ជំរឿនបណ្ដាជន ១៧:១-១៣
-
ដំបងរបស់អេរ៉ុនចេញផ្កាជាសញ្ញាសម្គាល់ (១-១៣)
១៧ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖
២ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលឲ្យពួកគេយកដំបងមួយពីកុលសម្ព័ន្ធមួយ គឺពីមេដឹកនាំកុលសម្ព័ន្ធនីមួយៗ+ សរុបទាំងអស់មានដំបង១២។ រួចចារឈ្មោះមេដឹកនាំម្នាក់ៗនៅលើដំបងរបស់ពួកគេ។
៣ អ្នកត្រូវចារឈ្មោះអេរ៉ុននៅលើដំបងរបស់ពួកលេវី ព្រោះដំបងមួយតាងនាមមេដឹកនាំកុលសម្ព័ន្ធមួយ។
៤ បន្ទាប់មក ត្រូវដាក់ដំបងទាំងនោះនៅក្នុងត្រសាលជំនុំនៅមុខហឹបនៃសេចក្ដីរំលឹក+ ត្រង់កន្លែងដែលខ្ញុំតែងតែលេចមកជួបអ្នក។+
៥ ដំបងរបស់បុគ្គលណាដែលខ្ញុំជ្រើសរើស+ នឹងចេញពន្លក ហើយខ្ញុំនឹងធ្វើឲ្យពួកអ៊ីស្រាអែលឈប់រអ៊ូរទាំទាស់នឹងខ្ញុំទៀត+ ព្រមទាំងលែងទាស់នឹងអ្នកដែរ»។+
៦ ដូច្នេះ ម៉ូសេបាននាំប្រសាសន៍របស់ព្រះទៅប្រាប់ពួកអ៊ីស្រាអែល រួចមេដឹកនាំនីមួយៗបានយកដំបងមកឲ្យម៉ូសេ គឺម្នាក់មួយៗ សរុបទាំងអស់មានដំបង១២ ហើយក្នុងនោះក៏មានដំបងរបស់អេរ៉ុនដែរ។
៧ បន្ទាប់មក ម៉ូសេបានដាក់ដំបងទាំងនោះនៅចំពោះព្រះយេហូវ៉ាក្នុងត្រសាលជំនុំដែលមានហឹបនៃសេចក្ដីរំលឹក។
៨ លុះស្អែកឡើង ពេលម៉ូសេចូលទៅក្នុងត្រសាលជំនុំ នោះមើល! ដំបងអេរ៉ុនដែលជាតំណាងវង្សត្រកូលលេវី បានចេញពន្លក មានផ្កា ថែមទាំងមានផ្លែអល់ម៉ុនទុំទៀតផង។
៩ ម៉ូសេក៏យកដំបងទាំងនោះចេញពីចំពោះព្រះយេហូវ៉ា ទៅបង្ហាញដល់បណ្ដាជនអ៊ីស្រាអែលទាំងអស់។ ពួកគេក៏មើលដំបងទាំងនោះ ហើយបានយកដំបងរបស់ពួកគេរៀងខ្លួនវិញ។
១០ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ «ចូរដាក់ដំបងរបស់អេរ៉ុន+នៅមុខហឹបនៃសេចក្ដីរំលឹក ទុកជាសញ្ញាសម្គាល់+ដល់ពួកអ្នកបះបោរ+ ដើម្បីកុំឲ្យពួកគេរអ៊ូរទាំទាស់នឹងខ្ញុំទៀត និងដើម្បីកុំឲ្យពួកគេត្រូវស្លាប់ឡើយ»។
១១ ស្ដាប់រួច ម៉ូសេក៏ធ្វើតាមបង្គាប់ទាំងអស់របស់ព្រះយេហូវ៉ា។
១២ រួចបណ្ដាជនអ៊ីស្រាអែលបាននិយាយទៅម៉ូសេថា៖ «យើងមុខជាស្លាប់មិនខាន យើងទាំងអស់គ្នាច្បាស់ជាវិនាសហើយ!
១៣ អ្នកណាដែលចូលទៅជិតត្រសាលជំនុំរបស់ព្រះយេហូវ៉ាច្បាស់ជាស្លាប់ជាមិនខាន!+ តើយើងទាំងអស់គ្នានឹងត្រូវស្លាប់ឬ?»។+