ជំរឿនបណ្ដាជន ១៤:១-៤៥
១៤ ពេលនោះ ពួកជំនុំបានបន្លឺសំឡេងឡើង ហើយបណ្ដាជនបាននាំគ្នាស្រែកយំពេញមួយយប់។+
២ បណ្ដាជនអ៊ីស្រាអែលទាំងអស់ចាប់ផ្ដើមរអ៊ូរទាំទាស់នឹងម៉ូសេនិងអេរ៉ុន+ ហើយពួកជំនុំទាំងមូលបាននិយាយប្រឆាំងនឹងពួកគាត់ថា៖ «ស៊ូឲ្យយើងស្លាប់នៅស្រុកអេហ្ស៊ីប ឬនៅតំបន់ស្ងាត់ជ្រងំនេះវិញ ប្រសើរជាង!
៣ ហេតុអ្វីព្រះយេហូវ៉ានាំយើងមកស្រុកនេះឲ្យស្លាប់ដោយដាវដូច្នេះ?+ ប្រពន្ធកូនយើងនឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃគេជាមិនខាន។+ បើយើងត្រឡប់ទៅស្រុកអេហ្ស៊ីបវិញគឺប្រសើរជាង»។+
៤ ពួកគេថែមទាំងនិយាយគ្នាថា៖ «ចូរយើងតែងតាំងមេដឹកនាំម្នាក់ ហើយត្រឡប់ទៅស្រុកអេហ្ស៊ីបវិញទៅ!»។+
៥ ឮដូច្នេះ ម៉ូសេនិងអេរ៉ុនបានក្រាបមុខដល់ដីនៅចំពោះពួកជំនុំអ៊ីស្រាអែលទាំងមូល។
៦ ឯយ៉ូស្វេ+ជាកូននុននិងកាលែប+ជាកូនយេផុនណា ដែលនៅក្នុងចំណោមពួកអ្នកសង្កេតមើលស្រុកនោះ ពួកគាត់បានចាប់ហែកអាវខ្លួន។
៧ ពួកគាត់បានប្រាប់ពួកជំនុំអ៊ីស្រាអែលទាំងមូលថា៖ «ស្រុកដែលយើងបានទៅសង្កេតមើលនោះជាស្រុកដ៏ល្អក្រៃលែង+
៨ ជាស្រុកដែលសម្បូរដោយទឹកដោះនិងទឹកឃ្មុំហូរហៀរ។ ប្រសិនបើព្រះយេហូវ៉ាពេញចិត្តនឹងយើង លោកច្បាស់ជានាំយើងចូលក្នុងស្រុកនោះ ហើយប្រគល់ស្រុកនោះដល់យើងជាមិនខាន។+
៩ ប៉ុន្តែ អ្នករាល់គ្នាមិនត្រូវបះបោរប្រឆាំងនឹងព្រះយេហូវ៉ាទេ ហើយក៏មិនត្រូវខ្លាចអ្នកស្រុកនោះដែរ+ ព្រោះយើងនឹងបំផ្លាញពួកគេ។ ពួកគេគ្មានអ្នកការពារទេ តែយើងមានព្រះយេហូវ៉ានៅជាមួយនឹងយើង។+ ចូរកុំខ្លាចពួកគេឡើយ»។
១០ ទោះជាយ៉ាងនោះក្ដី ពួកជំនុំទាំងមូលបាននិយាយគ្នាថាពួកគេចង់គប់ថ្មសម្លាប់យ៉ូស្វេនិងកាលែប។+ ពេលនោះ សិរីរុងរឿងរបស់ព្រះយេហូវ៉ាបានលេចមកនៅលើត្រសាលជំនុំ នៅមុខបណ្ដាជនអ៊ីស្រាអែលទាំងអស់។+
១១ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ «តើបណ្ដាជនទាំងនេះនៅតែប្រព្រឹត្តដោយមិនគោរពចំពោះខ្ញុំដល់កាលណាទៀត?+ ទោះជាខ្ញុំបានធ្វើការអស្ចារ្យជាច្រើននៅចំពោះពួកគេក្ដី តើដល់ពេលណាទើបពួកគេមានជំនឿលើខ្ញុំ?+
