ។ ពេល​ដែល​ពួក​គេ​បាន​ទទួល​ឫទ្ធានុភាព​របស់​ព្រះ​ភ្លាម ពួក​គេ​ចាប់​ផ្ដើម​ប្រព្រឹត្ត​ដូច​ជា​អ្នក​ប្រកាស​ទំនាយ*+ តែ​មិន​បាន​ប្រព្រឹត្ត​ដូច្នោះ​ម្ដង​ទៀត​ទេ។ ២៦  ពេល​នោះ មាន​បុរស​ចាស់​ទុំ​ពីរ​នាក់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី គឺ​អែលដាត​និង​មេដាត។ ពួក​គេ​នៅ​ក្នុង​ជំរំ​នៅ​ឡើយ កាល​ដែល​ពួក​បុរស​ចាស់​ទុំ​ឯ​ទៀត​ទៅ​ជួប​ជុំ​គ្នា​នៅ​ត្រសាល​ជំនុំ។ ពួក​គេ​ក៏​ទទួល​ឫទ្ធានុភាព​ពី​ព្រះ​ដូច​ពួក​បុរស​ចាស់​ទុំ​ឯ​ទៀត​ដែរ ហើយ​ចាប់​ផ្ដើម​ប្រព្រឹត្ត​ដូច​ជា​អ្នក​ប្រកាស​ទំនាយ​នៅ​ក្នុង​ជំរំ។ ២៧  ឃើញ​ដូច្នោះ យុវជន​ម្នាក់​បាន​រត់​ទៅ​ប្រាប់​ម៉ូសេ​ថា​៖ ​«​អែលដាត​និង​មេដាត​កំពុង​ប្រព្រឹត្ត​ដូច​ជា​អ្នក​ប្រកាស​ទំនាយ​នៅ​ក្នុង​ជំរំ​ហើយ!​»។ ២៨  បន្ទាប់​មក យ៉ូស្វេ+ជា​កូន​របស់​នុន ដែល​បម្រើ​ម៉ូសេ​តាំង​ពី​ក្មេង បាន​ប្រាប់​ម៉ូសេ​ថា​៖ ​«​លោក​ម្ចាស់ សូម​ឃាត់​ពួក​គេ​ទៅ!​»។+ ២៩  ប៉ុន្តែ ម៉ូសេ​តប​ទៅ​វិញ​ថា​៖ ​«​តើ​អ្នក​ច្រណែន​ជំនួស​ខ្ញុំ​ឬ? កុំ​ឡើយ! ខ្ញុំ​ចង់​ឲ្យ​រាស្ត្រ​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​ធ្វើ​ជា​អ្នក​ប្រកាស​ទំនាយ ហើយ​ក៏​ចង់​ឲ្យ​ពួក​គេ​ទទួល​ឫទ្ធានុភាព​ពី​ព្រះ​យេហូវ៉ា​ដែរ​»។ ៣០  ក្រោយ​មក ម៉ូសេ​និង​ពួក​បុរស​ចាស់​ទុំ​នៃ​អ៊ីស្រាអែល​បាន​ត្រឡប់​ទៅ​ជំរំវិញ។ ៣១  រួច​មក ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ខ្យល់​បក់​ផាត់​នាំ​យក​សត្វ​ក្រួច​ពី​សមុទ្រ​មក​ទម្លាក់​ជុំ​វិញ​ជំរំ។+ នៅ​គ្រប់​ទិស​មាន​សត្វ​ក្រួច​ច្រើន​ដល់​ម្ល៉េះ​បាន​ជា​ត្រូវ​ដើរ​មួយ​ថ្ងៃ​ទើប​ផុត ហើយ​ហ្វូង​ក្រួច​មាន​កម្ពស់​ពី​ដី​ប្រមាណ​ពីរ​ហត្ថ។* ៣២  ពេល​នោះ បណ្ដា​ជន​បាន​នាំ​គ្នា​ចេញ​ទៅ​ចាប់​សត្វ​ក្រួច​អស់​មួយ​ថ្ងៃ​មួយ​យប់ រហូត​ដល់​ថ្ងៃ​បន្ទាប់។ ម្នាក់​ៗ​ប្រមូល​បាន​យ៉ាង​តិច​បំផុត​១០​ហូម៉ើរ* រួច​ពួក​គេ​យក​ទៅ​ហាល​ពេញ​ជំរំ។ ៣៣  ប៉ុន្តែ កាល​ដែល​ពួក​គេ​ដាក់​សាច់​ក្នុង​មាត់ មិន​ទាន់​ទំពា​នៅ​ឡើយ ព្រះ​យេហូវ៉ា​ខឹង​នឹង​ពួក​គេ​យ៉ាង​ខ្លាំង ហើយ​ព្រះ​យេហូវ៉ា​បណ្ដាល​ឲ្យ​ពួក​គេ​ស្លាប់​យ៉ាង​ច្រើន​ក្រៃ​លែង។+ ៣៤  ហេតុ​នេះ គេ​បាន​ហៅ​កន្លែង​នោះ​ថា​គីប្រុតហាតាវ៉ា*+ ព្រោះ​នៅ​ទី​នោះ​បណ្ដា​ជន​បាន​បញ្ចុះ​សព​ពួក​អ្នក​ដែល​មាន​ចិត្ត​លោភ​លន់។+ ៣៥  បន្ទាប់​មក ពួក​គេ​បាន​ចាក​ចេញ​ពី​គីប្រុតហាតាវ៉ា ទៅ​បោះ​ជំរំ​នៅ​ហាសិរ៉ូត រួច​បន្ត​ស្នាក់​នៅ​ទី​នោះ។+

កំណត់សម្គាល់

មាន​ន័យ​ថា​«​ភ្លើង​ឆេះ​»​
ឬ​«​ចាប់​ផ្ដើម​ប្រកាស​ទំនាយ​»​
មួយ​ហត្ថ​ស្មើ​នឹង​៤៤,៥​សង់ទីម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
មួយ​ហូម៉ើរ​ស្មើ​នឹង​២២០​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
មាន​ន័យ​ថា​«​ទី​បញ្ចុះ​ពួក​អ្នក​ស្រេក​ឃ្លាន​»​