ជំរឿនបណ្ដាជន ១២:១-១៦
១២ គ្រានោះ មីរៀមនិងអេរ៉ុនបានចាប់ផ្ដើមនិយាយប្រឆាំងនឹងម៉ូសេ ព្រោះតែម៉ូសេបានយកប្រពន្ធជាជនជាតិគូស។+
២ ពួកគេនិយាយថា៖ «តើព្រះយេហូវ៉ាមានប្រសាសន៍តាមរយៈតែម៉ូសេម្នាក់ប៉ុណ្ណោះឬ? លោកក៏មានប្រសាសន៍តាមរយៈយើងដែរ មែនទេ?»។+ ព្រះយេហូវ៉ាក៏បានស្ដាប់ឮសម្ដីទាំងនោះដែរ។+
៣ ឯម៉ូសេ គាត់ជាមនុស្សសុភាពបំផុត*+នៅផែនដី។
៤ ភ្លាមនោះ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេ អេរ៉ុន និងមីរៀមថា៖ «ចូរអ្នកទាំងបីចេញទៅឯត្រសាលជំនុំ»។ ដូច្នេះ ពួកគេក៏ចេញទៅ។
៥ ព្រះយេហូវ៉ាបានចុះមកក្នុងបង្គោលពពក+ ហើយស្ថិតនៅច្រកចូលត្រសាលជំនុំ រួចលោកបានហៅអេរ៉ុននិងមីរៀម។ ពួកគេទាំងពីរក៏ដើរចូលទៅ។
៦ បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ «សូមស្ដាប់សម្ដីរបស់ខ្ញុំ។ បើមានអ្នកប្រកាសទំនាយណារបស់ខ្ញុំយេហូវ៉ានៅក្នុងចំណោមអ្នករាល់គ្នា ខ្ញុំនឹងឲ្យគាត់ឃើញខ្ញុំក្នុងគំនិត+ ហើយខ្ញុំនឹងនិយាយជាមួយគាត់ក្នុងសុបិន។+
៧ ប៉ុន្តែ ចំពោះម៉ូសេជាអ្នកបម្រើរបស់ខ្ញុំវិញ ខ្ញុំមិនបានធ្វើដូច្នេះទេ! ខ្ញុំបានប្រគល់រាស្ត្ររបស់ខ្ញុំឲ្យគាត់មើលថែរក្សា។*+
៨ ខ្ញុំបាននិយាយទល់មុខគាត់+ មិនមែនតាមរយៈប្រស្នាទេ ហើយគាត់បានឃើញសណ្ឋានរបស់ខ្ញុំជាយេហូវ៉ា។ ចុះអ្នកទាំងពីរវិញ ហេតុអ្វីបានជាហ៊ាននិយាយប្រឆាំងនឹងម៉ូសេជាអ្នកបម្រើរបស់ខ្ញុំដូច្នេះ?»។
៩ ព្រះយេហូវ៉ាក៏ខឹងនឹងពួកគេជាខ្លាំង ហើយបានចាកចេញពីពួកគេទៅ។
១០ ពេលនោះ ពពកបានចេញផុតពីត្រសាលជំនុំ ហើយមើល! មីរៀមបានកើតជំងឺឃ្លង់សស្គុស។*+ រួចអេរ៉ុនក៏បែរទៅមើលមីរៀម ហើយឃើញនាងកើតជំងឺឃ្លង់។+
១១ រំពេចនោះ អេរ៉ុនបាននិយាយទៅម៉ូសេថា៖ «ខ្ញុំសូមអង្វរលោកម្ចាស់! សូមលោកកុំប្រកាន់ទោសយើង ព្រោះយើងបានប្រព្រឹត្តដោយល្ងីល្ងើណាស់។
១២ សូមលោកកុំឲ្យនាងដូចជាកូនស្លាប់ គឺដូចទារកដែលកើតចេញមកទាំងមានសាច់រលេះរលួយនោះឡើយ»។
១៣ ឮដូច្នោះ ម៉ូសេបានអង្វរព្រះយេហូវ៉ាថា៖ «ឱព្រះអើយ! សូមលោកមេត្តាធ្វើឲ្យនាងជាសះស្បើយវិញផង!»។+
១៤ ព្រះយេហូវ៉ាតបទៅម៉ូសេថា៖ «បើឪពុកនាងស្ដោះទឹកមាត់ដាក់មុខនាង នោះនាងនឹងមានសេចក្ដីខ្មាសអស់៧ថ្ងៃ មែនទេ? ដូច្នេះ ចូរឲ្យនាងទៅរស់នៅដាច់ដោយឡែកពីគេនៅខាងក្រៅជំរំអស់រយៈពេល៧ថ្ងៃចុះ+ ក្រោយនោះនាងអាចចូលទៅក្នុងជំរំវិញបាន»។
១៥ ដូច្នេះ គេបានឲ្យមីរៀមទៅរស់នៅដាច់ដោយឡែកខាងក្រៅជំរំអស់រយៈពេល៧ថ្ងៃ+ ហើយបណ្ដាជនមិនបានរើជំរំទេ ដរាបដល់គេនាំនាងចូលមកវិញ។
១៦ ក្រោយមក បណ្ដាជនបានធ្វើដំណើរចេញពីហាសិរ៉ូត+ រួចបោះជំរំនៅក្នុងតំបន់ស្ងាត់ជ្រងំប៉ារ៉ាន។+
កំណត់សម្គាល់
^ ឬ«មានចិត្តរាបទាប(ស្លូត)ជាងមនុស្សឯទៀត»
^ ន័យត្រង់«គាត់មើលថែរាស្ត្ររបស់ខ្ញុំយ៉ាងស្មោះត្រង់»
^ ន័យត្រង់«សដូចព្រិល»