១២ ដូច្នេះ ខ្ញុំនឹងប្រហារពួកគេដោយរោគរាតត្បាត ហើយបោះបង់ចោលពួកគេ។ ខ្ញុំនឹងបង្កើតប្រជាជាតិដ៏ធំមួយពីអ្នក ហើយប្រជាជាតិនោះនឹងខ្លាំងក្លាជាងពួកគេទៅទៀត»។+
១៣ ប៉ុន្តែ ម៉ូសេបានជម្រាបព្រះយេហូវ៉ាថា៖ «បើធ្វើដូច្នេះ ជនជាតិអេហ្ស៊ីបដែលបានឃើញលោកប្រើឫទ្ធានុភាពដ៏ខ្លាំងក្លា ដើម្បីនាំបណ្ដាជនអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីប មុខជាឮអំពីរឿងនេះមិនខាន+
១៤ ហើយពួកគេនឹងនិយាយរឿងនេះប្រាប់ដល់ពួកអ្នកស្រុកនេះ។ ពួកគេក៏ឮដែរថា ព្រះយេហូវ៉ានៅក្នុងចំណោមបណ្ដាជនអ៊ីស្រាអែល+ ហើយបានលេចមកជួបពួកគេដោយផ្ទាល់។+ លោកជាព្រះយេហូវ៉ា ហើយបង្គោលពពករបស់លោកស្ថិតនៅលើពួកគេ។ លោកបាននាំមុខបណ្ដាជនអ៊ីស្រាអែលដោយបង្គោលពពកនៅពេលថ្ងៃ និងដោយបង្គោលភ្លើងនៅពេលយប់។+
១៥ ប្រសិនបើលោកប្រហារបណ្ដាជនអ៊ីស្រាអែលនេះតែម្ដង នោះប្រជាជាតិនានាដែលឮអំពីកិត្តិនាមរបស់លោក មុខជានិយាយថា៖
១៦ ‹ព្រះយេហូវ៉ាមិនអាចនាំបណ្ដាជនអ៊ីស្រាអែលចូលទៅក្នុងស្រុកដែលលោកបានសន្យាឲ្យពួកគេនោះទេ ហេតុនេះហើយបានជាលោកសម្លាប់ពួកគេចោលនៅតំបន់ស្ងាត់ជ្រងំ›។+
១៧ ឱព្រះយេហូវ៉ាអើយ! សូមឲ្យឫទ្ធានុភាពខ្លាំងក្លារបស់លោក សឲ្យឃើញដូចដែលលោកបានសន្យា កាលលោកមានប្រសាសន៍ថា៖
១៨ ‹ព្រះយេហូវ៉ាយឺតនឹងខឹង ហើយមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ជាបរិបូរ។+ លោកអភ័យទោសចំពោះកំហុសនិងអំពើខុសឆ្គង តែលោកនឹងមិនលើកលែងទោសឲ្យមនុស្សអាក្រក់ដែលសមនឹងទទួលទោសឡើយ។ លោកនឹងឲ្យកូនចៅពួកគេទទួលផលអាក្រក់ពីកំហុសពួកគេដល់ទៅបីនិងបួនជំនាន់ផង›។+
១៩ សូមលោកមេត្តាអភ័យទោសចំពោះកំហុសរបស់បណ្ដាជននេះ ស្របតាមសេចក្ដីស្រឡាញ់ស្មោះត្រង់ដ៏លើសលប់របស់លោកផង ដូចដែលលោកបានអភ័យទោសចំពោះកំហុសពួកគេ តាំងពីនៅស្រុកអេហ្ស៊ីបរហូតមកដល់ឥឡូវ»។+
២០ ឮដូច្នេះ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ខ្ញុំព្រមអភ័យទោសឲ្យពួកគេតាមពាក្យរបស់អ្នកហើយ។+
២១ យ៉ាងណាមិញ ខ្ញុំស្បថដោយនូវជីវិតខ្ញុំថា ផែនដីទាំងមូលនឹងពេញទៅដោយសិរីរុងរឿងរបស់ព្រះយេហូវ៉ា។+
២២ ពួកអ្នកទាំងនេះបានល្បងលខ្ញុំ+អស់១០ដង ហើយមិនស្ដាប់បង្គាប់ខ្ញុំទេ+ ទោះជាពួកគេបានឃើញសិរីរុងរឿងរបស់ខ្ញុំ និងការអស្ចារ្យ+ដែលខ្ញុំបានធ្វើនៅស្រុកអេហ្ស៊ីប ព្រមទាំងនៅតំបន់ស្ងាត់ជ្រងំក្ដី។
