ជំរឿនបណ្ដាជន ១៣:១-៣៣

  • អ្នក​ស៊ើបការណ៍​១២​នាក់​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក​កាណាន (​១​-​២៤)

  • ដំណឹង​អាក្រក់​ពី​អ្នក​ស៊ើបការណ៍​១០​នាក់ (​២៥​-​៣៣)

១៣  ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថា​៖ ២  ​«​ចូរ​ចាត់​ពួក​បុរស​ខ្លះ​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក​កាណាន ជា​ស្រុក​ដែល​ខ្ញុំ​នឹង​ឲ្យ​ដល់​បណ្ដា​ជន​អ៊ីស្រាអែល។ ក្នុង​កុលសម្ព័ន្ធ​នីមួយ​ៗ អ្នក​ត្រូវ​ចាត់​បុរស​ម្នាក់ ហើយ​អ្នក​ទាំង​នោះ​ត្រូវ​ជា​មេ​ដឹក​នាំ+ក្នុង​ចំណោម​ពួក​គេ​»។+ ៣  ដូច្នេះ នៅ​តំបន់​ស្ងាត់​ជ្រងំ​ប៉ារ៉ាន+ ម៉ូសេ​បាន​ចាត់​ពួក​បុរស​ទាំង​នោះ​តាម​បង្គាប់​ព្រះ​យេហូវ៉ា។ ពួក​គេ​សុទ្ធតែ​ជា​មេ​ដឹក​នាំ​បណ្ដា​ជន​អ៊ីស្រាអែល។ ៤  ពួក​គេ​មាន​ឈ្មោះ​ដូច​ត​ទៅ​៖ សាំមូអា​ជា​កូន​សាកឺ មក​ពី​កុលសម្ព័ន្ធ​រូបេន ៥  សាផាត​ជា​កូន​ហូរី មក​ពី​កុលសម្ព័ន្ធ​ស៊ីម្មាន ៦  កាលែប+ជា​កូន​យេផុនណា មក​ពី​កុលសម្ព័ន្ធ​យូដា ៧  អាយកាល​ជា​កូន​យ៉ូសែប មក​ពី​កុលសម្ព័ន្ធ​អ៊ីសាខារ ៨  ហូស៊ា+ជា​កូន​នុន មក​ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម ៩  ផាលថាយ​ជា​កូន​រ៉ាភូ មក​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន ១០  កាតដៀល​ជា​កូន​សូដាយ មក​ពី​កុលសម្ព័ន្ធ​សេប៊ូឡូន ១១  កាតដាយ​ជា​កូន​ស៊ូសាយ មក​ពី​កុលសម្ព័ន្ធ​យ៉ូសែប+ ពោល​គឺ​កុលសម្ព័ន្ធ​ម៉ាណាសេ+ ១២  អាំមីអែល​ជា​កូន​កេម៉ាលី មក​ពី​កុលសម្ព័ន្ធ​ដាន់ ១៣  សេធើរ​ជា​កូន​មីកែល មក​ពី​កុលសម្ព័ន្ធ​អេស៊ើរ ១៤  ណាបាយ​ជា​កូន​វ៉សសាយ មក​ពី​កុលសម្ព័ន្ធ​ណែបថាលី ១៥  និង​គូអែល​ជា​កូន​ម៉ាកកាយ មក​ពី​កុលសម្ព័ន្ធ​កាដ។ ១៦  នេះ​ហើយ​ជា​ឈ្មោះ​របស់​ពួក​បុរស​ដែល​ម៉ូសេ​ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក​កាណាន។ ឯ​ហូស៊ា​ជា​កូន​នុន ម៉ូសេ​បាន​ដាក់​ឈ្មោះ​គាត់​ថា​យ៉ូស្វេ។*+ ១៧  