២៣ ដូច្នេះ ពួកគេនឹងមិនឃើញស្រុកដែលខ្ញុំបានសន្យាឲ្យបុព្វបុរសរបស់ពួកគេឡើយ។ ពួកអ្នកដែលមិនគោរពខ្ញុំ នឹងមិនឃើញស្រុកនោះជាដាច់ខាត។+
២៤ ប៉ុន្តែ ចំពោះកាលែប+ជាអ្នកបម្រើខ្ញុំវិញ គាត់មានចិត្តគំនិតខុសពីពួកអ្នកទាំងនោះ ហើយបានដើរតាមខ្ញុំយ៉ាងស្មោះអស់ពីចិត្ត។ ហេតុនេះ ខ្ញុំនឹងនាំគាត់ចូលទៅក្នុងស្រុកនោះ ហើយកូនចៅគាត់នឹងបានស្រុកនោះជាមត៌ក។+
២៥ នៅថ្ងៃស្អែក អ្នករាល់គ្នាត្រូវធ្វើដំណើរត្រឡប់ទៅតំបន់ស្ងាត់ជ្រងំតាមផ្លូវទៅសមុទ្រក្រហមវិញ+ ព្រោះជនជាតិអាម៉ាលេកនិងជនជាតិកាណាន+កំពុងរស់នៅតំបន់ទំនាបនោះ»។
២៦ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេនិងអេរ៉ុនថា៖
២៧ «តើពួកជំនុំដ៏អាក្រក់នេះនៅតែរអ៊ូរទាំទាស់នឹងខ្ញុំដល់កាលណាទៀត?+ ខ្ញុំបានឮពាក្យត្អូញត្អែររបស់ពួកគេទាស់នឹងខ្ញុំហើយ។+
២៨ ចូរប្រាប់ពួកគេថា៖ ‹ព្រះយេហូវ៉ាបានប្រកាសថា៖ «ខ្ញុំស្បថដោយនូវជីវិតខ្ញុំថា ខ្ញុំនឹងប្រព្រឹត្តទៅលើអ្នករាល់គ្នាដូចអ្វីដែលអ្នករាល់គ្នាបាននិយាយមែន!+
២៩ អ្នករាល់គ្នាដែលមានឈ្មោះក្នុងបញ្ជី អាយុចាប់ពី២០ឆ្នាំឡើងទៅ នឹងត្រូវស្លាប់ក្នុងតំបន់ស្ងាត់ជ្រងំនេះ+ ពោលគឺអស់អ្នកដែលរអ៊ូរទាំទាស់នឹងខ្ញុំ។+
៣០ អ្នករាល់គ្នានឹងមិនអាចចូលក្នុងស្រុកដែលខ្ញុំបានសន្យាឲ្យនោះទេ+ មានតែកាលែបជាកូនយេផុនណា និងយ៉ូស្វេជាកូននុន+ប៉ុណ្ណោះ ដែលអាចចូលបាន។
៣១ «‹«ឯកូនចៅដែលអ្នករាល់គ្នានិយាយថានឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃគេ+ ខ្ញុំនឹងនាំពួកគេចូលទៅក្នុងស្រុកនោះ ហើយពួកគេនឹងស្គាល់ស្រុកដែលអ្នករាល់គ្នាបានបដិសេធ។+
៣២ ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងត្រូវស្លាប់នៅក្នុងតំបន់ស្ងាត់ជ្រងំនេះ។
៣៣ កូនចៅរបស់អ្នករាល់គ្នានឹងធ្វើជាគង្វាលនៅតំបន់ស្ងាត់ជ្រងំអស់រយៈពេល៤០ឆ្នាំ។+ ពួកគេនឹងរងផលអាក្រក់ពីភាពមិនស្មោះត្រង់របស់អ្នករាល់គ្នា រហូតដល់អ្នកទាំងអស់គ្នាបានស្លាប់អស់ទៅ។+
៣៤ អ្នករាល់គ្នានឹងទទួលទោសចំពោះកំហុសរបស់ខ្លួនអស់រយៈពេល៤០ឆ្នាំ+ស្របតាមចំនួន៤០ថ្ងៃដែលអ្នករាល់គ្នាបានទៅសង្កេតមើលស្រុកនោះ+ គឺមួយថ្ងៃស្មើនឹងមួយឆ្នាំ។ យ៉ាងនោះ អ្នករាល់គ្នានឹងដឹងថាការប្រឆាំងនឹងខ្ញុំ មានផលវិបាកដល់កម្រិតណា។
៣៥ «‹«ខ្ញុំយេហូវ៉ា ខ្ញុំបានមានប្រសាសន៍ហើយ។ ខ្ញុំនឹងធ្វើទៅលើពួកជំនុំដ៏អាក្រក់នេះដែលនាំគ្នាបះបោះប្រឆាំងនឹងខ្ញុំដូចតទៅ៖ នៅក្នុងតំបន់ស្ងាត់ជ្រងំនេះ ពួកគេនឹងស្លាប់បាត់បង់ជីវិត។+
៣៦ ឯពួកអ្នកដែលម៉ូសេបានចាត់ឲ្យទៅសង្កេតមើលស្រុក ហើយត្រឡប់មកវិញរាយការណ៍ព័ត៌មានអាក្រក់ ដែលនាំឲ្យបណ្ដាជនរអ៊ូរទាំទាស់នឹងខ្ញុំ+
៣៧ គឺពួកអ្នកដែលនាំដំណឹងអាក្រក់អំពីស្រុកនោះ ពួកគេនឹងទទួលទោស ហើយស្លាប់នៅចំពោះព្រះយេហូវ៉ា។+
៣៨ ប៉ុន្តែ យ៉ូស្វេជាកូននុននិងកាលែបជាកូនយេផុនណា ដែលជាអ្នកសង្កេតមើលស្រុកនោះ ពួកគេនឹងបន្តរស់នៅ»›»។+
៣៩ ម៉ូសេក៏ប្រាប់ពាក្យទាំងនេះដល់បណ្ដាជនអ៊ីស្រាអែល។ ស្ដាប់រួច ពួកគេចាប់ផ្ដើមយំនិងកើតទុក្ខជាខ្លាំង។
៤០ លុះព្រលឹមស្រាងៗ ពួកគេបានក្រោកឡើង ហើយព្យាយាមឡើងទៅលើកំពូលភ្នំដោយនិយាយថា៖ «ពួកយើងបានធ្វើខុសហើយ ឥឡូវពួកយើងត្រៀមឡើងទៅស្រុកដែលព្រះយេហូវ៉ាបានមានប្រសាសន៍នោះ»។+
៤១ ប៉ុន្តែ ម៉ូសេបាននិយាយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើហួសពីបង្គាប់ព្រះយេហូវ៉ាដូច្នេះ? អ្នករាល់គ្នានឹងមិនទទួលជោគជ័យទេ។
៤២ កុំឡើងទៅឲ្យសោះ ព្រោះព្រះយេហូវ៉ាមិននៅជាមួយនឹងអ្នករាល់គ្នាទេ។ អ្នករាល់គ្នានឹងចាញ់ពួកសត្រូវជាមិនខាន។+
៤៣ ព្រោះនៅទីនោះអ្នកនឹងត្រូវប្រឈមមុខនឹងជនជាតិអាម៉ាលេកនិងជនជាតិកាណាន+ ហើយពួកគេនឹងប្រហារអ្នករាល់គ្នាដោយដាវ។ ដោយសារអ្នករាល់គ្នាមិនបានធ្វើតាមព្រះយេហូវ៉ា នោះព្រះយេហូវ៉ានឹងមិននៅជាមួយអ្នករាល់គ្នាឡើយ»។+
៤៤ ទោះជាយ៉ាងនោះក្ដី ពួកគេនៅតែជម្នះឡើងទៅលើកំពូលភ្នំដដែល+ តែហឹបនៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ា ព្រមទាំងម៉ូសេមិនបានរើចេញពីកណ្ដាលជំរំទេ។+
៤៥ ឯជនជាតិអាម៉ាលេកនិងជនជាតិកាណានដែលនៅលើភ្នំវិញ ពួកគេបានចុះមកវាយប្រហារពួកអ៊ីស្រាអែល បណ្ដាលឲ្យពួកអ៊ីស្រាអែលរត់ខ្ចាត់ខ្ចាយរហូតដល់ក្រុងហោម៉ា។+