មុន​ម៉ូសេ​ចាត់​ពួក​គេ​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក​កាណាន គាត់​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​ដំបូង ចូរ​ឡើង​ទៅ​តំបន់​ណេកេប រួច​ទៅ​តំបន់​ភ្នំ។+ ១៨  ចូរ​មើល​ស្ថានភាព​ទឹក​ដី​នោះ+ ហើយ​មើល​ថា​មនុស្ស​រស់​នៅ​ទី​នោះ​ជា​មនុស្ស​ខ្លាំង​ពូកែ​ឬ​ទន់​ខ្សោយ ពួក​គេ​មាន​គ្នា​តិច​ឬ​ក៏​ច្រើន ១៩  ក្រុង​ដែល​ពួក​គេ​រស់​នៅ​មាន​កំពែង​ឬ​ក៏​មិន​មាន ដី​នៅ​ទី​នោះ​ល្អ​ឬ​មិន​ល្អ ២០  បង្កើត​ផល​ច្រើន​ឬ​តិច+ ហើយ​មាន​ដើម​ឈើ​ឬ​មិន​មាន។ អ្នក​រាល់​គ្នា​ត្រូវ​មាន​ចិត្ត​ក្លាហាន+ ហើយ​ត្រូវ​នាំ​យក​ផល​ផ្លែ​ខ្លះ​ពី​ស្រុក​នោះ​មក​វិញ​ផង​»។ នៅ​គ្រា​នោះ ជា​រដូវ​ដែល​មាន​ផ្លែ​ទំពាំង​បាយ​ជូរ​ទុំ​ដំបូង។+ ២១  ដូច្នេះ ពួក​បុរស​ទាំង​នោះ​បាន​ឡើង​ទៅ​សង្កេត​មើល​ស្រុក​កាណាន ចាប់​ពី​តំបន់​ស្ងាត់​ជ្រងំ​ស៊ីង+ ទៅ​ឯ​រេហុប+ ហើយ​រហូត​ដល់​ក្បែរ​លេបូហាម៉ាត។*+ ២២  ពេល​ពួក​គេ​ធ្វើ​ដំណើរ​ឡើង​ទៅ​តំបន់​ណេកេប ពួក​គេ​បាន​ទៅ​ដល់​ក្រុង​ហេប្រុន+ជា​កន្លែង​ដែល​អាហាយមេន សេសាយ និង​តាល់ម៉ាយ+កំពុង​រស់​នៅ។ ពួក​គេ​ជា​កូន​ចៅ​អេណាក់។+ ក្រុង​ហេប្រុន​នេះ​បាន​ត្រូវ​សាង​សង់​៧​ឆ្នាំ​មុន​ក្រុង​សូអាន​ក្នុង​ស្រុក​អេហ្ស៊ីប​បាន​ត្រូវ​សាង​សង់។ ២៣  ពេល​ពួក​គេ​ទៅ​ដល់​ជ្រលង​អេសកូល+ ពួក​គេ​បាន​កាត់​ផ្លែ​ទំពាំង​បាយ​ជូរ​មួយ​ចង្កោម ហើយ​ឲ្យ​គ្នា​គេ​ពីរ​នាក់​ដាក់​លើ​ឈើ សែង​យក​មក។ ពួក​គេ​ក៏​បេះ​ផ្លែ​ទទឹម និង​ផ្លែ​ល្វា​តូច​យក​មក​ជា​មួយ​ដែរ។+ ២៤  គេ​បាន​ហៅ​កន្លែង​នោះ​ថា​ជ្រលង​អេសកូល*+ ព្រោះ​ជន​ជាតិ​អ៊ីស្រាអែល​បាន​កាត់​ចង្កោម​ទំពាំង​បាយ​ជូរ​នៅ​ទី​នោះ។ ២៥  ក្រោយ​ពី​បាន​សង្កេត​មើល​ស្រុក​នោះ​អស់​រយៈ​ពេល​៤០​ថ្ងៃ​ហើយ+ ពួក​គេ​ក៏​ត្រឡប់​មក​វិញ។ ២៦  ពួក​គេ​បាន​មក​ជួប​ម៉ូសេ អេរ៉ុន និង​ពួក​ជំនុំ​អ៊ីស្រាអែល នៅ​ត្រង់​កាដេស+ក្នុង​តំបន់​ស្ងាត់​ជ្រងំ​ប៉ារ៉ាន ដោយ​នាំ​យក​ផល​ផ្លែ​មក​បង្ហាញ​ដែរ។ បន្ទាប់​មក ពួក​គេ​រាយ​ការណ៍​អំពី​អ្វី​ដែល​ពួក​គេ​បាន​ឃើញ​ដល់​ពួក​ជំនុំ។ ២៧  ពួក​គេ​បាន​ប្រាប់​ម៉ូសេ​ថា​៖ ​«​ពួក​ខ្ញុំ​បាន​ចូល​ក្នុង​ស្រុក​ដែល​លោក​បាន​ចាត់​ឲ្យ​ពួក​ខ្ញុំ​ទៅ នៅ​ទី​នោះ​សម្បូរ​ទឹក​ដោះ​និង​ទឹក​ឃ្មុំ​ពិត​មែន។+ នេះ​នែ! ជា​ផល​ផ្លែ​នៅ​ក្នុង​ស្រុក​នោះ។+ ២៨  ប៉ុន្តែ មនុស្ស​នៅ​ក្នុង​ស្រុក​នោះ​ខ្លាំង​ពូកែ​ណាស់ ហើយ​ក្រុង​របស់​ពួក​គេ​មាន​កំពែង​រឹង​មាំ។ ពួក​ខ្ញុំ​ក៏​បាន​ឃើញ​កូន​ចៅ​អេណាក់​រស់​នៅ​ទី​នោះ​ដែរ។+ ២៩  ឯ​ជន​ជាតិ​អាម៉ាលេក+ ពួក​គេ​រស់​នៅ​ក្នុង​តំបន់​ណេកេប+ ហើយ​ជន​ជាតិ​ហេត ជន​ជាតិ​យេប៊ូស+ និង​ជន​ជាតិ​អាម៉ូរី+ ពួក​គេ​រស់​នៅ​តំបន់​ភ្នំ។ ចំណែក​ជន​ជាតិ​កាណាន+ ពួក​គេ​រស់​នៅ​ក្បែរ​សមុទ្រ+និង​តាម​ដង​ទន្លេយ៉ូដាន់​»។ ៣០  ឮ​ដូច្នោះ បណ្ដា​ជន​ដែល​ឈរ​នៅ​ចំពោះ​ម៉ូសេ​បាន​ភ័យ​ខ្លាច​ជា​ខ្លាំង។ ខណៈ​នោះ កាលែប​ខំ​ព្យាយាម​ធ្វើ​ឲ្យ​បណ្ដា​ជន​ស្ងប់​អារម្មណ៍​ដោយ​និយាយ​ថា​៖ ​«​ចូរ​យើង​ប្រញាប់​ឡើង​ទៅ​ស្រុក​នោះ​ទៅ យើង​ប្រាកដ​ជា​ចាប់​យក​ស្រុក​នោះ​បាន​ជា​មិន​ខាន​»។+ ៣១  ប៉ុន្តែ ពួក​បុរស​ឯ​ទៀត​ដែល​បាន​ទៅ​ជា​មួយ​គាត់ បាន​និយាយ​ថា​៖ ​«​យើង​មិន​អាច​ឡើង​ទៅ​ច្បាំង​នឹង​ពួក​អ្នក​ស្រុក​នោះ​បាន​ទេ ព្រោះ​ពួក​គេ​ខ្លាំង​ជាង​យើង​ឆ្ងាយ​ណាស់​»។+ ៣២  ពួក​បុរស​ទាំង​នោះ​ចេះ​តែ​ប្រាប់​ព័ត៌មាន​អាក្រក់+អំពី​ស្រុក​ដែល​ពួក​គេ​បាន​ទៅ​សង្កេត​មើល ដោយ​និយាយ​ថា​៖ ​«​ស្រុក​ដែល​យើង​បាន​ទៅ​សង្កេត​មើល ជា​ស្រុក​ដែល​បំផ្លាញ​អ្នក​រស់​នៅ​ទី​នោះ ហើយ​យើង​ឃើញ​ពួក​បុរស​ក្នុង​ស្រុក​នោះ​សុទ្ធតែ​មាន​មាឌ​ធំ​សម្បើម។+ ៣៣  យើង​ក៏​ឃើញ​ពួក​មនុស្ស​មាឌ​ធំ​ជា​កូន​ចៅ​អេណាក់+ដែល​កើត​ពី*ពួក​នីហ្វីលីម រស់​នៅ​ទី​នោះ​ដែរ។ បើ​ប្រៀប​ជា​មួយ​នឹង​ពួក​គេ យើង​គឺ​ដូច​ជា​សត្វ​កណ្ដូប ហើយ​ពួក​គេ​ក៏​ចាត់​ទុក​យើង​ជា​កណ្ដូប​ដែរ​»។

កំណត់សម្គាល់

ឬ​«​យេហូស្វេ​»​មាន​ន័យ​ថា​«​ព្រះ​យេហូវ៉ា​ជា​សេចក្ដី​សង្គ្រោះ​»​
ឬ​«​ដល់​ក្បែរ​ច្រក​ចូល​ហាម៉ាត​»​
មាន​ន័យ​ថា​«​ចង្កោម​ទំពាំង​បាយ​ជូរ​»​
ឬ​«​ដែល​ជា​កូន​ចៅ​»​